សេចក្តីថ្លែងការណ៍របស់រាជរដ្ឋាភិបាលកម្ពុជា ឆ្លើយតបទៅនឹងការសម្រេចចិត្តរបស់គណៈកម្មការអឺរ៉ុបក្នុងការបើកដំណើរការនីតិវិធីជាផ្លូវការ សម្រាប់ការដកជាបណ្តោះអាសន្ននូវប្រព័ន្ធអនុគ្រោះពន្ធ “គ្រប់មុខទំនិញទាំងអស់លើកលែងគ្រឿងសព្វាវុធ (EBA)” ពីកម្ពុជា
នៅថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០១៩ រាជរដ្ឋាភិបាលកម្ពុជាចេញសេចក្តីថ្លែងការណ៍ ឆ្លើយតបទៅនឹងការសម្រេចចិត្តរបស់គណៈកម្មការអឺរ៉ុបក្នុងការបើកដំណើរការនីតិវិធីជាផ្លូវការ សម្រាប់ការដកជាបណ្តោះអាសន្ននូវប្រព័ន្ធអនុគ្រោះពន្ធ “គ្រប់មុខទំនិញទាំងអស់លើកលែងគ្រឿងសព្វាវុធ (EBA)” ពីកម្ពុជា។
រាជរដ្ឋាភិបាលកម្ពុជាចាត់ទុកសេចក្តីសម្រេចចិត្តនេះជារឿងអយុត្តិធម៌បំផុត ខណៈដែលគណកម្មការអឺរ៉ុបមិនអើពើចំពោះវិធានការជាក់លាក់ និងវឌ្ឍភាពសំខាន់ៗជាច្រើន ដែលបានធ្វើឡើងដោយរាជរដ្ឋាភិបាលកម្ពុជា ក្នុងការប្រកាន់ខ្ជាប់ និងការបេ្តជ្ញាចិត្តចំពោះការអនុវត្តអនុសញ្ញាស្នូលទាំង១៥ របស់អង្គការសហប្រជាជាតិ និងអង្គការពលកម្មអន្តរជាតិ ដែលជាបុរេល័ក្ខខ័ណ្ឌក្នុងការបន្តផ្តល់ប្រព័ន្ធអនុគ្រោះពន្ធ EBA ជាឯកតោភាគី ជាពិសេសនៅលើវិស័យទាំងឡាយដែលត្រូវបានគូសបញ្ជាក់នៅក្នុងសេចក្តីថ្លែងការណ៍របស់រាជរដ្ឋាភិបាលកម្ពុជានៅថ្ងៃទី៣ ខែធ្នូ ឆ្នាំ២០១៨ ស្តីពីវិធានការដើម្បីពង្រឹងលំហនយោបាយ និងសង្គមស៊ីវិល សិទ្ធិការងារ និងការដោះស្រាយបញ្ហាដីធ្លី និងដីសម្បទានស្ករអំពៅ។ រាជរដ្ឋាភិបាលកម្ពុជាមានទស្សនៈថា គណកម្មការអឺរ៉ុបមិនបានធ្វើសកម្មភាពដោយឈរលើគោលការណ៍ “ស្មោះត្រង់” និង “យុត្តិធម៌” នោះទេ។
កម្ពុជានៅតែមានឆន្ទៈបន្តពង្រឹងលំហប្រជាធិបតេយ្យ សិទ្ធិមនុស្ស សិទ្ធិការងារ ដូចដែលបានលើកឡើងក្នុងសេចក្តីថ្លែងការណ៍ចុះថ្ងៃទី៣ ខែធ្នូ ឆ្នាំ២០១៨។ ក៏ប៉ុន្តែ កម្ពុជាក៏មានការបេ្តជ្ញាចិត្តយ៉ាងមុតមាំផងដែរក្នុងការការពារសន្តិភាព ស្ថិរភាព ឯករាជ្យភាព និងអធិបតេយ្យភាពជាតិ ទោះក្នុងតម្លៃណាដោយ។
ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