​សិក្ខាសាលា​បណ្តុះបណ្តាល​ស្តី​ពី​ មូលដ្ឋាន​គ្រឹះ​នៃ​អក្ខរកម្ម​ទិន្នន័យ​ឆ្នាំ​២០២០

នៅ​ព្រឹក​ថ្ងៃ​ទី​៨​ ខែកញ្ញា​ ឆ្នាំ​២០២០​ អង្គការ​ទិន្នន័យ​អំពី​ការ​អភិវឌ្ឍ ​(​អូ​ឌី​ស៊ី​)​ បាន​រៀបចំ​ “​សិក្ខាសាលា​បណ្តុះបណ្តាល​ស្តី​ពី​ មូលដ្ឋាន​គ្រឹះ​នៃ​អក្ខរកម្ម​ទិន្នន័យ​ឆ្នាំ​២០២០​ ទាក់ទង​នឹង​គណនេយ្យ​ភាព​សង្គម​”​ នៅ​សណ្ឋាគារ​ប៉ូ​ឡូ​វ៉ៃ​ក្នុង​រាជធានី​ភ្នំពេញ​។​ វគ្គ​បណ្តុះបណ្តាល​រយៈពេល​ ៣​ ថ្ងៃនេះ​ ស្ថិត​ក្រោម​​គម្រោង​ «​ការ​ច្នៃប្រឌិត​ថ្មី​សម្រាប់​គណនេយ្យ​ភាព​សង្គម​នៅ​កម្ពុជា​»​​ ដែល​មាន​អូ​ឌី​ស៊ី​ និង​ អង្គការ​សុខភាព​គ្រួសារ​អន្តរជាតិ​ FHI360​ ជា​ដៃគូ​អនុវត្តគម្រោង​ ក្រោម​ជំនួយ​ថវិការ​របស់ ​មូលនិធិ​ទីភ្នាក់ងារ​សហរដ្ឋអាមេរិក​ដើម្បី​ការ​អភិវឌ្ឍន៍​អន្តរជាតិ​ (USAID​)​។​​ អ្នក​ចូល​រួម​ប្រមាណ​ ២១​ នាក់​ (ស្រី​ ៩​ នាក់​) បាន​ចូល​រួម​វគ្គ​បណ្តុះ​បណ្តាល​នេះ​។

ឆ្នាំ​នេះ​ អ្នកចូលរួម​បាន​អញ្ជើញ​មក​ពី​មជ្ឈដ្ឋាន​ និង​ទីកន្លែង​ផ្សេងៗ​គ្នា​។​ ពួក​គាត់​​ខ្លះ​ជា​មន្ត្រី​រាជា​ការ​ គ្រូបង្រៀន​ អ្នក​សារព័ត៌មាន​ និង​មន្ត្រី​អង្គការក្រៅរដ្ឋាភិបាល​ ហើយ​មាន​មូលដ្ឋាន​នៅ​រាជធានី​ភ្នំពេញ​ បាត់ដំបង​ តាកែវ​ និង​ខេត្តកំពង់ឆ្នាំង​។​ ទោះបី​ពួក​គេ​មក​ពី​មជ្ឈដ្ឋាន​ និង​ខេត្ត​ផ្សេងៗ​គ្នា​ក៏​ដោយ​ ពួក​គេ​មាន​គោលដៅ​តែ​មួយ​ គឺ​ដើម្បី​ទទួល​បានការ​បណ្តុះបណ្តាល​ និង​ចំណេះដឹង​ថ្មីៗ​ស្តី​ពី​អក្ខរកម្ម​ទិន្នន័យ​។​

