ការ​សិក្សា​ដើម្បី​ទទួល​បាន​សុវត្ថិភាព​តាម​អ៊ីនធឺណិត​៖​ បទ​ពិសោធន៍​របស់​សិស្សានុសិស្ស​នៅ​ខេត្តព្រះវិហារ​

នៅ​ថ្ងៃ​ទី​២៥​ ខែសីហា​ ឆ្នាំ​២០២៦​ អង្គការ​ទិន្នន័យ​អំពី​ការ​អភិវឌ្ឍ​ (​អូ​ឌី​ស៊ី​)​ បាន​រៀបចំ​សិក្ខាសាលា​ជាមួយ​សិស្សានុសិស្ស​នៅ​ខេត្តព្រះវិហារ​ ដែល​ដូច​គ្នា​ទៅ​នឹង​សិក្ខាសាលា​សម្រាប់​សិស្សានុសិស្ស​នៅ​ខេត្តកំពង់ធំ​។​ យើង​រៀបចំ​សិក្ខាសាលា​ចែករំលែក​នេះ​ក្រោម​ប្រធានបទ​ ការ​លើកកម្ពស់​សុវត្ថិភាព​លើ​ប្រព័ន្ធ​អន​ឡាញ​សម្រាប់​កុមារ​ ក្រោម​កិច្ចសហការ​ជាមួយ​ក្រសួង​ប្រៃសណីយ៍​ និង​ទូរគមនាគមន៍​ និង​អង្គការ​គណៈកម្មាធិការ​សហប្រតិបត្តិការ​ដើម្បី​កម្ពុជា​ នៅ​វត្ត​ព្រះពុទ្ធ​មាន​ជ័យ​។​

សិស្សានុសិស្ស​សរុប​ចំនួន​ ១០២​នាក់​ (​ស្រី​ ៥៨​ និង​បុរស​ ៤៤)​ ដែល​មាន​អាយុ​ក្រោម​១៨​ឆ្នាំ​ មក​ពីសា​លា​បឋម​សិក្សា​ និង​មធ្យមសិក្សា​នានា​ បាន​ចូលរួម​នៅ​ក្នុង​កិច្ចសហការ​រួម​គ្នា​នេះ​ ដើម្បី​លើកកម្ពស់​សុវត្ថិភាព​អន​ឡាញ​សម្រាប់​កុមារ​នៅ​កម្ពុជា​។​ ខុស​គ្នា​ពី​សិក្ខាសាលា​នៅ​ខេត្តកំពង់ធំ​ យើង​បាន​ប្រើ​វិធីសាស្ដ្រ​ផ្សេង​គ្នា​បន្តិច​ដើម្បី​ពង្រឹង​ការ​យល់​ដឹង​អំពី​សុវត្ថិភាព​អន​ឡាញ​ ពីព្រោះ​អ្នកចូលរួម​មាន​អាយុ​តិច​ជាង​។​ យើង​បាន​បង្កើត​បរិយាកាស​សិក្សា​ដែល​មានការ​ចូលរួម​ គាំទ្រ​ និង​លេង​កំសាន្ត​ពេញ​មួយ​ថ្ងៃ​ ដែល​អនុញ្ញាត​ឱ្យ​សិស្សានុសិស្ស​រៀន​ ហើយ​ចូលរួម​នៅ​ក្នុង​សកម្មភាព​ផ្សេងៗ​ជាមួយ​មិត្តភក្ដិ​ និង​អ្នកសម្របសម្រួល​របស់​យើង​។​

​ស្វែង​យល់​ពី​អត្ថប្រយោជន៍​ និង​ហានិភ័យ​លើ​ប្រព័ន្ធ​ផ្សព្វផ្សាយ​ឌី​ជី​ថ​ល​នៅ​ក្នុង​កិច្ច​ពិភាក្សា​ដ៏​សិ្ន​ទ្ធ​ស្នាល​

