សេចក្តីប្រកាសព័ត៌មាន៖ ឯកអគ្គរដ្ឋទូតថ្មីរបស់អូស្ត្រាលី ប្តេជ្ញាពង្រឹងទំនាក់ទំនងទ្វេភាគី
នៅថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២៣ ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិបានចេញសេចក្តីប្រកាសព័ត៌មានមួយបន្ទាប់ពីការជួបសម្តែងការគួរសមរវាងឯកឧត្តមចាស្ទីន ខេវីន វ៉ាយអេត ឯកអគ្គរដ្ឋទូតថ្មីរបស់អូស្ត្រាលីប្រចាំកម្ពុជា និងឯកឧត្តម ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ កាលពីថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២៣ នៅទីស្តីការក្រសួង។ ភាគីទាំងពីរបានសម្តែងការពេញចិត្តចំពោះការរីកចម្រើន នៃទំនាក់ទំនងរវាងប្រទេសទាំងពីរ លើគ្រប់វិស័យ។ ភាគីទាំងពីរបានពិភាក្សាអំពីអភិក្រមនានាក្នុងការពង្រីកបន្ថែមទៀតនូវកិច្ចសហប្រតិបត្តិការទ្វេភាគី ក្នុងវិស័យពាណិជ្ជកម្ម និងវិនិយោគ សុខាភិបាល កសិកម្ម សមភាពយេនឌ័រ ព្រមទាំងសន្តិសុខ និងការពារជាតិ។ ខណៈដែលរដ្ឋាភិបាលអូស្ត្រាលីកំពុងរៀបចំ “យុទ្ធសាស្ត្រសេដ្ឋកិច្ចអាស៊ីអាគ្នេយ៍រហូតដល់ឆ្នាំ ២០៤០“ ឯកឧត្តមឯកអគ្គរដ្ឋទូតថ្មីមានបំណងលើកទឹកចិត្តឱ្យមានការវិនិយោគប្រកបដោយគុណភាព មកកាន់កម្ពុជា។
ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