សូមរីករាយចូលរួមព្រឹត្តិការណ៍ “ទិវាទិន្នន័យបើកទូលាយឆ្នាំ ២០២០”
ទិវាទិន្នន័យបើកទូលាយ គឺជាព្រឹត្តិការណ៍សកលមួយដែលប្រមូលផ្តុំពលរដ្ឋដែលមានចំណាប់អារម្មណ៍ទៅលើទិន្នន័យបើកទូលាយ ដើម្បីជួបជុំគ្នាស្វែងរកវិធីសាស្ត្រក្នុងការផ្សាភ្ជាប់ទិន្នន័យដែលបើកទូលាយជាសាធារណៈទាំងនោះទៅនឹងការអនុវត្ត ដើម្បីផ្តល់ជាដំណោះស្រាយចំពោះបញ្ហាសង្គមនានា។ ឆ្នាំ២០២០ គឺជាឆ្នាំទី១០ហើយ ដែលសហគមន៍ទិន្នន័យបើកទូលាយទូទាំងពិភពលោកប្រារព្ធទិវានេះ។ ជារៀងរាល់ឆ្នាំសហគមន៍ទិន្នន័យបើកទូលាយនៅទូទាំងពិភពលោក ធ្វើការរៀបចំព្រឹត្តិការណ៍នេះនៅក្នុងតំបន់ ឬប្រទេសរបស់ពួកគេ ដោយអនុញ្ញាតឱ្យអ្នកចូលរួមមានឱកាសក្នុងការចូលរួមស្វែងរកដំណោះស្រាយបញ្ហាប្រឈមដែលសហគមន៍របស់ពួកគេកំពុងជួបប្រទះដោយផ្អែកលើការប្រើប្រាស់ទិន្នន័យបើកទូលាយ។
ជាការពិតណាស់ អង្គការទិន្នន័យអំពីការអភិវឌ្ឍ ដែលហៅកាត់ថា “អូឌីស៊ី” ក៏ជាស្ថាប័នមួយក្នុងចំនោមសហគមន៍ទិន្នន័យបើកទូលាយទាំងអស់ដែលបានចូលរួមប្រារព្ធព្រឹត្តិការណ៍ពិភពលោកមួយនេះ។ ឆ្នាំនេះអូឌីស៊ីនឹងសហការជាមួយ សហគមន៍ទិន្នន័យបើកទូលាយជាតិ និងអន្តរជាតិ សកម្មជនទិន្នន័យបើកទូលាយ អ្នកអប់រំ និងអ្នកដែលស្រលាញ់ប្រភពកូដបើកទូលាយ (Open Source) និងអង្គការសង្គមស៊ីវិលនានា ដើម្បីធ្វើការរៀបចំទិវាទិន្នន័យបើកទូលាយនៅកម្ពុជាលើកទី៦។
កាលពីឆ្នាំ២០១៩ ទិវាទិន្នន័យបើកទូលាយត្រូវបានប្រារព្ធក្រោមប្រធានបទ “ការតាមដានលំហូរថវិកាសាធារណៈ” ដែលទាក់ទងនឹងប្រភព និងទិសដៅនៃថវិកាសាធារណៈនៅក្នុងប្រទេសកម្ពុជាដោយយកចិត្តទុកដាក់ជាពិសេសលើតួនាទីនៃទិន្នន័យបើកទូលាយ និងសក្តានុពលរបស់វា។ ព្រឹត្តិការណ៍នេះមានអ្នកចូលរួមប្រមាណជាង ១០០ នាក់ ដែលមកពីមជ្ឈដ្ឋានផ្សេងៗ ដោយអ្នកទាំងអស់គ្នាបានចូលរួមយ៉ាងសកម្មក្នុងរយៈពេលមួយថ្ងៃពេញ រួមទាំងការធ្វើបទបង្ហាញ ការជជែកពិភាក្សា និងហែក្ខាថុន (hackathon)។ ដើម្បីដឹងលម្អិតពីព្រឹត្តិការណ៍នេះ សូមលោកអ្នកអានបន្ថែមនៅទីនេះ។
ដោយផ្អែកលើបទពិសោធន៍ជោគជ័យពីឆ្នាំមុនៗ ឆ្នាំនេះ អូឌីស៊ីមានក្តីសោមនស្សរីករាយនឹងរៀបចំប្រារព្ធ “ទិវាទិន្នន័យទូលាយឆ្នាំ ២០២០” ដែលនឹងប្រព្រឹត្តទៅនៅសប្តាហ៍ទីមួយនៃខែមីនា។ ប្រធានបទឆ្នាំនេះ យើងនឹងផ្តោតទៅលើប្រធានបទសកល “ទិន្នន័យបើកទូលាយដើម្បីការអភិវឌ្ឍដោយស្មើភាព”។ ការដោះស្រាយវិសមភាពនៃការអភិវឌ្ឍ ត្រូវបានដាក់ចូលទាំងនៅក្នុងរបៀបវារៈនៃគោលនយោបាយជាតិ និងគោលដៅអាទិភាពសកល។ គោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាពទី ១០ “កាត់បន្ថយវិសមភាព” លើកឡើងពីភាពទូលំទូលាយនៃនិយមន័យពាក្យ “វិសមភាព” ដោយក្នុងនោះរួមទាំងភាពខុសគ្នានៅក្នុងសង្គម ស្ថាប័ន និងសេដ្ឋកិច្ច។ គោលដៅនេះក៏បានបង្ហាញដែរថា ការកាត់បន្ថយវិសមភាព នឹងធានាបាននូវប្រកបដោយ
