វគ្គបណ្តុះបណ្តាល ស្តីពី Facebook Insights
អង្គការទិន្នន័យអំពីការអភិវឌ្ឍ (អូឌីស៊ី) តែងតែបង្ហោះព័ត៌មានអំពីគណនេយ្យភាពសង្គមនៅលើគេហទំព័ររបស់ខ្លួន និងចែករំលែកព័ត៌មានថ្មីៗពាក់ព័ន្ធលើប្រធានបទនេះ តាមរយៈប្រព័ន្ធផ្សព្វផ្សាយសង្គម។ ជាពិសេស បណ្តាញសង្គមហ្វេសប៊ុក ដែលមានការប្រើប្រាស់ច្រើនតាមរយៈទូរស័ព្ទ និងមានឥទ្ធិពលខ្លាំងនៅក្នុងប្រទេសកម្ពុជាទាំងមូល។
ដើម្បីពង្រឹងការផ្សព្វផ្សាយរបស់អូឌីស៊ី សម្រាប់ការងារនៅក្នុងគម្រោង ការឆ្នៃប្រឌិតថ្មីសម្រាប់គណនេយ្យភាពសង្គមនៅកម្ពុជា (ISAC) ដៃគូអនុវត្តគម្រោង Internews បានរៀបចំវគ្គបណ្តុះបណ្តាលមួយ ដើម្បីពង្រឹងការយល់ដឹងរបស់ក្រុមការងារអូឌីស៊ី អំពីមេទ្រិកនៃលើការប្រើប្រាស់ឧបករណ៍ផ្ទៃក្នុងរបស់ Facebook Insights ដើម្បីវិភាគលទ្ធភាពនៃចំនួនដែលទៅដល់អ្នកប្រើប្រាស់ ការចូលរួម និងផលប៉ះពាល់ជារួម។ កញ្ញា អាត សុធាវី គ្រូបណ្តុះបណ្តាលក្នុងស្រុក ត្រូវបានអញ្ជើញឱ្យមកបង្រៀនក្នុងកម្មវិធីបណ្តុះបណ្តាលនេះដល់សមាជិកក្រុមការងារអូឌីស៊ីចំនួនប្រាំពីររូប។
ជាចុងបញ្ចប់នៃកម្មវិធីដែលបានគ្រោងទុក ក្រុមការងារ និងគ្រូបណ្តុះបណ្តាលបានពិនិត្យសំណួរមួយចំនួនអំពីឧបករណ៍នៅក្នុងហ្វេសប៊ុក។ ក្រុមការងារអូឌីស៊ី មានសំណួរជាច្រើនអំពីការប្រើប្រាស់ករណីជាក់លាក់នីមួយៗនៃ Facebook Insights (ដូចជាការផ្សព្វផ្សាយអំពីថវិកាមូលដ្ឋាន) ដែលការពិភាក្សានេះបន្តរហូតដល់មួយម៉ោងទៀត។
ក្រុមការងារអូឌីស៊ីនឹងប្រើប្រាស់ការរៀនសូត្រ និងជំនាញថ្មីដើម្បីសង្កេត និងតាមដានការផ្សព្វផ្សាយ ហ្វេសប៊ុករបស់ខ្លួនសម្រាប់សកម្មភាពក្នុងគម្រោងការឆ្នៃប្រឌិតថ្មីសម្រាប់គណនេយ្យភាពសង្គមនៅកម្ពុជា (ISAC) កាន់តែដិតដល់ ខណៈគម្រោងនេះនឹងបន្តការចែករំលែកទិន្នន័យគោលដៅ និងលទ្ធផលជាក់លាក់នៅលើគេហទំព័រនៅពេលខាងមុខ។ ការបណ្តុះបណ្តាលបន្ថែមទៀតនៅក្នុងជំនាញនេះអាចនឹងត្រូវបានរៀបចំបន្ថែមនាពេលអនាគត។