សេចក្តីប្រកាសព័ត៌មានអំពីលទ្ធផលនៃ “កិច្ចប្រជុំកំពូលអាស៊ី-អឺរ៉ុបលើកទី ១១”

កិច្ចប្រជុំកំពូលអាស៊ី-អឺរ៉ុបលើទី ១១ ដែលបានប្រព្រឹត្តទៅរយៈពេលពីរថ្ងៃ ១៥-១៦ ខែកក្កដា ឆ្នាំ២០១៦ នៅទីក្រុងង៊ូឡង់បាទ័រ ប្រទេសម៉ុងហ្គោលី ប្រធានបទ “២០ឆ្នាំនៃកិច្ចប្រជុំអាស៊ី-អឺរ៉ុប៖ ភាពជាដៃគូសម្រាប់អនាគតតាមរយៈការតភ្ជាប់” បានបញ្ចប់ទៅជាមួយនឹងការអនុម័តឯកសារលទ្ធផលសំខាន់ចំនួន ៣ គឺ៖ (១) សេចក្តីប្រកាសអ៊ុឡង់បាទ័រស្តីពីការឈានចូលទសវត្សរ៍ទីបីនៃកិច្ចប្រជុំអាស៊ី-អឺរ៉ុប; (២) សេចក្តីថ្លែងការណ៍របស់ប្រធានអង្គប្រជុំ; (៣) សេចក្តីថ្លែងការណ៍របស់ថ្នាក់ដឹកនាំ ASEM ស្តីពីភេរវកម្មអន្តរជាតិ។ ក្រៅពីកិច្ចប្រជុំកំពូល លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានជួបពិភាក្សាទ្វេភាគីជាមួយ៖ (១) ឯកឧត្តម លី គឹឈាំង នាយករដ្ឋមន្ត្រីនៃសាធារណរដ្ឋប្រជាមានិតចិន អំពីការផ្តល់ជំនួយអភិវឌ្ឍន៍ដល់កម្ពុជាលើដំណើរការរៀបចំការបោះឆ្នោត សុខភាពអប់រំ និងការទទួលបានទឹកស្អាតជាមួយនឹងទឹកប្រាក់ចំនួន ៣,៦០០ លានយ័ន(ប្រហែល ៦០០ លានដុល្លារ) ដែលជាជំនួយឥតសំណងរបស់ភាគីចិនក្នុងរយៈពេលបីឆ្នាំ ២០១៦-២០១៩។ (២) ឯកឧត្តម ស្សិនហ្សូ អាបេ នាយករដ្ឋមន្ត្រីនៃប្រទេសជប៉ុន ដែលផ្តោតសំខាន់លើការជម្រុញពាណិជ្ជកម្មវិនិយោគ និងទេសចរណ៍រវាងប្រទេសទាំងពីរ ព្រមទាំងកិច្ចសហប្រតិបត្តិការរក្សាសន្តិភាព។ (៣) លោកជំទាវ ផាក គឿនហេ ប្រធានាធិបតីនៃសាធារណរដ្ឋកូរ៉េ ដោយបានផ្លាស់ប្តូរទស្សនៈគ្នាទៅវិញទៅមកលើបញ្ហាទ្វេភាគី និងតំបន់។

ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ

ទាញយក៖ pdf