ការប្រកួតសំណេរ
ទិវាទិន្នន័យបើកទូលាយ គឺជាឱកាសមួយសម្រាប់អ្នកស្រលាញ់ចូលចិត្តទិន្នន័យបើកទូលាយ ដើម្បីចូលរួមសរសេរកម្មវិធី ធ្វើសេរីការទិន្នន័យ បង្កើតទស្សនីយភាពទិន្នន័យ និងផ្សព្វផ្សាយការវិភាគដោយប្រើប្រាស់ទិន្នន័យបើកទូលាយសាធារណៈ។ សកម្មភាពទាំងនេះ ត្រូវបានរៀបចំឡើងឡើងដើម្បីបង្ហាញពីអត្ថប្រយោជន៍នៃទិន្នន័យបើកទូលាយ និងដើម្បីលើកទឹកចិត្តដល់ការអនុម័តនៃគោលនយោបាយទិន្នន័យបើកទូលាយនៅក្នុងវិស័យរដ្ឋាភិបាល ធុរកិច្ច និងសង្គមស៊ីវិល។
ជាមួយនឹងប្រធានបទ “ទិន្នន័យបើកទូលាយដើម្បីការអភិវឌ្ឍដោយស្មើភាព” អូឌីស៊ីនឹងរៀបចំផងដែរនូវការប្រកួតប្រជែងសំណេរអត្ថបទជាខេមរភាសា ក្រោមប្រធានបទ “តួនាទីនៃទិន្នន័យបើកទូលាយ និងព័ត៌មានក្នុងការលើកកម្ពស់តម្លាភាព និងគណនេយ្យភាពក្នុងការផ្តល់សេវាសាធារណៈនៅកម្ពុជា” ដើម្បីលើកកម្ពស់ពីសារៈសំខាន់នៃការបើកទូលាយ និងចែកចាយទិន្នន័យ និងព័ត៌មាន រួមគ្នាជាមួយនឹងតម្រូវការដើម្បីបង្កើនការចូលរួមជាសាធារណៈកាន់តែប្រសើរ ពិសេសចូលរួមត្រួតពិនិត្យការផ្តល់សេវាសាធារណៈ ដែលនឹងលើកកម្ពស់តម្លាភាព និងគណនេយ្យភាពនៅក្នុងប្រទេស។
ការប្រកួតប្រជែងនេះនឹងត្រូវបានផ្សព្វផ្សាយជាសាធារណៈ ជាពិសេសដល់យុវជនកម្ពុជា ដែលពួកគេបានដើរតួយ៉ាងសំខាន់នៅក្នុងការផ្លាស់ប្តូរសង្គម កំណើនសេដ្ឋកិច្ច និងការច្នៃប្រឌិតបច្ចេកវិទ្យានៅក្នុងយុគសម័យឌីជីថលបច្ចុប្បន្ននេះ។ គួរបញ្ជាក់ដែរថា ប្រកួតប្រជែងនេះនឹងត្រូវបានរៀបមុន ការប្រារព្ធព្រឹត្តិការណ៍ទិន្នន័យបើកទូលាយឆ្នាំ ២០២០ ដែលនឹងមកដល់ក្នុងខែមីនាខាងមុខ។
ពានរង្វាន់សម្រាប់ជ័យលាភី
រង្វាន់សម្រាប់ជ័យលាភីលេខ១ |
|
រង្វាន់សម្រាប់ជ័យលាភីលេខ២ |
|
រង្វាន់សម្រាប់ជ័យលាភីលេខ៣ |
|
លក្ខខណ្ឌ និងបែបបទនៃការចូលរួម
- ជាជនជាតិខ្មែរ មានអាយុមិនលើសពី ៣៥ឆ្នាំ ហើយបេក្ខភាពនារីត្រូវបានលើកទឹកចិត្តដើម្បីចូលរួម
- អត្ថបទសំណេរត្រូវតែសរសេរដោយអ្នកចូលរួមប្រកួត មិនចម្លងពីប្រភពដទៃ ហើយសំណេរធ្វើឡើងសម្រាប់តែគោលបំណងនៃការប្រកួតនេះតែប៉ុណ្ណោះ
- អត្ថបទដែលផ្ញើមកត្រូវតែជាទម្រង់ Microsoft Word និង PDF
- ត្រូវផ្ញើមកជាមួយនូវឯកសារថតចម្លងអត្តសញ្ញាណប័ណ្ណ
- ផ្ញើអត្ថបទសំណេរ និងឯកសារពាក់ព័ន្ធមកកាន់អ៊ីម៉ែល៖ events@opendevcam.net
- សម្រាប់សំណួរនានា សូមទាក់ទងមកអូឌីស៊ីតាមរយៈ៖ contact@opendevcam.net
កាលបរិច្ឆេទ
- បើកទទួលពាក្យ៖ ថ្ងៃទី១៧ ខែមករា ឆ្នាំ២០២០
- បិទទទួលអត្ថបទសំណេរ៖ ថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២០
សម្រាប់ព័ត៌មានលម្អិតនៃការប្រកួតប្រជែង និងលក្ខខណ្ឌតម្រូវនានា សូមលោកអ្នកចូលទៅកាន់ “ការប្រកួតប្រជែងសំណេរយុវជនសម្រាប់ព្រឹត្តិការណ៍ទិន្នន័យបើកទូលាយ ២០២០”។