ការ​ឆ្លើយ​តប​ទៅ​នឹង​​កូវីដ​-​១៩​៖​ ​គោល​នយោបាយ​ និង​ការ​គ្រប់គ្រង​សេដ្ឋកិច្ច​របស់​ប្រទេស​កម្ពុជា​

​ការ​លេចឡើង​ និង​ការ​រីក​រាលដាល​នៃ​ជំងឺ​កូ​វី​ដ​-១៩​ បាន​នាំ​មក​នូវ​សម្ពាធ​សេដ្ឋកិច្ច​យ៉ាង​ខ្លាំង​ដល់​ប្រជាជាតិ​នានា​ជុំវិញ​ពិភពលោក​។​ ខណៈ​ដែល​សម្ពាធ​មក​លើ​ប្រទេស​កម្ពុជា​កើតឡើង​ក្នុង​ទិដ្ឋភាព​ជា​ច្រើន​ទៅ​លើ​ផ្នែក​សេដ្ឋកិច្ច​របស់​ប្រទេស​។​ ប្រទេស​កម្ពុជា​បាន​បញ្ឈប់​ប្រតិបត្តិការ​មួយ​ចំនួន​នៃ​សកម្មភាព​សេដ្ឋកិច្ច​របស់​ខ្លួន​ចាប់តាំងពី​ការ​ បញ្ជាក់​ពី​ករណី​ដំបូង​របស់​ខ្លួន​នៅ​ចុង​ខែមករា​ ឆ្នាំ​២០២០​។​1​ លើស​ពី​នេះ​ រដ្ឋាភិបាល​បាន​បិទ​ជា​បណ្តោះអាសន្ន​នូវ​គ្រឹះស្ថាន​អប់រំ​ កាស៊ីណូ​ និង​កន្លែង​កម្សាន្ត​ផ្សេងៗ​ដើម្បី​ទប់ស្កាត់​ការ​រីក​រាលដាល​នៃ​ជំងឺ​កូ​វី​ដ​-១៩​។​ ការ​អនុវត្ត​ច្បាប់​រក្សា​គម្លាត​ពី​គ្នា​នាំ​ឲ្យ​​មានការ​ដាក់​កម្រិត​នៃ​ការ​ធ្វើ​ដំណើរ​ និង​កា​រប​ម្លា​ស់​ទី​ ក៏​ដូច​ជា​ការ​ប្រែប្រួល​មួយ​ចំនួន​ទៅ​លើ​កាលវិភាគ​ការងារ​នៅ​ទូ​ទាំង​ប្រទេស​។​ ជា​ការ​ពិត​ណាស់​ វីរុស​នេះ​បាន​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​វិស័យ​ជា​ច្រើន​ បើ​ទោះបីជា​ឧស្សាហកម្ម​ទេសចរណ៍​ និង​អាកាសចរណ៍​ត្រូវ​បាន​មើលឃើញ​ថា​រង​ផល​ប៉ះពាល់​ខ្លាំង​បំផុត​ ដោយសារ​តែ​ការ​ដាក់​កម្រិត​លើ​ការ​ធ្វើ​ដំណើរ​ក្នុងស្រុក​ និង​ជា​ពិសេស​អន្តរជាតិ​។​ កិច្ច​អន្តរាគមន៍​របស់​រដ្ឋាភិបាល​គឺ​ចាំបាច់​ដើម្បី​កាត់​បន្ថយ​ផល​ប៉ះពាល់​អវិជ្ជមាន​នៃ​ជំងឺ​រាតត្បាត​មក​លើ​សេដ្ឋកិច្ច​របស់​ប្រទេស​។​ អត្ថបទ​នេះ​ពិភាក្សា​អំពី​គោលនយោបាយ​សេដ្ឋកិច្ច​ និង​រដ្ឋបាល​នៅ​កម្ពុជា​ឆ្លើយ​តប​នឹង​ជំងឺ​កូ​វី​ដ​-១៩​។​

