ការ​វាយតម្លៃ​ហេតុ​ប៉ះពាល់​បរិស្ថាន​ និង​ការ​ដួល​រលំ​អគារ​នៅ​ខេត្ត​ព្រះ​សីហ​នុ​

​នៅ​ព្រឹក​ព្រលឹម​ថ្ងៃ​ទី​ ២២​ ខែមិថុនា​ មហ​ន្ត​រាយ​មួយ​បាន​កើតឡើង​នៅ​ក្នុង​ខេត្ត​ព្រះ​សីហ​នុ​ ដោយហេតុ​ការណ៍​ដូ​ល​រលំ​អគារ​ស្នាក់​នៅ​កំពស់​ប្រាំពីរ​ជាន់​មួយ​ដែល​កំពុង​ស្ថិត​ក្រោម​ការ​សាងសង់​នៅឡើយ​។​ តាម​រយៈ​អ្នក​ដែល​នៅ​មានជីវិត​ពី​គ្រោះថ្នាក់​នេះ​ បានអោយ​ដឹង​ថា​ នៅ​ការដ្ឋាន​សំណង់​នោះ​មាន​កម្មករ​ប្រហែលជា​ ៦០​នាក់​ដែល​បាន​ស្នាក់​នៅ​ក្នុង​អគារ​កំពុង​សាងសង់​នោះ​ ហើយ​​រួម​​មាន​ទាំង​សមាជិកគ្រួសារ​របស់​ពួក​គេ​ខ្លះ​ផង​ដែរ​។​1​ ការ​ដួល​រលំ​នេះ​បាន​សម្លាប់​មនុស្ស​ចំនួន​ ២៨​នាក់​ និង​ ២៥​នាក់​ទៀត​រង​របួស​ ហើយ​ហេតុការណ៍​មួយ​នេះ​បាន​នាំ​អោយ​មានការ​លាលែង​តំណែង​ជា​អភិបាលខេត្ត​ព្រះ​សីហ​នុ​របស់​លោក​ យន្ត​ មីន​ និង​ការ​ដក​តំណែង​ឯកឧត្តម​ ញឹ​ម​ វណ្ណ​ដា​ អនុប្រធាន​គណៈកម្មាធិការ​ជាតិ​គ្រប់គ្រង​គ្រោះ​មហន្តរាយ​។​ 2​ មនុស្ស​បួន​នាក់​ ក្នុង​នោះ​មាន​ជនជាតិ​ចិន​ចំនួន​ ៣​នាក់​ និង​ជនជាតិ​ខ្មែរ​ម្នាក់​ដែល​ជា​ម្ចាស់​ដី​ត្រូវ​បាន​សាលាដំបូង​ខេត្ត​ព្រះ​សីហ​នុ​ឃុំខ្លួន​ និង​ចោទប្រកាន់​ពី​បទ​មនុស្សឃាត​ដោយ​អ​ចេតនា​។​3 បណ្តាញសារព័ត៌មាន​ជា​ច្រើន​នៅ​ជុំវិញ​ពិ​ភព​លោក​កំពុង​តែ​ចុះ​ផ្សាយ​ពី​ឧ​ប​ទេ្ទ​វ​ហេតុ​មួយ​នេះ​ ហើយ​ហេតុ​ការណ៍​នេះ​​នាំ​អោយ​មានការ​យកចិត្តទុកដាក់​ពី​សំណាក់​អន្តរជាតិ​ទៅ​លើ​លក្ខខណ្ឌ​ការងារ​កម្មករ​សំណង់​នៅ​កម្ពុជា​ និង​ការ​អភិវឌ្ឍ​យ៉ាង​គំហុក​នៅ​ក្នុង​ខេត្ត​ព្រះ​សីហ​នុ​។​ 4

ក្រុម​អ្នក​ជួយ​សង្គ្រោះ​កំពុង​សែង​ជន​រង​គ្រោះ​ចេញពី​គំនរ​អគារ​បាក់បែក​នៅ​ក្នុង​ខេត្ត​ព្រះ​សីហ​នុ​ ប្រទេស​កម្ពុជា​ នៅ​ថ្ងៃ​ទី​ ២៤​ ខែមិថុនា​ ឆ្នាំ​២០១៩​។​ រូបភាព​ពី​ Reuters

​អាជ្ញាធរ​ខេត្ត​បាន​រាយការណ៍​ថា​ កន្លង​មក​ម្ចាស់​ការដ្ឋាន​អគារ​ដួល​រលំ​មួយ​នេះ​មិន​បាន​គោរព​ទៅ​តាម​លក្ខខណ្ឌ​សាងសង់​ និង​មិន​មានច្បាប់​អនុញ្ញាត​អោយ​សាងសង់​នោះ​ទេ​ ទោះជា​យ៉ាងនេះ​ក្តី​ពួក​គេ​នៅ​តែ​បន្ត​ការ​សាងសង់​។​5​ អាជ្ញាធរ​ខេត្ត​បាន​បន្ត​ទៀត​ថា​ ខ្លួន​ធ្លាប់​បាន​ធ្វើការ​ព្រមាន​ម្ចាស់​ការដ្ឋាន​ និង​បាន​ព្យាយាម​ផ្អាក​ការ​សាង​សង់​ពីរ​ដង​រួច​មក​ហើយ​ ប៉ុន្តែ​ម្ចាស់​ការដ្ឋាន​មិន​ព្រម​សហការ​។​6​ ប្រជាពលរដ្ឋ​នៅ​ទីនោះ​បាន​និយាយ​ថា​ នៅ​មុន​ពេល​ហេតុការណ៍​នេះ​កើតឡើង​ ពួក​គេ​បាន​មានការ​ភ័យ​ខ្លាច​រួច​ទៅ​ហើយ​ ព្រោះថា​សំណង់​អគារ​ជា​ច្រើន​នៅ​ក្នុង​តំបន់​​ខេត្ត​ព្រះ​សីហ​នុ​ត្រូវ​បាន​សាងសង់​យ៉ាង​ឆាប់រហ័ស​ដោយ​មិន​មាន​ផែនការ​កណ្តាល​ ឬ​ការ​គ្រប់គ្រង​ការ​អភិវឌ្ឍ​ច្បាស់លាស់​នោះ​ទេ​។​7​ មូលហេតុ​ជាក់លាក់​នៃ​ការ​ដួល​រលំ​អគារ​មួយ​នេះ​មិន​ទាន់​មានការ​បញ្ជាក់​បាន​នៅឡើយ​ទេ​ ប៉ុន្តែ​អ្វី​ដែល​អាច​ដឹង​ច្បាស់​នោះ​គឺ​ អ្នក​សាងសង់​មិន​បាន​គោរព​ទៅ​តាម​ច្បាប់​សាងសង់​ រួម​ទាំង​ការ​តាមដាន​មិន​បាន​ដិត​ដល់​របស់​អាជ្ញាធរ​ខេត្ត​។​8

​នៅ​ក្នុង​សោកនាដកម្ម​នេះ​វា​ច្បាស់​ណាស់​ថា​ត្រូវ​មានការ​ទទួលខុសត្រូវ​កាន់តែ​ច្រើន​ចំពោះ​វិស័យ​ឧស្សាហកម្ម​សំណង់​។​ ក្របខ័ណ្ឌ​បទបញ្ជា​នានា​ដែល​មាន​ដូច​ជា​ច្បាប់​ស្តី​ពី​ការ​វិនិយោគ​ ច្បាប់​ស្តី​ពី​ការ​សាងសង់​ លក្ខខណ្ឌ​សាងសង់​ដែល​បាន​ចេញផ្សាយ​ដោយ​ក្រសួង​រៀបចំ​ដែនដី​ នគរូបនីយកម្ម​ និង​សំណង់​ ហើយ​អ្វី​ដែល​សំខាន់​បំផុត​គឺ​ការ​វាយតម្លៃ​ហេតុ​ប៉ះពាល់​បរិស្ថាន​ (EIA)​ ។​ EIA​ គឺជា​ឧបករណ៍​មួយ​ដែល​ផ្តល់​នូវ​វិធីសាស្ត្រ​ដ៏​សំខាន់​មួយ​នៃ​ការ​ត្រួតពិនិត្យ​ដោយ​អាជ្ញាធរ​នៅ​ក្នុង​ផលប្រយោជន៍​សុវត្ថិភាព​សាធារណៈ​ដើម្បី​យល់​និង​ធានា​នូវ​ការ​កាត់​បន្ថយ​ផល​ប៉ះពាល់​ពី​គម្រោង​អភិវឌ្ឍន៍​នៅ​ក្នុង​ប្រទេស​។​ EIA​ ជា​ការ​វាយតម្លៃ​នានា​ដែល​គួរ​ត្រូវ​បាន​អនុវត្ត​មុន​ពេល​ការ​ស្នើ​សុំ​គម្រោង​ដើម្បី​វាយតម្លៃ​ហានិភ័យ​ និង​គ្រោះថ្នាក់​ដែល​អាច​នឹង​ប្រឈម​ រួម​ទាំង​ការ​ពិនិត្យ​មើល​ជម្រើស​កាត់​បន្ថយ​នានា​ប្រសិនបើ​មាន​សម្រាប់​គម្រោង​។​ ទិដ្ឋភាព​នៃ​ផល​ប៉ះពាល់​របស់​គម្រោង​ទៅ​លើ​បរិស្ថាន​ ​តម្លៃសង្គម​​ និង​ផល​ចំណេញ​ផ្នែក​សេដ្ឋកិច្ច​ត្រូវ​បាន​សាកល្បង​ជាមួយនឹង​អ្នក​ពាក់ព័ន្ធ​ទាំងអស់​រួម​ទាំង​សាធារណជន​ ​ដើម្បី​ធានា​ថា​គម្រោង​នេះ​សម​ស្រប​នឹង​ការ​អនុវត្ត​។​ ឯកសារ​ទាំងនេះ​នឹង​ជួយ​ឱ្យ​អាជ្ញាធរ​ពិនិត្យ​មើល​យ៉ាង​ដិត​ដល់​នូវ​គម្រោង​ដើម្បី​ធានា​ថា​វិនិយោគិន​កំពុង​គោរព​ទៅ​តាម​លក្ខខណ្ឌ​ដែល​មាន​ចែង​នៅ​ក្នុង​កិច្ចសន្យា​និង​ EIA​ ។​ ទោះបីជា​យ៉ាងណា​ក៏​ដោយ​បទប្បញ្ញត្តិ​ដែល​គ្រប​ដណ្តប់​លើ​ EIA​ មិន​ត្រូវ​បាន​ធ្វើ​បច្ចុប្បន្នភាព​នៅឡើយ​ ហើយ​ដំណើរការ​នេះ​អាច​មានការ​យល់​ច្រឡំ​។​

