ការ​និទានរឿង​ដោយ​ប្រើប្រាស់​ទិន្នន័យ​ដោយ​អ្នកចូលរួម​វគ្គ​បណ្តុះបណ្តាល​ស្តី​ពី​ទស្សនី​យ​កម្ម​ទិន្នន័យ​

​ទិន្នន័យ​គឺជា​ធាតុ​ផ្សំ​ដ៏​សំខាន់​របស់​គ្រប់​ស្ថាប័ន​ និង​អ្នក​សារព័ត៌មាន​។​ ការ​ស្វែងរក​តម្លៃ​នៅ​ក្នុង​ទិន្នន័យ​ និង​ការ​ទំនាក់ទំនង​តម្លៃ​នោះ​ទៅ​កាន់​ទស្សនិកជន​គោលដៅ​របស់​អ្នក​ត្រូវការ​ពេលវេលា​។​ ការ​បង្ហាញ​តារាង​ដោយ​សាមញ្ញ​ជាមួយ​តួរលេខ​គឺ​មិន​គ្រប់គ្រាន់​សម្រាប់​ការ​បង្ហាញ​ពី​សារៈសំខាន់​នៃ​ទិន្នន័យ​នោះទេ​។​ ​យ៉ាងណា​ក៏​ដោយ​ នៅ​ពេល​ដែល​ទិន្នន័យ​ត្រូវ​បាន​បង្ហាញ​ក្នុង​ទម្រង់​ជា​សាច់​រឿង​ បុគ្គល​ម្នាក់ៗ​ទំនងជា​ពេញចិត្ត​ចំពោះ​សារៈសំខាន់​របស់​វា​ ហើយ​មានការ​ឆ្លើយ​តប​ទៅ​តាម​នោះ​ដែរ​។​ អ្វី​ដែល​ល្អ​នោះ​គឺថា​មនុស្ស​ចូល​ចិត្ត​អាន​រឿង​។​ ការ​និទានរឿង​គឺជា​ឧបករណ៍​ដ៏​ល្អ​សម្រាប់​ការ​អប់រំ​ ពន្យល់​ និង​មាន​ឥទ្ធិពល​លើ​ទស្សនិកជន​ ឬ​សកម្មភាព​ដែល​មាន​គោលបំណង​ជាក់លាក់​។​

នៅ​ថ្ងៃ​ទី​២០-២១​ និង​ ២៦​ ខែធ្នូ​ ឆ្នាំ​២០២២​ អង្គការ​ទិន្នន័យ​អំពី​ការ​អភិវឌ្ឍ​បាន​រៀបចំ​វគ្គ​បណ្តុះបណ្តាល​ស្តី​ពី​ “​ការ​ធ្វើ​ទស្សនី​យ​កម្ម​ទិន្នន័យ​ និង​ការ​និទានរឿង​ដោយ​ប្រើប្រាស់​ទិន្នន័យ​“​ ដើម្បី​ឱ្យ​អ្នកចូលរួម​ទទួល​បាន​នូវ​ការ​យល់​ដឹង​អំពី​ទិន្នន័យ​ជា​មូលដ្ឋាន​ និង​ជំនាញ​និទានរឿង​ដោយ​ប្រើប្រាស់​ទិន្នន័យ​។​ សិក្ខាកាម​បាន​សិក្សា​អំពី​គោលការណ៍​នៃ​ទិន្នន័យ​ ក៏​ដូច​ជា​ការ​ប្រើប្រាស់​ទិន្នន័យ​សម្រាប់​ការ​ផលិត​ទស្សនី​យ​កម្ម​ទិន្នន័យ​ និង​ការ​និទានរឿង​ខ្លី​។​ ទោះបីជា​យើង​មាន​ពេល​ខ្លី​ក៏​ដោយ​ សិក្ខាកាម​របស់​យើង​អាច​បង្កើត​ទស្សនី​យ​កម្ម​ទិន្នន័យ​ ហើយ​បញ្ចូល​វា​ទៅ​ក្នុង​សាច់​រឿង​ដែល​អាច​បង្ហាញ​ពី​ទិន្នន័យ​បាន​។​

ចំណាំ​៖​ សាច់​រឿង​ដែល​បាន​បង្ហាញ​នេះ​ មិន​មានការ​ត្រួតពិនិត្យ​ឱ្យ​បាន​ជាក់លាក់​នោះ​ទេ​។​ សាច់​រឿង​ទាំងនេះ​គ្រាន់តែ​ជា​ផ្នែក​មួយ​នៃ​លំ​ហាត់​អនុវត្ត​របស់​សិក្ខាកាម​តែ​ប៉ុណ្ណោះ​។​