​សិក្ខាសាលា​នេះ​បាន​ចាប់ផ្តើម​ដោយ​កិច្ច​ពិភាក្សា​ជា​ក្រុម​ដោយ​ស្វែង​យល់​ពី​ឱកាស​ និង​ហានិភ័យ​ដែល​ទាក់ទង​នឹង​ប្រព័ន្ធ​ផ្សព្វផ្សាយ​ឌី​ជី​ថ​ល​។​ វា​ជា​កិច្ច​ពិភាក្សា​ដ៏​ស្និទ្ធស្នាល​មួយ​ដែល​សម្របសម្រួល​ដោយ​លោក​ វង្ស​ ព្រហ្ម​នា​ និង​ចូលរួម​ពី​លោក​ ចាន់​ ភក្ដី​ ក្រុមការងារ​សុវត្ថិភាព​លើ​ប្រព័ន្ធ​អន​ឡាញ​នៃ​ក្រសួង​ប្រៃសណីយ៍​ និង​ទូរគមនាគមន៍​ កញ្ញា​ សួ​ស​ ធីតា​ មន្ត្រី​ផ្នែក​ទំនាក់ទំនង​នៃ​អង្គការ​ទិន្នន័យ​អំពី​ការ​អភិវឌ្ឍ​ និង​កញ្ញា​ ច​ន​ ថា​វី​ យុវ​ទូត​ស្ម័គ្រចិត្ត​ដើម្បី​គោលដៅ​អភិវឌ្ឍ​ប្រកបដោយ​ចីរភាព​។​

​ការ​ពិភាក្សា​បាន​គ្របដណ្តប់​លើ​របៀប​ដែល​ការ​ទំនាក់ទំនង​ និង​ការ​ទទួល​បាន​ព័ត៌មាន​បាន​ផ្លាស់​ប្តូរ​ នៅ​ពេល​ដែល​ប្រជាជន​កំពុង​ផ្លាស់​ប្តូរ​ការ​ប្រើប្រាស់​ប្រព័ន្ធ​ផ្សព្វផ្សាយ​តាម​បែប​ប្រពៃណី​ទៅ​ជា​ឌី​ជី​ថ​ល​ ព្រមទាំង​អត្ថប្រយោជន៍​ដែល​ការ​ផ្លាស់​ប្តូរ​នេះ​អាច​នាំ​មក​ដល់​កុមារ​ដែល​ជា​សិ​ស្សា​នុ​សិ​ស្សា​។​ ទាំង​អស់នេះ​ រួម​មានការ​ចូល​ប្រើប្រាស់​សម្ភារៈ​សិក្សា​ ការ​ទំនាក់ទំនង​ជាមួយ​មិត្តភក្តិ​ និង​ការ​រួមចំណែក​ដល់​ការ​អភិវឌ្ឍន៍​សហគមន៍​។​ ទន្ទឹម​នឹង​អត្ថប្រយោជន៍​ទាំងនេះ​ ហានិភ័យ​ដែល​អាច​កើត​មាន​ក៏​ត្រូវ​បាន​លើក​ឡើង​ដោយ​វាគ្មិន​ផង​ដែរ​ ដោយ​មិនមែន​ចេតនា​បន្លាច​ពួក​គេ​ទេ​ ប៉ុន្តែ​ដើម្បី​លើកកម្ពស់​ប្រុង​ប្រយ័ត្ន​។​ ការ​លើក​ឡើង​នេះ​ គឺ​ផ្អែក​ទៅ​លើ​របាយការណ៍​ការ​បញ្ឈប់​គ្រោះថ្នាក់​នៅ​កម្ពុជា​ ឆ្នាំ​២០២២​។​