​ច្បាប់​ពីរ​ផ្សេង​ទៀត​ដែល​គ្របដណ្តប់​លើ​ការ​វិនិយោគ​បរទេស​និង​ស្តង់ដារ​សំណង់​គឺ​ ច្បាប់​ស្តី​ពី​ការ​វិនិយោគ​ដែល​បាន​ធ្វើ​វិសោធនកម្ម​នៅ​ឆ្នាំ​ ២០០៤​ និង​ច្បាប់​ស្តី​ពី​ការ​រៀបចំ​ដែនដី​ នគរូបនីយកម្ម​ និង​សំណង់​ដែល​បាន​អនុម័ត​កាលពី​ឆ្នាំ​១៩៩៤​។​ច្បាប់​ស្តី​ពី​វិនិយោគ​ទទួលស្គាល់​និង​ចាត់ទុក​​វិនិយោគិន​បរទេស​ និង​កម្ពុជា​ដោយ​ស្មើភាព​ចំពោះ​មុខ​ច្បាប់​ ព្រមទាំង​លើកទឹកចិត្ត​ឱ្យ​ពួក​គេ​វិនិយោគ​លើ​ “​គម្រោង​វិនិយោគ​មាន​លក្ខណៈសម្បត្តិ​គ្រប់គ្រាន់​ (​គ​.​ល​.​គ​)”​ ដោយ​ទទួល​បាន​អត្ថប្រយោជន៍​ពន្ធគយ​និង​ពន្ធ​អាករ​។​9​ មាន​តែ​លក្ខខណ្ឌ​មួយ​ប៉ុណ្ណោះ​ដែល​ដាក់​កំហិត​នោះ​គឺ​ អ្នក​វិនិយោគិន​បរទេស​មិន​អាច​មាន​សិទ្ធិ​កាន់កាប់​ដី​នៅ​ក្នុង​ប្រទេស​កម្ពុជា​នោះ​ទេ​។​10​ លើស​ពី​នេះ​ច្បាប់​វិនិយោគ​ផ្តល់​នូវ​ការ​លើកទឹកចិត្ត​មួយ​ចំនួន​ទៀត​ ដើម្បី​ទាក់ទាញ​អ្នក​អភិវឌ្ឍន៍​នានា​មក​កាន់​ប្រទេស​កម្ពុជា​ ប៉ុន្តែ​មិន​មាន​ដែន​កំណត់​លើ​វិស័យ​ និង​ចំនួន​ទឹកប្រាក់​ដែល​ពួក​គេ​អាច​វិនិយោគ​ ឬ​ការ​ទទួលខុសត្រូវ​សម្រាប់​ពួក​គេ​ចំពោះ​គ្រោះថ្នាក់​ ឬ​ការ​ខូចខាត​ណាមួយ​ដែល​បណ្តាល​មក​ពី​គម្រោង​ដែល​ពួក​គេ​វិនិយោគ​នោះ​ទេ​។​11

​រដ្ឋាភិបាល​អនុវត្ត​ការ​គ្រប់គ្រង​បន្ថែម​លើ​ឧស្សាហកម្ម​សាងសង់​តាម​រយៈ​អនុក្រឹត្យ​លេខ​៨៦​ស្តី​ពី​លិខិតអនុញ្ញាត​សាងសង់​។​ រាល់​គម្រោង​សាងសង់​ទាំងអស់​ត្រូវ​តែ​មាន​លិខិតអនុញ្ញាត​សាងសង់​ ដោយ​មាន​ករណី​លើកលែង​តិចតួច​ប៉ុណ្ណោះ​។​12​ គណៈ​ក​ម្មការ​ចេញ​លិខិតអនុញ្ញាត​សាងសង់​ដែល​ស្ថិត​នៅ​ក្រោម​ក្រសួង​រៀបចំ​ដែនដី​ នគរូបនីយកម្ម​ និង​សំណង់​ មាន​តួនាទី​ពិនិត្យ​លើ​រាល់​សំណុំ​លិខិតអនុញ្ញាតសាងសង់​ និង​គំនូរ​ស្ថាបត្យកម្ម​ហើយ​ត្រូវ​ធានា​ថា​ការ​សាងសង់​ដែល​បាន​ស្នើ​សុំ​ណាមួយ​ត្រូវ​ស្រប​តាម​ប្លង់​គោល​ប្រើប្រាស់​ដី​ដែល​បង្កើត​ឡើង​ដោយ​ រដ្ឋបាល​ខេត្ត​ក្រុង​។​13 ការ​អនុញ្ញាត​ដែល​បាន​អនុម័ត​ត្រូវ​បាន​បង្ហាញ​ជា​សាធារណៈ​នៅ​កន្លែង​សាងសង់​ហើយ​អ្នក​អភិ​វ​ឌ្ឈ​​មិន​ត្រូវ​បាន​អនុញ្ញាត​ឱ្យ​ចាប់ផ្តើម​ការ​សាងសង់​មុន​ពេល​ដែល​ទទួល​បាន​លិខិតអនុញ្ញាត​នោះ​ទេ​។​14

​អនុក្រឹត្យ​លេខ​៨៦​ អនុញ្ញាត​ឱ្យ​រាជរដ្ឋាភិបាល​ផ្អាកការងារ​​ក្រុម​អ្នក​អភិវឌ្ឍ ឱ្យ​ទទួលខុសត្រូវ​ចំពោះ​ផល​ប៉ះពាល់​នៃ​ការងារ​របស់​​ពួកគេ​ ​ប៉ុន្តែ​មិន​បាន​ផ្តល់​នូវ​បទដ្ឋាន​ច្បាស់លាស់​ណាមួយ​សម្រាប់​កំណត់​ថា​លក្ខណៈ​គ្រប់គ្រាន់​ក្នុង​ការ​អភិវឌ្ឍ​ដែល​ផ្តល់​ប្រយោជន៍​ ឬ​ផ្តល់​គ្រោះថ្នាក់​មានអ្វី​ខ្លះ​​នោះ​ទេ​។​ ដូចដែល​បានឃើញ​នៅ​ក្នុង​ការ​ដួល​រលំ​នៃ​អគារ​នៅ​ក្រុងព្រះសីហនុ​ ករណី​នេះ​ក៏​មាន​បញ្ហា​ជាមួយ​ការ​អនុវត្ត​ការ​ស្នើ​សុំ​លិខិតអនុញ្ញាត​ផង​ដែរ​។​ នៅ​ក្នុង​ច្បាប់​សាងសង់​មិន​មាន​ផ្តល់​ការ​ផ្តន្ទាទោស​ច្បាស់លាស់​សម្រាប់​អ្នក​ដែល​សាងសង់​ដោយ​គ្មាន​ការ​អនុញ្ញាត​នោះ​ទេ​ ហើយ​វា​គ្រាន់តែ​អនុញ្ញាត​ឱ្យ​រដ្ឋអំណាច​មូលដ្ឋាន​ផ្អាក​សកម្មភាព​សាងសង់​នៅ​ទីតាំង​គម្រោង​នោះ​ ប្រសិនបើ​ម្ចាស់​សំណង់​កំពុង​រំលោភ​បំពាន​លើ​ការ​អនុញ្ញាត​របស់​ពួក​គេ​។​15​ ដំណើរការ​ EIA​ ផ្តល់​នូវ​វិធីសាស្ត្រ​រឹត​បន្តឹង​ខ្លាំង​ជាង​មុន​សម្រាប់​រដ្ឋាភិបាល​ដើម្បី​​បញ្ជាក់​ពី​ការ​ទទួល​ខុស​ត្រូវ​របស់​​​ក្រុម​អ្នក​អភិវឌ្ឍ​​។​ វា​តម្រូវ​ឱ្យ​មានការ​ចូលរួម​ជា​សាធារណៈ​ច្រើន​ជាង​ដំណើរការ​លិខិតអនុញ្ញាត​សាងសង់​ដែល​តម្រូវ​ឱ្យ​អ្នក​អភិវឌ្ឍ​បង្ហាញ​យ៉ាង​ច្បាស់ ​តើ​អ្វីខ្លះ​ដែល​ជា​ផែនការ​សុវត្ថិភាព​ និង​ផែនការ​​បរិស្ថាន​របស់​ពួក​គេ​ ហើយ​តើ​មាន​យន្តការ​អនុវត្ត​ជាក់ស្តែង​អ្វីខ្លះ​ដែល​អាច​បញ្ជាក់​ពី​ការ​ទទួលខុសត្រូវ​របស់​ម្ចាស់​គម្រោង​តាម​រយៈ​ការ​ពិន័យ​យ៉ាងធ្ងន់ធ្ងរ​ ឬ​​ការ​ដាក់​ពន្ធនាគារ​។​16​ លក្ខខណ្ឌ​តម្រូវ​ទាំងនេះ​នឹង​អនុញ្ញាត​ឱ្យ​សាធារណជន​បាន​ចូលរួម​ចោទ​ជា​សំនួរ​ទៅ​កាន់​អ្នក​អភិវឌ្ឍ​ និង​សាកសួរ​អំពី​ផែនការ​របស់​ពួក​គេ​សម្រាប់​សុវត្ថិភាព​កម្មករ​និង​សុចរិត​ភាព​នៃ​ការ​រចនា​អគារ​។​

​ដំណើរការ​នៃ​ការ​វាយតម្លៃ​ហេតុ​ប៉ះពាល់​បរិស្ថាន​

​នៅ​ជំពូក​ទី​៣​ នៃ​ច្បាប់​ស្តី​ពី​បរិស្ថាន​ឆ្នាំ​១៩៩៦​ ​ដែល​ជា​ច្បាប់​សំខាន់​​ និង​​គ្រប់គ្រង​លើ​របាយការណ៍​ការ​វាយតម្លៃ​ហេតុ​ប៉ះពាល់​បរិស្ថាន​ ដែល​រួម​ជាមួយនឹង​អនុក្រឹត្យ​មួយ​ចំនួន​ទៀត​។​ របាយការណ៍​ EIA​ ត្រូវ​បាន​ធ្វើ​ឡើង​ដោយ​អ្នក​អភិវឌ្ឍ​គម្រោង​ និង​ត្រូវ​បាន​ពិនិត្យ​ឡើង​វិញ​ដោយ​ក្រសួងបរិស្ថាន​ ដែល​ជា​អ្នក​ពិនិត្យ​របាយការណ៍​ និង​ផ្តល់​អនុសាសន៍​ដល់​អ្នក​អភិវឌ្ឍ​គម្រោង​។​ រាជរដ្ឋាភិបាល​ប្រើ​របាយការណ៍​នេះ ​ដើម្បី​កំណត់​ថា​តើ​ត្រូវ​អនុម័ត​គម្រោង​នេះ​​ដែរ​ឬ​ទេ​​ បន្ទាប់​ពី​ការ​ពិនិត្យ​របស់​ក្រសួងបរិស្ថាន​។​ ថ្វីបើ​ដំណើរការ​នេះ​ត្រូវ​បាន​គ្រប់គ្រង​ដោយ​អ្នក​បង្កើត​គម្រោង​និង​រដ្ឋាភិបាល​ក៏​ពិតមែន​ ប៉ុន្តែ​ការពិគ្រោះ​យោបល់​ជា​សាធារណៈ​និង​បើកចំហរ​ គឺជា​ការ​អនុវត្ត​មួយ​ក្នុង​ដំណើរការ​ EIA​ ដែល​ត្រូវ​បាន​ទទួលស្គាល់​ជា​អន្ដរជាតិ​ ហើយ​វា​ក៏​មិន​ខុស​ពី​ច្បាប់​កម្ពុជា​នោះ​ដែរ​​។​ ធាតុ​បញ្ចូល​ជា​សាធារណៈ​ គឺជា​ចំណុច​ស្នូល​នៃ​ដំណើរការ​ EIA​ ដែល​វា​អនុញ្ញាត​ឱ្យ​សាធារណៈជន​ផ្តល់​នូវ​ធាតុ​ចូល​ទៅ​នឹង​គុណសម្បត្តិ​នៃ​គម្រោង​ និង​វាយតម្លៃ​ជា​ពិសេស​លើ​ផលប្រយោជន៍​សេវាកម្ម​សាធារណៈ​។​

​រាជរដ្ឋាភិបាល​​កម្ពុជា​កំពុងធ្វើការ​លើ​ក្រម​បរិស្ថាន​ និង​ធនធានធម្មជាតិ​ថ្មី​ដែល​នឹង​ធ្វើ​បច្ចុប្បន្នភាព​និង​កែទម្រង់​​លើ​ច្បាប់​ដែល​មាន​ស្រាប់​។​ ច្បាប់​ថ្មី​នេះ​ត្រូវ​បាន​ស្នើ​ឡើងជា​លើក​ដំបូង​នៅ​ក្នុង​ឆ្នាំ​ ២០១៥​ ហើយ​កំពុង​តែ​ត្រូវ​បាន​ធ្វើ​សេចក្តី​ព្រាង​នៅឡើយ​ ដូច្នេះ​ហើយ​នីតិវិធី​ចាស់​នៃ​ច្បាប់​​មុន​​នៅ​តែ​អនុវត្ត​នៅឡើយ​។​ ក្រម​ថ្មី​នេះ​នឹង​ធ្វើ​បច្ចុប្បន្នភាព​ជា​សំខាន់​ទៅ​លើ​ដំណើរការ​វាយតម្លៃ​​ហេតុ​​ប៉ះពាល់​បរិស្ថាន​​ ហើយ​វា​​នឹង​ផ្តល់​សិទ្ធិ​អំណាច​ដល់​​នាយកដ្ឋាន​​ EIA​ ដែល​ស្ថិត​ក្រោម​ក្រសួងបរិស្ថាន​ ដើម្បី​ទទួលខុសត្រូវ​ចំពោះ​ការ​ចេញ​លិខិតអនុញ្ញាត​ និង​តាមដាន​គម្រោង​ដែល​ភ្ជាប់​ទៅ​នឹង​ដំណើរការ​ EIA​។​​17​ ពួក​គេ​ក៏​មាន​ទំនួល​ខុស​ត្រូវ​ក្នុង​ការ​បង្កើត​គណៈកម្មការ​ជំនាញ​ត្រួតពិនិត្យ​ដែល​មាន​​ក្នុង​វិស័យ​សំណង់​ និង​និរន្តរភាព​ដែល​នឹង​ធ្វើការ​វាយតម្លៃ​លើ​លទ្ធភាព​ជោគជ័យ​នៃ​សំណើ​នៅ​ក្នុង​របាយការណ៍​ EIA​។​ មន្ត្រី​នៃ​​នាយកដ្ឋាន​​ EIA​ ក៏​មាន​សិទ្ធិ​ក្នុង​ការ​ផ្អាក​ការ​ធ្វើ​សកម្មភាព​ ឬ​បិទ​ទីតាំង​គម្រោង​តែ​ម្តង​ ប្រសិនបើ​អ្នក​អភិវឌ្ឍ​គម្រោង​មិន​គោរព​តាម​ច្បាប់​។​ 18​ ក្រម​បរិស្ថាន​នេះ​ក៏​នឹង​អនុម័ត​យក​ការ​ប្រើប្រាស់​នៃ​ការ​វាយតម្លៃ​បរិស្ថាន​ជា​យុទ្ធសាស្ត្រ​ និង​ការ​វាយតម្លៃ​ពី​ហានិភ័យ ​ជា​ឧបករណ៍​បន្ថែម​ដើម្បី​ឃ្លាំមើល​ការ​អភិវឌ្ឍ​គម្រោង​។​ ការងារ​វាយតម្លៃ​ទាំងនេះ​នឹង​ត្រូវ​ទទួលខុសត្រូវ​ដោយ​ក្រសួងបរិស្ថាន​ដែល​ជា​អ្នក​ប្រមូល​ទិន្នន័យ​ដោយ​ឯករាជ្យ​ពី​អ្នក​អភិវឌ្ឍ​ ហើយ​របាយការណ៍​នៃ​ការ​វាយតម្លៃ​ទាំងនោះ​នឹង​ត្រូវ​បាន​ដាក់​បង្ហាញ​ជា​សាធារណៈ​។​​19

​បច្ចុប្បន្ន​នេះ​មាន​អនុក្រឹត្យ​ជា​ច្រើន​ដែល​គ្រប់គ្រង​ការ​រៀបចំ​នីតិវិធី​វាយតម្លៃ​ហេតុ​ប៉ះពាល់​បរិស្ថាន​សម្រាប់​គម្រោង​ផ្សេងៗ​ ប៉ុន្តែ​មាន​តែ​អនុក្រឹត្យ​លេខ​ ៧២​ ស្តី​ពី​កិច្ច​ដំណើរការ​វាយតម្លៃ​ហេតុ​ប៉ះពាល់​បរិស្ថាន​ ឆ្នាំ​ ១៩៩៩​ ដែល​បាន​ផ្តល់​នូវ​បទប្បញ្ញត្ដិ​ជាក់លាក់​អំពី​របៀប​ដែល​ EIA​ ត្រូវ​អនុវត្ត​។​ គោលបំណង​នៃ​អនុក្រឹត្យ​នេះ​គឺ​ ដើម្បី​កំណត់​ដំណើរការ​សម្រាប់​ការ​អនុវត្ត​នៃ​EIA​ ប្រភេទ​គម្រោង​ដែល​ចាំបាច់​ត្រូវ​អនុវត្ត​EIA​ និង​ដើម្បី​បញ្ជាក់​ពី​សារៈសំខាន់​នៃ​ការ​ចូលរួម​ជា​សាធារណៈ​នៅ​ក្នុង​កិច្ច​ដំណើរការ​ EIA​។​ អនុក្រឹត្យ​នេះ​អនុវត្ត​តែ​លើ​គម្រោង​​ស្ថាបនា​​ធំៗ​ ក្នុង​នោះ​រួម​មាន​ វិស័យ​ឧស្សាហកម្ម​ កសិកម្ម​ ទេសចរណ៍​ និង​ហេដ្ឋារចនាសម្ព័ន្ធ​ប៉ុណ្ណោះ​។20​​ នៅ​ក្នុង​ឧ​ប​សម្ព័ន្ធ​ទី​១​នៃ​អនុក្រឹត្យ​នេះ​ បញ្ជាក់​ថា​សំណង់​អគារ​ដែល​មានកំ​ពស់​ខ្ពស់​ជាង​ ១២​ ម៉ែត្រ​ឬ​មាន​ផ្ទៃក្រឡា​ធំ​ជាង​ ៨​ពាន់​ម៉ែត្រក្រឡា​ ត្រូវ​ស្ថិត​នៅ​ក្រោម​អនុក្រឹត្យ​លេខ​៧២​ ដែល​តម្រូវ​ឱ្យ​គម្រោង​ទាំងនោះ​មាន​របាយការណ៍​ EIA​ មុន​ពេល​ទទួល​បានការ​យល់ព្រម​ពី​រដ្ឋាភិបាល​។​21​​​ ចំពោះ​អ្នក​អភិវឌ្ឍ​ដែល​សាងសង់​អគារ​កំពស់​ប្រាំពីរ​ជាន់​ដូច​ករណី​ដែល​ពាក់ព័ន្ធ​នឹង​គ្រោះ​មហន្តរាយ​នៅ​ក្រុងព្រះសីហនុ​ជាដើម​ គួរតែ​ត្រូវ​បាន​ទាមទារ​ឱ្យធ្វើ​របាយការណ៍​ EIA​ មុន​ពេល​ប្រគល់​សិទ្ធិ​ និង​អនុវត្ត​គម្រោង​។​

​យ៉ាងណាមិញ​មាន​ឃ្លា​មួយ​នៃ​អនុក្រឹត្យ​នេះ​ដែល​ផ្តល់​ករណី​លើកលែង​សម្រាប់​ “​គម្រោង​ចាំបាច់​ ឬ​បន្ទាន់​”​ ដែល​រាជរដ្ឋាភិបាល​មាន​សិទ្ធិ​សម្រេច​ដើម្បី​អនុម័ត​គម្រោង​នោះ​ដោយ​ពុំ​ចាំបាច់​មានដំណើរ​ការ​ EIA​ ឬ​ការ​តាមដាន​ពិនិត្យ​ដោយ​ក្រសួងបរិស្ថាន​នោះ​ឡើយ​។​ ភាសា​ស្រ​ដៀង​គ្នា​នេះ​ក៏​ត្រូវ​បាន​បញ្ចូល​ក្នុង​សេចក្តីព្រាងច្បាប់​បរិស្ថាន​ថ្មី​ផង​ដែរ​ ដែល​ក្នុង​នោះ​ពុំ​មាន​បញ្ជាក់​ពី​ស្តង់ដារ​ច្បាស់លាស់​ថា​អ្វី​ទៅ​ដែល​ជា​គម្រោង​ករណី​ពិសេស​ ឬ​​តម្លាភាព​ដែល​គម្រោង​បែប​នេះ​ត្រូវ​មាន​នោះ​ឡើយ​។​

