សេចក្ដីប្រកាសព័ត៌មាន៖ លទ្ធផលនៃវេទិការាជរដ្ឋាភិបាល-ផ្នែកឯកជនលើកទី១៩ នៅថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២៣ ដោយក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា
នាព្រឹកថ្ងៃចន្ទ ១កើត ខែកត្ដិក ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២៣ នៅវិមានសន្តិភាព ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា មានរៀបចំវេទិការាជរដ្ឋាភិបាល-ផ្នែកឯកជនលើកទី១៩។ វេទិកានេះ មានការអញ្ជើញចូលរួមពីសំណាក់ ឯកឧត្តម លោកជំទាវ សមាជិក-សមាជិការាជរដ្ឋាភិបាល តំណាងអង្គទូតប្រទេសនានាប្រចាំនៅព្រះរាជណាចក្រកម្ពុជា អភិបាលនៃគណៈអភិបាលរាជធានី-ខេត្ត មន្ត្រីរាជការ កម្លាំងប្រដាប់អាវុធ តំណាងដៃគូអភិវឌ្ឍន៍និងតំណាងអង្គការអន្តរជាតិ អ្នកឧកញ៉ា ឧកញ៉ា លោក លោកស្រីតំណាងវិស័យឯកជន ព្រមទាំងភ្ញៀវកិត្តិយសជាតិ និងអន្តរជាតិទាំងអស់ ដែលមានចំនួនប្រមាណ១,២០០នាក់។ ក្រោមគំនិតផ្ដួចផ្តើមប្រកបដោយគតិបណ្ឌិតវែងឆ្ងាយរបស់ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ដោយគិតចាប់តាំងចាប់បដិសន្ធិឡើងកាលពីថ្ងៃទី២១ ខែធ្នូ ឆ្នាំ១៩៩៩មក វេទិការាជរដ្ឋាភិបាល-ផ្នែកឯកជននេះ បន្តមានអត្ថិភាពចំនួន២៤ឆ្នាំ និងត្រូវបានចាត់ទុកថាជាកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រីបើកទូលាយដែលរាល់សេចក្ដីសម្រេចនានានៃវេទិកាមានអានុភាពជាសេចក្ដីសម្រេចរបស់គណៈរដ្ឋមន្ត្រី។
ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា