វគ្គបណ្តុះបណ្តាលសាកល្បងស្តីពីការប្រើប្រាស់ និង ការអានផែនទី
នៅខែមីនាឆ្នាំ ២០១៩ អង្គការទិន្នន័យអំពីការអភិវឌ្ឍ (អូឌីស៊ី) និង នាយកដ្ឋានបច្ចេកវិទ្យាព័ត៌មាននៃក្រសួងអប់រំ យុវជន និងកីឡា បានរៀបចំសិក្ខាសាលាវាយតម្លៃ ទាញយកធាតុចូលពីគ្រូវិទ្យាល័យ ដើម្បីស្វែងយល់ពីចំណេះដឹង និងបទពិសោធន៍របស់លោកគ្រូអ្នកគ្រូក្នុងការប្រើប្រាស់ផែនទី និងការអានកាន់តែស៊ីជម្រៅ។ ធាតុចូលនេះ មានសារៈសំខាន់ណាស់ សម្រាប់ក្រុមការងារអូឌីស៊ី និងនាយកដ្ឋានបច្ចេកវិទ្យាព័ត៌មាន ក្នុងការបង្កើតកម្មវិធីសិក្សាដែលនឹងឆ្លើយតបទៅតាមតម្រូវការ។ តាមរយៈធាតុចូលទាំងនោះ ក្រុមការងាររបស់យើងបានរៀបរៀងចេញជាឯកសារពង្រាងមួយស្តីពីកម្មវិធីបណ្ដុះបណ្ដាលការអាន និងប្រើប្រាស់ផែនទី ដែលមានកំរាស់ប្រមាណ ៦០ទំព័រ។ បន្ទាប់មកឯកសារពង្រាងមួយនេះត្រូវបានយកទៅប្រើប្រាស់ប្រកបដោយជោគជ័យនៅក្នុងវគ្គបណ្ដុះបណ្ដាលសាកល្បងមួយ ដែលបានរៀបចំដោយអូឌីស៊ីសហការជាមួយនិងនាយកដ្ឋានបច្ចេកវិទ្យាព័ត៌មាន រយៈពេលបីថ្ងៃ ចាប់ពីថ្ងៃទី២៤ ដល់ថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០១៩ នៅខេត្តកំពង់ចាម ដោយមានការចូលរួមពីសំណាក់លោកគ្រូអ្នកគ្រូដដែល។
វគ្គបណ្តុះបណ្តាលសាកល្បងនេះមានគោលបំណង ដើម្បីប្រមូលព័ត៌មានបន្ថែមពីលោកគ្រូអ្នកគ្រូសម្រាប់កម្មវិធីសិក្សា ក៏ដូចជាការផ្ដល់យោបល់ផ្សេងៗទៅលើសម្ភារៈបង្រៀនផ្សេងទៀតដែលនឹងត្រូវប្រើប្រាស់ដើម្បីបំពេញកម្មវិធីសិក្សា។ ក្នុងវគ្គបណ្តុះបណ្តាលរយៈពេលបីថ្ងៃនេះ លោកគ្រូអ្នកគ្រូត្រូវបានស្នើសុំចូលរួមក្នុងការកែតម្រូវ និងផ្តល់ជាអនុសាសន៍ទៅលើកម្មវិធីសិក្សារួមមាន៖ ការប្រកបពាក្យ ការប្រើប្រាស់ពាក្យ ពាក្យបច្ចេកទេស កម្រិតលំបាកនៃជំពូកនីមួយៗ រយៈពេលដែលសមស្របដើម្បីបញ្ចប់ជំពូកនីមួយៗ។ ពួកគាត់ក៏ត្រូវបានស្នើសុំឱ្យចូលរួមបង្កើតសម្ភារៈផ្សេងៗទៀតដែលគាត់គិតថា គួរតែមាននៅក្នុងមេរៀននីមួយៗ ហើយវានឹងផ្តល់ប្រសិទ្ធភាពកាន់តែប្រសើរទៅដល់សិស្សានុសិស្ស។
លោក យឿន លឹមស្រ៊ី ជាគ្រូភូមិវិទ្យានៅវិទ្យាល័យព្រះរាជបូជនីយកិច្ចនៅខេត្តស្ទឹងត្រែង គិតថាធាតុចូលទាំងនេះ មានសារៈសំខាន់ខ្លាំងណាស់ ជាពិសេសនៅពេលដែលគ្រូបង្រៀនមានជំនាញខុសៗគ្នាបានចូលរួម។ «ការផ្លាស់ប្តូរគំនិត និងកែសម្រួលមិនមែនចេញតែមកពីខ្ញុំម្នាក់ឯងនោះទេ គឺវាបានមកពីលោកគ្រូអ្នកគ្រូដទៃទៀតដែលគាត់បង្រៀនមុខវិជ្ជាភូមិវិទ្យា វិទ្យាសាស្ត្រផែនដី និងបច្ចេកវិទ្យាព័ត៌មាន ដែលសុទ្ធតែជាមុខវិជ្ជាពាក់ព័ន្ធនឹងខ្លឹមសារនៃកម្មវិធីសិក្សានេះ។ ដូច្នេះមតិយោបល់របស់គ្រូៗយើង គឺពិតជាមានអត្ថប្រយោជន៍ខ្លាំងណាស់នៅក្នុងការកែសម្រួលសៀវភៅមួយនេះ (ដើម្បីបោះពុម្ពផ្សាយ) ក៏ដូចជាសម្ភារៈបង្រៀនផ្សេងទៀត» នេះបើយោងតាមប្រសាសន៍របស់លោកគ្រូ លឹមស្រ៊ី។
ក្រៅពីការផ្តល់ធាតុចូល លោកគ្រូអ្នកគ្រូដែលបានចូលរួមក្នុងវគ្គបណ្តុះបណ្តាលនេះក៏ទទួលបាននូវការណែនាំពីការប្រើឧបករណ៍ផែនទីឌីជីថលជាមូលដ្ឋានរួមមាន Google Maps, Open Street Maps, Google Street View និង Google Earth រួមទាំងឱកាសដើម្បីសាកល្បង និងស្វែងយល់ពីលក្ខណៈពិសេសផ្សេងៗដូចជា ការដៅចំណុចង្អុលទីតាំង ដែលពួកគេកំពុងស្ថិតនៅ ការគណនាចម្ងាយ និងរយៈពេលពីទីតាំងបច្ចុប្បន្នរបស់ពួកគាត់ទៅកាន់ទីតាំងមួយផ្សេងទៀត និងរបៀបគណនាផ្ទៃក្រឡានៃទីតាំង ឬប្លង់ដីជាម៉ែត្រក្រឡាផងដែរ។ យើងសង្កេតឃើញថា សិក្ខាកាមទាំងអស់បានអនុវត្តប្រកបដោយការយកចិត្តទុកដាក់ និងបានចូលរួមយ៉ាងសកម្មដើម្បីចោទជាសំណួរទៅកាន់គ្រូបណ្តុះបណ្តាល ដែលនេះបង្ហាញពីចំណាប់អារម្មណ៍ខ្ពស់របស់ពួកគាត់ទៅលើប្រធានបទការប្រើប្រាស់ឧបករណ៍ផែនទីនេះ។
បន្ទាប់ពីវគ្គបណ្តុះបណ្តាលសាកល្បង ដែលបានធ្វើឡើងក្នុងគោលបំណងចម្បងដើម្បីទទួលបានធាតុចូលពីគ្រូបង្រៀន វាក៏បានផ្តល់ឱ្យលោកគ្រូអ្នកគ្រូដែលជាសិក្ខាកាមនូវចំណេះដឹងថ្មីៗបន្ថែម រួមទាំងជំនាញមូលដ្ឋាន ដូចជាលទ្ធភាពនៃការអានផែនទីឌីជីថល និងការប្រើប្រាស់ឧបករណ៍ឌីជីថលរបស់ពួកគាត់សម្រាប់ការប្រើប្រាស់ផែនទីផងដែរ។
លោកស្រី គង់ សុជាតា ជាគ្រូបង្រៀនមុខវិជ្ជាព័ត៌មានវិទ្យានៅវិទ្យាល័យពាមជីកងខេត្តកំពង់ចាមបានអះអាងថា «ពីមុនខ្ញុំមិនដែលដឹងច្បាស់ពីរបៀបប្រើប្រាស់ទូរស័ព្ទស្មាតហ្វូន (ទូរស័ព្ទដៃវ័យឆ្លាត) របស់ខ្ញុំសម្រាប់ផែនទីទេ។ បន្ទាប់ពីការហ្វឹកហាត់សាកល្បងនេះ ខ្ញុំដឹងពីរបៀបស្វែងរកទីតាំង របៀបធ្វើដំណើរពីកន្លែងមួយទៅកន្លែងមួយទៀត និងរបៀបវាស់ចំងាយរវាងទីកន្លែងទាំងនោះ។»