​តម្រូវការ​តាម​ច្បាប់​ដែល​មាន​ស្រាប់

​តាម​អំណាច​នៃ​ច្បាប់​ អ្នក​អភិវឌ្ឍ​ត្រូវធ្វើ​របាយការណ៍​EIA​ និង​ដាក់​ជូន​ក្រសួងបរិស្ថាន​ត្រួតពិនិត្យ​ឡើង​វិញ​។​ ជា​ធម្មតា​ អ្នក​បង្កើត​គម្រោង​អាច​ជួល​ក្រុមហ៊ុន​​ទីប្រឹក្សា​​ឯកជន​ណាមួយ​ដើម្បី​ជួយ​រៀបចំ​របាយការណ៍​វាយតម្លៃ​នេះ​ដោយ​យោង​តាម​គោលការណ៍​ណែនាំ​របស់​ក្រសួង​។​ របាយការណ៍​ EIA​ ជំហាន​ដំបូង​ត្រូវ​បាន​បង្កើត​ឡើង​ដោយ​គ្របដណ្តប់​លើ​បរិស្ថាន​ សង្គម​ រូបសាស្ត្រ​ ជីវសាស្ត្រ​ និង​សេដ្ឋកិច្ច​សង្គម​នៅ​ក្នុង​តំបន់​នោះ​​ ហើយ​ផ្អែក​ជា​ចំបង​លើ​ទិន្នន័យ​បន្ទាប់បន្សំ​ដែល​មាន​ស្រាប់​។​22​ក្រសួងបរិស្ថាន​មាន​រយៈពេល​ ៣០​ថ្ងៃ​ ដើម្បី​ពិនិត្យ​មើល​របាយ​ការ​ណ៏​វាយតម្លៃ​ហេតុ​ប៉ះពាល់​ និង​ផ្តល់​អនុសាសន៍​ដល់​ម្ចាស់​គម្រោង​។​23ចំពោះ​គម្រោង​ដែល​ក្រសួង​រក​ឃើញ​ថា​ មិន​បង្ក​ការ​គំរាមកំហែង​ចំពោះ​បរិស្ថាន​ និង​សហគមន៍​មូលដ្ឋាន​​ នោះរបាយការណ៍​ EIA​ ដំបូង​គឺ​គ្រប់គ្រាន់​សម្រាប់​ការ​អនុម័ត​គម្រោងហើយ​​។​ របាយការណ៍​វាយតម្លៃ​ដំបូង​ជា​ញឹកញាប់​ត្រូវ​បាន​ធ្វើ​ឡើង​យ៉ាង​ឆាប់រហ័ស​ មិនសូវ​លម្អិត​ ហើយ​ជា​ញឹកញាប់​មិន​មាន​ភាព​ទៀងទាត់​គ្រប់គ្រាន់​ដើម្បី​កំណត់​ក្នុង​ការ​ធ្វើ​សេចក្តី​សម្រេចចិត្ត​នោះ​ឡើយ​។​24

​ប្រសិនបើ​ក្រសួងបរិស្ថាន​រក​ឃើញ​ថា​ គម្រោង​នេះ​អាច​បង្ក​ការ​គំរាមកំហែង​ដល់​ធនធានធម្មជាតិ​ ប្រព័ន្ធ​អេកូឡូស៊ី​ សុខភាព​របស់​សហគមន៍​មូលដ្ឋាន​ ឬ​សុខុមាលភាព​សាធារណៈ​​ នោះ​ម្ចាស់​គម្រោង​នឹង​ត្រូវ​បាន​ស្នើ​សុំ​ និង​ទទួលខុសត្រូវ​ក្នុង​ការ​ធ្វើ​របាយការណ៍​ EIA​ ពេញលេញ​។​ របាយការណ៍​ពេញលេញ​នឹង​ធ្វើការ​វាយតម្លៃ​ដោយ​ផ្អែក​លើ​ទិន្នន័យ​ចម្បង​ដែល​ប្រមូល​បាន​ពី​ក្នុង​តំបន់​នៃ​ទីតាំង​គម្រោង​។​ នៅ​ពេល​ក្រសួងបរិស្ថាន​បាន​ទទួល​របាយការណ៍​នេះ​ ពួក​គេ​មាន​ពេល​ ៣០​ ថ្ងៃ​ទៀត​ដើម្បី​ពិនិត្យ​មើល​ឡើង​វិញ​ និង​ផ្តល់​អនុសាសន៍​។​ ប្រសិនបើ​ក្រសួងបរិស្ថាន​ខក​ខានមិនបាន​ឆ្លើយ​តប​ក្នុង​រយៈពេល​កំណត់​ខាងលើ​ នោះ​គម្រោង​ត្រូវ​បាន​សម្មត់​ថា​បាន​បំពេញ​តាម​តម្រូវការ​នៃ​ច្បាប់​ និង​ត្រូវ​បាន​អនុម័ត​។25​ ច្បាប់​ដែល​មាន​ស្រាប់​មិន​បាន​បញ្ជាក់​ថា​ម្ចាស់​គម្រោង​ត្រូវ​តែ​គោរព​តាម​អនុសាសន៍​ដែល​ធ្វើ​ឡើង​ដោយ​ក្រសួងបរិស្ថាននោះ​​ឡើយ​។​ រាជរដ្ឋាភិបាល​មានការ​ឯកភាព​ចុង​ក្រោយ​ក្នុង​ការ​ចេញ​អាជ្ញាប័ណ្ណ​អនុញ្ញាត​ឱ្យ​អ្នក​អភិវឌ្ឍ​ ថ្វីបើ​ទោះបីជា​ក្រសួងបរិស្ថាន​សម្រេច​មិន​យល់ព្រម​លើ​របាយការណ៍​ EIA​ ក៏​ដោយ​។​

រូបភាព១៖ កិច្ចដំណើរការវាយតម្លៃហេតុប៉ះពាល់បរិស្ថាន ដកស្រង់ចេញពីប្រកាសលេខ ៣៧៦

​តម្រូវការ​ជាក់លាក់​សម្រាប់​របាយការណ៍​ EIA​ ត្រូវ​បាន​កំណត់​ដោយ​ប្រកាសលេខ ៣៧៦ ​ស្តី​ពីគោល​ការណ៍​ណែនាំ​ទូទៅ​ក្នុង​ការ​ធ្វើ​របាយ​ការណ៍​វាយ​តម្លៃ​ហេតុ​ប៉ះពាល់​បរិស្ថាន​ដំបូង​ ​និង​ពេញ​លេញ​​ ​របស់​​ក្រសួងបរិស្ថាន​ដែល​ត្រូវ​បាន​ចេញផ្សាយ​នៅ​ក្នុង​ឆ្នាំ​ ២០០៩​។​ ប្រកាស​នេះ​ត្រូវ​បាន​បង្ហាញ​លម្អិត​អំពី​អ្វី​ដែល​ចាំបាច់​សម្រាប់​របាយការណ៍​ EIA​​។​ ម្ចាស់​គម្រោង​ត្រូវ​តែ​ធ្វើការ​វិភាគ​ពេញលេញ​អំពី​បរិស្ថាន​ដែល​មាន​ស្រាប់​ហើយ​រៀបរាប់​ពី​សក្តានុពល​នៃ​ផល​ប៉ះពាល់​បរិស្ថាន​ សេដ្ឋកិច្ច​និង​សង្គម​ដែល​អាច​នឹង​កើត​មាន​​ក្នុង​គម្រោង​របស់​ពួក​គេ​​។26​​​ នៅ​ពេលធ្វើការ​វិភាគ​នេះ​ ពួក​គេ​ក៏​ត្រូវ​តែ​បញ្ជាក់​ពី​របៀប​ដែល​គម្រោង​​ស្នើ​សុំ​របស់ពួកគេ​អាច​នឹង​ប៉ះពាល់​ដល់​សហគមន៍​មូលដ្ឋាន​ និង​បញ្ជាក់​ពី​អ្វី​ដែល​នឹង​ត្រូវធ្វើ​ដើម្បី​កាត់​បន្ថយ​ ផល​ប៉ះពាល់​អវិជ្ជមាន​ណាមួយ​។​ អ្នក​អភិវឌ្ឍ​ត្រូវ​តែ​ធ្វើ​ឱ្យ​ប្រាកដ​ថា​គម្រោង​នេះ​នឹង​មិន​បំពាន​លើ​អនុក្រឹត្យ​មួយ​ចំនួន​ទៀត​ដែល​បង្កើត​ឡើង​សម្រាប់​ជា​ស្តង់ដារ​នៃ​ការគ្រប់គ្រងការ​បំពុល​នោះ​ទេ​។​ អនុក្រឹត្យ​ទាំងនោះ​រួម​មាន៖ ​អនុក្រឹត្យ​ស្តី​ពី​ការ​គ្រប់គ្រង​ការ​បំពុល​ទឹកអនុក្រឹត្យ​ស្តី​ពី​ការ​គ្រប់គ្រង​កាក​សំណល់​រឹង​ និង​អនុក្រឹត្យ​ស្តី​ពី​ការ​បំពុលបរិយាកាស​ និង​ការ​រំខាន​សម្លេង​។​

​ក្នុង​ឆ្នាំ​២០១២​ ក្រសួងបរិស្ថាន​ដោយ​មាន​ភាព​ជា​ដៃគូ​ជាមួយ​វេទិកា​នៃ​អង្គការ​មិនមែន​រដ្ឋាភិបាល​ស្តី​ពី​កម្ពុជា​បាន​បង្កើត​សៀវភៅ​ណែនាំ​អំពី​ EIA​ នៅ​ក្នុង​ប្រទេស​កម្ពុជា​។​ សៀវភៅ​ណែនាំ​មួយ​នេះ​ធ្វើការ​សង្ខេប​ពី​ច្បាប់​ និង​នីតិវិធី​សម្រាប់​ការ​រៀបចំ​របាយការណ៍​ EIA​ ដែល​បាន​ដាក់​អោយ​ប្រើ​ជា​ផ្លូវការ​នៅ​ក្នុង​ឆ្នាំ​២០១២​។​27 ដោយសារ​សេចក្តីព្រាងច្បាប់​ស្តី​ពី​បរិស្ថាន​ មិន​ទាន់​មាននៅ​ឡើយ​ សៀវភៅ​ណែនាំ​មួយ​បាន​ក្លាយជា​ឧបករណ៍​ដ៏​មាន​ប្រយោជន៍​សម្រាប់​ការ​យល់​ដឹង​ពី​របៀប​ដែល​ក្រសួងបរិស្ថាន​គ្រប់គ្រង​របាយការណ៍​​ EIA​។​ សៀវភៅ​ណែនាំ​នេះ​បញ្ជាក់​ថា​ របាយការណ៍​ EIA​ ទាំងអស់​គួរតែ​ធ្វើការ​កំណត់​អំពី​ប្រភេទ​នៃ​ផល​ប៉ះពាល់​ដែល​គម្រោង​នឹង​មាន​ ហើយ​ព្យាករណ៍​អំពី​ទំហំ ​និង​វិសាលភាព​នៃ​ផល​ប៉ះពាល់​នោះ​ និង​កំណត់​ពី​វិធានការ​កាត់​បន្ថយ​ផល​ប៉ះពាល់​។​ អ្នក​អភិវឌ្ឍ​ដែល​ស្នើ​សុំ​គម្រោង​នេះ​ តែងតែ​ទទួលខុសត្រូវ​ចំពោះ​ការ​កាត់​បន្ថយ​ផល​ប៉ះពាល់​បរិស្ថាន​នៃ​គម្រោង​នោះ​។28​​ សៀវភៅ​ណែនាំ​នេះ​ក៏​បញ្ជាក់​ផង​ដែរ​ថា​ ក្រសួង​រំពឹង​ថា​ម្ចាស់​គម្រោង​នឹង​ចំណាយពេល​យ៉ាង​ហោច​ណាស់​ ៣​ខែ​ ដើម្បី​ប្រមូល​ទិន្នន័យ​សម្រាប់​របាយការណ៍​ EIA​ ដំបូង​ និង​យ៉ាង​ហោច​ណាស់​ ៦​ខែ​ សម្រាប់​របាយការណ៍​ពេញលេញ​។​29​​ 

