មេដឹកនាំសហជីពច្រានចោលភ័ស្តុតាងបង្ហាញពីចេតនាប្រើអំពើហិង្សា
អំឡុងសវនាការសាកសួរឈានចូលដល់ថ្ងៃទី២ពាក់ព័ន្ធនឹងការចោទប្រកាន់ពីបទញុះញង់ឲ្យមានអំពើហិង្សា និងបំផ្លិចបំផ្លាញទ្រព្យសម្បត្តិនៅក្នុងបាតុកម្មមួយកាលពីថ្ងៃទី២ ខែមករា លោក វន់ ពៅ មេដឹកនាំសហជីពត្រូវបានអយ្យការបង្ហាញរូបថតរ៉ឺម៉កម៉ូតូកង់បីរបស់លោក ដែលមានពេញទៅដោយដុំថ្ម និងខ្សែវីដេអូមួយទៀត ដែលបង្ហាញពីសកម្មភាពលោកអំពាវនាវឲ្យនគរបាលបែរកាណុងកាំភ្លើងដាក់មេរបស់ពួកគេ ប្រសិនបើពួកគេទទួលបញ្ជាឲ្យបាញ់បាតុករ។ លោក វន់ ពៅ ប្រធានសមាគមប្រជាធិបតេយ្យឯករាជ្យនៃសេដ្ឋកិច្ចក្រៅប្រព័ន្ធ បានលើកឡើងថា ទាហានជាអ្នកយកដុំថ្មទាំងនោះដាក់ក្នុងរ៉ឺម៉កម៉ូតូកង់បីរបស់លោក ហើយលោកបានច្រានចោលការប្រើប្រាស់វីដេអូ ដែលថតពីទិដ្ឋភាពបាតុកម្មដាច់ដោយឡែកមួយកាលពីប៉ុន្មានថ្ងៃមុននោះ។ មេដឹកនាំសហជីពរូបនេះស្ថិតនៅក្នុងចំណោមបុរស២៣នាក់ដែលត្រូវឡើងសវនាការទទួលការជំនុំជម្រះចំពោះការពាក់ព័ន្ធរបស់ពួកគេក្នុងបាតុកម្មពីរផ្សេងគ្នា ដើម្បីទាមទារដំឡើងប្រាក់ខែគោលក្នុងវិស័យកាត់ដេរ កាលពីដើមខែមករា។ បាតុកម្មនោះត្រូវបានបញ្ចប់ទៅដោយការបង្ហូរឈាម កាលពីថ្ងៃទី៣ ខែមករា បន្ទាប់ពីកងរាជអាវុធហត្ថបានបាញ់ស្លាប់កម្មករកាត់ដេរយ៉ាងហោចណាស់ប្រាំនាក់។ …
អ៊ាង ម៉េងឡេង និង ឃី សុវុឌ្ឍី
http://www.cambodiadailykhmer.com/news/14694/