តំណាង​​​សហជីព​​​បី​​​នាក់​​​ទៀតត្រូវបានចាប់​​​ខ្លួន​​​​​​ពី​​​បទ​​​ញុះ​​​ញង់​​​កម្មករ​​​​​​ឲ្យធ្វើ​​​កូដកម្ម

នគរបាលខេត្ត​​​កណ្តាល​​​បាន​​​ចាប់តំណាង​​​សហជីព​​​បីនាក់​​​ទៀត​​​កាល​​​ពី​​​ថ្ងៃ​​​សុក្រ​​​ដោយ​​​សារ​​​មាន​​​ការ​​​ចោទ​​​ថា ​​​បាន​​​ញុះញង់​​​កម្មករ​​​រោង​​​ចក្រ​​​កាត់​​​ដេរ​​ឲ្យ​​​ធ្វើ​​​កូដកម្ម និង​​​តវ៉ា​​​នៅមុខ​​​រោង​​​ចក្រ​​​​​​របស់​​​ពួក​​​គេ​​​ក្នុង​​​រយៈ​​​ពេល​​​ជាច្រើន​​​សប្តាហ៍​​​មក​​​​​​។ ការ​​​ចាប់ខ្លួន​​​នេះ​​​ធ្វើ​​​ឡើង​​​បន្ទាប់ពី​​​មាន​​​ការ​​​ចាប់ខ្លួន​​​តំណាង​​​ប្រាំ​​​មួយ​​​នាក់​​​របស់​​​សហជីព​​​មួយ​​​ទៀត​​​កាល​​​ពី​​​សប្តាហ៍​​​មុន​​​ មុន​​​​ពេល​​មាន​​​ការ​​​តវ៉ា​​​នៅ​​​រោង​​​ចក្រ​​​ស្បែក​​​ជើង​​​ វីង​​​​​​ស្តារ​​​ នៅ​​​ក្នុង​​​ខេត្ត​​​កំពង់​​​ស្ពឺ​​​ ដែល​​​ជាប់​​​ចោទ​​​ពី​​​បទ​​​ញុះ​​​ញង់​​​ឲ្យ​​​ធ្វើ​​​កូដ​​​កម្ម​​​​ដូច​​​គ្នា​​​ដែរ​​​។ ​​​​​​ ការ​​ចាត់​​​វិធានការ​​​ផ្លូវ​​​ច្បាប់​​​ចំពោះ​​​ការ​​​តវ៉ា​​​នៅ​​​ក្នុ​​​ង​​​វិស័យ​​​កាត់​​​ដេរ​​​នេះ​​​ កើ​​​ត​​​មាន​​​ចំ​​​ពេល​​​មាន​​​ពាក្យ​​​បណ្តឹង​​​ច្រើន​​​ឡើង​​​ៗ​​​ពី​​​ម្ចាស់​​​រោង​​​ចក្រ​​​ដែល​​​ចោទ​​​ថា រដ្ឋាភិបាល​​​មិន​​​បាន​​​ចាត់​​​វិធានការ​​​គ្រប់​​​គ្រាន់​​​ដើម្បី​​​ទប់​​​ស្កាត់​​​ និង​​​បង្ក្រាប​​​សកម្ម​​​ភាព​​​ខុស​​​ច្បាប់​​​របស់​​​សហ​​​ជីព។ លោក​​​ អ៊ាវ ចំរើន ស្នង​​​ការ​​​នគរបាល​​​ខេត្ត​​​កណ្តាល​​​បាន​​​មាន​​​ប្រសាសន៍​​​ថា ការ​​​ចាប់ខ្លួន​​​ថ្មី​​​នេះ​​​ធ្វើ​​​ឡើង​​​តាម​​​ពាក្យ​​​​​​បណ្តឹង​​​របស់​​​រោង​​​ចក្រ​​​ ឃ្វីន​​​ មេជើ អិុន​​​ដាសស្ទ្រៀល (QuintMajorIndustrial)​​​ ដែល​​​មាន​​​កម្ម​​​ករ​​​រាប់​​​រយ​​​នាក់​​​កំពុង​​​ធ្វើ​​​ការ​​​តវ៉ា​​​ចាប់​​​តាំង​​​ពី​​​ថ្ងៃ​​​ទី​​​២៣​​​ ខែ​​​មេសា​​​មក ដើម្បី​​​ទាម​​​ទារ​​​ឲ្យ​​​រោង​​​ចក្រ​​​ទទួល​​​យក​​​កម្មករ​​​ដែល​​​ត្រូវ​​​បាន​​​បញ្ចប់​​​កិច្ច​​​សន្យា​​​នា​​​ពេល​​​ថ្មី​​​ៗ​​​នេះ​​​ចំនួន​​​២៥​​​នាក់​​​ ​​​ចូល​​​ធ្វើ​​​ការ​​​វិញ​​​។ លោក​​​ ចំរើន បាន​​​មាន​​​ប្រសាសន៍​​​ថា “មាន​​​តំណាង​​​សហជីព​​​ប្រហែល​​​បី​​​នាក់ ដែល​​​កំពុង​​​ញុះ​​​ញង់​​​កម្មករ​​​ឲ្យ​​​តវ៉ា​​​”។ … លោក អ៊ុក​​​ គឹមសិទ្ធិ ព្រះ​​​រាជអាជ្ញា​​​​​​អម​​​សាលា​​​ដំបូង​​​ខេត្ត​​​បាន​​​បញ្ជាក់​​​ថា រឿង​​​ក្តី​​​េនះ​​​បាន​​​មក​​​ដល់​​​តុលាការ​​​ហើយ​​​ ហើយ​​​បាន​​​បង្វែរ​​​សំណួរ​​​បន្ថែម​​​ទៅ​​​ចៅ​​​ក្រម​​​ទទួល​​​បន្ទុក​​​​​​រឿងក្តី​​​នេះ​​​ដែល​​​លោក​​​បាន​​​បដិ​​​សេធ​​​មិន​​​ប្រាប់​​​ឈ្មោះ​​​មុន​​​ពេល​​​លោក​​​ដាក់​​​ទូរស័ព្ទ​​​ចុះ​​​។ លោក ចាប សីុនាង ប្រធាន​​​ពន្ធ​​​នាគារ​​​ខេត្ត​​​កណ្តាល​​​ បាន​​​មាន​​​ប្រសាសន៍​​​ថា មនុស្ស​​​ទាំង​​​បី​​​នាក់​​​គឺ​​ ម៉ុក​​​ ម៉ាញ ប៊ីវ ម៉ាន់​​​ណូរិន និង​​​ សុខ វិច្ឆរ៉ា​​​ បាន​​​មក​​​​​​ដល់​​​ពន្ធនាគារ​​​កាល​​​ពី​​​ថ្ងៃ​​​សុក្រ​​​។ …

ម៉ិច ដារ៉ា
http://www.cambodiadailykhmer.com/news/14272/