អ្វីដែលអ្នកគួរដឹងអំពីប្រទេសកម្ពុជាមុនពេលវិនិយោគ
កន្លងមកប្រទេសកម្ពុជាបានទទួលការវិនិយោគផ្ទាល់ពីបរទេសជាច្រើន ដែលប្រសើរជាងការព្យាករណ៍ចំនួនបីដង ហើយទទួលបានពិន្ទុ ៣,៦ ដែលបានក្លាយជាប្រទេសកំពូលទាំង ២៥ នៅលើពិភពលោក។1 ការវិនិយោគផ្ទាល់ពីបរទេសបានកើនឡើងដល់កម្រិតខ្ពស់បំផុត ដែលឈានដល់ ១៤,១% ក្នុងឆ្នាំ២០១២ ហើយកើនឡើងដល់កម្រិតដូចគ្នាម្តងទៀតនៅឆ្នាំ២០២០ ដែលឈានដល់ ១៤%។2 ទោះបីជាយ៉ាងណាក៏ដោយ ការវិនិយោគផ្ទាល់ពីបរទេសបានធ្លាក់ចុះ និងមានភាពយឺតយ៉ាវក្នុងការកើនឡើងមកវិញ បន្ទាប់ពីមានការផ្ទុះឡើងនៃជំងឺរាតត្បាតសកលកូវីដ-១៩។3 អត្រាកំណើនផលិតផលក្នុងស្រុកសរុបដែលបានព្យាករណ៍ទុកគឺនឹងមានចំនួន ៦,២% ដែលជាកម្រិតខ្ពស់បំផុតទី ៣ នៅក្នុងតំបន់។4 ប្រទេសកម្ពុជាបានបញ្ជាក់ពីការប្ដេជ្ញាចិត្តយ៉ាងមុតមាំក្នុងការលើកកម្ពស់ទំហំនិរន្តរភាពក្នុងអំឡុងពេលជំងឺរាតត្បាត។5 ច្បាប់ស្តីពីវិនិយោគនៃព្រះរាជាណាចក្រកម្ពុជាថ្មី ត្រូវបានដាក់ឱ្យប្រើប្រាស់ក្នុងខែតុលា ឆ្នាំ២០២១ ដើម្បីបង្កើតបរិយាកាសផ្លូវច្បាប់ដែលបើកចំហ មានតម្លាភាព អាចប៉ាន់ប្រមាណទុកជាមុនបាន និងប្រកបដោយអំណោយផល ដើម្បីទាក់ទាញហើយជំរុញការវិនិយោគក្នុងស្រុកនិងបរទេសនៅប្រទេសកម្ពុជា។ ច្បាប់នេះផ្តល់អត្ថប្រយោជន៍ជាច្រើនដល់វិនិយោគិន រួមទាំង ការលើកលែងពន្ធលើប្រាក់ចំណូល និងការលើកទឹកចិត្តពន្ធគយ។6
ការវិនិយោគនៅប្រទេសកម្ពុជា
ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (ក.អ.ក) គឺជាស្ថាប័នរដ្ឋាភិបាលតែមួយគត់ ដែលទទួលបន្ទុកទាំងស្រុងលើការចុះបញ្ជីការវិនិយោគបរទេស និងការវិនិយោគក្នុងស្រុកទាំងអស់នៅប្រទេសកម្ពុជា។ ក.អ.ក ធ្វើការយ៉ាងជិតស្និទ្ធជាមួយភ្នាក់ងាររដ្ឋាភិបាលផ្សេងទៀត ដើម្បីធានាថាការចុះឈ្មោះ និងបង្កើតការវិនិយោគថ្មីមានប្រសិទ្ធភាព និងទាន់ពេលវេលា។7 ក.អ.ក ក៏ផ្តល់វេទិកាអនឡាញ ដែលជួយវិនិយោគិនក្នុងការចុះឈ្មោះ និងបង្កើតការវិនិយោគថ្មីរបស់ពួកគេ។8
ប្រទេសវិនិយោគធំៗនៅកម្ពុជា
គួរឱ្យកត់សម្គាល់ ប្រទេសចិនបានក្លាយជាប្រទេសវិនិយោគធំជាងគេនៃការចុះបញ្ជី វិនិយោគផ្ទាល់ពីបរទេសច្រើនបំផុតក្នុងឆ្នាំ២០២១ ដោយមានចំនួន ៤៨,២% នៃលំហូរចូល វិនិយោគផ្ទាល់ពីបរទេសទាំងមូលនៅប្រទេសកម្ពុជា។ ប្រទេសសិង្ហបុរី និងកូរ៉េខាងត្បូងបានជាប់ចំណាត់ថ្នាក់លេខ ២ និងលេខ ៣ ដែលមានចំនួន ៨,៣% និង ៨,១% ក្នុងឆ្នាំ២០២១។ រហូតមកដល់ពេលនេះ ប្រទេសជប៉ុន ម៉ាឡេស៊ី ថៃ ចក្រភពអង់គ្លេស សហរដ្ឋអាមេរិក និងវៀតណាមក៏ជាប្រទេសវិនិយោគឈានមុខគេនៅកម្ពុជាផងដែរ។9
