សេចក្តីថ្លែងការណ៍របស់ Save the Mekong អំពីការបាក់ទំនប់នៃគម្រោងវារីអគ្គិសនី Xe Pian-Xe Nam Noy
Save the Mekong ដែលជាសម្ព័ន្ធនៃអង្គការមិនមែនរដ្ឋាភិបាល ក្រុមសមាគមន៍ និងប្រជាពលរដ្ឋដែលមានការយកចិត្តទុកដាក់ព្រួយបារម្ភអំពីសុខទុក្ខទន្លេមេគង្គក្នុងតំបន់ សូមថ្លែងនូវសេចក្តីភ្ញាក់ផ្អើល និងព្រួយបារម្ភចំពោះការបាក់ទំនប់នៃគម្រោងវារីអគ្គិសនី xe Pian-Xe Nam Noy នៅប្រទេសឡាវ និងសូមចូលរួមចែករំលែកទុក្ខដ៏ជ្រាលជ្រៅចំពោះសហគមន៍ដែលរងគ្រោះដោយសារសោកនាដកម្មនេះ ទាំងនៅប្រទេសឡាវភាគខាងត្បូង និងនៅតាមតំបន់ខ្សែទឹកខាងក្រោមនៃប្រទេសកម្ពុជា។ ការបាក់ទំនប់ xe Pian-Xe Nam Noy គឺជាគ្រោះមហន្តរាយមួយ ប៉ុន្តែមិនមែនគ្រោះមហន្តរាយធម្មជាតិទេ។ វាគឺជាគ្រោះមហន្តរាយដែលបណ្តាលមកពីកំហុសឆ្គងរបស់មនុស្ស ដែលកំហុសឆ្គងនេះជាចំណែករបស់អ្នកសាងសង់ទំនប់។ ប្រជាជនភាគច្រើន នៅប្រទេសឡាវ និងនៅតាមដងទន្លេមេគង្គ គឺងាយនឹងរងគ្រោះដោយសារគ្រោះមហន្តរាយបែបនេះ ក៏ដូចជាទទួលរងគ្រោះពីហានិភ័យនានាដែលចេញពីការបំផ្លាញបរិស្ថានដ៏សំបើម ដោយសារទំនប់វារីអគ្គិសនីធំៗ ចំនួន ១១ នៅតាមតួមេទន្លេមេគង្គក្រោម និងទំនប់ចំនួន ១២០ ទៀត ដែលត្រូវបានគ្រោងនឹងធ្វើឱ្យរួចរាល់នៅឆ្នាំ ២០៤០។ គម្រោងវារីអគ្គិសនី xe Pian-Xe Nam Noy មានភាពចម្រូងចម្រាសចាប់តាំងពីការចាប់ផ្តើមដំបូងមកម្ល៉េះ។ ក្នុងឆ្នាំ ២០១៣ អ្នកតស៊ូមតិសង្គមស៊ីវិលបានគូសបញ្ជាក់ថា គម្រោងនេះបានធ្វើឡើងក្រោមដំណើរការពិគ្រោះយោបល់ជាសាធារណៈមិនបានពេញលេញគ្រប់គ្រាន់ មានការវាយតម្លៃផលប៉ះពាល់បរិស្ថានមិនទាន់មានលក្ខណៈល្អ (EIA) ខ្វះការវាយតម្លៃផលប៉ះពាល់ឆ្លងដែន មិនត្រឹមតែប៉ុណ្ណោះសុវត្ថិភាពផ្នែកបរិស្ថាន និងសង្គមពុំបានអនុលោមទៅតាមបទដ្ឋានអន្តរជាតិ។
Save the Mekong