សេចក្តីជូនដំណឹង ស្តីពី វិធានការការពារ និងទប់ស្កាត់ភ្លើងឆេះព្រៃក្នុងតំបន់ការពារធម្មជាតិ និងរបៀងច្រកអភិរក្សជីវៈចម្រុះ
នៅថ្ងៃទី២១ មករា ឆ្នាំ២០១៩ ក្រសួងបរិស្ថានបានចេញសេចក្តីជូនដំណឹង ស្តីពី វិធានការការពារ និងទប់ស្កាត់ភ្លើងឆេះព្រៃក្នុងតំបន់ការពារធម្មជាតិ និងរបៀងច្រកអភិរក្សជីវៈចម្រុះ យោងតាមសារាចរណែនាំចុះថ្ងៃទី ១៧ ខែមករា ឆ្នាំ២០១៩ របស់រាជរដ្ឋាភិបាលកម្ពុជាស្តីពីការចាត់វិធានការថែរក្សាទឹកទុក ខណៈកម្ពុជានឹងទទួលរងដោយប្រយោល ពីឥទ្ធិពលបាតុភូត អែលនីណូ (El Nino) នឹងបង្កឱ្យធាតុអាកាសនារដូវប្រាំងនេះ ពិសេសក្នុងខែមេសា និងឧសភា មានសភាពក្តៅហួតហែង សីតុណ្ហភាពអតិបរមា នៅពេលខ្លះអាចហក់ឡើងដល់ ៤០ អង្សា ទៅ ៤២ អង្សា។
ដើម្បីបង្ការ និងទប់ស្កាត់ភ្លើងឆេះព្រៃ ក្រសួងបរិស្ថាន បានធ្វើសេចក្តីណែនាំដល់អង្គភាពជំនាញ រដ្ឋបាលថ្នាក់ក្រោមជាតិមន្ទីរបរិស្ថាន អាជ្ញាធរមានសមត្ថកិច្ច រួមទាំងសហគមន៍មូលដ្ឋាន និងអ្នកពាក់ព័ន្ធទាំងអស់ឱ្យអនុវត្តវិធានការចំនួន ៦ ចំណុច។ វិធានការទាំងនោះរួមមាន ទប់ស្កាត់ និងណែនាំឱ្យមានការប្រុងប្រយ័ត្នខ្ពស់ពីការប្រើប្រាស់ភ្លើងជាមធ្យោបាយដើម្បីប្រមូលផល អនុផលព្រៃឈើ ការដុតព្រៃស្ទាក់ចាប់សត្វ និងការដុតវាលស្មៅ។ ទប់ស្កាត់ការកាប់ឆ្ការទន្ទ្រាន ឈូសឆាយ ដុតព្រៃឈើ និងព្រៃលិចទឹក ក្នុងគោលបំណងផ្សេងទៀត ដែលជាសកម្មភាពល្មើសច្បាប់ និងបង្កឱ្យមានភ្លើងឆេះព្រៃឈើ ព្រៃលិចទឹក និងរាលដាលដល់ផ្ទះសំបែងរបស់ប្រជាពលរដ្ឋ ស្នាក់ការ ស្នាក់ការរង និងហេដ្ឋារចនាសម្ព័ន្ធរូបវន្តនានា នៅក្នុង និងជុំវិញតំបន់ការពារធម្មជាតិជាដើម។
ក្រសួងបរិស្ថាន