ព្រៃឈើ​កំពុង​ត្រូវ​បំផ្លាញ​ដោយ​ការ​សង់វា​រី​អគ្គិសនី​

​គម្រោង​ទំនប់​វា​រី​អគ្គិសនី​ សេ​សាន​ ក្រោម​ ២​ គឺជា​កញ្ចក់​តូច​មួយ​ដែល​កំពុង​ឆ្លុះ​បញ្ចាំង​អំពី​ប្រទេស​ កម្ពុជា​។​ ក្នុង​ប្រព័ន្ធ​អេកូ​ចម្រុះ​បំផុត​មួយ​នៅ​លើ​ពិភពលោក​នេះ​ ព្រៃឈើ​ទាំងមូល​ត្រូវ​បាន​គេ​កាប់​បំផ្លាញ​ដោយ​មិន​គោរព​ច្បាប់​ ចំណែកឯ​គម្រោង​ត្រូវ​បាន​គាំទ្រ​ដោយ​លាក់កំបាំង​ពី​សំណាក់​អ្នក​វិនិយោគ​បរទេស​ ដែល​ចងសម្ព័ន្ធ​ជាមួយនឹង​ពាណិជ្ជករ​មាន​ទំនាក់ទំនង​ជាមួយនឹង​អ្នកនយោបាយ​នៅ​ប្រទេស​ កម្ពុជា​។​ នៅ​ទី​នេះ​ នៅ​ចំណុចប្រសព្វ​នៃ​ទន្លេ​ សេ​សាន​ ស្រែ​ពក​ និង​ សេ​កុង​ អាង​ទំនប់​ទឹកនឹង​ជន់​លិច​ផ្ទៃដី​ស្មើ​ពាក់កណ្តាល​ប្រទេស​ សិង្ហ​បុរី​។​ ​យោង​តាម​កម្មករ​សំណង់​នៅ​ការដ្ឋាន​នោះ​ បាន​ឲ្យ​ដឹង​ថា​ ដំណាក់កាល​ដំបូង​នៃ​ការ​សាងសង់​ទំនប់​វា​រី​អគ្គិសនី​ធំ​បំផុត​របស់​ កម្ពុជា​ នេះ​ បាន​ចាប់ផ្តើម​នៅ​ខែ​ វិច្ឆិកា​ ឆ្នាំ​ ២០១៣​។​ នៅ​ការដ្ឋាន​ទំនប់​កាលពី​ថ្ងៃ​សុក្រ​ មាន​កម្មករ​ជា​ច្រើន​នាក់​កំពុង​ជីកដី​ ហើយ​ទន្ទឹម​នឹង​នោះ​ មាន​ឮ​សំឡេង​រណារ​ និង​អា​ប៊ុល​ឈូស​ឆាយ​ផ្តួលរំលំ​ដើមឈើ​។​ ​ទំនប់​កម្លាំង​ ៤២០​ មេ​ហ្គា​វ៉ា​ត់​នេះ​ គឺជា​ការ​វិនិយោគទុន​រួម​គ្នា​រវាង​អ្នកឧកញ៉ា​ គិត​ ម៉េ​ង​ នៃ​ក្រុមហ៊ុន​ Royal​ Group​ និង​ក្រុមហ៊ុន​ Hydrolancang​ International​ ដែល​ជា​ក្រុមហ៊ុន​បុត្រ​សម្ព័ន្ធ​របស់​ក្រុមហ៊ុន​រដ្ឋ​ចិន​ហៅ​ថា​ Huaneng​ Group​ ដែល​បាន​បង្កើត​ក្រុមហ៊ុន​ Hydropower​ Lower​ Sesan​ II​ Co​ Ltd​ នៅ​ក្នុង​ខែ​ វិច្ឆិកា​ ឆ្នាំ​ ២០១២​។​ គ្មាន​អ្នក​ណា​ម្នាក់​ដឹង​ច្បាស់​ទេ​ថា​ តើ​ ប្រាក់​ចំនួន​ ៨១៦​ លាន​ដុល្លារ​ ដែល​ជា​ចំណាយ​ប៉ាន់​ប្រមាណ​សម្រាប់​សង់​ទំនប់​នោះ​ បាន​មក​ពី​កន្លែង​ណា​ទេ​។​ ប៉ុន្តែ​ គេ​រាយការណ៍​ថា​ យ៉ាង​ហោច​ណាស់​ ប្រាក់​មួយ​ចំណែក​ធំ​ ត្រូវ​បង់​ដោយ​ធនាគារ​ ANZ​ Royal​ ដែល​ជា​ក្រុមហ៊ុន​វិនិយោគទុន​រួម​ រវាង​លោក​ គិត​ ម៉េ​ង​ និង​ធនាគារ​ ANZ​ នៃ​ប្រទេស​ អូស្ត្រាលី​។​ ​អ្នកនាំពាក្យ​ពី​ធនាគារ​ ANZ​ ជា​ក្រុមហ៊ុន​ អូស្ត្រាលី​ ដែល​សហការ​ដៃគូ​ជាមួយ​ក្រុមហ៊ុន​ Royal​ Group​ ដើម្បី​បង្កើត​ក្រុមហ៊ុន​ ANZ​ Royal​ បាន​ថ្លែង​ថា​ លុយ​នេះ​ មក​ពី​ស្ថាប័នហិរញ្ញវត្ថុ​រដ្ឋ​មួយ​ក្នុង​ប្រទេស​ ចិន​។​ ​លោក​ Paul​ Edwards​ អ្នកគ្រប់គ្រង​នៅ​ធនាគារ​ ANZ​ បាន​ថ្លែង​កាលពី​ម្សិលមិញ​តាម​អ៊ីមែល​ថា​៖​ «​ហិរញ្ញវត្ថុ​នេះ​ ត្រូវ​បាន​ផ្តល់​ឲ្យ​ដោយ​ធនាគារ​អភិវឌ្ឍន៍​ចិន​ (China​ Development​ Bank)»​។​ លោក​បន្ត​ថា​ ធនាគារ​ ANZ​ ខ្លួនឯង​ មិន​បាន​ផ្តល់​ហិរញ្ញវត្ថុ​ដល់​គម្រោង​នេះ​តាម​រយៈ​ភាព​ជា​ដៃគូ​ជាមួយ​ ក្រុមហ៊ុន​របស់​លោក​ គិត​ ម៉េ​ង​ ទេ​។​ លោក​បាន​បន្ត​ថា​៖​ «​ពួក​គេ​ជា​ដៃគូ​របស់​ ANZ​ នៅ​ធនាគារ​ ANZ​ Royal​ ហើយ​ ANZ​ Royal​ មិន​មានការ​ពាក់ព័ន្ធ​ជាមួយ​គម្រោង​នេះ​អ្វី​នោះ​ទេ​»​។​ ... ​ភ្នំពេញ​ ប៉ុស្តិ៍​ បាន​រាយការណ៍​ កាលពី​ខែ​មុន​ថា​ រដ្ឋាភិបាល​បាន​បញ្ជា​ឲ្យ​ធ្វើការ​ស៊ើបអង្កេត​ លើ​ការ​ចោទប្រកាន់​នេះ​ ប៉ុន្តែ​គេ​ពុំ​ឃើញ​មានការ​ស៊ើបអង្កេត​អ្វី​ឡើយ​។​ អ្នក​ធ្វើ​យុទ្ធនាការ​ប្រឆាំង​នឹង​ការ​សង់​ទំនប់​ និង​អ្នក​ភូមិ​កាលពី​ស​ប្តា​ហ៍​មុន​ បាន​ផ្តល់​រូបថត​មក​ឲ្យ​អ្នក​យក​ព័ត៌មាន​ ភ្នំពេញ​ ប៉ុស្តិ៍​ ដែល​បាន​ថត​ ចាប់តាំងពី​មានការ​ព្យួរ​សម្បទាន​កាប់​ឈើ​ ដោយ​ថ្លែង​ថា​ រូបថត​ទាំងនោះ​ ត្រូវ​បាន​ថត​នៅ​ក្នុង​តំបន់​អាង​ទំនប់​។​ កាលពី​ថ្ងៃ​ព្រហស្បតិ៍​ ភ្នំពេញ​ ប៉ុស្តិ៍​ បាន​រក​ឃើញ​ភ័ស្តុតាង​បង្ហាញ​ថា​ ព្រៃឈើ​សហគមន៍​ទំហំ​ ២០​ គីឡូ​ម៉ែត្រការ៉េ​ ឆ្លងទន្លេ​ ពី​ភូមិ​ ស្រែ​គ​ ត្រូវ​បាន​កាប់​បំផ្លាញ​ដោយ​ខុសច្បាប់​ ហើយ​ព្រៃឈើ​នឹង​ត្រូវ​ឈូស​ផ្តួលរំលំ​ និង​ត្រូវ​ទឹក​ជន់​លិច​ទាំងអស់​នៅ​ប៉ុន្មាន​ឆ្នាំ​ទៀត​ ដែល​ទ​ង្វើ​នេះ​ គឺជា​ការ​រំលោភច្បាប់​ព្រៃឈើ​របស់​កម្ពុជា​។​ អ្នក​ភូមិ​ និង​អ្នក​ធ្វើ​យុទ្ធនាការ​ថ្លែង​ថា​ នេះ​គ្រាន់តែ​ជា​ឧទាហរណ៍​មួយ​ អំពី​ការ​មិន​យកចិត្តទុកដាក់​ ចំពោះ​ក្តី​កង្វល់​របស់​សហគមន៍​។​ ជាមួយ​គ្នា​នេះ​ ទីកន្លែង​សម្រាប់​តាំង​លំនៅ​ថ្មី​ មិន​ត្រូវ​បាន​ពិគ្រោះ​ជាមួយ​ប្រជាពលរដ្ឋ​ទេ​។​ ...

ផាក់ ស៊ាងលី និង Daniel Pye
http://www.phnompenhpost.com/national/waiting-deluge