ច្បាប់យុត្តិធម៌អនីតិជនកំពុងមានវឌ្ឍនភាពឆ្ពោះទៅរកដំណាក់កាលអនុម័តសម្រាប់ប្រកាសឲ្យអនុវត្ត
មន្ត្រីក្រសួងសង្គមកិច្ចបានឲ្យដឹងកាលពីម្សិលមិញថា មន្ត្រីមកពីក្រសួងមហាផ្ទៃក្រសួងសង្គមកិច្ច និងក្រសួងយុត្តិធម៌ បានជួបប្រជុំគ្នាជាមួយអង្គការក្រៅរដ្ឋាភិបាល កាលពីថ្ងៃសុក្រសប្តាហ៍មុន ដើម្បីពិភាក្សាគ្នាអំពីសេចក្តីព្រាងច្បាប់ចុងក្រោយទាក់ទងទៅនឹងបញ្ហាយុត្តិធម៌សម្រាប់អនីតិជន។ គួរបញ្ជាក់ថា សេចក្តីព្រាងច្បាប់នេះត្រូវបានរៀបចំអស់រយៈពេលជាងមួយទសវត្សរ៍មកហើយ ហើយច្បាប់នេះឆ្លុះបញ្ចាំងឲ្យឃើញថា សិទ្ធិជនល្មើសវ័យក្មេងទំនងជាត្រូវបានការពារបានប្រសើរជាងមុន។ សេចក្តីព្រាងច្បាប់នេះត្រូវបានបង្កើតឡើងដើម្បីជួយការពារ និងថែរក្សាសិទ្ធិកុមារដែលល្មើសច្បាប់ និងកុមារដែលបច្ចុប្បន្នត្រូវបានចែងនៅក្នុងមាត្រានានានៃក្រមព្រហ្មទណ្ឌទូទៅ។ តាមទ្រឹស្តី ច្បាប់នេះក៏ទំនងជាការពារអនីតិជនដែលត្រូវបានផ្តន្ទាទោសពីបទល្មើសមជ្ឈឹមឲ្យនៅក្រៅពន្ធនាគារក្នុងប្រទេសកម្ពុជា ដែលបច្ចុប្បន្នមានទណ្ឌិតច្រើនជ្រុលស្រាប់។ លោក គង់ ឆន អគ្គនាយករងអគ្គនាយកដ្ឋានកិច្ចការបច្ចេកទេសនៃក្រសួងសង្គមកិច្ចបានមានប្រសាសន៍ថា “យើងបានជួបជុំគ្នាកាលពីថ្ងៃទី១៤ [ខែកុម្ភៈ] ដើម្បីពិភាក្សាគ្នាអំពីមតិរបស់ប្រជាជន ក្នុងពេលដែលច្បាប់នេះនៅជាមួយយើងនៅឡើយ”។ …