កិច្ចសហប្រតិបត្តិការរវាងអង្គការអូឌីស៊ី និងអង្គការមជ្ឈមណ្ឌលអប់រំបណ្តុះបណ្តាលអាស៊ីអាគ្នេយ៍
បន្ទាប់ពីកិច្ចប្រជុំរបស់អង្គការទិន្នន័យអំពីការអភិវឌ្ឍជាមួយអ្នកតំណាងនៃអង្គការមជ្ឈមណ្ឌលអប់រំបណ្តុះបណ្តាលអាស៊ីអាគ្នេយ៍
(SEAPC) នៅខេត្តសៀមរាប អូឌីស៊ី និង SEAPC បានបង្កើតជំហានដំបូងដើម្បីបង្កើតកិច្ចសហប្រតិបត្តិការប្រកបដោយសក្តានុពល។ប៉ុន្មានថ្ងៃបន្ទាប់ពីការជួបគ្នាលើកដំបូង SEAPC បានបញ្ជូនបុគ្គលិកផ្នែកអាយស៊ីធីចំនួនពីរនាក់ឱ្យទៅចូលរួមវគ្គបណ្តុះបណ្តាលគ្រូបង្គោលស្តីពីការអានផែនទីរបស់អូឌីស៊ីនៅខេត្តកំពង់ឆ្នាំង។
SEAPC គឺជាអង្គការគ្រីស្ទសាសនា ដែលបំរើការងារលើផ្នែកផ្សេងៗដូចជា ការថែទាំសុខភាព ការអប់រំ ការចិញ្ចឹមបីបាច់ និងការអភិវឌ្ឍសេដ្ឋកិច្ចមីក្រូ។ អូឌីស៊ីបានទាក់ទងជាមួយ SEAPC តាមរយៈការចូលរួមរបស់ពួកគេនៅក្នុងគម្រោងអប់រំនៅក្នុងខេត្តបន្ទាយមានជ័យ ដែលពួកគេបានធ្វើការជាមួយសាលាជិត ៥០០ និងសិស្សចំនួន ១៣០.០០០ នាក់។ ពួកគេបានអនុវត្តកម្មវិធីសិក្សាផ្ទាល់ខ្លួន ដែលបង្រៀនជាភាសាអង់គ្លេសនៅថ្នាក់តូចៗនៅក្នុងសាលានីមួយៗ។ សិស្សចំនួន ១០ នាក់នៅក្នុងសាលានីមួយៗនៅក្នុងបណ្តាញរបស់ពួកគេ ត្រូវបានលើកទឹកចិត្តដោយការផ្តល់អាហារូបករណ៍ ដើម្បីបន្តការសិក្សានៅសាកលវិទ្យាល័យនៅក្នុងប្រទេសកម្ពុជា ហើយនៅពេលបញ្ចប់ការសិក្សាពួកគេនឹងត្រលប់ទៅខេត្តបន្ទាយមានជ័យ ដើម្បីបន្តធ្វើការឆ្ពោះទៅរកចក្ខុវិស័យ និងគោលបំណងរបស់ SEAPC ។ អូឌីស៊ីមានសេចក្តីសោមនស្សរីករាយក្នុងការធ្វើជាម្ចាស់ផ្ទះ លោកម៉ង វេហាស៍ និងលោក រម្យ ប៊ុនថន ដែលជាគ្រូនៅក្នុងកម្មវិធីដំបូងរបស់ SEAPC នៅខេត្តបន្ទាយមានជ័យ។ ពួកគាត់បានបង្ហាញពីចំណាប់អារម្មណ៍ដំបូងនៃការបណ្តុះបណ្តាលជាមួយយើង និងការរំពឹងទុកអំពីកិច្ចសហប្រតិបត្តិការនាពេលអនាគត។
