សេចក្តីប្រកាសព័ត៌មាន៖ ផលប៉ះពាល់លើតំបន់ស៊ីវិល និងការគាំពារពលរដ្ឋភៀសសឹក ដោយសារសង្គ្រាមឈ្លានពានវាតទីទឹកដីរបស់រដ្ឋាភិបាលក្រុងបាងកក និងយោធាថៃ ចាប់ពីម៉ោង៧ព្រឹក រហូតដល់ម៉ោង១រសៀល ថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០២៥
ថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០២៥ ក្រសួងមហាផ្ទៃ បានចេញសេចក្តីប្រកាសព័ត៌មានរាយការណ៍ថា គិតចាប់ពីថ្ងៃទី៧ រហូតដល់ថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០២៥ អំពើឈ្លានពានមិនរើសគោលដៅរបស់ភាគីថៃ បានបណ្តាលឱ្យពលរដ្ឋកម្ពុជាស្លាប់ ១៨នាក់ របួស ៧៩នាក់ និងមានជនភៀសសឹកជិត ៤៨ម៉ឺននាក់ (ស្មើនឹងជាង ១៤ម៉ឺនគ្រួសារ) ក្នុងនោះរួមមានស្ត្រីជាង ២៤ម៉ឺននាក់ និងកុមារជាង ១៣ម៉ឺននាក់។ របាយការណ៍បានកត់ត្រានូវការខូចខាតហេដ្ឋារចនាសម្ព័ន្ធស៊ីវិលយ៉ាងច្រើន រួមមានអគារកាស៊ីណូ ៤, សណ្ឋាគារ ៣, អគារផ្សេងៗ ៤, មជ្ឈមណ្ឌលកសិកម្មសហគមន៍ ១, ស្ពាន ៣ (ស្ពានថ្ម ស្ពានដែក និងក្បាលស្ពាន), ស្ថានីយប្រេងឥន្ធនៈ ១, យានយន្ត ៥ និងឃ្លាំងស្តុកដំឡូងមី ១។ សេវាសាធារណៈស្ទើរទាំងអស់ត្រូវបានផ្អាក ដោយសារការវាយប្រហារដោយប្រើប្រាស់អាវុធគ្រប់ប្រភេទពីកងទ័ពជើងគោក ជើងទឹក និងជើងអាកាសរបស់ថៃ។
ក្រសួងមហាផ្ទៃ