​ការ​ចូលរួម​ជា​សាធារណៈ​

​ទាំង​ច្បាប់បរិស្ថាន​ និង​អនុក្រឹត្យ​លេខ​ ៧២​ បញ្ជាក់​ថា​ ការ​ចូលរួម​ជា​សាធារណៈ​នៅ​ក្នុង​ EIA​ គឺជា​ផ្នែក​មួយ​ដ៏​សំខាន់​នៃ​ដំណើរការ​ ហើយ​ថា​ការ​យកចិត្តទុកដាក់​និង​ធាតុ​បញ្ចូល​ជា​សាធារណៈ​គួរតែ​ត្រូវ​យក​មក​ពិចារណា​នៅ​ពេល​កំពុង​ធ្វើ​ផែនការ​គម្រោង​អភិវឌ្ឍន៍​។​ ប្រកាស​លេខ​ ៣៧៦​ ក៏​បញ្ជាក់​ផង​ដែរ​ថា​ ជា​ផ្នែក​មួយ​នៃ​របាយការណ៍​ EIA​ អ្នក​អភិវឌ្ឍ​គួរតែ​រៀបរាប់​លម្អិត​អំពី​របៀប​ដែល​សាធារណជន​ត្រូវ​បាន​ពិគ្រោះ​យោបល់​ និង​របៀប​ដែល​ធាតុ​បញ្ចូល​សាធារណៈ​ត្រូវ​បាន​ដាក់​បញ្ចូល​ទៅ​ក្នុង​គម្រោង​នេះ​។​ ប្រកាស​នេះ​មិន​បាន​ផ្តល់​ការ​ណែនាំ​ជាក់លាក់​សម្រាប់​របៀប​ពិគ្រោះ​យោបល់​ជាមួយ​សាធារណជន​នោះ​ទេ ​ប៉ុន្តែ​ការ​ពិនិត្យ​ឡើង​វិញ​នៃ​របាយការណ៍​ EIA​ នីមួយៗ​ នៅ​គ្រប់​កម្រិត​ថ្នាក់​ក្រសួង​ និង​ខេត្ត​ គួរតែ​មាន​កិច្ចប្រជុំ​ភាគី​ពាក់ព័ន្ធ​ដែល​អនុញ្ញាត​ឱ្យ​សាធារណៈជន​ និង​អ្នក​ពាក់ព័ន្ធ​ដទៃ​ទៀត​អាច​ធ្វើ​ផ្តល់​មតិយោបល់​លើ​គម្រោង​នេះ​បាន​។​30

​នៅ​ឆ្នាំ​២០១៦​ ក្រសួងបរិស្ថាន​បាន​ចេញផ្សាយ​គោលការណ៍​ណែនាំ​ថ្មីៗ​សម្រាប់​ការ​ចូលរួម​ជា​សាធារណៈ​នៅ​ក្នុង​ដំណើរការ​ EIA​ ។​ គោលការណ៍​ណែនាំ​នេះ​បញ្ជាក់​យ៉ាង​ទូលំទូលាយ​អំពី​គោលការណ៍​នៃ​ការ​ចូលរួម​ជា​សាធារណៈ​និង​វិធីសាស្ត្រ​ជាក់លាក់​ដែល​គួរតែ​ត្រូវ​បាន​ប្រើប្រាស់​ដើម្បី​ចូលរួម​ជា​សាធារណៈ​នៅ​ក្នុង​ដំណើរការ​ EIA​ ។​ គោលការណ៍​ណែនាំ​ទាំងនេះ​សង្កត់ធ្ងន់​ទៅ​លើ​សារៈសំខាន់​នៃ​ការ​ផ្តល់​ជូន​ដល់​សាធារណជន​ទាំងអស់​ជា​ពិសេស​ស្ត្រី​ និង​សហគមន៍​ជនជាតិ​ដើម​ភាគតិច​ដែល​មាន​លទ្ធភាព​ទទួល​បាន​ដំណើរការ​សម្រេច​ចិត្ត ​និង​ដំណោះស្រាយ​ដែល​មាន​ប្រសិទ្ធិ​ភាព​ចំពោះ​ជម្លោះ​ផ្នែក​បរិស្ថាន​។​31​​  គោលការណ៍​ណែនាំ​បញ្ជាក់​ពី​ជំហាន​ជាក់លាក់​នានា​ដែល​ការ​ចូលរួម​ជា​សាធារណៈ​គួរ​កើតឡើង​និង​លម្អិត​អំពី​របៀប​ដែល​សាធារណៈជន​គួរ​ចូលរួម​ក្នុង​ជំហាន​នីមួយៗ​។​ ជំហាន​ទាំងនោះ​រួម​មាន​​៖

  1. ការធ្វើចំណាត់ថ្នាក់គម្រោង
  2. ​ការកំណត់វិសាលភាពគម្រោង
  3. ការ​រៀបចំ​របាយការណ៍​វាយតម្លៃ​ហេតុ​ប៉ះពាល់​បរិស្ថាន​ (EIA)​ និង​ផែនការ​គ្រប់គ្រង​បរិស្ថាន​ (EMP)
  4.  ​​ការ​ពិនិត្យ​ឡើង​វិញ​ និងការ​​វាយតម្លៃ​របាយការណ៍​ EIA​
  5. ​ ​ការ​អនុម័ត​ ឬ​ការ​បដិសេធ​របាយការណ៍​ EIA​
  6. ​ ​ការ​សាងសង់​ ប្រតិបត្តិការ​ និង​ការ​ត្រួតពិនិត្យ​គម្រោង​និង​ការ​អនុវត្ត​ 32​​ 

​កម្រិត​នៃ​ការ​ចូលរួម​ជា​សាធារណៈ​ដែល​ត្រូវ​បាន​រំពឹង​ទុក​នៅ​គ្រប់​ជំហាន​ទាំងអស់​ យ៉ាង​ហោច​ណាស់​ត្រូវ​ជូនដំណឹង​ឬ​ពិគ្រោះ​យោបល់​ជាមួយ​សាធារណៈជន​។33​​​ បន្ថែម​លើ​ទំហំ​នៃ​គម្រោង​យ៉ាង​ហោច​ណាស់​មានការ​ប្រជុំ​ជា​សាធារណៈ​មួយ​ដែល​គួរតែ​ត្រូវ​បាន​ធ្វើ​ឡើង​ដែល​អនុញ្ញាត​ឱ្យ​សាធារណជន​ផ្តល់​យោបល់​ដល់​អ្នក​អភិវឌ្ឍ​គម្រោង​ និង​ដល់​មន្ត្រីរាជការ​។​34​ ចំពោះ​គម្រោង​ធំៗ​ ការ​ប្រជុំ​ជា​សាធារណៈ​បន្ថែម​ក្នុង​ដំណាក់កាល​វិសាលភាព​គម្រោង​គួរតែ​ត្រូវ​បាន​ធ្វើ​ឡើង​។​

​ការ​តាមដាន​ និង​ការ​អនុវត្ត​

​បន្ទាប់​ពី​គម្រោង​ត្រូវ​បាន​អនុម័ត​ដោយ​រាជរដ្ឋាភិបាល​ EIA​ត្រូវ​បាន​ប្រើប្រាស់​ជា​ផ្នែក​មួយ​នៃ​ការ​តាមដាន​របស់​រដ្ឋាភិបាល​លើ​គម្រោង​អភិវឌ្ឍនោះ​។​ អ្នក​អភិវឌ្ឍ​គម្រោង​គួរតែ​ចាប់ផ្តើម​អនុវត្ត​សកម្មភាព​កាត់​បន្ថយ​ និង​គ្រប់គ្រង​នានា​ដែល​បាន​បញ្ជាក់​នៅ​ក្នុង​ EIA​ ក្នុង​រយៈពេល​ ៦​ខែ​នៃ​ការ​អនុម័ត​។35ក្រសួងបរិស្ថាន​ជា​អ្នក​ទទួលខុសត្រូវ​លើ​ការ​ត្រួតពិនិត្យ​គម្រោង​ទាំងអស់​ចាប់តាំងពី​ការ​ចាប់ផ្តើម​ការ​សាងសង់​ ប្រតិបត្តិការ​ និង​រហូត​ដល់​ការ​បិទ​បញ្ចប់​រាល់​គម្រោង​នីមួយៗ​។​ ក្រសួង​គួរតែ​ធានា​ថា​អ្នក​អភិវឌ្ឍ​គម្រោង​ទាំងអស់​បាន​អនុវត្ត​តាម​វិធានការ​កាត់​បន្ថយ​ និង​វិធានការ​សុវត្ថិភាព​ដែល​បាន​យល់ព្រម​ក្នុង​របាយការណ៍​ EIA​។​ រាល់​គម្រោង​ទាំងអស់​គួរតែ​ត្រូវ​បាន​ត្រួតពិនិត្យ​ទាំង​ខាងក្នុង​ដោយ​អ្នកគ្រប់គ្រង​គម្រោង ​និង​ខាងក្រៅ​ដោយ​រដ្ឋាភិបាល​ អង្គការ​មិនមែន​រដ្ឋាភិបាល​ និង​សហគមន៍​មូលដ្ឋាន​។​​36​ អ្នក​អភិវឌ្ឍ​គួរតែ​ជូនដំណឹង​ដល់​សាធារណៈ​ឱ្យ​បាន​ពេញទំហឹង​នៅ​ក្នុង​ដំណាក់កាល​សាងសង់​ និង​ប្រតិបត្តិការ​នៃ​គម្រោង​អំពី​ផល​ប៉ះពាល់​ដែល​អាច​នឹង​កើត​មាន​ដល់​សហគមន៍​។​

​ប្រសិនបើ​ម្ចាស់​គម្រោង​បរាជ័យ​ក្នុង​ការ​អនុលោម​តាម​នីតិវិធី​នេះ​ ឬ​ផ្តល់​ព័ត៌មាន​មិន​ពិត​ក្នុងអំឡុងពេល​ដំណើរការ​ EIA​ ពួក​គេ​នឹង​ត្រូវ​បាន​ចាត់​ទុក​ថា​ បំពាន​លើ​ច្បាប់បរិស្ថាន​ ហើយ​អាច​ប្រឈម​នឹង​ការ​ដាក់​ផ្ត​ទ្ទា​ទោស​តាម​ច្បាប់​។​ ក្រសួងបរិស្ថាន​អាច​សហការ​ជាមួយ​ស្ថាប័ន​ពាក់ព័ន្ធ​ដទៃ​ទៀត​ដើម្បី​បញ្ចប់​សកម្មភាព​នានា​របស់​ម្ចាស់​គម្រោង​។​ លើស​ពី​នេះ​ទៀត​មន្ត្រី​ណា​ដែល​ធ្វើការ​ធ្វេសប្រហែស​ ឬ​រំលោភ​បំពាន​លើ​នីតិវិធី​ត្រូវ​ទទួល​រង​ការ​ដាក់​ទណ្ឌកម្ម​ផ្នែក​រដ្ឋបាល​​ និង​ពិន័យ​ផ្នែក​ច្បាប់​។37​​