អ្នកចូលរួមទាំងអស់កំពុងគោរពភ្លេងជាតិមុនពេលបើកសិក្ខាសាលា។

​គោលបំណង​នៃ​ការ​សិក្ខាសាលា​បណ្តុះបណ្តាល​ស្តី​ពី​ មូលដ្ឋាន​គ្រឹះ​នៃ​អក្ខរកម្ម​ទិន្នន័យ​ឆ្នាំ​២០២០​ គឺ​ផ្តល់​ជូន​អ្នក​សារព័ត៌មាន​ ប្រជាពលរដ្ឋ​ សង្គម​ស៊ី​វិល​ និង​សហគមន៍​បច្ចេកវិទ្យា​ជាមួយនឹង​ជំនាញ​ជា​មូលដ្ឋាន​ក្នុង​ការ​បង្កើត​រូបភាព​ទិន្នន័យ​ និង​ការ​និទាន​ទិន្នន័យ​ ដើម្បី​អាច​​ឱ្យ​​​ទស្សនិកជន​ទូទៅ​ទទួល​បាន​តាម​រយៈ​ការ​បង្កើន​ការ​ប្រើប្រាស់​រូបភាព​ទិន្នន័យ​។​ គោលបំណង​មួយទៀត​គី​ ដើម្បី​លើកកម្ពស់​ការ​សម្រេចចិត្ត​ដែល​ទាក់ទង​នឹង​គណនេយ្យ​ភាព​សង្គម​នៅ​ក្នុង​ប្រទេស​កម្ពុជា​។​ ពួក​គេ​នឹង​ទទួល​បាន​បទ​ពិសោធន៍​ពី​របៀប​ដែល​ទិន្នន័យ​អាច​ត្រូវ​បាន​ប្រើ​ដើម្បី​លើកកម្ពស់​ដំណើរការ​គណនេយ្យ​ភាព​សង្គម​នៅ​ក្នុង​កន្លែងធ្វើការ​របស់​ពួក​គេ​។​ លើស​ពី​នេះ​ទៀត​បន្ទាប់​ពី​វគ្គ​នីមួយៗ​ អ្នកចូលរួម​ក៏​ទទួល​បាន​បទ​ពិសោធន៍​ពី​ការ​ធ្វើ​លំ​ហាត់​ដែល​បាន​ផ្តល់​ដោយ​គ្រូ​ដើម្បី​អនុវត្ត​ទ្រឹស្តី​ដែល​ពួក​គេ​ទើបតែ​បាន​រៀន​ផង​ដែរ​។​

​ថ្ងៃ​ទី​១

​លោក​ធី​ ទ្រី​ នាយក​ប្រ​តិ​ប​តិ្ត​នៃ​អង្គការ​អូ​ឌី​ស៊ី​បាន​ចាប់​ផ្តើម​​បើក​វគ្គ​បណ្តុះបណ្តាល​ជាមួយ​នឹង​​សុន្ទរកថាបើក​កម្ម​វិធី​​​។​ លោក​បាន​សម្តែង​នូវ​ភាព​សប្បាយ​រីករាយ​ និង​ស្វាគមន៍​ចំពោះ​អ្នកចូលរួម​ទាំងអស់​ក្នុង​សិក្ខាសាលា​។​ លោក​ធី​ ទ្រី​បាន​និយាយ​​ថា «អក្ខរកម្ម​នៃ​ទិន្នន័យ​គឺ​មាន​សារៈសំខាន់​ណាស់​​នៅ​ក្នុង​ពេល​បច្ចុប្បន្ន​។​ ទិន្នន័យ​បើកទូ​លាយ​​មានគុណ​សម្បត្តិ​ជា​ច្រើន​ដែល​អាច​ផ្តល់​ឱ្យ​យើង​នៅ​លើ​ការងារ​ប្រចាំ​ថ្ងៃ​។​ លើស​ពី​នេះ​ទៅ​ទៀត​ ការ​ដែល​មានចំណេះ​ដឹង​ជា​មូលដ្ឋាន​ក្នុង​ការ​ប្រើប្រាស់​ទិន្នន័យ​តាម​អ៊ីនធឺណិត​ក៏​នឹង​ជួយ​សន្សំ​ពេលវេលា​បាន​ច្រើន​ដែរ​»​។​

លោក ធី ទ្រី នាយកប្រតិបត្តិនៃអង្គការទិន្នន័យអំពីការអភិវឌ្ឍ (អូឌីស៊ី) កំពុងថ្លែងសុន្ទរកថាបើកកម្មវិធី។

