ចិនតៃវ៉ាន់ ៦ នាក់ត្រូវជាប់គុកម្នាក់ ១០ ឆ្នាំពីបទជួញដូរមនុស្ស
សាលាដំបូងរាជធានីភ្នំពេញ កាលពីព្រឹកម្សិលមិញ បានប្រកាសសាលក្រម ផ្តន្ទាទោសកំបាំងមុខ ជនជាតិ ចិនតៃវ៉ាន់ ៥ នាក់ និងចំពោះមុខម្នាក់ដែលជាប្រធាន និងជាថ្នាក់ដឹកនាំ នៃក្រុមហ៊ុន Giant Ocean International Fishery ឲ្យជាប់ពន្ធនាគារក្នុងម្នាក់ៗ ១០ ឆ្នាំ ពាក់ព័ន្ធនិងការជួញដូរពលករខ្មែរចំនួន ១២៨ នាក់ ឲ្យទៅធ្វើការនៅក្រៅប្រទេសកាលពីអំឡុងឆ្នាំ ២០១០ និង ២០១២។ ពលករខ្មែរទាំង ១២៨ នាក់នេះ ត្រូវក្រុមហ៊ុន សន្យាបញ្ជូនឲ្យទៅធ្វើជាពលករនៅ ប្រទេសម៉ាឡេស៊ី និង ជប៉ុន តែក្រោយមក ត្រូវបានគេបញ្ជូនឲ្យទៅធ្វើជាទាសករនៅលើទូកនេសាទ នៅក្នុងលំហសមុទ្រនៅ ប្រទេសហ្វីលីពីន ចិន ហុងកុង ឥណ្ឌា អាហ្វ្រិកខាងត្បូង និង អូស្ត្រាលី។ ក្រៅពីផ្តន្ទាទោសក្នុងម្នាក់ៗ ១០ ឆ្នាំតុលាការ ក៏បានបង្គាប់ឲ្យពួកគេរួមគ្នា សងប្រាក់ដល់ពលករខ្មែរចំនួន ៧៤ នាក់ ក្នុងម្នាក់ៗ ៣០០០ ដុល្លារ។ តុលាការបានចេញដីកាឲ្យតាមចាប់ខ្លួនជនជាប់ចោទដែលជាប្រធាន និងជាថ្នាក់ដឹកនាំ ក្រុមហ៊ុន Giant Ocean International Fishery ដែលរត់គេចខ្លួន ដើម្បីយកផ្តន្ទាទោសតាមអំណាចរបស់សាលក្រមនេះ។ …
ប៊ុត រស្មីគង្គា
http://www.postkhmer.com/national/2011-01-03-04-07-05/113644-2014-04-30-02-14-03