ប្រទេសកម្ពុជា គឺជាប្រទេសដៃគូរបស់ចិនតាំងពីយូរណាស់មក ហើយប៉ុន្មានឆ្នាំចុងក្រោយនេះ ភាពជាដៃគូនេះគឺកាន់តែមានភាពល្អប្រសើរតាមរយៈគម្រោងគំនិតផ្តួចផ្តើមខ្សែក្រវាត់មួយផ្លូវមួយ ដែលបានអនុវត្តនៅទូទាំងអាស៊ីអាគ្នេយ៍ ដើម្បីអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ ទំនាក់ទំនងពាណិជ្ជកម្ម និងទ្រព្យសម្បត្តិក្នុងស្រុក។ ចន្លោះឆ្នាំ២០១២ និង២០១៧ ប្រទេសចិនបានវិនិយោគជាង ១៥ ពាន់លានដុល្លារនៅប្រទេសកម្ពុជាលើហេដ្ឋារចនាសម្ព័ន្ធ ដូចជា ផ្លូវថ្នល់ ឬផ្លូវល្បឿនលឿន កំពង់ផែ និងអាកាសយានដ្ឋាន ហើយថែមទាំងបានបណ្តាក់ទុនចំនួន ១១ ពាន់លានដុល្លារផ្សេងទៀតទៅលើតែវិស័យថាមពល។10
តើអ្វីដែលធ្វើឱ្យប្រទេសកម្ពុជាមានលក្ខណៈពិសេសទៅលើវិនិយោគបរទេស?
រាជរដ្ឋាភិបាលកម្ពុជាបាននឹងកំពុងយកចិត្តទុកដាក់ប្រឹងប្រែងអភិវឌ្ឍទំនាក់ទំនងអន្តរជាតិ ទាំងនៅក្នុងតំបន់ នៅក្នុងប្រទេសអាស៊ីបូព៌ា និងបណ្តាប្រទេសដទៃទៀតនៅទូទាំងពិភពលោកផងដែរ។ ក្នុងនាមជាសមាជិកអាស៊ាន រដ្ឋសមាជិកទាំងអស់ត្រូវតែពង្រឹងទំនាក់ទំនងជាមួយសមាគមផ្សេងៗ។ ប្រទេសកម្ពុជាមានសមាហរណកម្មល្អជាមួយប្រទេសជិតខាង ដោយសារហេដ្ឋារចនាសម្ព័ន្ធ និងការតភ្ជាប់ជើងហោះហើរទៅកាន់ប្រទេសសំខាន់ៗនានានៅអាស៊ីបូព៌ា។ លក្ខខណ្ឌអំណោយផលទាំងនេះក៏បានធ្វើឱ្យប្រទេសកម្ពុជាក្លាយជាទីផ្សារ ដ៏ល្អបំផុតមួយសម្រាប់ក្រុមហ៊ុនដែលកំពុងតែដំណើរការនៅក្នុងតំបន់។11
រាជរដ្ឋាភិបាលកម្ពុជាបានកំណត់ការវិនិយោគផ្ទាល់ពីបរទេសជាធាតុផ្សំដ៏សំខាន់នៃកំណើនសេដ្ឋកិច្ចរបស់ប្រទេស។ អាជីវកម្មរបស់ជនបរទេសក៏អាចចូលរួមក្នុងសកម្មភាពពាណិជ្ជកម្មទាំងអស់ដូចអាជីវកម្មរបស់ជនជាតិខ្មែរដែរ។12 ប្រទេសកម្ពុជាបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីមួយចំនួនក្នុងរយៈពេល ១០ឆ្នាំចុងក្រោយនេះ ដែលមានដូចជា ជាមួយប្រទេសចិន (ថ្ងៃទី០១ ខែមករា ឆ្នាំ២០២២)13 និងកូរ៉េខាងត្បូង (ថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២១)14 កិច្ចព្រមព្រៀងនេះបានក្លាយជាការទាក់ទាញដ៏សំខាន់នៃប្រទេសជាច្រើន ជាពិសេសប្រទេសក្នុងតំបន់។ ដោយសារតែវត្តមាននៃតំបន់សេដ្ឋកិច្ចពិសេស និងកម្មវិធីលើកទឹកចិត្តផ្នែកសារពើពន្ធ អ្នកវិនិយោគងាយស្រួលក្នុងការបង្កើតក្រុមហ៊ុនបណ្តាក់ទុនរបស់ពួកគេនៅក្នុងប្រទេសកម្ពុជា។15
ទាក់ទងនឹងវិនិយោគិនបរទេស
- ការវិនិយោគបរទេសនៅក្នុងប្រទេសកម្ពុជា
- ការវិនិយោគ
- គោលនយោបាយ និងបទប្បញ្ញត្តិស្តីពីការវិនិយោគ
ឯកសារយោង
- 1. Investment Monitor, “ប្រទេសដែលទទួលបានការវិនិយោគផ្ទាល់ពីបរទេសច្រើន,” ថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០២២, បានចូលអាននៅខែមករា ឆ្នាំ២០២៣។