​បន្ទាប់​ពី​នោះ​ មានការ​ថតរូប​ជា​ក្រុម​​ ដើម្បី​​ញ៉ាំង​​បរិយាកាស​ឱ្យ​កាន់តែ​សប្បាយ​រីករាយ​។​ បន្ទាប់​មក​ «​ការ​ណែនាំ​ ស្តី​ពី​ចំណេះដឹង​ផ្នែក​ទិន្នន័យ​មូលដ្ឋាន​»​​ ត្រូវ​បាន​បង្រៀន​ដោយ​លោក​ គុណ​ ចិន្តា​ ប្រធាន​គ្រប់គ្រង​កម្មវិធី​ និង​មាតិកា​របស់​អូ​ឌី​ស៊ី​។​ វគ្គ​នេះ​បាន​ផ្តល់​ឱ្យ​អ្នកចូលរួម​នូវ​មូលដ្ឋាន​អំពី​អក្ខរកម្ម​ទិន្នន័យ​ និង​គណនេយ្យ​ភាព​សង្គម​។​ គោលដៅ​ អត្ថប្រយោជន៍​ ការ​រំពឹង​ទុក​ និង​ទិដ្ឋភាព​ទូទៅ​នៃ​វគ្គ​បណ្តុះបណ្តាល​រយៈពេល​បី​ថ្ងៃនេះ​ ក៏​ត្រូវ​បាន​ពិភាក្សា​ផង​ដែរ​។​

រូបថតជាក្រុម

​វគ្គ​បន្ទាប់​គឺ​ ទម្រង់​នៃ​ទិន្នន័យ​។​ លោក​ វង្ស​ ពិសិទ្ធ​​ អ្នក​បង្រៀន​ដ៏​ចំ​ណាន​​ម្នាក់​របស់​អូ​ឌី​ស៊ី​លើ​ការ​ស្រាវជ្រាវ​ទិន្នន័យ​ និង​កម្មវិធី​ GIS​ បាន​បង្ហាញ​ពី​​ទម្រង់​ទិន្នន័យ​ផ្សេងៗ​គ្នា​ដល់​អ្នក​ចូល​រួម​​។​ ការ​បង្រៀន​នេះ​មាន​សារៈសំខាន់​ណាស់​ក្នុង​ការ​ស្វែង​យល់​អំពី​ទិន្នន័យ​។​ ប្រភេទ​ និងទម្រង់​​ទិន្នន័យ​ផ្សេង​គ្នា​ ត្រូវ​បាន​លើក​ឡើង​ ហើយ​មុខងារ​ និង​គោលបំណង​របស់​ទិន្នន័យ​ទាំងនោះ​ត្រូវ​បាន​សង្ខេប​។​ បន្ទាប់​ពី​អាហារ​ថ្ងៃត្រង់​ ការ​បង្រៀន​អំពី​ វិធី​ស្វែងរក​ទិន្នន័យ​តាម​អ៊ីនធឺណិត​ និង​ការ​ស្វែងរក​តាម​ Advance​ Google​ Search​ ត្រូវ​បាន​បង្ហាញ​។​ វគ្គ​នេះ​និយាយ​អំពី​ការ​ជ្រើសរើស​ប្រភព​ដែល​អាច​ទុកចិត្ត​បាន​ និង​បច្ចេកទេស​មួយ​ចំនួន​ដើម្បី​ធ្វើការ​ស្រាវជ្រាវ​តាម​អ៊ីនធឺណិត​ឱ្យ​បាន​លឿន​ និង​ត្រឹមត្រូវ​។​ លោក​ បាន​ ចន្ទ​ផល្លា​ អ្នក​បង្រៀន​វគ្គ​នេះ​លើក​ឡើង​ថា​ «នៅ​ពេល​និយាយ​អំពី​ទិន្នន័យ​ ការ​ពិចារណា​ពី​ភាព​ទុកចិត្ត​បាន​នៃ​ប្រភព​នៃ​ទិន្នន័យ​មាន​សារៈសំខាន់​ប្រហាក់​ប្រហែល​​ទៅ​នឹង​ការ​ប្រមូល​ទិន្នន័យ​ដូច្នេះ​ដែរ​។​»

លោក គុណ​ ចិន្តា​ ប្រធាន​គ្រប់គ្រង​កម្មវិធី​ និង​មាតិកា​របស់​អូ​ឌី​ស៊ី កំពុងធ្វើបទបង្ហាញ។

