ក្រុមការងារអូឌីស៊ីបានចូលរួមព្រឹត្តិការណ៍បារខែមអាស៊ាន ២០១៨
បារខែមអាស៊ាន ២០១៨ នេះ បានប្រព្រឹត្តទៅនៅថ្ងៃទី ២០-២១ ខែតុលា នៅវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា (សាលាតិចណូ) ក្នុងរាជធានីភ្នំពេញ។ បារខែមអាស៊ាន ២០១៨ នេះបានក្លាយជាកម្មវិធីបារខែម ដែលធំជាងគេលើពិភពលោក ដោយមានអ្នកចូលរួមច្រើនជាង ៨០០០ នាក់ ស្ដង់ពិព័រណ៍ចំនួន ៦០ រួមទាំងមានវាគ្មិន ៩៥ រូប ជាមួយប្រធានបទចំនួន ៨៥ និងក្រុមហ៊ុន និងអង្គការសរុបចំនួន ១០០០ ផងដែរ។
កម្មវិធីនេះ មានគោលបំណង ដើម្បីផ្ដល់ការចែករំលែកចំណេះដឹង និងកសាងទំនាក់ទំនង រវាងអ្នកចូលរួមទាំងអស់ក្នុងប្រទេសកម្ពុជា ក៏ដូចជាក្នុងតំបន់ អំពីការចាប់ផ្ដើមជំនួញ ការប្រើប្រាស់បច្ចេកវិទ្យា សម្រាប់ការសិក្សា ការងារ និងទំនាក់ទំនង ព្រមទាំងចំណេះដឹងផ្សេងៗ ដូចជា ជ្រើសគំនិតអាជីវកម្ម ការស្វែងយល់ពីការបង្កើតគំរូអាជីវកម្ម ស្វែងយល់អំពីអតិថិជន ការផលិតផលិតផលនិងសេវាកម្ម ផ្សព្វផ្សាយនិម្មិត្តសញ្ញាអាជីវកម្ម ទីផ្សារ និងការរៀបចំគម្រោង ចំណាយចាប់ផ្ដើមអាជីវកម្ម ជាដើម។
លើសពីនេះ អ្នកចូលរួមអាចស្វែងរកប្រធានបទដែលខ្លួនពេញចិត្ត ដើម្បីចូលរួមស្ដាប់តាមបន្ទប់ តាមម៉ោង និងប្រធានបទនីមួយៗ ដោយអាចមើលនៅលើផ្ទាំង តារាងប្រធានបទ ដែលអ្នករៀបចំកម្មវិធីបានបិទ ក្នុងបរិវេណកម្មវិធី ឬអាចចូលទៅវេបសាយ បារខែមអាស៊ាន ដើម្បីមើលប្រធានបទ។ ទោះបីជាកម្មវិធីបារខែម បានផ្ដោតលើអាជីវកម្មផ្នែកការបង្កើតថ្មីៗ និងការចាប់ផ្តើមអាជីវកម្មថ្មីៗក៏ដោយ បទបង្ហាញរបស់អូឌីស៊ីបានរួមចំណែកក្នុងរបៀបវារៈនៃព្រឹត្តិការណ៍នេះ ដោយមិនត្រឹមតែបង្ហាញអំពីគំនិតបើកទូលាយនោះទេ ប៉ុន្តែក៏បានបន្ថែមពីភាពឯកជននៃទិន្នន័យទាំងនោះផងដែរ។ នៅថ្ងៃទី ២ នៃកម្មវិធីបារខែមអាស៊ាន ក្រុមការងារអូឌីស៊ីបានធ្វើបទបង្ហាញមួយ ស្ដីពី “ទិន្នន័យបើកទូលាយ និងភាពឯកជន” និងបានបង្ហាញអំពីគេហទំព័ររបស់អូឌីស៊ី រួមទាំងរបៀបស្វែងរកព័ត៌មានអំពីសេដ្ឋកិច្ច និងការអភិវឌ្ឍរបស់ប្រទេសកម្ពុជា។
ជាមួយគ្នានេះដែរ ក្រុមការងារអូឌីស៊ីក៏បានរៀបចំស្តង់ ដើម្បីស្វាគមន៍ និងផ្តល់ឱកាសដល់អ្នកចូលរួមទទួលបានការយល់ដឹងអំពីគេហទំព័ររបស់អូឌីស៊ី និងធ្វើបទបង្ហាញពីគេហទំព័ររបស់អូឌីស៊ី ដោយអនុញ្ញាតឱ្យពួកគេលើកជាសំណួរផ្សេងៗ។ ក្រុមការងារ ក៏បានផ្តល់សម្ភារៈផ្សព្វផ្សាយមួយចំនួន ដូចជា សៀវភៅ ស្ទីកគ័រ កងដៃ និងអាវយឺតអូឌីស៊ីដល់អ្នកចូលរួមផងដែរ។ ក្រុមការងារអូឌីស៊ីទទួលបានមតិយោបល់វិជ្ជមានជាច្រើន មកពីអ្នកប្រើប្រាស់របស់គេហទំព័រអូឌីស៊ីផងដែរ។ ក្រុមការងារអូឌីស៊ីក៏បានអរគុណដល់អ្នកចូលរួមមួយចំនួនមកពីវិស័យឯកជន ដែលបានចូលរួមចែករំលែកចំណាប់អារម្មណ៍ និងផ្ដល់យោបល់ឱ្យអូឌីស៊ីធ្វើការប្រមូលផ្តុំទិន្នន័យបន្ថែម ទាក់ទងនឹងវិស័យអចលនវត្ថុនៅក្នុងប្រទេសកម្ពុជា ក៏ដូចជាមន្ត្រីរាជរដ្ឋាភិបាលមកពីក្រសួងអភិវឌ្ឍជនបទ បានស្វែងរកទិន្នន័យអំពីទឹកស្អាត និងអនាម័យ និងទឹកក្រោមដីផងដែរ។ ជាចុងក្រោយ នៅក្នុងកម្មវិធីបារខែមអាស៊ានឆ្នាំ ២០១៨ នេះមានសកម្មភាពធំៗមួយចំនួន ដូចជាពិធីសម្ភោធជាផ្លូវការរបស់ផលិតផលកុំព្យូទ័រដំបូងគេបង្អស់របស់កម្ពុជា ម៉ាក “គម្ពីរ (Koompi)” និងការជួបជុំជាមួយតារាយូធ្យូប (YouTube) ល្បីៗនៅកម្ពុជា។