​ឥទ្ធិពល​នៃ​សេចក្តីព្រាងច្បាប់​ស្តី​ពី​បរិស្ថាន​

​ចាប់ពី​ដើមឆ្នាំ​ ២០១៥​ រដ្ឋាភិបាល​បាន​ចាប់ផ្តើម​ធ្វើ​សេចក្តី​ព្រាង​ក្រម​បរិស្ថាន​ និង​ធនធានធម្មជាតិ​ថ្មី​ ដែល​នឹង​ធ្វើ​ធ្វើ​បច្ចុប្បន្នភាព​លើ​ច្បាប់បរិស្ថាន​ដែល​មាន​ស្រាប់​។​ ក្រម​បរិស្ថាន​ថ្មី​មាន​លក្ខណៈ​លម្អិត​ និង​ទូលំទូលាយ​ជាង​ច្បាប់បរិស្ថាន​​សព្វថ្ងៃ​​​។​ បច្ចុប្បន្ន​នេះ​ច្បាប់ ​និង​បទប្បញ្ញត្តិ​ដែល​ដោះស្រាយ​បញ្ហា​កង្វល់​បរិស្ថាន​នៅ​ក្នុង​ប្រទេស​កម្ពុជា​ត្រូវ​បាន​ធ្វើ​ឡើង​​តាម​រយៈ​ច្បាប់ ​និង​អនុក្រឹត្យ​មួយ​ចំនួន​ ប៉ុន្តែ​ច្បាប់​ថ្មី​នេះ​នឹង​ប្រមូលផ្តុំ​ក្រម​ដែល​ពាក់ព័ន្ធ​ទាំងអស់​មក​បង្ហាញ​ក្នុង​ឯកសារ​តែ​មួយ​។​ ក្រម​នេះ​នឹង​ផ្តល់​អាទិភាព​ដល់​ការ​ចូលរួម​របស់​សាធារណជន​ផង​ដែរ​ ហើយ​ដូច្នេះ​ព័ត៌មាន​ទាំងអស់​ដែលពាក់ព័ន្ធនឹង​បញ្ហា​ទាំងនេះ​គួរតែ​ត្រូវ​បាន​ផ្សព្វផ្សាយ​ជា​សាធារណៈ​ និង​ដោយ​ទូលំទូលាយ​ “​ក្នុង​លក្ខណៈ​មួយ​ដែល​បង្កើន​ឱកាស​ឱ្យ​មានការ​ចូលរួម​ជា​សាធារណៈ​”​។38​​ អ្នកគ្រប់គ្នា​មាន​សិទ្ធិ​ស្នើ​សុំ​ព័ត៌មាន​ពី​ក្រសួង​ឬ​ស្ថាប័ន​ដែល​ពាក់ព័ន្ធ​ ហើយគ្រប់​អ្នកដែលពាក់ព័ន្ធនៅក្នុង​​គម្រោង ​ត្រូវ​បាន​តម្រូវ​ឱ្យ​បង្ហាញ​ព័ត៌មាន​ពាក់ព័ន្ធ​ទាំងអស់​ ទោះបីជា​បែបបទ​នៃ​ការ​បង្ហាញ​នឹង​ត្រូវ​បាន​កំណត់​ដោយ​ក្រសួង​នីមួយៗ​ក៏​ដោយ​។​39

​នៅ​ក្រោម​ក្រមព្រហ្មទណ្ឌ​ សកម្មភាព​ ឬ​គម្រោង​ណាមួយ​ដែល​អាច​មាន​ផល​ប៉ះពាល់​ដល់​បរិស្ថាន​ ចាំបាច់​ត្រូវ​តែ​បង្កើត​ការ​វាយតម្លៃ​ហានិភ័យ​ដើម្បី​ប្រមើល​មើល​អ្វីខ្លះ​ដែល​ជា​ផល​ប៉ះពាល់​ និង​ពី​របៀប​នៃ​ការ​កាត់​បន្ថយ​ផល​ប៉ះពាល់​ទាំងនោះ​។40​​ ក្រម​ថ្មី​នេះ​មាន​គោលបំណង​ពង្រឹង​ដំណើរការ​ត្រួតពិនិត្យ​ និង​តាមដាន​ ហើយ​ក្រម​នេះ​នឹង​បង្កើត​គណៈកម្មការ​ជំនាញ​ត្រួតពិនិត្យ​ ដែល​នឹង​ធ្វើការ​ពិនិត្យ​ឡើង​វិញ​នូវ​រាល់​គម្រោង​ និង​អនុញ្ញាត​ឱ្យ​អ្នកជំនាញ​ឯករាជ្យ​នានា​ចូលរួម​ផ្តល់​ធាតុ​ចូល​។41​​​​ គ្មាន​កាលបរិច្ឆេទ​ត្រូវ​បាន​ប្រកាស​សម្រាប់​ការ​អនុវត្ត​ក្រម​ថ្មី​នោះ​ទេ​ ប៉ុន្តែ​វា​មាន​សក្តានុពល​ក្នុង​ការ​ធ្វើ​ឱ្យ​ប្រសើរ​ឡើង​នូវ​សមត្ថភាព​របស់​រដ្ឋាភិបាល​ក្នុង​ការ​តាមដាន​គម្រោង​សាងសង់​និង​ពង្រឹងផ្នែក​ច្បាប់​ សម្រាប់​សុវត្ថិភាព​សាធារណៈ​។​ ខណៈ​ដែល​ដំណើរការ​ EIA​ បច្ចុប្បន្ន​ចាំបាច់​ត្រូវ​​មានការធ្វើ​ឱ្យ​ប្រសើរ​ឡើង​វិញ​​។​ របាយការណ៍​ស្តី​ពី​ហេតុ​​ប៉ះពាល់​បរិស្ថាន​កំពុង​ក្លាយជា​រឿង​សាមញ្ញ​ ហើយ​ត្រូវ​បាន​ទទួលស្គាល់​ថា​ ជា​ឧបករណ៍​ដ៏​សំខាន់​មួយ​ដើម្បី​តាមដាន ​និង​ត្រួតពិនិត្យ​លើ​ការ​អភិវឌ្ឍ​ដែល​ឆាប់រហ័ស​ហួសហេតុ​ និង​មិន​មាន​និរន្តរភាព​នៅ​ក្នុង​ប្រទេស​កម្ពុជា​។​

ការ​​ប្រៀបធៀប​ស្តង់ដារ​ EIA​ នៅ​កម្ពុជា​ទៅ​នឹង​ស្តង់ដារ​អន្តរជាតិ​

​នៅ​ទូ​ទាំង​ពិភពលោក​ របាយការណ៍​ EIA​ ត្រូវ​បាន​គេ​ចាត់​ទុក​ថា​ ជា​ឧបករណ៍​រៀបចំ​ផែនការ​គន្លឹះ​សម្រាប់​ការ​យល់​ដឹង​ពី​ហេតុប៉ះពាល់​នៃ​គម្រោង​អភិវឌ្ឍន៍​ធំៗ​ និង​គ្រប់​គ្រង​ការ​អភិវឌ្ឍលើ​គម្រោង​ណា​ដែល​អាច​នឹង​បង្ក​ការ​បំផ្លិចបំផ្លាញ​ មុន​ពេល​ដែល​គម្រោង​ទាំងនោះ​ចាប់ផ្តើម​ដំណើរការ​។42​​ EIA​ គួរតែ​ត្រូវបានគេយកទៅធ្វើការ​វាយតម្លៃ​លើ​គម្រោង​ទាំងមូល​ដែល​មាន​លក្ខណៈ​ជា​ប្រព័ន្ធ​ ហើយត្រូវ​បានពិចារណា​លើ​គ្រប់​ទិដ្ឋភាព​នៃ​របៀប​ដែល​គម្រោង​នឹងផ្តល់ផល​ប៉ះពាល់​ដល់​សហគមន៍​ និង​ប្រព័ន្ធ​អេកូ​ឡូស៊ី​ដែល​នៅ​ជុំវិញ​ទីតាំង​នៃ​គម្រោង​នោះ​។​ ប្រទេស​ដែល​ត្រូវ​បាន​គេ​ចាត់​ទុក​ថា​មាន​គោលការណ៍​ EIA​ ខ្លាំង​បំផុត​នោះ​គឺ​ សហរដ្ឋអាមេរិក​ ប្រទេស​កា​ណា​ដា​ ប្រទេស​អូស្ត្រាលី​ ប្រទេស​នូ​វែ​ល​សេ​ឡង់​ និង​ប្រទេស​ហូល្ល​ង់​។43​​ នៅ​ក្នុង​ប្រទេស​ទាំងនេះ​សាធារណជន​ត្រូវ​បាន​ធ្វើការ​ពិគ្រោះ​យោបល់​ជាមួយ​ចាប់តាំងពី​នៅ​ដំណាក់កាល​ដំបូង​នៃ​ការ​រៀបចំ​ផែនការ​ និងការធ្វើចំណាត់ថ្នាក់​ជម្រើស​នៃ​ការ​អភិវឌ្ឍន៍​ ដែល​អនុញ្ញាត​ឱ្យ​អ្នក​ធ្វើ​ផែនការ​សម្រេចចិត្ត​ជ្រើស​យក​វិធីសាស្ត្រ​ដែល​មាន​ហានិភ័យតិច​បំផុត​ក្នុង​ការ​សម្រេច​គោលដៅ​អភិវឌ្ឍន៍​របស់​ប្រទេស​។​ បណ្តា​ប្រទេស​ទាំងនេះ​ក៏​បាន​យកចិត្តទុកដាក់​ទៅ​លើ​ផល​ប៉ះពាល់​នៃ​ការ​អនុម័ត​គម្រោង​នានា​ផង​ដែរ​។​ ទោះបីជា​មានគម្រោង​ដែល​មិន​មាន​ផល​ប៉ះពាល់​បរិស្ថាន​ក៏​ដោយ​ ក៏​ប្រទេស​ទាំងនេះ​ពិចារណា​ពី​របៀប​ដែល​គម្រោង​នេះ​នឹង​បន្ថែម​ទៅ​លើ​ផល​ប៉ះពាល់​សរុប​ទៅលើ​គម្រោង​ដែល​បាន​អនុម័ត​។​ ថ្មីៗ​នេះ​សហគមន៍​ពិភពលោក​កំពុង​មាន​និន្នាការ​ឆ្ពោះទៅ​រក​ការ​ប្រើប្រាស់​ EIA​ សម្រាប់​ត្រួតពិនិត្យគម្រោង​អភិវឌ្ឍន៍​ទាំងអស់ ​មិន​ត្រឹមតែ​គម្រោង​ធំៗ​នោះ​ទេ​ ហើយ​ដំណើរការ​ EIA​ ត្រូវ​បាន​ចាត់​ទុក​ថា​ជា​ផ្នែក​ចាំបាច់​នៃ​ការ​អភិវឌ្ឍ​ប្រកបដោយ​ចីរភាព​នៅ​កម្រិតថ្នាក់​ជាតិ​។​