ការ​ពង្រឹងសមត្ថភាព​ដល់​សិស្សានុសិស្ស​នេះ​ដើម្បី​ប្រើប្រាស់​វេទិកា​ប្រព័ន្ធ​ផ្សព្វផ្សាយ​ឌី​ជី​ថ​ល​ប្រកបដោយ​ប្រសិទ្ធភាព​ និង​សុវត្ថិភាព​ ក៏​ត្រូវ​បាន​សង្កត់ធ្ងន់​នៅ​ក្នុង​កិច្ច​ពិភាក្សា​នេះ​ផង​ដែរ​។​ ជា​ពិសេស​ វាគ្មិន​បាន​លើក​ឡើង​ពី​តួនាទី​របស់​អក្ខរកម្ម​ឌី​ជី​ថ​ល​ ក្នុង​ការ​បង្កើន​សមត្ថភាព​សិស្សានុសិស្ស​ដើម្បី​ការពារ​ព័ត៌មាន​ផ្ទាល់ខ្លួន​ សម្គាល់​គ្រោះថ្នាក់​តាម​អ៊ីនធឺណិត​ ស្វែងរក​ការ​គាំទ្រ​សម​ស្រប​ និង​ប្រើប្រាស់​ថ្នាល​ប្រកបដោយ​ទំនួល​ខុស​ត្រូវ​។​ ភាគី​ពាក់ព័ន្ធ​ផ្សេងៗ​ ក៏​មាន​ទំនួល​ខុស​ត្រូវ​ក្នុង​បញ្ហា​នេះ​ផង​ដែរ​ ដូចដែល​បាន​លើក​ឡើង​ដោយ​វាគ្មិន​ រួម​មាន​ឪពុក​ម្តាយ​ គ្រូបង្រៀន​ មិត្តភក្តិ​ ក្រុមហ៊ុន​បច្ចេកវិទ្យា​ អង្គការ​សង្គម​ស៊ី​វិល​ និង​រដ្ឋាភិបាល​។​

ដានជើង​ឌី​ជី​ថ​ល​៖​ ជា​មូលហេតុ​ធ្វើ​ឱ្យ​មាន​ហានិភ័យ​តាម​អ៊ីនធឺណិត​ដល់​កុមារ​ដែរ​ឬទេ​?​

អ្នកសម្របសម្រួល​បាន​ប្រៀបធៀប​ដាន​ឌី​ជី​ថ​ល​ទៅ​នឹង​ដានជើង​មនុស្ស​ដែល​បន្សល់​ទុក​ក្នុង​ភក់​ក្រោយ​ពេល​ដើរ​កាត់​វា​។​ ការ​ប្រៀបធៀប​នេះ​បាន​ជួយ​សិស្សានុសិស្ស​ឱ្យ​យល់​ថា​សកម្មភាព​ដែល​បាន​ចែករំលែក​តាម​អ៊ីនធឺណិត​អាច​បន្សល់​ទុក​នូវ​ដាន​យូរអង្វែង​ ទោះបីជា​យើង​ព្យាយាម​លុប​វា​ចេញ​នៅ​ពេល​ក្រោយ​ក៏​ដោយ​។​ ដានជើង​ឌី​ជី​ថ​ល​នេះ​អាច​កើត​ចេញពី​គ្រប់​សកម្មភាព​ដែល​យើង​ធ្វើ​នៅ​ក្នុង​អ៊ីនធឺណិត​ ដូច​ជា​មាតិកា​ដែល​យើង​ និង​អ្នក​ដ៏​ទៃ​បង្ហោះ​ ទីតាំង​ដែរ​យើង​ទៅ​ និង​អ្វី​ដែល​យើង​ឆ្លង​ឆ្លើយ​គ្នា​។​ សកម្មភាព​បែប​នេះ​អាច​ភ្ជាប់​មក​ជាមួយ​ទិន្នន័យ​ផ្ទាល់ខ្លួន​របស់​អ្នក​ប្រើប្រាស់​ ដែល​អាចយ​កមក​ប្រើប្រាស់​ក្នុង​គោលបំណង​មិន​ត្រឹមត្រូវ​ក្នុង​ការ​បៀតបៀន​ និង​កេងប្រវ័ញ្ច​កុមារ​។​

