សេចក្តីថ្លែងការណ៍​របស់​ក្រសួងការបរទេស​ និង​សហប្រតិបត្តិការ​អន្តរជាតិ​ នៃ​ព្រះរាជាណាចក្រ​កម្ពុជា​

​ក្រសួងការបរទេស​ និង​សហប្រតិបត្តិការ​អន្តរជាតិ​ នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ បាន​ចេញផ្សាយ​សេចក្តីថ្លែងការណ៍​មួយ​ សម្តែង​ការ​ព្រួយបារម្ភ​យ៉ាង​ខ្លាំង​ ចំពោះ​សេចក្តីរាយការណ៍​តាម​ប្រព័ន្ធ​ផ្សព្វផ្សាយ​ជា​ច្រើន​ បង្ហាញ​ថា​ ប្រទេស​ថៃ​បាន​ផ្អាក​ការ​អនុវត្ត​សេចក្តីថ្លែងការណ៍​រួម​ ដែល​បាន​ចុះហត្ថលេខា​ដោយ​នាយក​រដ្ឋមន្ត្រី​នៃ​ប្រទេស​ទាំង​ពីរ​ កាលពី​ថ្ងៃ​ទី​២៦​ ខែតុលា​ ឆ្នាំ​២០២៥​។​ សេចក្តីរាយការណ៍​ទាំងនោះ​បានឱ្យ​ដឹង​ថា​ ភាគី​ថៃ​បាន​លើក​ឡើង​ពី​ការ​ផ្ទុះ​មីន​ កាលពី​ថ្ងៃ​ទី​១០​ ខែវិច្ឆិកា​ ឆ្នាំ​២០២៥​ នៅ​ក្បែរ​ប្រាសាទព្រះវិហារ​ ដែល​បាន​បណ្តាល​ឱ្យ​រង​របួស​ទាហាន​ថៃ​ពីរ​នាក់​ ជា​ហេតុផល​សម្រាប់​ការ​ផ្អាក​ការ​អនុវត្ត​សេចក្តីថ្លែងការណ៍​រួម​ និង​ការ​លុប​ចោល​គម្រោង​ដោះ​លែង​យោធិន​កម្ពុជា​ ១៨​ រូប​ ដែល​កំពុង​ជាប់​ឃុំឃាំង​នៅ​ប្រទេស​ថៃ​។​

​កម្ពុជា​បដិសេធ​ដាច់អហង្ការ​ចំពោះ​ការ​ចោទប្រកាន់​របស់​ប្រទេស​ថៃ​ដែល​ថា​ កម្ពុជា​បាន​ដាក់​មីន​ថ្មី​នៅ​តាម​ព្រំដែន​នោះ​ទេ​ ដោយ​បាន​បញ្ជាក់​បន្ថែម​ថា​ ចម្ការ​មីន​ភាគច្រើន​តាម​បណ្តោយ​ព្រំដែន​ដែល​បាន​បន្សល់​ទុក​តាំងពី​សម័យ​សង្គ្រាមស៊ីវិល​កម្ពុជា​ក្នុង​ទសវត្សរ៍​ឆ្នាំ​១៩៧០​ និង​ឆ្នាំ​១៩៨០​ មិន​ទាន់​ត្រូវ​បាន​បោសសម្អាត​នៅឡើយ​ទេ​ ដោយសារ​តែ​ភូមិសាស្ត្រ​លំបាក​ និង​ស្ថានភាព​មិន​ទាន់​កំណត់​ខណ្ឌសីមា​ព្រំដែន​។​ កម្ពុជា​បាន​អះអាង​ជា​ថ្មី​នូវ​ការ​ប្តេជ្ញា​ចិត្ត​របស់​ខ្លួន​ ចំពោះ​ការ​អនុវត្ត​សេចក្តីថ្លែងការណ៍​រួម​ និង​សង្កត់ធ្ងន់​ថា​ ក្នុង​នាម​ជា​រដ្ឋ​ភាគី​នៃ​អនុសញ្ញា​អន្តរជាតិ​ស្តី​ពី​ការ​ហាមឃាត់​មីន​ប្រឆាំង​មនុស្ស​ កម្ពុជា​មិន​ដែល​ បាន​ប្រើប្រាស់​ ហើយ​ក៏​នឹង​មិន​ប្រើប្រាស់​មីន​ថ្មី​ឡើយ​។​

​ក្រសួងការបរទេស​ និង​សហប្រតិបត្តិការ​អន្តរជាតិ

ទាញយក៖ pdf