សហជីពនិងសមាគមចំនួន១៦គ្រោងធ្វើកូដកម្មនៅទូទាំងប្រទេសជាលើកទី២
បន្ទាប់ពីសាលាឧទ្ធរណ៍បដិសេធមិនដោះលែងអ្នកតវ៉ាដែលជាប់ឃុំទាំង២១នាក់ឲ្យនៅក្រៅឃុំកាលពីថ្ងៃអង្គារនោះ សហជីពកម្មករ និងសមាគមចំនួន១៦បានប្រកាសកាលពីម្សិលមិញថា ពួកគេនឹងសងសឹកវិញ ដោយការអំពាវនាវឲ្យកម្មករធ្វើកូដកម្មទូទាំងប្រទេសនៅពាក់កណ្តាលខែមីនា។ សហជីពដែលភាគច្រើនតំណាងឲ្យកម្មករនៅក្នុងឧស្សាហកម្មកាត់ដេរបាននិយាយថា ពួកគេនឹងអំពាវនាវឲ្យសមាជិករបស់ខ្លួនឈប់ធ្វើការថែមម៉ោងផងដែរចន្លោះពីថ្ងៃទី២៤ដល់ថ្ងៃទី២៨ខែកុម្ភៈ ដើម្បីបង្ហាញម្ចាស់រោងចក្រ និងរដ្ឋាភិបាលអំពីសារៈសំខាន់នៃការឆ្លើយតបតាមការទាមទាររបស់ពួកគេ។ អ្នកស្រី យ៉ាង សុភណ្ឌ ប្រធានសម្ព័ន្ធសហជីពកម្ពុជាបានមានប្រសាសន៍ថា “ពីថ្ងៃទី១៨ដល់ថ្ងៃទី២៣កុម្ភៈ សហជីពរបស់យើងនឹងជួបជុំគ្នានៅមុខរោងចក្រ ដើម្បីផ្សព្វផ្សាយព័ត៌មានអំពីការទាមទារចំនួនប្រាំពីរចំណុចរបស់ខ្លួន”។ ការទាមទារទាំងនោះរួមមាន ការដោះលែងអ្នកជាប់ឃុំទាំង២១នាក់ ប្រាក់ខែគោល១៦០ដុល្លារសម្រាប់កម្មកររោងចក្រកាត់ដេរ ការកាត់ទោសកងកម្លាំងរបស់រដ្ឋាភិបាល ដែលបានសម្លាប់កូដករតវ៉ាប្រាំនាក់កាលពីថ្ងៃទី៣ខែមករា ការបញ្ចប់បម្រាមរបស់រដ្ឋាភិបាលមិនឲ្យធ្វើបាតុកម្ម ការបញ្ចប់ការប្តឹងផ្តល់មេដឹកនាំសហជីពដែលបានរៀបចំធ្វើកូដកម្មទូទាំងប្រទេសជាលើកដំបូងកាលពីខែធ្នូ និងការបើកប្រាក់ខែឲ្យកម្មករអំឡុងពេលធ្វើកូដកម្ម។ …
ម៉ិច ដារ៉ា និង អូន ភាព
http://www.cambodiadailykhmer.com/news/10623/