​ការ​រួម​បញ្ចូល​គ្នា​នៃ​គោលនយោបាយ​សេដ្ឋកិច្ច​ និង​រដ្ឋបាល​កំពុង​ដើរតួ​នាទី​យ៉ាង​សំខាន់​ក្នុង​ការ​កាត់​បន្ថយ​ផល​ប៉ះពាល់​អវិជ្ជមាន​នៃ​ជំងឺ​កូ​វី​ដ​-១៩​ ដែល​កំពុង​គំរាមកំហែង​ដល់​និរន្ត​ភាព​សេដ្ឋកិច្ច​នៅ​កម្ពុជា​។​ រដ្ឋាភិបាល​កំពុង​អនុវត្ត​គោលនយោបាយ​អន្តរាគមន៍​នានា​ ដែល​ផ្តោត​លើ​ទិដ្ឋភាព​សំខាន់ៗ​នៃ​សេដ្ឋកិច្ច​។​ ទី​មួយ​ អាជ្ញាធរ​តាម​រយៈ​ការ​គោលនយោបាយ​អន្តរាគមន៍​សម​ស្រប​ដាក់​ចេញ​ កំពុងធ្វើការ​ដើម្បី​ផ្តល់​ជំនួយ​សង្គ្រោះ​បន្ទាន់​ដល់​ជន​រង​គ្រោះ​ដោយសារ​ជំងឺ​នេះ​។​ វា​ជា​រឿង​សំខាន់​ណាស់​ក្នុង​ការ​ផ្តល់​ជំនួយ​នេះ​ អាស្រ័យ​ទៅ​លើ​ការ​បាត់បង់​ការងារ​យ៉ាងច្រើន​ និង​ការ​បិទទ្វារ​នៃ​អាជីវកម្ម​ដែល​បណ្តាល​មក​ពី​ជំងឺ​កូ​វី​ដ​-១៩​។​2​ ទី​ពីរ​ បន្ទាប់​ពី​មើលឃើញ​ថា​វិស័យ​ជា​ច្រើន​រង​នូវ​បញ្ហា​ប្រឈម​ធ្ងន់ធ្ងរ​ ព្រមទាំង​ការ​ធ្លាក់​ចុះ​នៃ​ប្រាក់​ចំណូល​ដោយសារ​តែ​ការ​បញ្ឈប់​ ឬ​ផ្អាក​នូវ​សកម្មភាព​សេដ្ឋកិច្ច​មួយ​ចំនួន​ អាជ្ញាធរ​បាន​យកចិត្តទុកដាក់​អនុវត្ត​អន្តរាគមន៍​ក្នុង​រយៈពេល​ខ្លី​ដូច​ជា​ ការ​បញ្ចេញ​កញ្ចប់​ថវិកា​ដើម្បី​ទ្រទ្រង់​សេដ្ឋកិច្ច​ជាដើម​។​ គោលនយោបាយ​ទាំងនេះ​ក៏​នឹង​ជួយ​លើកកម្ពស់​និរន្តរភាព​សេដ្ឋកិច្ច​ តាម​រយៈ​ការ​ជំរុញ​វិស័យ​ម៉ា​ក្រូ​សារពើពន្ធ​ និង​ភាព​ធន់​របស់​សង្គម​ក្នុង​រយៈពេល​មធ្យម​។​

​ការ​អនុគ្រោះ​ពន្ធ​ក៏​ជា​គោលនយោបាយ​សេដ្ឋកិច្ច​ដ៏​សំខាន់​មួយ​ ដែល​បាន​បង្កើត​ឡើង​ដោយ​រដ្ឋាភិបាល​ដើម្បី​ជួយ​កាត់​បន្ថយ​បន្ទុក​ពន្ធ​​លើ​ប្រជាជន​។​3 ការ​រាតត្បាត​ជំងឺ​កូ​វី​ដ​-១៩​ និង​រួម​ជាមួយ​វិធាន​ការណ៍​ដែល​បាន​កំណត់​ដើម្បី​ទប់ស្កាត់​ការ​រីក​រាលដាល​របស់​វា​ បាន​រារាំង​ដល់​សកម្មភាព​សេដ្ឋកិច្ច​សំខាន់ៗ​មួយ​ចំនួន​សម្រាប់​ប្រទេស​។​ តួយ៉ាង​ អាជីវកម្ម​ និង​កម្មករ​ជា​ច្រើន​ត្រូវ​បាន​បង្ខំ​កាត់​បន្ថយ​ប្រាក់ខែ​ដើម្បី​បំពេញ​ការ​ចំណាយ​ផ្សេង​ទៀត​។​ ម្យ៉ាងវិញទៀត​ ប្រភព​ចំណូល​ពន្ធ​រដ្ឋ​ធ្លាក់​ចុះ​សម្រាប់​រដ្ឋាភិបាល​បាន​នឹង​កំពុង​គំរាមកំហែង​ទៅ​លើ​ការ​ធ្លាក់​ចុះ​នៃ​កំណើនសេដ្ឋកិច្ច​កម្ពុជា​ជា​រួម​ ខណៈ​ដែល​កន្លង​មក​កំណើនសេដ្ឋកិច្ច​ស្ថិត​នៅ​លើ​គន្លង​ខ្ពស់​រហូត​លើកលែងតែ​នៅ​ដើមឆ្នាំ​ ២០២០​ នេះ​។​

​ជាក់ស្តែង​ នៅ​ចន្លោះ​ឆ្នាំ​ ២០១០​ និង​ ២០១៩​ ប្រទេស​កម្ពុជា​បាន​ទទួល​នូវ​កំណើន​ផលិតផល​ក្នុងស្រុក​សរុប​របស់​ខ្លួន​ដែល​មាន​លក្ខណៈ​ស្ថេ​រ​ភាព​ដោយសារ​តែ​ការ​រំខាន​ផ្នែក​សេដ្ឋកិច្ច​មាន​តិចតួច​នៅ​ក្នុង​ប្រតិបត្តិការ​សេដ្ឋកិច្ច​ក្នុងស្រុក​ និង​អន្តរជាតិ​។​ ទោះជា​យ៉ាងណា​ ការ​ប៉ះពាល់​ទៅ​លើ​វិស័យ​ទេសចរណ៍​ ពាណិជ្ជកម្ម​ កំលាំង​ពលកម្ម​​ ការ​ប្រើប្រាស់​ និង​ការ​វិនិយោគ​ដែល​បណ្តាល​មក​ពី​ការ​ផ្ទុះ​ឡើង​ជំងឺ​កូ​វី​ដ​-១៩​ បាន​ជះ​ឥទ្ធិពល​យ៉ាង​ខ្លាំង​ដល់​ការ​ប៉ាន់ស្មាន​នា​ពេល​បច្ចុប្បន្ន​លើ​កំណើនសេដ្ឋកិច្ច​ពិតប្រាកដ​របស់​ប្រទេស​សម្រាប់​ឆ្នាំ​ក្រោយ​។​