SEAPC កំពុងដំណើរការបង្កើតទីតាំងសាលារៀន និងបង្កើតមណ្ឌលបណ្តុះបណ្តាលជំនាញនៅក្នុងស្រុកចំនួន ៩។ សព្វថ្ងៃនេះមជ្ឈមណ្ឌលចំនួន ៣ ក្នុងចំនោមមជ្ឈមណ្ឌលទាំង ៩ បានបញ្ចប់ហើយ ហើយពួកគេកំពុងដំណើរការបន្ទប់កុំព្យូទ័រដំបូងដែលរួមមាន កម្មវិធីសិក្សាអាយស៊ីធីរបស់ពួកគេ ដែលមានគោលបំណងបើកបន្ទប់ពិសោធន៍មួយ ឬពីរនៅឆ្នាំសិក្សាបន្ទាប់។ លោក ប៊ុនថន គឺជាគ្រូអាយស៊ីធីនៅបន្ទប់កុំព្យូទ័រ។ គាត់បានចង្អុលបង្ហាញថា គ្រូភាគច្រើនមិនដឹងពីរបៀបប្រើកុំព្យូរទ័រ ឬផែនទីហ្គូហ្គល ព្រោះពួកគាត់ធ្លាប់តែប្រើប្រាស់ស្មាតហ្វូន។ លោក ប៊ុនថន បន្ថែមថា “ប៉ុន្តែប្រសិនបើយើងប្រើកម្មវិធី [វគ្គបណ្តុះបណ្តាលនេះ] ដើម្បីបង្រៀនគ្រូទាំងនោះ ពួកគាត់នឹងចាប់អារម្មណ៍រៀន” ។ គាត់មានសេចក្តីរីករាយក្នុងការផ្ទេរចំណេះដឹងទៅឱ្យគ្រូភូមិវិទ្យានៅវិទ្យាល័យរបស់គាត់ ក៏ដូចជាគ្រូអាយស៊ីធីនៅឯសាលាផ្សេងទៀតដែលជាបណ្តាញរបស់ SEAPC នៅក្នុងខេត្ត។ ម្យ៉ាងវិញទៀត លោក ម៉ង វេហាស៍ ប្រធានក្រុមនៅក្នុងគម្រោងរបស់ SEAPC ជួយបង្រៀនជំនាញកុំព្យូទ័រដល់គ្រូ និងសិស្ស ក៏ដូចជាការកសាងមជ្ឈមណ្ឌលបច្ចេកទេសនៅក្នុងខេត្ត។ គាត់សង្ឃឹមថានឹងរៀនឱ្យបានច្រើនតាមដែលអាចធ្វើទៅបាន ដើម្បីរៀបចំការបណ្តុះបណ្តាលស្រដៀងគ្នាសម្រាប់បុគ្គលិកបង្រៀនដែលគាត់កំពុងទំនាក់ទំនង។
អូឌីស៊ីរីករាយនឹងជួយដល់លោក វេហាស៍ និងលោក ប៊ុនថន ក្នុងការរៀបចំវគ្គបណ្តុះបណ្តាលគ្រូនៅខេត្តបន្ទាយមានជ័យ ដើម្បីចែករំលែកចំណេះដឹងដែលពួកគាត់ទទួលបានក្នុងរយៈពេលបណ្តុះបណ្តាលរយៈពេល ២ ថ្ងៃនៅខេត្តកំពង់ឆ្នាំង។ យ៉ាងណាក៏ដោយ សមត្ថភាពក្នុងការកែសំរួលកម្មវិធីសិក្សា ក៏ដូចជាចំណេះដឹងក្នុងការប្រើប្រាស់បច្ចេកវិទ្យានៅមានកម្រិតរបស់ពួកគាត់ គឺជាបញ្ហាប្រឈមដែលទំនងជានឹងកើតឡើង។ សង្ឃឹមថាអូឌីស៊ីរួមជាមួយ SEAPC នឹងរួមគ្នាដើម្បីដោះស្រាយបញ្ហា ហើយធ្វើឱ្យវគ្គបណ្តុះបណ្តាលនាពេលនេះ និងពេលអនាគតក្លាយជាទ្រព្យដ៏មានតម្លៃដល់គ្រូ និងសិស្សទាំងអស់។