សេចក្តីប្រកាសព័ត៌មានស្តីពីលិខិតឆ្លើយតបរបស់យោធភូមិភាគទី៥ នៃព្រះរាជាណាចក្រកម្ពុជា
លិខិតពីយោធាភូមិភាគទី៥ នៃកងយោធពលខេមរភូមិន្ទ ចុះថ្ងៃទី៤ ខែតុលា ឆ្នាំ២០២៥ ជូនចំពោះមេបញ្ជាការកងទ័ពភូមិភាគទី១ នៃកងទ័ពភូមិន្ទថៃ ឆ្លើយតបលក្ខខណ្ឌរបស់ភាគីថៃដែលបានលើកឡើងសម្រាប់ការចូលរួមកិច្ចប្រជុំពិសេសលើកទី២ នៃគណៈកម្មាធិការព្រំដែនថ្នាក់តំបន់ (RBC)ដោយស្នើភាគីកម្ពុជារៀបចំផែនការជម្លៀសប្រជាពលរដ្ឋកម្ពុជានៅក្នុងតំបន់មានជម្លោះជាមុនសិន។
យោធាភូមិភាគទី៥ បានច្រានចោលលក្ខខណ្ឌនេះ ដោយបញ្ជាក់ថា RBC មានអាជ្ញាធរត្រឹមតែដោះស្រាយឧប្បត្តិហេតុមូលដ្ឋាន និងបន្ធូរបន្ថយភាពតានតឹង ប៉ុន្តែពុំមានអាណត្តិក្នុងការកំណត់ ឬផ្លាស់ប្តូរបន្ទាត់ព្រំដែនឡើយ។ កម្ពុជាបានទទូចថា បញ្ហានៅភូមិជោគជ័យ និងភូមិព្រៃចាន់ ត្រូវតែដោះស្រាយដោយគណៈកម្មការចម្រុះខណ្ឌសីមាព្រំដែនគោក (JBC) ស្របតាមលទ្ធផលនៃកិច្ចប្រជុំវិសាមញ្ញលើកទី១ នៃគណៈកម្មាធិការព្រំដែនទូទៅ (GBC)។ លើសពីនេះ កម្ពុជាបានកត់សម្គាល់ពីការកាន់កាប់ដីធ្លីដោយជនជាតិថៃក្នុងដែនអធិបតេយ្យរបស់កម្ពុជា ហើយបានអំពាវនាវឱ្យភាគីទាំងពីរត្រូវគោរពយ៉ាងពេញលេញនូវកិច្ចព្រមព្រៀងកន្លងមក និងចៀសវាងពីសកម្មភាពឯកតោភាគី រង់ចាំដំណោះស្រាយដោយសន្តិវិធីរបស់ JBC។
ក្រសួងការពារជាតិ
