ធនាគារជាតិ ត្រៀម​ទទួល​ការ​វាយ​តម្លៃ​លើ​ការ​ប្រឆាំង​ការ​សម្អាត​ប្រាក់

ធនាគារជាតិនៃកម្ពុជា បានបើកកិច្ចប្រជុំត្រៀមទទួលការវាយតម្លៃអញ្ញមញ្ញ (រៀបចំជាមុន) លើកទី២លើការប្រឆាំងការសម្អាតប្រាក់ និងហិរញ្ញប្បទានភេរវកម្មពីក្រុមប្រទេសអាស៊ីប៉ាស៊ីហ្វិក (APG) ដែលនឹងត្រូវធ្វើឡើងនៅចុងឆ្នាំនេះ។ កិច្ចប្រជុំនេះរៀបចំឡើងដោយអង្គភាពស៊ើបការណ៍ហិរញ្ញវត្ថុកម្ពុជា សហការជាមួយក្រុមប្រទេសអាស៊ីប៉ាស៊ីហ្វិក ក្នុងគោលបំណងពិភាក្សាអំពីដំណើរនៃការប្រឆាំងការសម្អាតប្រាក់និងហិរញ្ញប្បទានភេរវកម្មនៅប្រទេសកម្ពុជា។ កិច្ចប្រជុំត្រៀមវាយតម្លៃអញ្ញមញ្ញនឹងពិភាក្សាពីការពង្រឹងក្របខ័ណ្ឌគតិយុត្តិ និងយន្តការអនុវត្តច្បាប់ទៅលើការសម្អាតប្រាក់ និងហិរញ្ញប្បទានភេរវកម្ម និងផ្តល់រាល់ព័ត៌មានដល់ APG ដើម្បីឲ្យការវាយតម្លៃទទួលបានជោគជ័យនៅចុងឆ្នាំនេះ។ លោក ជា ចាន់តូ ទេសាភិបាលធនាគារជាតិនៃកម្ពុជា និងជាប្រធានគណៈកម្មការសម្របសម្រួលថ្នាក់ជាតិប្រឆាំងការសម្អាតប្រាក់ និងហិរញ្ញប្បទានភេរវកម្ម បានឲ្យដឹងថា កម្ពុជា បានទទួលការវាយតម្លៃពី APG ម្តងរួចមកហើយកាលពីឆ្នាំ២០០៧ ដែលពេលនោះកម្ពុជា ទទួលបានលទ្ធផលមិនល្អ ដោយសារតែកម្ពុជា ខ្វះខាតនូវប្រព័ន្ធច្បាប់ បទប្បញ្ញត្តិ និងយន្តការនៃការអនុវត្តច្បាប់ប្រឆាំងការសម្អាតប្រាក់ និងហិរញ្ញប្បទានភេរវកម្ម។ លោកទេសាភិបាលបញ្ជាក់ថា រដ្ឋាភិបាល នឹងបន្តសហការជាមួយស្ថាប័នអន្តរជាតិជាលក្ខណៈទ្វេភាគីក្តី ពហុភាគីក្តីក្នុងប្រឆាំងការសម្អាតប្រាក់ និងហិរញ្ញប្បទានភេរវកម្ម។ …

សុខ ចាន់
http://bit.ly/2blgsGX