​មុន​បញ្ចប់​ថ្ងៃ​ទី​១​ កញ្ញា​ អ៊ួ​ន​ វិមល​ និង​លោក​ ឡុ​ច​ កល្យាណ​បាន​ធ្វើ​បទ​បង្ហាញ​ស្តី​ពី​ «​​ការ​ណែនាំ​អំពី​គេហទំព័រ​ទិន្នន័យ​ និង​មូលដ្ឋាន​នៃ​ការ​រៀប​​ចំ​ទិន្នន័យ​ (PDF)​ និង​ការ​ណែនាំ​អំពី​កម្មវិធី​ Khmer​ OCR​»​​។​ វគ្គ​ទាំងនេះ​ផ្តល់​ឱ្យ​អ្នក​ចូល​រួម​​នូវ​ចំណេះដឹង​ទូទៅ​លើ​មូលដ្ឋាន​ទិន្នន័យ​តាម​អ៊ីនធឺណិត​ និង​ដំណើរការ​នៃ​ការ​កាត់​ទិន្នន័យ​ដោយ​ប្រើប្រាស់​កម្មវិធី​ Khmer​ OCR​។​ លោក​កល្យាណ​ក៏​បាន​បង្រៀន​អ្នកចូលរួម​អំពី​របៀប​​បំប្លែង​​ឯកសារ​ទៅ​ជា​ទម្រង់​ផ្សេងៗ​គ្នា​ផង​ដែរ​។​

​ថ្ងៃ​ទី​២​ និង​ទី​៣

​ថ្ងៃ​ទី​២​ និង​ថ្ងៃ​បញ្ចប់​នៃ​សិក្ខាសាលា​បណ្តុះបណ្តាល​ស្តី​ពី​ មូលដ្ឋាន​គ្រឹះ​នៃ​អក្ខរកម្ម​ទិន្នន័យ​ឆ្នាំ​២០២០​ មាន​គោលបំណង​ផ្តល់​ឱ្យ​អ្នកចូលរួម​នូវ​ការ​យល់​ដឹង​កាន់តែ​ស៊ីជម្រៅ​អំពី​អក្ខរកម្ម​ទិន្នន័យ​ជា​ពិសេស​គូសបញ្ជាក់​ពី​ការ​ណែនាំ​អំពី​ទម្រង់​​ទិន្នន័យ​ បទ​បង្ហាញ​ទិន្នន័យ​ និង​វិធី​ធ្វើ​ទិន្នន័យ​ជា​រូបភាព​។​ អ្នកចូលរួម​ត្រូវ​បាន​គេ​រំពឹង​ថា​នឹង​រៀន​ពី​ការ​រចនា​ទិន្នន័យ​ផ្ទាល់ខ្លួន​ដែល​មាន​អត្ថប្រយោជន៍​សំរាប់​ជីវិត​ប្រចាំ​ថ្ងៃ​របស់​ពួក​គេ​។​ លោក​ គុណ​ ចិន្តា​ និង​លោក ​វង្ស​​ ពិសិទ្ធ ​ជា​ទទួល​បន្ទុក​វគ្គ​ទាំងនេះ​។​
​ក្រាប​ប្រភេទ​ផ្សេងៗ​គ្នា​ត្រូវ​បាន​ណែនាំ​នៅ​ក្នុង​វគ្គ​ «​​ទ្រឹស្តី​នៃ​ទិដ្ឋភាព​ទិន្នន័យ​៖​ ការ​រចនា​ក្រាប​»​។​ លោក​គុណ​ ​ចិន្តា​ បាន​បង្រៀន​ពី​របៀប​ជ្រើសរើស​ប្រភេទ​ក្រាប​ ដើម្បី​បង្ហាញ​ទិន្នន័យ​របស់​អ្នក​ឱ្យ​បាន​ត្រឹមត្រូវ​។​ លោក​បាន​មាន​ប្រសាសន៍​ថា​ «​នៅ​ពេល​យើង​ជ្រើសរើស​ប្រភេទ​ក្រាប​ត្រូវ​នឹង​ប្រភេទ​ទិន្នន័យ​ដែល​យើង​មាន​ ទស្សនិកជន​នឹង​ងាយ​យល់​ ហើយ​គេ​នឹង​ងាយ​យល់​ពី​ខ្លឺ​ម​សារ​ដែល​យើង​ព្យាយាម​ចែកចាយ​ ហើយ​ធ្វើ​​ឱ្យ​​ក្រាប​របស់​យើង​មាន​ភាព​ទាក់ទាញ​​»​។​

