ធនាគារពិភពលោកអះអាងថា នឹងចាត់វិធានការសំណុំរឿងជនជាតិដើមភាគតិច
ការិយាល័យឯករាជ្យមួយរបស់ធនាគារពិភពលោកអះអាងថា នឹងចាត់វិធានការសិក្សាលើសំណុំរឿងជនជាតិដើមភាគតិចក្នុងប្រទេសកម្ពុជា។ ក្រុមជនជាតិដើមភាគតិចចំនួន១៧ក្នុងខេត្តរតនគីរីភាគឦសានប្រទេសកម្ពុជា និងអង្គការអន្តរជាតិមួយចំនួន បានដាក់ពាក្យប្តឹងរួមគ្នាកាលពីដើមសប្តាហ៍នេះទៅកាន់សារជីវកម្មហិរញ្ញវត្ថុអន្តរជាតិ (IFC) ក្នុងរដ្ឋធានីវ៉ាស៊ីនតោនដែលត្រូវគេ រកឃើញថា ស្ថាប័ននេះមានការវិនិយោគជាមួយនឹងក្រុមហ៊ុនវៀតណាមមួយ ឈ្មោះ Hoang Anh Gia Lai ទាក់ទងនឹងការរំលោភបំពានដីធ្លី បំផ្លាញជីវភាព វប្បធម៌ និងបរិស្ថាន។ ទោះជាលទ្ធផលនៃពាក្យបណ្តឹងនេះមិនទាន់ដឹងថា នឹងមានដំណើរការយ៉ាង ណា ឬក៏គេត្រូវដោះស្រាយយ៉ាងណាមែន តែមន្ត្រីការិយាល័យអង្កេត និងប្រឹក្សា ខាងផ្នែកអនុលោមតាមបញ្ញត្តិ ដែលជាស្ថាប័នស្រាវជ្រាវឯករាជ្យរបស់ IFC ហៅថា Office of The Compliance Advisor Ombudsman (CAO) ប្រចាំរដ្ឋធានីវ៉ាស៊ីនតោន បានបញ្ជាក់ ថា ស្ថាប័នឯករាជ្យនេះនឹងរកដំណោះស្រាយ ប្រសិនបើខ្លួនរកឃើញថា សារជីវកម្មហិរញ្ញវត្ថុអន្តរជាតិ(IFC)របស់ខ្លួនដែលជាសាខាមួយរបស់ធនាគារពិភពលោកមានពាក់ព័ន្ធនឹងការរំលោភបំពានដីធ្លី បំផ្លាញបរិស្ថានដល់ជនជាតិដើមភាគតិចកម្ពុជា ដែលស្ថាប័ននេះមានការវិនិយោគជាមួយក្រុមហ៊ុនវៀតណាមមួយលើដីទាំងនោះមែន។ ថ្លែងប្រាប់វីអូអេផ្នែកខេមរភាសាតាមរយៈសារអេឡិចត្រូនិច Email លោកស្រី អឹមមីលី ហ័រហ្គ័ន់ (Emily Horgan) អ្នកជំនាញផ្នែកផ្សព្វផ្សាយនិងទំនាក់ទំនងនៃការិយាល័យ CAO បានអះអាងថា ការិយាល័យ CAO បានទទួលពាក្យបណ្តឹង ហើយ ហើយនឹងត្រួតពិនិត្យមើល ថាតើពាក្យបណ្តឹងមានលក្ខណៈគ្រប់គ្រាន់ទេជាពិសេសការជាប់ទាក់ទងនឹងការវិនិយោគរបស់គម្រោងរួមគ្នារវាងសារជីវកម្មហិរញ្ញវត្ថុអន្តរជាតិជាមួយទីភ្នាក់ងារធនាគារវិនិយោគពហុវិស័យហៅថា IFC/MIGA មានប៉ះពាល់បរិស្ថាន និងសង្គម ហើយនឹងតម្រូវឲ្យស្ថានប័ន CAO ដោះស្រាយផលប៉ះពាល់បរិស្ថាន និងសង្គមដែលមានក្នុងគម្រោងរបស់ IFC/MIGA ឬទេ។ …
សុខ ខេមរា
http://khmer.voanews.com/content/word-bank-to-respond-to-minority-complaint/1851864.html