អ្នកសម្របសម្រួល​បាន​ព្រមាន​សិស្សានុសិស្ស​ពី​ទំនាក់ទំនង​រវាង​ការ​បង្ហាញ​ទិន្នន័យ​ផ្ទាល់ខ្លួន​ និង​ការ​បៀតបៀន​តាម​អ៊ីនធឺណិត​។​ វា​កើតឡើង​ នៅ​ពេល​ដែល​ឈ្មោះ​ពេញ​ សាលារៀន​ លេខ​ទូរស័ព្ទ​ អាសយដ្ឋាន​ផ្ទះ​ និង​អត្តសញ្ញាណប័ណ្ណ​ ត្រូវ​បាន​ចែករំលែក​ជា​សាធារណៈ​ ឬ​ជាមួយ​មនុស្ស​ដែល​ស្គាល់គ្នា​តែ​នៅ​លើ​អ៊ីនធឺណិត​។​ បញ្ហា​ដែល​គួរ​ឱ្យ​ព្រួយបារម្ភ​មួយ​ គឺ​ការ​យល់​ដឹង​របស់​កុមារ​នៅ​មាន​កម្រិត​ លទ្ធផល​អវិជ្ជមាន​នៃ​ការ​បង្ហាញ​ព័ត៌មាន​ផ្ទាល់ខ្លួន​។​ អ្នកសម្របសម្រួល​បាន​បកស្រាយ​ដោយ​ផ្អែក​ទៅ​លើ​ការ​រក​ឃើញ​នៅ​ក្នុង​របាយការណ៍​ការ​បញ្ឈប់​គ្រោះថ្នាក់​នៅ​កម្ពុជា​ ឆ្នាំ​២០២២​ ដែល​បាន​រក​ឃើញ​ថា​មាន​តែ​យុវជន​កម្ពុជា​ ២៩%​ ប៉ុណ្ណោះ​ យល់​ឃើញ​ថា​ការ​ចែករំលែក​ព័ត៌មាន​ប្រភេទ​នេះ​ជាមួយ​មនុស្ស​ដែល​ស្គាល់​តែ​តាម​អ៊ីនធឺណិត​មាន​ «​ហានិភ័យ​ខ្ពស់​»​។​

​មុន​ពេល​បន្ត​ទៅ​មេរៀន​បន្ទាប់​ ដោយ​មើលឃើញ​ពី​ផល​ប៉ះពាល់​នៃ​ដាន់ជើង​ឌី​ជី​ថ​ល​ អ្នកសម្របសម្រួល​បាន​ណែនាំ​វិធីសាស្ត្រ​មួយ​ចំនួន​សម្រាប់​ការ​អនុវត្ត​ ដើម្បី​កាត់​បន្ថយ​ដានជើង​ឌី​ជី​ថ​ល​ និង​ការពារ​ខ្លួន​តាម​អ៊ីនធឺណិត​។​ ទាំងនេះ​រួម​បញ្ចូល​ទាំង​ការ​យល់​ដឹង​ពី​ផលវិបាក​នៃ​ការ​បង្ហាញ​ព័ត៌មាន​ផ្ទាល់ខ្លួន​ជា​សាធារណៈ​ ការ​បិទ​ ឬ​លុប​គណនី​ចាស់ៗ​ និង​ការ​ផ្លាស់​ប្ដូរ​មុខងារ​ឯកជន​ភាព​។​

