សេចក្ដីប្រកាសព័ត៌មាន ពិធីចុះហត្ថលេខារវាង ឯកឧត្តម ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីពាណិជ្ជកម្មកម្ពុជា និងលោកជំទាវ យូ ម្យុងហ៊ី (Yoo Myung-Hee) រដ្ឋមន្ត្រីពាណិជ្ជកម្មកូរ៉េ លើសេចក្តីថ្លែងការណ៍រួមស្តីពីការចាប់ផ្តើមសិក្សាលទ្ធភាពក្នុងការបង្កើតកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីទ្វេភាគីកម្ពុជា-សាធារណរដ្ឋកូរ៉េ
នៅថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០១៩ ក្រសួងពាណិជ្ជកម្មបានចេញសេចក្តីប្រកាសព័ត៌មាន ស្តីពី ពិធីចុះហត្ថលេខារវាង ឯកឧត្តម ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីពាណិជ្ជកម្មកម្ពុជា និងលោកជំទាវ យូ ម្យុងហ៊ី (Yoo Myung-Hee) រដ្ឋមន្ត្រីពាណិជ្ជកម្មកូរ៉េ លើសេចក្តីថ្លែងការណ៍រួមស្តីពីការចាប់ផ្តើមសិក្សាលទ្ធភាពក្នុងការបង្កើតកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីទ្វេភាគីកម្ពុជា-សាធារណរដ្ឋកូរ៉េ នៅក្នុងឱកាសនៃកិច្ចប្រជុំកំពូលរំលឹកខួបអនុស្សាវរីយ៍ ៣០ឆ្នាំ នៃទំនាក់ទំនងអាស៊ាន-កូរ៉េ និងកិច្ចប្រជុំកំពូលមេគង្គ-កូរ៉េ ពីថ្ងៃទី២៥-២៧ ខែវិច្ឆិកា ឆ្នាំ២០១៩ នៅទីក្រុងប៊ូសាន សាធារណរដ្ឋកូរ៉េ។ តាមការរំពឹងទុក កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីទ្វេភាគីកម្ពុជា-កូរ៉េ នឹងជួយពង្រឹងទំនាក់ទំនង និងពង្រីកទំហំពាណិជ្ជកម្មនៃប្រទេសទាំងពីរបន្ថែមទៀត ព្រមទាំងបង្កើតឱកាសការងារក្នុងស្រុក ការនាំចេញសេវា និងពង្រីកវិនិយោគបន្ថែម ដែលនឹងចូលរួមសំខាន់ក្នុងការអភិវឌ្ឍសេដ្ឋកិច្ចជាតិ និងផ្តល់ផលប្រយោជន៍ដល់ប្រជាជននៃប្រទេសទាំងពីរផងដែរ។
ក្រសួងពាណិជ្ជកម្ម