សេចក្តី​ប្រកាស​ព័ត៌មាន​៖​ ផល​ប៉ះពាល់​លើ​ប្រជាពលរដ្ឋ​ និង​តំបន់​ស៊ី​វិល​កម្ពុជា​ ដោយ​អំពើ​ឈ្លានពាន​ប្រដាប់​អាវុធ​ជា​មុន​ពី​សំណាក់​ភាគី​ថៃ​ ចាប់ពី​ម៉ោង​៦​ល្ងាច​ ថ្ងៃ​ទី​១៣​ ខែធ្នូ​ រហូត​ដល់​ម៉ោង​៧​ព្រឹក​ ថ្ងៃ​ទី​១៤​ ខែធ្នូ​ ឆ្នាំ​២០២៥

​ថ្ងៃ​ទី​១៤​ ខែធ្នូ​ ឆ្នាំ​២០២៥​ ក្រសួងមហាផ្ទៃ​ បាន​ចេញ​សេចក្តី​ប្រកាស​ព័ត៌មាន​ស្តី​ពី​ផល​ប៉ះពាល់​លើ​ប្រជាពលរដ្ឋ​ និង​តំបន់​ស៊ី​វិល​កម្ពុជា​ ដែល​បង្ក​ឡើង​ដោយ​អំពើ​ឈ្លានពាន​របស់​ភាគី​ថៃ​ គិត​ចាប់ពី​ម៉ោង​ ៦​ល្ងាច​ ថ្ងៃ​ទី​១៣​ ខែធ្នូ​ រហូត​ដល់​ម៉ោង​ ៧​ព្រឹក​ ថ្ងៃ​ទី​១៤​ ខែធ្នូ​ ឆ្នាំ​២០២៥​។​ ក្រសួង​បាន​រាយការណ៍​ថា​ មិន​មាន​ករណី​ស្លាប់​ ឬ​របួស​ថ្មី​ទេ​ ដែល​ធ្វើ​ឱ្យ​ចំនួន​ជន​ស៊ី​វិល​ស្លាប់​នៅ​ត្រឹម​ ១១​នាក់​ និង​របួស​ ៥៩​នាក់​។​ ចំនួន​ជនភៀសសឹក​សរុប​បាន​កើនឡើង​ ១.១៤០​ គ្រួសារ​ ឬ​ ៣.៨១៧​ នាក់​ ដល់​ ១១៤.១០៦​ គ្រួសារ​ ស្មើនឹង​ ៣៨៤.១០១​ នាក់​ នៅ​ក្នុង​ខេត្ត​ចំនួន​ ៧​ រួម​មាន​៖​ ព្រះ​វិហារ​ ឧត្តរមានជ័យ​ បន្ទាយ​មាន​ជ័យ​ បាត់ដំបង​ ពោធិ៍សាត់​ កោះកុង​ និង​សៀមរាប​។​ ហេដ្ឋារចនាសម្ព័ន្ធ​ស៊ី​វិល​ជា​ច្រើន​ រួម​មានផ្ទះ​សំបែង​ សាលារៀន​ វត្ត​អារាម​ ប្រាសាទបុរាណ​ ផ្លូវថ្នល់​ និង​ស្ពាន​ បន្ត​រង​ការ​ខូចខាត​ ហើយ​សេវា​សាធារណៈ​មូលដ្ឋាន​ត្រូវ​បាន​ផ្អាក​ស្ទើរ​ទាំងស្រុង​ដោយសារ​តែ​ការ​វាយប្រហារ​របស់​ភាគី​ថៃ​។​

ក្រសួងមហាផ្ទៃ​

ទាញយក៖ pdf