ការ​បៀតបៀន​តាម​អ៊ីនធឺណិត​ដែល​កុមារ​កម្ពុជា​ជួប​ប្រទះ​ជា​រៀងរាល់ថ្ងៃ

បន្ទាប់​ពី​បង្ហាញ​ពី​ហានិភ័យ​ដែល​អាច​កើត​មាននៅ​លើ​ប្រព័ន្ធ​ផ្សព្វផ្សាយ​ឌី​ជី​ថ​ល​ និង​របៀប​ដែល​ហានិភ័យ​ទាំងនេះ​បាន​កើតឡើង​ អ្នកសម្របសម្រួល​បាន​ទាក់ទាញ​ចំណាប់អារម្មណ៍​របស់​សិស្សានុសិស្ស​ទៅ​កាន់​ទម្រង់​មួយ​ចំនួន​នៃ​ការ​បៀតបៀន​តាម​អ៊ីនធឺណិត​ដែល​កុមារ​អាច​ជួប​ប្រទះ​។​ ទម្រង់​ទាំងនេះ​រួម​មាន​ ការ​ប្រមាថ​មាក់ងាយ​តាម​អន​ឡាញ​ ការ​ចែករំលែក​រូបភាព​ដោយ​គ្មាន​ការ​អនុញ្ញាត​ ការ​បៀតបៀន​ផ្លូវភេទ​តាម​អ៊ីនធឺណិត​ ការ​លួច​តាមដាន​តាម​អន​ឡាញ​ និង​ការ​លួងលោម​តាម​អន​ឡាញ​ ដែល​ទាំង​អស់នេះ​សុទ្ធតែ​ពាក់ព័ន្ធ​ជា​ពិសេស​ជាមួយ​កុមារ​។​

​ភាព​ខុស​គ្នា​រវាង​ «​ការ​លេងសើច​»​ និង​ «​ការ​បៀតបៀន​»​ ត្រូវ​បាន​ពន្យល់​នៅ​ក្នុង​មេរៀន​នេះ​ ដោយសារ​វា​មិន​ត្រូវ​បានដឹង​យ៉ាង​ទូលំទូលាយ​ រួម​ទាំង​ក្នុង​ចំណោម​កុមារ​ខ្លួនឯង​ផង​ដែរ​។​ គម្លាត​នៃ​ការ​យល់​ដឹង​នេះ​ក៏​ជា​មូលហេតុ​មួយ​ដែល​បង្ក​ឱ្យ​ការ​បៀតបៀន​តាម​អ៊ីនធឺណិត​នៅ​តែ​បន្ត​កើត​មាន​ ព្រោះ​ពួក​គេ​យល់​ឃើញ​ថា​សកម្មភាព​នៃ​ការ​បៀតបៀន​នេះ​គ្រាន់តែ​ជា​ការ​លេងសើច​ប៉ុណ្ណោះ​។​

​អ្នកសម្របសម្រួល​បាន​ពន្យល់​ពី​ទម្រង់​នៃ​ការ​បៀតបៀន​មួយៗ​ ជាមួយនឹង​ឧទាហរណ៍​ដើម្បី​ជួយ​សិស្សានុសិស្ស​ឱ្យ​ស្គាល់​ពី​ឥរិយាបថ​បែប​នេះ​នៅ​ពេល​អនាគត​។​ បន្ទាប់​ពី​ការ​ពន្យល់​នេះ​ សិស្សានុសិស្ស​តម្រូវ​ឱ្យធ្វើ​ការងារ​ជា​ក្រុម​ដើម្បី​វិភាគ​ថា​តើ​ស្ថានភាព​នៅ​ក្នុង​ករណី​សិក្សា​ ត្រូវ​បាន​ចាត់​ទុក​ថា​ជា​ទម្រង់​នៃ​ការ​បៀតបៀន​តាម​អ៊ីនធឺណិត​ដែរ​ឬទេ​។​ នេះ​ គឺជា​ការ​អនុវត្ត​ជាក់ស្តែង​សម្រាប់​សិស្សានុសិស្ស​អនុវត្ត​អ្វី​ដែល​ពួក​គេ​បាន​រៀន​។​

