សេចក្តីប្រកាសព័ត៌មាន៖ ផលប៉ះពាល់លើប្រជាពលរដ្ឋ និងតំបន់ស៊ីវិលកម្ពុជា ដោយអំពើឈ្លានពានប្រដាប់អាវុធជាមុនពីសំណាក់ភាគីថៃ ចាប់ពីម៉ោង៦ល្ងាច ថ្ងៃទី១៣ ខែធ្នូ រហូតដល់ម៉ោង៧ព្រឹក ថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២៥
ថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២៥ ក្រសួងមហាផ្ទៃ បានចេញសេចក្តីប្រកាសព័ត៌មានស្តីពីផលប៉ះពាល់លើប្រជាពលរដ្ឋ និងតំបន់ស៊ីវិលកម្ពុជា ដែលបង្កឡើងដោយអំពើឈ្លានពានរបស់ភាគីថៃ គិតចាប់ពីម៉ោង ៦ល្ងាច ថ្ងៃទី១៣ ខែធ្នូ រហូតដល់ម៉ោង ៧ព្រឹក ថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២៥។ ក្រសួងបានរាយការណ៍ថា មិនមានករណីស្លាប់ ឬរបួសថ្មីទេ ដែលធ្វើឱ្យចំនួនជនស៊ីវិលស្លាប់នៅត្រឹម ១១នាក់ និងរបួស ៥៩នាក់។ ចំនួនជនភៀសសឹកសរុបបានកើនឡើង ១.១៤០ គ្រួសារ ឬ ៣.៨១៧ នាក់ ដល់ ១១៤.១០៦ គ្រួសារ ស្មើនឹង ៣៨៤.១០១ នាក់ នៅក្នុងខេត្តចំនួន ៧ រួមមាន៖ ព្រះវិហារ ឧត្តរមានជ័យ បន្ទាយមានជ័យ បាត់ដំបង ពោធិ៍សាត់ កោះកុង និងសៀមរាប។ ហេដ្ឋារចនាសម្ព័ន្ធស៊ីវិលជាច្រើន រួមមានផ្ទះសំបែង សាលារៀន វត្តអារាម ប្រាសាទបុរាណ ផ្លូវថ្នល់ និងស្ពាន បន្តរងការខូចខាត ហើយសេវាសាធារណៈមូលដ្ឋានត្រូវបានផ្អាកស្ទើរទាំងស្រុងដោយសារតែការវាយប្រហាររបស់ភាគីថៃ។
ក្រសួងមហាផ្ទៃ