អ្នកចូលរូមកំពុងសួរសំណួរទាក់ទងនឹងអក្ខរកម្មទិន្នន័យ។

​បន្ទាប់​មក​ វគ្គ​ស្តី​ពី​ ​«ការ​ធ្វើ​ទិន្នន័យ​ជា​រូបភាព​​»​​ ត្រូវ​បាន​បង្រៀន​ដោយ​លោក​ វ​ង្ស​​ ពិសិដ្ឋ​។​ គាត់​បង្ហាញ​ពី​មូលដ្ឋាន​គ្រឹះ​នៃ​ការ​បង្កើត​ និង​រចនា​ក្រាប​ទិន្នន័យ​ដោយ​ប្រើប្រាស់​កម្មវិធី​រចនា​ទិន្នន័យ​ Datawrapper​ និង​ Google​ Data​ Studio​។​ បន្តិច​ម្តងៗ​ អ្នកចូលរួម​យល់​កើន​តែ​ច្បាស់​អំពី​ដំណើរការ​នៃ​ការ​រចនា​ក្រាប​ទិន្នន័យ​ពី​កម្មវិធី​រចនា​ទិន្នន័យ​ទាំង​ពីរ​។​ បន្ទាប់​មក​ទៀត​ អ្នកចូលរួម​ត្រូវ​បាន​ស្នើ​សុំ​ឱ្យ​បង្កើត​ទិន្នន័យ​ផ្ទាល់ខ្លួន​របស់​ពួក​គេ​។​ សម្រាប់​អ្នក​ចូល​រួម​​ភាគច្រើន​ នេះ​​គឺជា​លើក​ទី​មួយ​របស់​ពួក​គាត់​​ដែល​ត្រូវ​រចនា​ក្រាប​ផ្ទាល់ខ្លួន​​ ដែល​ធ្វើ​ឱ្យ​លំ​ហាត់​នេះ​មាន​ភាព​លំបាក​ ទន្ទឹម​នឹង​នេះក៏​​ប្រកប​ទៅ​ដោយ​ភាព​សប្បាយ​រីករាយ​ផង​ដែរ​។​ នៅ​ពេល​រួចរាល់​ ក្រាប​ទិន្នន័យ​របស់​ពួក​គេ​មើលទៅ​ស្អាត​ មាន​ភាព​ទាក់ទាញ​ និង​ងាយស្រួល​យល់​។​

