សេចក្តីប្រកាសព័ត៌មាន៖ ការផ្តល់ប្រព័ន្ធអនុគ្រោះពន្ធលើគ្រប់មុខទំនិញទាំងអស់របស់ចក្រភពអង់គ្លេស និងអៀឡង់ខាងជើងដល់ព្រះរាជាណាចក្រកម្ពុជា
នៅថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០២០ ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានចេញផ្សាយសេចក្តីប្រកាសព័ត៌មានមួយស្តីពីលទ្ធផលនៃជំនួបពិភាក្សាការងាររវាង ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន និងលោកជំទាវ Tina Redshaw ឯកអគ្គរាជទូត នៃចក្រភពអង់គ្លេសនិងអៀឡង់ខាងជើង។
យោងតាមសេចក្តីប្រកាសព័ត៌មាន ចក្រភពអង់គ្លេសនឹងអនុវត្តនូវគោលនយោបាយពាណិជ្ជកម្មឯករាជ្យចាប់ពីថ្ងៃទី០១ ខែមករា ឆ្នាំ២០២១ តទៅ។ រដ្ឋមន្ត្រីទាំងអស់របស់អង់គ្លេសបានសំរេចថា នឹងមិនបន្តអនុវត្តការព្យួរមួយផ្នែកនៃប្រព័ន្ធអនុគ្រោះពន្ធរបស់សហភាពអឺរ៉ុបក្នុងក្របខណ្ឌប្រព័ន្ធអនុគ្រោះពន្ធលើគ្រប់មុខទំនិញទាំងអស់លើកលែងតែសព្វាវុធ មកលើកម្ពុជាទៀតទេ ដោយហេតុថា ចក្រភពអង់គ្លេសបានមើលឃើញពីផលប៉ះពាល់នៃជំងឺកូវីដ-១៩ មកលើក្រុមមនុស្សងាយរងគ្រោះជាច្រើននៃសង្គមកម្ពុជា ដែលក្នុងនោះរួមមានទាំងកម្មកររោងចក្រផងដែរ។ លោកជំទាវឯកអគ្គរាជទូត បានមានប្រសាសន៍ថា ចក្រភពអង់គ្លេសកំពុងរិះរកវិធី ដើម្បីបង្កើតកិច្ចសន្ទនាទៀងទាត់ជាមួយអាជ្ញាធរមានសមត្ថកិច្ចកម្ពុជាលើបញ្ហាផ្សេងៗពាក់ព័ន្ធននឹងវិស័យសិទ្ធិមនុស្ស និងសេរីភាពផ្សេងៗទៀត។
ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