សេចក្ដីប្រកាសព័ត៌មាន ស្ដីពីលទ្ធផលនៃដំណើរទស្សនកិច្ចផ្លូវការរបស់ឯកឧត្តម ទេសរដ្ឋមន្ត្រី ប្រាក់ សុខុន នៅសាធារណរដ្ឋឥណ្ឌូនេស៊ី
ថ្ងៃទី ០៦ ខែ កុម្ភៈ ឆ្នាំ ២០១៨ ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានចេញសេចក្ដីប្រកាសព័ត៌មានមួយ ស្ដីពីលទ្ធផលនៃដំណើរទស្សនកិច្ចផ្លូវការរបស់ឯកឧត្តម ទេសរដ្ឋមន្ត្រី ប្រាក់ សុខុន នៅសាធារណរដ្ឋឥណ្ឌូនេស៊ី ពីថ្ងៃទី០១-០៣ ខែកុម្ភៈ ឆ្នាំ២០១៨។ ដំណើរទស្សនកិច្ចនេះមានបំណងរឹតចំណងមិត្តភាព និងពង្រឹងកិច្ចសហប្រតិបត្តិការទ្វេភាគីរវាងប្រទេសទាំងពីរ។ ក្នុងជំនួបពិភាក្សាការងារជាផ្លូវការ ថ្នាក់ដឹកនាំនៃប្រទេសទាំងពីរ បានឯកភាពគ្នាជំរុញសក្ដានុពលទេសចរណ៍តាមរយៈ ការអនុវត្តអនុស្សារណៈយោគយល់គ្នា រវាងខេត្តសៀមរាប និងខេត្តចាវ៉ាកណ្ដាល ការពិនិត្យលទ្ធភាពបង្កើតទីក្រុងសម្ព័ន្ធមេត្រីភាពរវាងទីក្រុងភ្នំពេញ និងទីក្រុងបូហ្គរ និងការជំរុញឱ្យមានជើងហោះហើរត្រង់រវាងប្រទេសទាំងពីរ។ លើសពីនេះទៅទៀត ភាគីទាំងពីរព្រមព្រៀងគ្នាជំរុញ និងពង្រីកសហប្រតិបត្តិការលើវិស័យផ្សេងៗដូចជា វប្បធម៌ កសិកម្ម ហេដ្ឋារចនាសម្ព័ន្ធ និងបច្ចេកវិទ្យា ជាដើម។
ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