សិក្ខាកាមទាំងអស់គ្នាយល់ឃើញថា ការចេះអានផែនទីមានអត្ថប្រយោជន៍មិនត្រឹមតែសម្រាប់ពួកគាត់ដែលជាគ្រូបង្រៀនប៉ុណ្ណោះទេ ប៉ុន្តែសម្រាប់សិស្សានុសិស្ស និងពលរដ្ឋទូទៅជាច្រើនទៀត។ ទីមួយ ផែនទីជួយឱ្យពួកគាត់អាចកំណត់ទីតាំង និងស្វែងរកទិសដៅណាមួយដែលពួកគាត់ចង់ទៅ។ លោក ហួត សៀងហៃ នាយករងនៃសាលាស៊ីសុវត្ថិជំនាន់ថ្មី បានលើកឡើងថាការអានផែនទីនឹងជួយសិស្សានុសិស្សជំនាន់ក្រោយឱ្យមានចំណេះដឹងកាន់តែច្រើនឡើងជាពិសេសលើការកំណត់ទិសដៅ និងទីតាំងនៅលើផែនទី។ ហើយលោកក៏បានលើកឡើងដែរថា ការអានផែនទីគួរតែរួមបញ្ចូលនៅក្នុងខ្លឹមសារកម្មវិធីសិក្សាសម្រាប់ថ្នាក់ទី១០ និងទី១១ ឬអាចនៅថ្នាក់ក្រោមជាងនេះ។
លោកគ្រូអ្នកគ្រូដែលបានចូលរូមវគ្គបណ្តុះបណ្តាលនេះ បានបង្ហាញការប្តេជ្ញាចិត្តក្នុងការផ្ទេរចំណេះដឹងអំពីការអានផែនទីនេះទៅកាន់កូនសិស្សរបស់គាត់។ ពួកគាត់មិនគិតថាវាជាបញ្ហាប្រឈមក្នុងការដាក់បញ្ចូលការអានផែនទីទៅក្នុងថ្នាក់រៀននោះទេ ព្រោះថាសិស្សរបស់ពួកគាត់ភាគច្រើនមានស្មាតហ្វូន ហើយពួកគេរៀនឆាប់ចាប់បានណាស់ ជាពិសេសទាក់ទងទៅនឹងបច្ចេកវិទ្យា។ លោកគ្រូអ្នកគ្រូមួយចំនួនក៏មានគម្រោងដាក់ចំណេះដឹងការអានផែនទីដើម្បីប្រើប្រាស់ ដោយអនុញ្ញាតឱ្យសិស្សានុសិស្សអនុវត្តការប្រើប្រាស់ផែនទី ដែលវានឹងផ្តល់ផលប្រយោជន៍មិនត្រឹមតែដល់សិស្សប៉ុណ្ណោះទេថែមទាំងសាលាផងដែរ។
ក្រុមការងារអូឌីស៊ី និង នាយកដ្ឋានបច្ចេកវិទ្យាព័ត៌មាន នឹងធ្វើបច្ចុប្បន្នភាពលើកម្មវិធីសិក្សា និងសម្ភារៈបង្រៀនដោយផ្អែកលើដំបូន្មានដែលយើងបានទទួលពីលោកគ្រូអ្នកគ្រូ។ នៅពេលការធ្វើបច្ចុប្បន្នភាពនេះរួចរាល់ ក្រុមការងាររបស់យើងនឹងធ្វើការពិនិត្យឡើងវិញ និងរៀបចំវគ្គបណ្តុះបណ្តាលជាផ្លូវការដល់គ្រូៗជាច្រើនទៀត ដើម្បីឱ្យពួកគាត់អាចបន្តបង្រៀនជំនាញនេះដល់កូនសិស្សនៅតាមសាលារបស់ខ្លួន។
រហូតមកដល់ពេលនេះ ពួកគាត់នៅតែបន្តអនុវត្ត និងប្រើចំណេះដឹងដែលទទួលបានពីការបណ្តុះបណ្តាលសាកល្បងនេះ ព្រមទាំងធ្វើការផ្ញើព័ត៌មានពីដំណើរការរបស់ពួកគាត់តាមរយៈក្រុម Telegram របស់យើង។