សេចក្ដីប្រកាសព័ត៌មាន៖ លោកជំទាវរដ្ឋលេខាធិការប្រចាំការ អ៊ាត សុភា ជម្រាបជូនអង្គទូតអំពីការវិវត្តចុងក្រោយនៃស្ថានការណ៍ព្រំដែនកម្ពុជា-ថៃ
នៅថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២៥ ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ (MFAIC) បានចេញផ្សាយសេចក្ដីប្រកាសព័ត៌មានមួយ សង្ខេបថា លោកជំទាវ អ៊ាត សុភា រដ្ឋលេខាធិការប្រចាំការ បានជម្រាបជូនអង្គទូតអំពីស្ថានការណ៍ព្រំដែនកម្ពុជា-ថៃ ។ នៅក្នុងកិច្ចប្រជុំនារសៀលថ្ងៃទី ១៣ ខែវិច្ឆិកា ឆ្នាំ២០២៥ លោកជំទាវបានលើកឡើងអំពីករណីបាញ់ប្រហារដោយឥតរឿងហេតុពីសំណាក់កងកម្លាំងថៃ កាលពីថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២៥ ដែលបណ្ដាលឱ្យពលរដ្ឋខ្មែរម្នាក់ស្លាប់ និងបីនាក់ទៀតរងរបួស ។ កម្ពុជាបានតវ៉ាជាផ្លូវការចំពោះការប្រើប្រាស់កម្លាំងដោយខុសច្បាប់នេះ ដែលបានរំលោភអធិបតេយ្យភាព និងបានប៉ះពាល់អវិជ្ជមានដល់ការងារបោះបង្គោលព្រំដែនដែលកំពុងបន្ត ។ លោកជំទាវបានអំពាវនាវឱ្យមានការស៊ើបអង្កេតលើករណីបាញ់ប្រហារដ៏សោកនាដកម្មនេះ ដោយមានការចូលរួមពីក្រុមអ្នកសង្កេតការណ៍អាស៊ាន (AOT) ។ ចំពោះករណីគ្រាប់មីនដែលបណ្ដាលឱ្យរបួសដល់ទាហានថៃមួយចំនួនកាលពីថ្ងៃទី ១០ ខែវិច្ឆិកា ឆ្នាំ២០២៥ លោកជំទាវបានកត់សម្គាល់ថា ឧបទ្ទវហេតុនេះបានកើតឡើងនៅជិតតំបន់ ប្រាសាទព្រះវិហារ ដែលគេស្គាល់ថាជាតំបន់ដែលមានផ្ទុកមីនតាំងពីសម័យសង្គ្រាមស៊ីវិលកម្ពុជានៅទសវត្សរ៍ឆ្នាំ១៩៨០ ហើយឧប្បត្តិហេតុតែមួយនេះមិនគួរត្រូវបានអនុញ្ញាតឱ្យរាំងស្ទះដល់ដំណើរការសន្តិភាពឡើយ ។ លោកជំទាវបាន បដិសេធដាច់អហង្ការ ចំពោះការចោទប្រកាន់ទាំងអស់ដែលថាកងកម្លាំងកម្ពុជាបានដាក់មីនថ្មី ហើយបានអះអាងជាថ្មីនូវការប្តេជ្ញាចិត្តរបស់កម្ពុជាចំពោះកិច្ចព្រមព្រៀងឈប់បាញ់ និងសេចក្តីថ្លែងការណ៍រួមទីក្រុងគូឡាឡមពួ ស្តីពីដំណោះស្រាយជម្លោះដោយសន្តិវិធី ។
ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ
