សេចក្តីប្រកាសព័ត៌មាន ស្តីពី ការហាមឃាត់ទទួលយកអត្តសញ្ញាណបណ្ណ ឬ សៀវភៅគ្រួសារ និងសៀវភៅស្នាក់នៅ សម្រាប់ការធានាលើការផ្តល់ឥណទាន
នៅថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០១៨ ធនាគារជាតិនៃកម្ពុជា បានជូនដំណឹងអំពីការហាមឃាត់ទទួលយកអត្តសញ្ញាណបណ្ណ ឬ សៀវភៅគ្រួសារ និងសៀវភៅស្នាក់នៅ សម្រាប់ការធានាលើការផ្តល់ឥណទាន ជាបន្តបន្ទាប់ តាមសេចក្តីជូនដំណឹងរបស់ធនាគារជាតិនៃកម្ពុជា លេខធ៧.០១៦.២១០.សជណ ចុះថ្ងៃទី១១ ខែមីនា ឆ្នាំ២០១៦។ ប៉ុន្ដែ ធនាគារជាតិនៃកម្ពុជា សង្កេតឃើញថា គ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុ និងគ្រឹះស្ថានឥណទានជនបទមួយចំនួននៅតែអនុវត្តមិនទាន់បានពេញលេញ តាមសេចក្តីជូនដំណឹងខាងលើ។ ធនាគារជាតិនៃកម្ពុជា បានព្រមានថា ក្នុងករណីគ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុ និងគ្រឹះស្ថានឥណទានជនបទណាមួយ នៅតែបន្ដសកម្មភាព និងមិនយកចិត្តទុកដាក់អនុវត្ត តាមសេចក្ដីជូនដំណឹងរបស់ធនាគារជាតិ គ្រឹះស្ថានទាំងនោះ នឹងត្រូវទទួលរងទណ្ឌកម្មវិន័យធ្ងន់ធ្ងរ រហូតឈានដល់ការដកហូត អាជ្ញាបណ្ណអាជីវកម្ម ស្របតាមមាត្រា៥២ និង៥៦ នៃច្បាប់ស្ដីពីគ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុជាធរមាន។
ធនាគារជាតិនៃកម្ពុជា