សាច់រឿងទី១៖ តំបន់​សេដ្ឋកិច្ច​ពិសេស​នៅ​កម្ពុជា​

សិក្ខាកាម​បាន​បង្កើត​សាច់​រឿងដោយប្រើប្រាស់ទស្សនីយកម្មទិន្នន័យ​ដែល​មានឈ្មោះ​ថា​ “​តំបន់​សេដ្ឋកិច្ច​ពិសេស​ភាគច្រើន​របស់​កម្ពុជា​មិន​បង្ហាញ​ពី​ចំនួន​ក្រុមហ៊ុន​ជាក់លាក់​ទេ​”​។​ តំបន់​សេដ្ឋកិច្ច​ពិសេស​នៅ​កម្ពុជា​មិន​បង្ហាញ​ពី​ចំនួន​ក្រុមហ៊ុន​ជាក់លាក់​ទេ​ នេះ​បង្ហាញ​ថា​ពួក​គេ​ស្ថិត​ក្នុង​ដំណាក់កាល​រៀបចំ​ផែនការ​ និង​មិន​ទាន់​ដំណើរការ​នៅឡើយ​។​ វា​មាន​សារៈសំខាន់​ណាស់​ក្នុង​ការ​ចាត់វិធានការ​បន្ថែម​ទៀត​ និង​បំពេញ​គម្រោង​ទាំងនោះ​ជាមួយនឹង​ដើមទុន​វិនិយោគ​ខ្ពស់​ដែល​អាច​ធ្វើ​តាម​តំបន់​។​ យោងតាមទិន្នន័យ តំបន់​សេដ្ឋកិច្ច​ដ៏​មាន​សក្ដានុពល​របស់​កម្ពុជា​គឺស្ថិតនៅ​ រាជធានីភ្នំពេញ​ កណ្តាល​ ព្រះ​សីហ​នុ​ ស្វាយ​រៀង​ និង​កោះកុង​។​

 

 

សាច់រឿងទី២​៖ ​ទំនប់​វារី​អគ្គិសនី​នៅ​ដង​ទន្លេ​មេគង្គ​ និង​ការ​ប្រើ​ប្រាស់​ថាម​ពល​ក្នុង​តំបន់​

សេរីនៃទស្សនី​យ​កម្ម​ទិន្នន័យ​ត្រូវ​បាន​ប្រើ​ដើម្បី​បង្ហាញ​ពី​ “​ចំនួន​នៅ​ពីក្រោយ​ទំនប់​វា​រី​អគ្គិសនី​មេគង្គ​”​។​ កម្ពុជា​ ថៃ​ ឡាវ​ មី​យ៉ា​ន់​ម៉ា​ និង​វៀតណាម​សុទ្ធតែ​មាន​គោលបំណង​ដូច​គ្នា​ គឺ​ពួក​គេ​ចង់​សាងសង់​ទំនប់​វា​រី​អគ្គិសនី​។​ នៅ​ពេល​ដែល​ការ​ប្រើប្រាស់​ថាមពល​ក្នុង​តំបន់​ និង​ពិភពលោក​ និង​ការ​ព្រួយបារម្ភ​អំពី​ការ​ប្រែប្រួល​អាកាសធាតុ​មានការ​កើនឡើង​ ដំណោះស្រាយ​មួយ​អាច​ជួយ​ដោះស្រាយ​បញ្ហា​ទាំង​ពីរ​ក្នុង​ពេល​តែ​មួយ​គឺ​ ការ​កសាង​ទំនប់​វា​រី​អគ្គី​ស​នី​នៅ​ក្នុង​តំបន់​មេគង្គ​។​ វៀតណាម​គឺជា​ប្រទេស​នាំមុខ​គេ​លើ​ការ​ប្រើប្រាស់​ថាមពល​ ជាមួយនឹង​ចំនួន​កើន​ឡើងជា​លំដាប់​រហូត​ដល់​ឆ្នាំ​២០២០​។​ រឿង​មួយ​ដែល​ជាក់លាក់​នោះ​គឺ​ ការ​ប្រើប្រាស់​អគ្គិសនី​កំពុង​កើនឡើង​នៅ​គ្រប់​ប្រទេស​ទាំងអស់​ ហើយ​មិន​មាន​សញ្ញា​នៃ​ការ​ថមថយ​ឡើយ​។​ គម្រោង​ទំនប់​វា​រី​អគ្គិសនី​មួយ​ចំនួន​ត្រូវ​បាន​គេ​គ្រោងទុក​នៅ​ទូ​ទាំង​ប្រទេស​មេគង្គ​ទាំង​៥។​ ប្រទេស​មី​យ៉ា​ន់​ម៉ា​ មាន​គម្រោង​ថាមពលវារីអគ្គីសនី​ច្រើន​ជាងគេ​ ដែល​មាន​សមត្ថភាព​សរុប​រហូតដល់ ៦១.៤១២,១​ មេ​ហ្គា​វ៉ា​ត់​។​ គម្រោង​ភាគច្រើន​នៅ​តែ​ស្ថិត​ក្នុង​ដំណាក់កាល​ធ្វើ​ផែនការ​ ទោះបីជា​ប្រទេស​វៀតណាម​មាន​អត្រា​ប្រតិបត្តិការ​គម្រោង​វា​រី​អគ្គិសនី​ខ្ពស់​បំផុត​ក៏​ដោយ​។​ អនាគត​នៃ​ថាមពល​កកើត​ឡើង​វិញ​គឺ​ភ្លឺស្វាង​ ប៉ុន្តែ​អ្នកខ្លះ​ប្រកែក​ថា​វា​ចំណាយពេល​យូរ​ពេក​ហើយ​។​

