តំណាងសហជីពបីនាក់ទៀតត្រូវបានចាប់ខ្លួនពីបទញុះញង់កម្មករឲ្យធ្វើកូដកម្ម
នគរបាលខេត្តកណ្តាលបានចាប់តំណាងសហជីពបីនាក់ទៀតកាលពីថ្ងៃសុក្រដោយសារមានការចោទថា បានញុះញង់កម្មកររោងចក្រកាត់ដេរឲ្យធ្វើកូដកម្ម និងតវ៉ានៅមុខរោងចក្ររបស់ពួកគេក្នុងរយៈពេលជាច្រើនសប្តាហ៍មក។ ការចាប់ខ្លួននេះធ្វើឡើងបន្ទាប់ពីមានការចាប់ខ្លួនតំណាងប្រាំមួយនាក់របស់សហជីពមួយទៀតកាលពីសប្តាហ៍មុន មុនពេលមានការតវ៉ានៅរោងចក្រស្បែកជើង វីងស្តារ នៅក្នុងខេត្តកំពង់ស្ពឺ ដែលជាប់ចោទពីបទញុះញង់ឲ្យធ្វើកូដកម្មដូចគ្នាដែរ។ ការចាត់វិធានការផ្លូវច្បាប់ចំពោះការតវ៉ានៅក្នុងវិស័យកាត់ដេរនេះ កើតមានចំពេលមានពាក្យបណ្តឹងច្រើនឡើងៗពីម្ចាស់រោងចក្រដែលចោទថា រដ្ឋាភិបាលមិនបានចាត់វិធានការគ្រប់គ្រាន់ដើម្បីទប់ស្កាត់ និងបង្ក្រាបសកម្មភាពខុសច្បាប់របស់សហជីព។ លោក អ៊ាវ ចំរើន ស្នងការនគរបាលខេត្តកណ្តាលបានមានប្រសាសន៍ថា ការចាប់ខ្លួនថ្មីនេះធ្វើឡើងតាមពាក្យបណ្តឹងរបស់រោងចក្រ ឃ្វីន មេជើ អិុនដាសស្ទ្រៀល (QuintMajorIndustrial) ដែលមានកម្មកររាប់រយនាក់កំពុងធ្វើការតវ៉ាចាប់តាំងពីថ្ងៃទី២៣ ខែមេសាមក ដើម្បីទាមទារឲ្យរោងចក្រទទួលយកកម្មករដែលត្រូវបានបញ្ចប់កិច្ចសន្យានាពេលថ្មីៗនេះចំនួន២៥នាក់ ចូលធ្វើការវិញ។ លោក ចំរើន បានមានប្រសាសន៍ថា “មានតំណាងសហជីពប្រហែលបីនាក់ ដែលកំពុងញុះញង់កម្មករឲ្យតវ៉ា”។ … លោក អ៊ុក គឹមសិទ្ធិ ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តបានបញ្ជាក់ថា រឿងក្តីេនះបានមកដល់តុលាការហើយ ហើយបានបង្វែរសំណួរបន្ថែមទៅចៅក្រមទទួលបន្ទុករឿងក្តីនេះដែលលោកបានបដិសេធមិនប្រាប់ឈ្មោះមុនពេលលោកដាក់ទូរស័ព្ទចុះ។ លោក ចាប សីុនាង ប្រធានពន្ធនាគារខេត្តកណ្តាល បានមានប្រសាសន៍ថា មនុស្សទាំងបីនាក់គឺ ម៉ុក ម៉ាញ ប៊ីវ ម៉ាន់ណូរិន និង សុខ វិច្ឆរ៉ា បានមកដល់ពន្ធនាគារកាលពីថ្ងៃសុក្រ។ …
ម៉ិច ដារ៉ា
http://www.cambodiadailykhmer.com/news/14272/