កញ្ញ ​ជី​ បូណ៌មី​កំពុងធ្វើបទបង្ហាញស្តីពី រូបភាពទិន្នន័យ។

​ថ្ងៃ​ចុង​ក្រោយ​នៃ​សិក្ខាសាលា​បណ្តុះបណ្តាល​ស្តី​ពី​ មូលដ្ឋាន​គ្រឹះ​នៃ​អក្ខរកម្ម​ទិន្នន័យ​ ចាប់ផ្តើម​ដោយ​ការ​សង្ខេប​ឡើង​វិញ​នៅ​អ្វី​ដែល​បាន​រៀន​ថ្ងៃ​ទី​១​ និង​ទី​២​។​ ថ្ងៃ​ចុង​ក្រោយ​នេះ​ ផ្តោត​សំខាន់​ទៅ​លើ​ការ​បង្ហាញ​ទិន្នន័យ​។​ វគ្គ​សំខាន់​ចំនួន​ពីរ​គឺ​ ផ្ទាំង​ទិន្នន័យ​ និង​ឧបករណ៍​បង្ហាញ​ទិន្នន័យ​។​ វគ្គ​ផ្ទាំង​ទិន្នន័យ​ បង្រៀន​ឱ្យ​អ្នកចូលរួម​បំ​ប្លែង​​ទិន្នន័យ ​ឬ​ព័ត៌មាន​របស់​ពួក​គេ​ទៅ​ជា​ទម្រង់​ជា​​រូបភាព​ ឬ​ ផ្ទាំង​ទិន្នន័យ​។​ លោក ​គុណ​ ចិន្តា​ ទទួល​បន្ទុក​វគ្គ​នេះ​។​ ក្នុង​វគ្គ​នេះ​លោក​បាន​ពន្យល់​អំពី​មូលដ្ឋាន​គ្រឹះ​ អ្វី​ដែល​គួរ​ដាក់​ និង​មិន​គួរ​ដាក់​ និង​ប្រភេទ​ផ្ទាំង​ទិន្នន័យ​ ទាំង​១០​ ប្រភេទ​។​ បន្ទាប់​ពី​នោះ​ កញ្ញា ​ជី​ បូណ៌មី​ បាន​បង្រៀន​ពី​កម្មវិធី​បង្ហាញ​ទិន្នន័យ​ដូច​ជា​ Pitokchart​ និង​ Canva​ ។​ កម្មវិធី​ទាំងនេះ​ស្ថិត​ក្នុង​កម្មវិធី​បង្ហាញ​ទិន្នន័យ​ជា​មូលដ្ឋាន​ដែល​អនុញ្ញាត​ឱ្យ​អ្នក​ប្រើ​បង្កើត​ផ្ទាំង​ទិន្នន័យ​ផ្ទាល់ខ្លួន​របស់​ពួក​គេ​។​ កញ្ញា​ បាន​បន្ថែម “​វា​សាមញ្ញ​ហើយ​មិន​ពិបាក​ប្រើ​ទេ​។​ ពេល​ដែរ​ប្រើ់​ឧបករណ៍​ទាំងនេះ​នឹង​អនុញ្ញាត​ឱ្យ​អ្នក​បង្កើត​រូបភាព​ផ្ទាល់ខ្លួន​របស់​យ៉ាង​ងាយស្រួល​ដែល​មាន​ប្រយោជន៍​ក្នុង​ការ​ចែកចាយ​ព័ត៌មាន​ដល់​សាធារណៈជន​ជា​ទម្រង់​រូបភាព​”​ ​។​

​នៅ​ចុងបញ្ចប់​ អ្នកចូលរួម​ទាំងអស់​ទទួលបានវិញ្ញាបនបត្រ​​​ ដែល​នេះ​ជា​ផ្នែក​មួយ​នៃ​កម្មវិធី​បណ្តុះបណ្តាល​ និងអម​ដោយការ​​ថត​រូបជាក្រុម​ជា​កិច្ច​បញ្ចប់​​។ សិក្ខាសាលា​បណ្តុះបណ្តាល​ស្តី​ពី​ មូលដ្ឋាន​គ្រឹះ​នៃ​អក្ខរកម្ម​ទិន្នន័យ​ឆ្នាំ​២០២០​ ទាក់ទង​នឹង​គណនេយ្យ​ភាព​សង្គម​បាន​បញ្ចប់​ជា​ស្ថាពរ​ និងប្រកប​​ដោយ​​ជោគជ័យ​។​

រូបថតជាក្រុមចុងក្រោយ មុនពេលបិទ​សិក្ខាសាលា​បណ្តុះបណ្តាល​ស្តី​ពី​ មូលដ្ឋាន​គ្រឹះ​នៃ​អក្ខរកម្ម​ទិន្នន័យ​ឆ្នាំ​២០២០។