 

សាច់រឿងទី៣​​៖ ​ទីតាំង​ស្ថានីយ​​​វារី​អគ្គិសនី​ដ៏មាន​សក្តានុពល​​នៅ​​ក្នុង​ប្រទេស​កម្ពុជា​​

សិក្ខាកាម​របស់​យើង​ក៏​បាន​ប្រើប្រាស់​ទិន្នន័យ​ទំនប់​វា​រី​អគ្គិសនី​ពី​គេហទំព័រ​របស់​អូ​ឌី​ស៊ី​ ដើម្បី​បង្ហាញ​ថា​ខេត្ត​ណា​ដែល​មាន​វា​រី​អគ្គិសនី​ច្រើន​ជាងគេ​។​ លទ្ធផល​បង្ហាញ​ថា​ទំនប់​វា​រី​អគ្គី​ស​នី​ភាគច្រើន​ស្ថិត​នៅ​ភាគ​ឦសាន​របស់​ប្រទេស​កម្ពុជា​ ជា​ពិសេស​ក្នុង​ខេត្តក្រចេះ​ ស្ទឹង​ត្រែង​ និង​រតនគិរី​។​ កោះកុងក៏ជាខេត្តដែលមានទំនប់វារីអគ្គិសនីច្រើនដែរ។

 

 

សាច់រឿងទី៤​​​៖ ​​ការ​បាត់​ព្រៃ​ឈើ​នៅ​កម្ពុជា​រយៈ​ពេល​ ២០ឆ្នាំ​ចុង​ក្រោយ​

យុវជន​ជនជាតិ​ដើម​ភាគតិច​មក​ពី​ខេត្តរតនគិរី​បង្កើត​ទស្សនី​យ​កម្ម​សាច់​រឿង​ខ្លី​មួយ​មាន​ចំណងជើង​ថា​ «​តើ​ព្រៃឈើ​នៅ​កម្ពុជា​ពិតជា​បាត់បង់​មែន​ទេ​?»​ ផ្អែក​លើ​ទិន្នន័យ​ឃ្លាំមើល​ព្រៃឈើ​សកល​។​ ទិន្នន័យ​ស្តី​ពី​ការ​កាប់​បំផ្លាញ​ព្រៃឈើ​នៅ​កម្ពុជា​បង្ហាញ​ថា​ ការ​កាប់​បំផ្លាញ​ព្រៃឈើ​មានការ​កើនឡើង​គួរ​ឱ្យ​កត់សម្គាល់​ពី​ឆ្នាំ​២០០១​ ដល់​ឆ្នាំ​២០១០​ ប៉ុន្តែ​មានការ​ថយ​ចុះ​បន្តិច​ពី​ឆ្នាំ​២០១១​ ដល់​ឆ្នាំ​២០២១​។​

 

 

សាច់រឿងទី៥​៖ ​​​និន្នាការ​នៃ​ការ​នេសាទ​នៅតាម​តំបន់​ក្នុង​ប្រទេស​កម្ពុជា​​ចន្លោះ​ឆ្នាំ​២០០៩​ និង​ឆ្នាំ​២០១៩​

នៅ​ក្នុង​ការ​បង្ហាញ​សាច់​រឿង​ខ្លីដោយប្រើទស្សនីយកម្មទិន្នន័យ​ “​សកម្មភាព​នេសាទ​តាម​តំបន់​”​ បង្ហាញ​ពី​តំបន់​នេសាទ​នៅ​ប្រទេស​កម្ពុជា​រួម​មាន​ តំបន់​វាលទំនាប​ តំបន់​ទន្លេសាប​ តំបន់​ខ្ពង់រាប​/​ភ្នំ​ និង​តំបន់ឆ្នេរ​។​ ប្រទេស​កម្ពុជា​មាន​ខេត្ត​ចំនួន​២០​ ដែល​មាន​សហគមន៍​នេសាទ​។​ បើ​ប្រៀបធៀប​នឹង​ខេត្ត​ចំនួន​ ១៩​ ផ្សេង​ទៀត​ ខេត្តកោះកុង​មាន​សហគមន៍​នេសាទ​ច្រើន​ជាងគេ​ បន្ទាប់​មក​គឺ​ខេត្តពោធិ៍សាត់​ និង​ខេត្តព្រៃវែង​។​ សហគមន៍​នេសាទ​នៅ​ខេត្តស្វាយរៀង​មាន​តិច​ជាងគេ​។​

Made with Flourish