សេចក្ដី​ប្រកាស​ព័ត៌មាន​ ស្ដី​ពី​លទ្ធផល​នៃ​ដំណើរ​ទស្សនកិច្ច​ផ្លូវការ​របស់​ឯកឧត្តម​ ទេស​រដ្ឋមន្ត្រី​ ប្រាក់​ សុ​ខុន​ នៅ​សាធារណរដ្ឋ​ឥណ្ឌូ​នេ​ស៊ី​

​ថ្ងៃ​ទី​ ០៦​ ខែ​ កុម្ភៈ​ ឆ្នាំ​ ២០១៨​ ក្រសួងការបរទេស​ និង​សហប្រតិបត្តិការ​អន្តរជាតិ​ បាន​ចេញ​សេចក្ដី​ប្រកាស​ព័ត៌មាន​មួយ​ ស្ដី​ពី​លទ្ធផល​នៃ​ដំណើរ​ទស្សនកិច្ច​ផ្លូវការ​របស់​ឯកឧត្តម​ ទេស​រដ្ឋមន្ត្រី​ ប្រាក់​ សុ​ខុន​ នៅ​សាធារណរដ្ឋ​ឥណ្ឌូ​នេ​ស៊ី​ ពី​ថ្ងៃ​ទី​០១-០៣​ ខែកុម្ភៈ​ ឆ្នាំ​២០១៨​។​ ដំណើរ​ទស្សនកិច្ច​នេះ​មាន​បំណង​រឹតចំណង​មិត្តភាព​ និង​ពង្រឹង​កិច្ច​សហប្រតិបត្តិការ​ទ្វេភាគី​រវាង​ប្រទេស​ទាំង​ពីរ​។​ ក្នុង​ជំនួប​ពិភាក្សា​ការងារ​ជា​ផ្លូវការ​ ថ្នាក់ដឹកនាំ​នៃ​ប្រទេស​ទាំង​ពីរ​ បាន​ឯកភាព​គ្នា​ជំរុញ​សក្ដានុពល​ទេសចរណ៍​តាម​រយៈ​ ការ​អនុវត្ត​អនុស្សា​រណៈ​យោគយល់​គ្នា​ រវាង​ខេត្តសៀមរាប​ និង​ខេត្ត​ចា​វ៉ា​កណ្ដាល​ ការ​ពិនិត្យ​លទ្ធភាព​បង្កើត​ទីក្រុង​សម្ព័ន្ធមេត្រីភាព​រវាង​ទីក្រុង​ភ្នំពេញ​ និង​ទីក្រុង​បូ​ហ្គ​រ​ និង​ការ​ជំរុញ​ឱ្យ​មាន​ជើងហោះហើរ​ត្រង់​រវាង​ប្រទេស​ទាំង​ពីរ​។​ លើស​ពី​នេះ​ទៅ​ទៀត​ ភាគី​ទាំង​ពីរ​ព្រមព្រៀង​គ្នា​ជំរុញ​ និង​ពង្រីក​សហប្រតិបត្តិការ​លើ​វិស័យ​ផ្សេងៗ​ដូច​ជា​ វប្បធម៌​ កសិកម្ម​ ហេដ្ឋារចនាសម្ព័ន្ធ​ និង​បច្ចេកវិទ្យា​ ជាដើម​។​

ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ

ទាញយក៖ pdf