- 2. ធនាគារពិភពលោក, “លំហូរចូលសុទ្ធ (% នៃផលិតផលក្នុងស្រុកសរុប) នៃការវិនិយោគផ្ទាល់ពីបរទេសរបស់កម្ពុជា”, ឆ្នាំ២០២១,” បានចូលអាននៅខែមករា ឆ្នាំ២០២៣។
- 3. Investment Monitor, “កម្ពុជាទាក់ទាញការវិនិយោគផ្ទាល់ពីបរទេស,” ថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២២, បានចូលអាននៅខែមករា ឆ្នាំ២០២៣។
- 4. ធនាគារអភិវឌ្ឍន៍អាស៊ី, “ការព្យាករសេដ្ឋកិច្ចកម្ពុជា,” ខែកញ្ញា ឆ្នាំ២០២២, បានចូលអាននៅខែមករា ឆ្នាំ២០២៣។
- 5. ក្រសួងពត៍មាន, “កម្ពុជាចែករំលែកបទពិសោធន៍លើការលើកកម្ពស់ប្រកបដោយនិរន្តរភាពក្នុងវេទិកាវិនិយោគពិភពលោកឆ្នាំ២០២១,” ថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២១, បានចូលអាននៅខែកុម្ភៈ ឆ្នាំ២០២៣។
- 6. ASEAN Briefing, “ច្បាប់វិនិយោគរបស់កម្ពុជា៖ អ្វីដែលវិនិយោគិនបរទេសត្រូវដឹង”, ថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២២, បានចូលអាននៅខែកុម្ភៈ ឆ្នាំ២០២៣។
- 7. ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា, "តួនាទីរបស់ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា," បានចូលអាននៅខែមករា ឆ្នាំ២០២៣។
- 8. ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា, "ជំហានសំខាន់ៗក្នុងការចាប់ផ្តើមការវិនិយោគអាជីវកម្មរបស់អ្នកនៅកម្ពុជា," បានចូលអាននៅខែមករា ឆ្នាំ២០២៣។
- 9. ធនាគារជាតិនៃកម្ពុជា, "ស្ថានភាពស្ថិរភាពហិរញ្ញវត្ថុប្រចាំឆ្នាំ២០២១," ខែធ្នូ ឆ្នាំ២០២១, បានចូលអាននៅខែមករា ឆ្នាំ២០២៣។
- 10. ASEAN Briefing, "ឱកាសវិនិយោគបរទេសនៅកម្ពុជាក្នុងឆ្នាំ ២០២៣," ថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២២, បានចូលអាននៅខែកុម្ភៈ ឆ្នាំ២០២៣។
- 11. Italy in Cambodia, "ហេតុផល ១០ យ៉ាងក្នុងការវិនិយោគនៅកម្ពុជា," ថ្ងៃទី០៧ ខែមីនា ឆ្នាំ ២០២២, បានចូលអាននៅខែកុម្ភៈ ឆ្នាំ២០២៣។
- 12. សេង ស្រេង, "ការសិក្សាលើការវិនិយោគផ្ទាល់ពីបរទេស ករណីសិក្សានៅកម្ពុជា," ឆ្នាំ២០០១, បានចូលអាននៅខែកុម្ភៈ ឆ្នាំ២០២៣។
- 13. ក្រសួងពាណិជ្ជកម្មសាធារណៈរដ្ឋនៃប្រទេសចិន, "បណ្តាញកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីនៃប្រទេសចិន," ថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២៣, បានចូលអាននៅខែកុម្ភៈ ឆ្នាំ២០២៣។
- 14. Asia Regional Integration Center, "កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីកម្ពុជា-កូរ៉េ," ថ្ងៃទី២៩ ខែមករា ឆ្នាំ ២០២២, បានចូលអាននៅខែកុម្ភៈ ឆ្នាំ២០២៣។
- 15. ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា, "ការលើកទឹកចិត្តវិនិយោគ," បានចូលអាននៅខែកុម្ភៈ ឆ្នាំ២០២៣។