សេចក្តីប្រកាសព័ត៌មាន៖ គម្រោងទំនប់លួងប្រាបាង បង្កើនក្តីបារម្ភចំពោះការប្រែប្រួលទន្លេមេគង្គក្រោម
នៅថ្ងៃទី ០៦ ខែកុម្ភៈ ឆ្នាំ២០២០ ក្រុមអង្គការសង្គមស៊ីវិល ដែលធ្វើការលើវិស័យអភិបាលកិច្ចទឹកនៅកម្ពុជាចេញផ្សាយសេចក្តីថ្លែងការណ៍រួមមួយដើម្បីលើកឡើងពីក្តីបារម្ភរបស់ពួកគេពីការប្រែប្រួលនៃទន្លេមេគង្គក្រោម និងដើម្បីអំពាវនាវឱ្យរដ្ឋាភិបាលឡាវ ម្ចាស់គម្រោង និងគណៈកម្មការទន្លេមេគង្គ ផ្តល់នូវដំណោះស្រាយសមស្របចំពោះបញ្ហានេះ។
យោងតាមសេចក្តីថ្លែងការណ៍ ការបំលាស់ទីរបស់ត្រី លំហូរជលសាស្ត្រ និងកំណកកករ (ដីល្បាប់) គឺជាផលប៉ះពាល់ឆ្លងដែនដែលនឹងកើតមានពីគម្រោងទំនប់វារីអគ្គិសនីនៅលើតួទន្លេមេ ដែលក្រុមអង្គការសង្គមស៊ីវិលកម្ពុជាមានក្តីព្រួយបារម្ភជាខ្លាំង។ ក្តីបារម្ភនេះត្រូវបានលើកឡើងដោយវេទិកានៃអង្គការមិនមែនរដ្ឋាភិបាល ស្តីពីកម្ពុជា បណ្តាញការពារទន្លេសេសាន ស្រែពក សេកុង អង្គការសម្ព័ន្ធភាពដើម្បីអភិរក្សធនធានជលផល សមាគមថែរក្សាបរិស្ថាន និងវប្បធន៌ និងអង្គការភូមិខ្ញុំ។
នៅក្នុងសេចក្តីថ្លែងការណ៍នេះផងដែរ ក្រុមអង្គការសង្គមស៊ីវិលក៏បានបញ្ជាក់ដែរថា ក្តីបារម្ភរបស់ពួកគេកាន់តែកើនឡើងបន្ទាប់ពីរដ្ឋាភិបាលឡាវ បានស្នើឱ្យមានការពិគ្រោះយោបល់ទៅលើគម្រោងទំនប់វារីអគ្គិសនីលួងប្រាបាង រួមជាមួយគម្រោងផ្នែកខាងលើដែលមានស្រាប់ នឹងបង្កផលប៉ះពាល់បន្ថែមទៀតដល់ជលសាស្ត្រ និងការធ្វើឱ្យកម្រិតទឹកនៅតំបន់មេគង្គក្រោមកាន់តែទាប។
វេទិកានៃអង្គការមិនមែនរដ្ឋាភិបាលស្តីពីកម្ពុជា