​សាស្ត្រាចារ្យ​ច្បាប់​ និង​ជា​អ្នក​ពិគ្រោះ​យោបល់​ឯករាជ្យ​មក​ពី​ខេត្តបាត់ដំបង​បាន​បង្ហាញ​ទស្សនៈ​របស់​ខ្លួន​លើ​សិក្ខាសាលា​នេះ​ថា​មាន​ប្រយោជន៍​ និង​សំខាន់​ណាស់​។​ «​វា​មាន​ប្រយោជន៍​សំរាប់​សាស្ត្រាចារ្យ​ដូច​ជា​រូប​ខ្ញុំ​។​ ខ្ញុំ​អាច​បង្កើត​ទិន្នន័យ​ផ្ទាល់ខ្លួន​របស់ខ្ញុំ​ និង​ធ្វើ​ជា​ឯកសារ​សិក្សា​ថ្មី​សម្រាប់​សិស្ស​របស់ខ្ញុំ​​»​​។​ គាត់​ពិតជា​ពេញចិត្ត​នឹង​វគ្គ​ «មូលដ្ឋាន​នៃ​ការ​រៀ​ចំ​ទិន្នន័យ​ (PDF)​ និង​ការ​ណែនាំ​អំពី​កម្មវិធី​ Khmer​ OCR»។​ ការ​ទទួល​បាន​ជំនាញ​នេះ​នឹង​ជួយ​ដោះស្រាយ​បញ្ហា​ប្រចាំ​ថ្ងៃ​ដែល​គាត់​ប្រឈម​ ដោយ​មិន​ចាំបាច់​សុំ​ជំនួយ​ពី​អ្នក​ដទៃ​។​ លោក​ក៏​បាន​ថ្លែងអំណរគុណ​ចំពោះ​អូ​ឌី​ស៊ី​ដែល​បាន​រៀបចំ​ និង​អនុញ្ញាត​ឱ្យ​គាត់​ចូលរួម​ក្នុង​ឱកាស​ដ៏​កម្រ​នេះ​លើ​ការ​បណ្តុះបណ្តាល​ចំណេះដឹង​អំពី​ទិន្នន័យ​។​​

អ្នកចូលរួម​ម្នាក់​ទៀត​ដែល​ជា​អ្នក​សារព័ត៌មាន​ក៏​បាន​បង្ហាញ​នូវ​ចំណាប់អារម្មណ៍​ស្រ​ដៀង​គ្នា​ស្តី​ពី​អក្ខរកម្ម​ទិន្នន័យ​ឆ្នាំ​ ២០២០​នេះ​។​ លោក​មាន​ប្រសាសន៍​ថា​ ឱកាស​ដូចនេះ​គឺ​កម្រ​ណាស់​ហើយ​សង្ឃឹមថា​មានការ​បណ្តុះបណ្តាល​ទាក់ទង​នឹង​ទិន្នន័យ​បន្ថែម​ទៀត​នៅ​ក្នុង​ព្រះរាជាណាចក្រ​ ដើម្បី​ជួយ​លើកកម្ពស់​ចំណេះដឹង​ និង​ជំនាញ​របស់​ពលរដ្ឋ​លើ​ទិន្នន័យ​។​ វគ្គ​សំណព្វ​របស់​គាត់​គឺ​  «ការ​ធ្វើ​ទិន្នន័យ​ជា​រូបភាព​»។​ គាត់​បាន​និយាយ​ថា​ «កម្មវិធី​ និង​ជំនាញ​ដែល​ខ្ញុំ​បាន​រៀន​ថ្ងៃនេះ​នឹង​ជួយ​ខ្ញុំ​ងាយស្រួល​បង្ហាញ​ទិន្នន័យ​អោយ​ទស្សនិកជន​បាន​​»​។​ លោក​បាន​បន្ថែម​ថា​ «បន្ទាប់​ពី​វគ្គ​បណ្តុះបណ្តាល​នេះ​ខ្ញុំ​បានដឹង​ថា​ការ​រចនា​ក្រាប​មិន​មាន​ភាព​ស្មុគស្មាញ​ទាល់តែ​សោះ​ ប្រ​សិន​​បើ​យើង​ជ្រើសរើស​ឧបករណ៍​ដែល​ត្រឹមត្រូវ។​ ការ​ដែល​អាច​បង្ហាញ​តួលេខ​នៅ​ក្នុង​ទម្រង់​ជា​រូបភាព​ និង​ក្រាប​ គឺ​មាន​សារៈសំខាន់​ណាស់​សម្រាប់​អ្នក​សារព័ត៌មាន​ ហើយ​នៅ​ពេល​ដែល​ខ្ញុំ​អាច​រចនា​វា​ដោយ​ខ្លួនឯង​ វា​ជួយ​សន្សំ​សំចៃ​ពេលវេលា​របស់ខ្ញុំ​បាន​ច្រើន​ណាស់​»​។​​