​ដំណើរការ​នៃ​ការ​វាយតម្លៃ​ EIA​ របស់​ប្រទេស​កម្ពុជា ​គឺ​ស្រ​ដៀង​នឹងបណ្តា​ប្រទេស​ជិតខាង​នៅ​អាស៊ី​អាគ្នេយ៍ដែរ​​ ប៉ុន្តែ​នៅ​ខ្វះ​នីតិវិធី​មួយ​ចំនួន​ដែល​ត្រូវ​បាន​ប្រើ​​ដើម្បី​ធានា​ថា​ EIA​ គឺជា​ផ្នែក​មួយ​ដ៏​មាន​ប្រសិទ្ធិ​ភាព​និង​មាន​តម្លៃ​នៃ​ដំណើរការ​រៀបចំ​ផែនការ ដែល​នៅ​ក្នុង​បណ្តា​ប្រទេស​ដែល​មានដំណើរ​ការ​ល្អ​បំផុតកំពុង​អនុវត្ត​។44​ កម្រិត​នៃ​ការ​ចូលរួម​ជា​សាធារណៈ​របស់​ប្រទេស​កម្ពុជា​ក្នុង​ដំណើរការ​ EIA​ គឺស្ថិត​នៅកម្រិត​​មធ្យម​ បើ​ធៀប​នៅ​​បណ្តាប្រទេស​ថ្នាក់​​តំបន់​ ប៉ុន្តែ​វា​នៅ​ទាប​នៅឡើយ​បើ​ធៀប​ទៅ​នឹង​​បណ្តាប្រទេស​ដទៃទៀតនៅទូទាំង​​ពិភពលោក​។​ ច្បាប់​របស់​ប្រទេស​កម្ពុជា​ ​អាច​តម្រូវ​ឱ្យ​ដាក់​របាយការណ៍​ EIA​ មាន​​ជា​​សាធារណៈ​បាន​ ប៉ុន្តែ​មិន​បាន​បញ្ជាក់​ថា​ ឯកសារ​គាំទ្រ​នានា​ត្រូវ​តែ​មាន​ជា​សាធារណៈ​នោះ​ទេ​ ខណៈ​ដែល​ប្រទេស​ភាគច្រើន​ត្រូវការឱ្យមានបង្ហាញឯកសារ​ទាំងនោះ​​។​ ជាមួយ​គ្នា​នេះ​ដែរ​ ខណៈ​ពេល​ដែល​ប្រទេស​កម្ពុជា​យកចិត្តទុកដាក់​តែ​លើ​ធាតុ​ចូល​ពី​សាធារណៈ​នៅ​ក្នុង​ដំណាក់កាល​រៀបចំ​ផែនការ​ដំបូង​ ប្រទេស​ដទៃ​ទៀត​បាន​ផ្តល់​អោយ​សាធារណជន​នូវ​ការ​ចូលរួម​បន្ទាប់​ពី​ការ​អនុម័ត​គម្រោង​ដោយ​អនុញ្ញាត​ឱ្យ​ពួក​គេ​រាយ​ការ​ណ៏​ពី​គម្រោង​ណា​ដែល​មិន​បាន​ ឬ​បរាជ័យ​ក្នុង​ការ​អនុវត្ត​តាម​កិច្ចព្រមព្រៀង​បរិស្ថាន​ EIA​ ដែល​ការ​ចូលរួម​នេះ​ជួយ​គាំទ្រ​ដល់​កិច្ច​ខិតខំ​ប្រឹងប្រែង​តាមដាន​ និង​អនុវត្ត​។​ បទ​ប្បញ្ញត្តិ​សំខាន់​បំផុត​មួយ​ដែល​ត្រូវ​បាន​ប្រើប្រាស់​ដោយ​បណ្តា​ប្រទេស​ដែល​មានដំណើរ​ការ​ល្អ​បំផុត​គឺ​ តម្រូវ​ឱ្យ​អ្នក​រៀបចំ​ផែនការ​ពិចារណា​ពី​ជម្រើស​នៃ​ការ​អភិវឌ្ឍដែល​បាន​ស្នើ​សុំ​ ដែល​នឹង​មាន​ផល​ប៉ះពាល់​តិចតួច​ដល់​សហគមន៍​។​ ចំណែក​ច្បាប់​នៅ​កម្ពុជា​មិន​តម្រូវ​បែប​នេះនោះ​ទេ​ ហើយ​នេះ​ជា​ចំណុច​ខ្សាយ​ដ៏​សំខាន់​មួយ​ក្នុង​ដំណើរការ​ EIA​ របស់​កម្ពុជា​។​ 45

​ជា​រួម​ ច្បាប់​កម្ពុជា​នៅ​មាន​ចំណុចច្រើន​​ដើម្បី​កែ​លម្អ​ឱ្យ​ស្រប​តាម​ស្តង់ដារ​អន្តរជាតិ​ ជា​ពិសេស​នៅ​ក្នុង​ការ​ពិចារណា​លើ​ជម្រើស​នៃ​ការ​អភិវឌ្ឍ​ និង​ការ​ពិនិត្យ​តាមដាន​គម្រោង​ក្រោយ​ពេល​អនុម័ត​។​ បណ្តា​ប្រទេស​ដែល​អនុវត្ត​កិច្ចព្រមព្រៀង​ EIA​ បាន​ខ្ជាប់ខ្ជួន​ត្រូវ​បាន​គេ​មើលឃើញ​ថា​ ការ​អនុវត្ត​សាងសង់​មាន​សុវត្ថិភាព​ និង​ប្រកបដោយ​និរន្តរភាព​ច្រើន​ ហើយ​ទំនួល​ខុស​ត្រូវ​សាធារណៈ​ពី​អ្នក​អភិវឌ្ឍ​ក៏​មាន​ច្រើន​ជាង​បណ្តា​ប្រទេស​ដែល​ការ​អនុវត្ត​ EIA នៅ​មាន​កម្រិត​​។46​​ ​ នៅ​ពេល​ដែល​រដ្ឋាភិបាល​ពឹងផ្អែក​លើ​ការ​ធ្វើ​របាយការណ៍​អំពី​EIA​ ពួក​គេ​បាន​ទទួលស្គាល់​ថា​និរន្តរភាព​បរិស្ថាន​ចូលរួម​លើកទឹកចិត្ត​ដល់​សន្តិសុខ​សង្គម​ និង​សេដ្ឋកិច្ច​ ហើយ​វា​ក៏​ចូលរួម​លើកទឹកចិត្ត​ឱ្យ​មាន​ស្ថេ​រ​ភាព​រយៈពេល​យូរអង្វែង​ជា​ជាង​ផលប្រយោជន៍​សេដ្ឋកិច្ច​តែត្រឹម​រយៈពេល​ខ្លី​។​

​សូម​ចុច​ទីនេះ​សម្រាប់​ព័ត៌​មាន​បន្ថែម​អំពី​ការ​វាយ​តម្លៃ​ហេតុ​ប៉ះពាល់​បរិស្ថាន​

​សូម​ចុច​នៅ​ទីនេះ​សម្រាប់​តារាង​រាយ​បញ្ជី​របាយ​ការណ៍​ EIA​ ​ដែល​បាន​ចេញ​ផ្សាយ​ជា​សាធារណៈ​

