លទ្ធផលកិច្ចប្រជុំឧត្តមមន្ត្រីអាស៊ី-អឺរ៉ុបតាមរយៈប្រព័ន្ធវីដេអូ
នៅថ្ងៃទី ១២ ខែ កក្កដា ឆ្នាំ ២០២១ ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិបានចេញសេចក្តីប្រកាសព័ត៌មានស្តីពី លទ្ធផលកិច្ចប្រជុំឧត្តមមន្ត្រីអាស៊ី-អឺរ៉ុប។
កម្ពុជា ក្នុងនាមជាម្ចាស់ផ្ទះរៀបចំកិច្ចប្រជុំកំពូលអាស៊ី-អឺរ៉ុបលើកទី ១៣ (ASEM13) បានធ្វើជាសហប្រធានជាមួយសហភាពអឺរ៉ុប ដឹកនាំកិច្ចប្រជុំឧត្តមមន្ត្រីអាស៊ី-អឺរ៉ុប (ASEM SOM) កាលពីថ្ងៃទី ០៧ និងថ្ងៃទី ០៩ ខែ កក្កដា ឆ្នាំ ២០២១ តាមរយៈប្រព័ន្ធវីដេអូ។ កិច្ចប្រជុំនេះ មានការចូលរួមពីឧត្ដមមន្ត្រីនៃបណ្ដាប្រទេសជាដៃគូ (ASEM) ចំនួន ៥១ រូប រួមទាំងតំណាងមកពីសហភាពអឺរ៉ុប លេខាធិការដ្ឋានអាស៊ាន និងមូលនិធិអាស៊ីអឺរ៉ុប (ASEF) ផងដែរ។ ដោយសារតែស្ថានភាពជំងឺកូវីដ-១៩ កម្ពុជានឹងរៀបចំកិច្ចប្រជុំកំពូលអាស៊ីអឺរ៉ុបលើកទី ១៣ នៅថ្ងៃទី ២៥-២៦ ខែ វិច្ឆិកា ឆ្នាំ ២០២១ តាមរយៈប្រព័ន្ធវីដេអូ។ កិច្ចប្រជុំបានពិភាក្សាយ៉ាងលម្អិតលើសេចក្តីព្រាងសេចក្តីថ្លែងការណ៍ទីក្រុងភ្នំពេញ ស្ដីពីការស្ដារសេដ្ឋកិច្ចសង្គមឡើងវិញក្រោយជំងឺកូវីដ-១៩ ដែលវានឹងក្លាយជាឯកសារមួយក្នុងចំណោមឯកសារលទ្ធភាពដល់សំខាន់ចំនួនពីរដែលនឹងត្រូវអនុម័តក្នុងកិច្ចប្រជុំកំពូលអាស៊ីអឺរ៉ុបលើកទី ១៣។
ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