សុវត្ថិភាព​អន​ឡាញ​ចាប់ផ្តើម​ពី​អ្នក​ប្រើប្រាស់​ម្នាក់ៗ​

ផ្នែក​ចុង​ក្រោយ​នៃ​សិក្ខាសាលា​នេះ​ ផ្តោត​លើ​ក្រមសីលធម៌​នៃ​ការ​ប្រើប្រាស់​ប្រព័ន្ធ​ផ្សព្វផ្សាយ​សង្គម​ ក៏​ដូច​ជា​យន្តការ​រាយការណ៍​ដែល​អ្នក​ប្រើប្រាស់​ម្នាក់ៗ​អាច​ធ្វើ​បាន​ ដើម្បី​បង្កើត​បរិយាកាស​អន​ឡាញ​ដែល​មាន​សុវត្ថិភាព​ជាង​មុន​សម្រាប់​មនុស្ស​គ្រប់​គ្នា​។​ ទន្ទឹម​នឹង​នេះ​ ការ​ពិភាក្សា​បាន​សង្កត់ធ្ងន់​ថា​ក្រុមហ៊ុន​បច្ចេកវិទ្យា​ និង​អ្នក​ពាក់ព័ន្ធ​ផ្សេង​ទៀត​ ក៏​មាន​ទំនួល​ខុស​ត្រូវ​សំខាន់​ក្នុង​ការ​ដោះស្រាយ​ការ​ព្រួយបារម្ភ​លើ​អ៊ីនធឺណិត​សម្រាប់​កុមារ​ផង​ដែរ​។

កុមារ​ត្រូវ​បាន​លើកទឹកចិត្ត​ឱ្យ​ឆ្លុះ​បញ្ចាំង​ពី​អាកប្បកិរិយា​លើ​អ៊ីនធឺណិត​របស់​ពួក​គេ​ផ្ទាល់​ និង​របៀប​ដែល​សកម្មភាព​របស់​ពួក​គេ​អាច​រួមចំណែក​ដល់​គ្រោះថ្នាក់​តាម​អ៊ីនធឺណិត​។​ ឧទាហរណ៍​ ការ​បញ្ចេញមតិ​លើ​ការ​បង្ហោះ​របស់​អ្នក​ដទៃ​ ជួនកាល​អាច​ពាក់ព័ន្ធ​នឹង​ឥរិយាបថ​ដែល​បង្ក​គ្រោះថ្នាក់​ រួម​ទាំង​ពាក្យ​ស្អប់ខ្ពើម​ ឬ​ការ​ចែករំលែក​ព័ត៌មាន​ផ្ទាល់ខ្លួន​ដែល​មិន​មានការ​អនុញ្ញាត​។​ ដូច្នេះ​ អ្នកសម្របសម្រួល​បាន​ណែនាំ​គោលការណ៍​មួយ​ចំនួន​របស់​អ្នក​ប្រើប្រាស់​អ៊ីនធឺណិត​ដែល​មាន​ទំនួល​ខុស​ត្រូវ​ រាប់​ចាប់ពី​ការ​ការពារ​ឯកជន​ភាព​របស់​អ្នក​ដ៏​ទៃ​ ការ​ចែករំលែក​ព័ត៌មាន​ដែល​បាន​ផ្ទៀងផ្ទាត់​ និង​ការ​ទទួលខុសត្រូវ​ចំពោះ​សកម្មភាព​របស់​ខ្លួន​។​

​សិក្ខាសាលា​នេះ​ត្រូវ​បាន​បញ្ចប់​ដោយ​យន្តការ​រាយការណ៍​ ដែល​អ្នកសម្របសម្រួល​បាន​អញ្ជើញ​អ្នកចូលរួម​ឱ្យ​អនុវត្ត​ការ​រាយការណ៍​មាតិកា​ដែល​បង្ក​គ្រោះថ្នាក់​ ឬ​បំពាន​នៅ​លើ​វេទិកា​ ជា​ពិសេស​កម្មវិធី​ហ្វេ​ស​ប៊ុ​ក​ និង​តិកតុក​ បន្ទាប់​ពី​បាន​រៀន​ពី​របៀប​រាយការណ៍​។​ ក្រៅពី​យន្តការ​នេះ​ អ្នកសម្របសម្រួល​ក៏​បាន​ណែនាំ​បណ្តាញ​ផ្ដល់​ជំនួយ​មួយ​ចំនួន​នៅ​ក្នុង​ប្រទេស​កម្ពុជា​ ដែល​កុមារ​ និង​ឪពុក​ម្តាយ​របស់​ពួក​គេ​អាច​ទាក់ទង​ស្នើ​សុំ​ការ​គាំទ្រ​។​