ឯកសារយោង

  1. 1. Martin Farreer. “ជនជាតិចិនប្រាំនាក់ត្រូវបានចោទប្រកាន់ពីបទធ្វើឱ្យអគារដួលរលំសម្លាប់មនុស្សរហូតដល់ទៅ ២៨នាក់”. សារព័ត៌មាន The Guardian, ចុះថ្ងៃទី ២៥ ខែមិថុនា ឆ្នាំ២០១៩។ https://www.theguardian.com/world/2019/jun/24/chinese-builders-arrested-as-toll-in-cambodia-building-collapse-rises-to-24
  2. 2. “ប្រទេសកម្ពុជាបោសសម្អាតមន្រ្តីបន្ទាប់ពីការបាក់រលំអគារខណៈអ្នកស្លាប់កើនដល់២៨ នាក់​”. សារព័ត៌មាន Channel News Asia, ចុះថ្ងៃទី ២៤ ខែមិថុនា ឆ្នាំ២០១៩។ https://www.channelnewsasia.com/news/asia/cambodia-sacks-minister-over-building-collapse-as-toll-rises-to-11655268
  3. 3. ឃី សុវុទ្ធី.”មនុស្សបួននាក់ត្រូវបានបញ្ជូនទៅតុលាការបន្ទាប់ពីការស្លាប់ដោយសារដួលរលំអគារ”. កាសែតខ្មែរថាមស៍, ចុះថ្ងៃទី ២៤ ខែមិថុនា ឆ្នាំ២០១៩។ https://www.khmertimeskh.com/617188/four-to-be-sent-to-court-over-deadly-building-collapse/
  4. 4. “ការបាក់រលំអាគារប្រទេសកម្ពុជា៖ មនុស្សពីរនាក់នៅមានជីវិត”. សារព័ត៌មាន (BBC) News, ចុះថ្ងៃទី ២៥ ខែមិថុនា ឆ្នាំ២០១៩។ https://www.bbc.com/news/world-asia-48741234
  5. 5. Paul Eckert. “មនុស្ស ១៥ នាក់បានស្លាប់ក្នុងការដួលរលំអគារដែលជនជាតិចិនសាងសង់ខុសច្បាប់នៅខេត្តព្រះសីហនុ”. វិទ្យុអាស៊ីសេរី (RFA), ចុះថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០១៩។ https://www.rfa.org/english/news/cambodia/sihanoukville-collapse-06222019150251.html
  6. 6. ឡុង គីមម៉ារីតា.”ការដួលរលំអគារនៅខេត្តព្រះសីហនុបានសម្លាប់មនុស្សចំនួន ១៩នាក់″. កាសែតភ្នំពេញប៉ុស្តិ៍, ចុះថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០១៩។ https://www.phnompenhpost.com/national/sihanoukville-building-collapse-death-toll-rises-19
  7. 7. “ប្រទេសកម្ពុជាបោសសម្អាតមន្រ្តីបន្ទាប់ពីការបាក់រលំអគារខណៈអ្នកស្លាប់កើនដល់២៨ នាក់​”. សារព័ត៌មាន Reuters, ចុះថ្ងៃទី ២៤ ខែមិថុនា ឆ្នាំ២០១៩។ https://www.reuters.com/article/us-cambodia-construction-accident/cambodia-sacks-minister-over-building-collapse-as-toll-rises-to-28-idUSKCN1TP0ZJ
  8. 8. ឡុង គីមម៉ារីតា.”ប្រតិបត្ដិការជួយសង្គ្រោះនៅខេត្តព្រះសីហនុបានបញ្ចប់ហើយការស៊ើបអង្កេតនឹងចាប់ផ្តើម”. កាសែតភ្នំពេញប៉ុស្តិ៍, ចុះថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០១៩។ https://www.phnompenhpost.com/national/sihanoukville-rescue-operations-end-inquiry-set-begin
  9. 9. ច្បាប់ស្តីពីការវិនិយោគនៅព្រះរាជាណាចក្រកម្ពុជា, មាត្រា ៨។
  10. 10. ច្បាប់ស្តីពីការវិនិយោគនៅព្រះរាជាណាចក្រកម្ពុជា, មាត្រា ១៦។
  11. 11. Sciaroni & Associates, ការធ្វើធុរកិច្ចនៅប្រទេសកម្ពុជា, 2015. https://web.archive.org/web/20200704191233/http://sa-asia.com:80/sa/category/our-doing-business-guides/
  12. 12. អនុក្រឹត្យលេខ ៨៦ ស្តីពីលិខិតអនុញ្ញាតសាងសង់, មាត្រា ២។
  13. 13. អនុក្រឹត្យលេខ ៨៦ ស្តីពីលិខិតអនុញ្ញាតសាងសង់, មាត្រា៧។
  14. 14. អនុក្រឹត្យលេខ ៨៦ ស្តីពីលិខិតអនុញ្ញាតសាងសង់, មាត្រា ១២។
  15. 15. អនុក្រឹត្យ លេខ៧២ ស្តីពីកិច្ចដំណើរការវាយតម្លៃហេតុប៉ះពាល់បរិស្ថាន។
  16. 16. អនុក្រឹត្យលេខ ៨៦ ស្តីពីលិខិតអនុញ្ញាតសាងសង់, មាត្រា ២០។
  17. 17. សេចក្តី​ព្រាងទី៩.១ នៃក្រម​បរិស្ថាន​ និង​​ធនធានធម្មជាតិ​, មាត្រា ៩៥។
  18. 18. សេចក្តី​ព្រាងទី៩.១ នៃក្រម​បរិស្ថាន​ និង​​ធនធានធម្មជាតិ​, មាត្រា ៩៩។
  19. 19. សេចក្តី​ព្រាងទី៩.១ នៃក្រម​បរិស្ថាន​ និង​​ធនធានធម្មជាតិ​, មាត្រា ៦៦ និង ៧៣។
  20. 20. អនុក្រឹត្យ លេខ៧២ ស្តីពីកិច្ចដំណើរការវាយតម្លៃហេតុប៉ះពាល់បរិស្ថាន, ជំពូក១, ឧបសម្ព័ន្ធទី១។
  21. 21. អនុក្រឹត្យ លេខ៧២ ស្តីពីកិច្ចដំណើរការវាយតម្លៃហេតុប៉ះពាល់បរិស្ថាន,​ឧបសម្ព័ន្ធទី១។
  22. 22. ប្រកាសលេខ ៣៧៦ ស្តីពីគោលការណ៍ណែនាំទូទៅក្នុងការធ្វើរបាយការណ៍វាយតម្លៃហេតុប៉ះពាល់បរិស្ថានដំបូង និងពេញលេញ,​ មាត្រា ១០។
  23. 23. ប្រកាសលេខ ៣៧៦ ស្តីពីគោលការណ៍ណែនាំទូទៅក្នុងការធ្វើរបាយការណ៍វាយតម្លៃហេតុប៉ះពាល់បរិស្ថានដំបូង និងពេញលេញ,​ ឧបសម្ព័ន្ធ១
  24. 24. ដូចឯកសារយោងខាងដើម។
  25. 25. ​អនុក្រឹត្យ លេខ៧២ ស្តីពីកិច្ចដំណើរការវាយតម្លៃហេតុប៉ះពាល់បរិស្ថាន,​មាត្រា១៨។
  26. 26. ប្រកាសលេខ ៣៧៦ ស្តីពីគោលការណ៍ណែនាំទូទៅក្នុងការធ្វើរបាយការណ៍វាយតម្លៃហេតុប៉ះពាល់បរិស្ថានដំបូង និងពេញលេញ,​ ឧបសម្ព័ន្ធ១។
  27. 27. សៀវភៅណែនាំស្តីពីការវាយតម្លៃហេតុប៉ះពាល់បរិស្ថាននៅក្នុងព្រះរាជាណាចក្រកម្ពុជា, ក្រសួងបរិស្ថាន, នាយកដ្ឋានវាយតម្លៃហេតុប៉ះពាល់បរិស្ថាន, ២០១២។
  28. 28. សៀវភៅណែនាំស្តីពីការវាយតម្លៃហេតុប៉ះពាល់បរិស្ថាននៅក្នុងព្រះរាជាណាចក្រកម្ពុជា, ក្រសួងបរិស្ថាន, នាយកដ្ឋានវាយតម្លៃហេតុប៉ះពាល់បរិស្ថាន, ២០១២. ជំពូក៣, មាត្រា ៣.២ឃ។
  29. 29. សៀវភៅណែនាំស្តីពីការវាយតម្លៃហេតុប៉ះពាល់បរិស្ថាននៅក្នុងព្រះរាជាណាចក្រកម្ពុជា, ក្រសួងបរិស្ថាន, នាយកដ្ឋានវាយតម្លៃហេតុប៉ះពាល់បរិស្ថាន, ២០១២. ជំពូក៣, មាត្រា ៣.២ង។
  30. 30. ប្រកាសលេខ ៣៧៦ ស្តីពីគោលការណ៍ណែនាំទូទៅក្នុងការធ្វើរបាយការណ៍វាយតម្លៃហេតុប៉ះពាល់បរិស្ថានដំបូង និងពេញលេញ,​ មាត្រា​១១ និង១២។
  31. 31. គោលការណ៍ណែនាំស្តីពីការចូលរួមជាសាធារណៈលើការវាយតម្លៃហេតុប៉ះពាល់បរិស្ថាននៅក្នុងព្រះរាជាណាចក្រកម្ពុជា, ក្រសួងបរិស្ថាន, នាយកដ្ឋានវាយតម្លៃហេតុប៉ះពាល់បរិស្ថាន, ២០១៦. ជំពូក១.៣។
  32. 32. គោលការណ៍ណែនាំស្តីពីការចូលរួមជាសាធារណៈលើការវាយតម្លៃហេតុប៉ះពាល់បរិស្ថាននៅក្នុងព្រះរាជាណាចក្រកម្ពុជា, ក្រសួងបរិស្ថាន, នាយកដ្ឋានវាយតម្លៃហេតុប៉ះពាល់បរិស្ថាន, ២០១៦. ជំពូក១.៥។
  33. 33. គោលការណ៍ណែនាំស្តីពីការចូលរួមជាសាធារណៈលើការវាយតម្លៃហេតុប៉ះពាល់បរិស្ថាននៅក្នុងព្រះរាជាណាចក្រកម្ពុជា, ក្រសួងបរិស្ថាន, នាយកដ្ឋានវាយតម្លៃហេតុប៉ះពាល់បរិស្ថាន, ២០១៦. ជំពូក១.៦។
  34. 34. គោលការណ៍ណែនាំស្តីពីការចូលរួមជាសាធារណៈលើការវាយតម្លៃហេតុប៉ះពាល់បរិស្ថាននៅក្នុងព្រះរាជាណាចក្រកម្ពុជា, ក្រសួងបរិស្ថាន, នាយកដ្ឋានវាយតម្លៃហេតុប៉ះពាល់បរិស្ថាន, ២០១៦. ជំពូក៣.២។
  35. 35. សៀវភៅណែនាំស្តីពីការវាយតម្លៃហេតុប៉ះពាល់បរិស្ថាននៅក្នុងព្រះរាជាណាចក្រកម្ពុជា, ក្រសួងបរិស្ថាន, នាយកដ្ឋានវាយតម្លៃហេតុប៉ះពាល់បរិស្ថាន, ២០១២. ជំពូក ៣.២។
  36. 36. គោលការណ៍ណែនាំស្តីពីការចូលរួមជាសាធារណៈលើការវាយតម្លៃហេតុប៉ះពាល់បរិស្ថាននៅក្នុងព្រះរាជាណាចក្រកម្ពុជា, ក្រសួងបរិស្ថាន, នាយកដ្ឋានវាយតម្លៃហេតុប៉ះពាល់បរិស្ថាន, ២០១៦. ជំពូក៣.៦។
  37. 37. ​អនុក្រឹត្យ លេខ៧២ ស្តីពីកិច្ចដំណើរការវាយតម្លៃហេតុប៉ះពាល់បរិស្ថាន,​ជំពូក៧។
  38. 38. សេចក្តី​ព្រាងទី៩.១ នៃក្រម​បរិស្ថាន​ និង​​ធនធានធម្មជាតិ​, មាត្រា៦។
  39. 39. សេចក្តី​ព្រាងទី៩.១ នៃក្រម​បរិស្ថាន​ និង​​ធនធានធម្មជាតិ​, មាត្រា៣២។
  40. 40. សេចក្តី​ព្រាងទី១០​ នៃក្រម​បរិស្ថាន​ និង​ធនធាន​ធនធានធម្មជាតិ, ២០១៨។
  41. 41. សេចក្តី​ព្រាងទី១០​ នៃក្រម​បរិស្ថាន​ និង​ធនធាន​ធនធានធម្មជាតិ, ២០១៨។
  42. 42. Jennifer C. Li. “ការវាយតម្លៃហេតុប៉ះពាល់បរិស្ថាននៅក្នុងបណ្តាប្រទេសកំពុងអភិវឌ្ឍន៍៖ ឱកាសសម្រាប់សន្តិសុខបរិស្ថានកាន់តែខ្ពស់? មូលនិធិសម្រាប់សន្តិសុខបរិស្ថាននិងនិរន្តរភាព”, ២០០៨។
  43. 43. ដូចឯកសារយោងខាងដើម, ទំព័រ ២។
  44. 44. អង្គការ PACT. “ការវិភាគប្រៀបធៀបលើការវាយតម្លៃផលប៉ះពាល់បរិស្ថាននៅក្នុងបណ្តាប្រទេសមេគង្គក្រោម”. ២០១៥។
  45. 45. អង្គការ PACT. “ការវិភាគប្រៀបធៀបលើការវាយតម្លៃផលប៉ះពាល់បរិស្ថាននៅក្នុងបណ្តាប្រទេសមេគង្គក្រោម”, ទំព័រ ៣៩. ២០១៥។
  46. 46. Li. “ការវាយតម្លៃហេតុប៉ះពាល់បរិស្ថាន”, ទំព័រ២។