​ដើម្បី​ផ្តល់​ភាព​កក់ក្តៅ​ដល់​ប្រជាពលរដ្ឋ​របស់​ខ្លួន​ រដ្ឋាភិបាល​បាន​អនុវត្ត​ការ​បន្ធូរ​បន្ថយពន្ធ​ដើម្បី​កាត់​បន្ថយ​សម្ពាធ​ហិរញ្ញវត្ថុ​ដល់​អ្នក​ជាប់ពន្ធ​។​ ជាក់ស្តែង​ ការ​ថយ​ចុះ​នៃ​កំរិត​ប្រាក់​ចំណូល​របស់​ពលរដ្ឋ​បាន​នាំ​ឲ្យ​មាន​ផល​ប៉ះពាល់​ដល់​ទម្រង់​នៃ​ការ​ប្រើប្រាស់​ និង​បណ្តាល​ឲ្យ​តម្រូវការ​ថយ​ចុះ​ទៅ​លើ​ផលិតផល​ និង​សេវាកម្ម​ផ្សេងៗ​នៅ​ក្នុង​សេដ្ឋកិច្ច​។​4​ ជា​លទ្ធផល​ បញ្ហា​នេះ​អាច​ជះ​ឥទ្ធិពល​មិនល្អ​ដល់​និរន្តរភាព​សេដ្ឋកិច្ច​នៅ​កម្ពុជា​ ជា​ពិសេស​ដោយសារ​តម្រូវការ​ក្នុងស្រុក​ធ្លាក់​ចុះ​ទាប​។​ ជា​ការ​ឆ្លើយ​តប​ អាជ្ញាធរ​បាន​បន្ធូរ​បន្ថយពន្ធ​ដើម្បី​រក្សា​ឲ្យ​បាន​នូវ​លទ្ធភាព​ទិញ​របស់​ប្រជាជន​នៅ​ក្នុង​សេដ្ឋកិច្ច​ និង​ដើម្បី​ពង្រឹង​តម្រូវការ​ក្នុងស្រុក​ និង​ផលិតកម្ម​ដើម្បី​ជំរុញ​សកម្មភាព​សេដ្ឋកិច្ច​ឡើង​វិញ​។​

​លើស​ពី​នេះ​ រដ្ឋាភិបាល​កម្ពុជា​ក៏​កំពុង​ផ្តល់​ជំនួយ​ជា​ថវិកា​ដល់​អ្នកធ្វើការ​លើ​វិស័យ​ដែល​រង​គ្រោះ​ខ្លាំង​ជាងគេ​ ជា​ពិសេស​កម្មករ​ដែល​បាត់បង់​ប្រភព​នៃ​ចំណូល​របស់​ខ្លួន​។5​​ ជាក់ស្តែង​ រដ្ឋាភិបាល​បាន​ផ្តល់​អត្ថប្រយោជន៍​ដល់​អ្នក​ដែល​ត្រូវ​បាន​ផ្អាក​បណ្តោះអាសន្ន​ពី​ការងារ​ចំនួន​ ៤០​ ដុល្លារ​ក្នុង​មួយ​ខែ​ សំដៅ​ទៅ​ដល់​កម្មករ​ដែល​បាត់បង់​ការងារ​ដោយសារ​ជំងឺ​រាតត្បាត​ និង​អ្នក​ដែល​ត្រូវការ​ជា​ពិសេស​ផ្សេង​ទៀត​នៅ​ក្នុងអំឡុងពេល​រង​គ្រោះ​ខ្លាំង​នេះ​ ដូច​ជា​អ្នកធ្វើការ​លើ​វិស័យ​ទេសចរណ៍​ និង​ក្រុមហ៊ុន​អាកាសចរណ៍​។​ ជា​ការ​ពិត​ណាស់​ ក្នុង​ឆ្នាំ​ ២០១៨​ វិស័យ​ទេសចរណ៍​បាន​ចូលរួម​ចំណែក​ប្រមាណ​ជា​ ៣៣​ ភាគរយ​នៃ​ផលិតផល​ក្នុងស្រុក​សរុប​ (​ផសស​)​ របស់​កម្ពុជា​។​6​ ទោះ​យ៉ាងណា​ក៏​ដោយ​ ចាប់តាំងពី​ការ​ផ្ទុះ​នៃ​ជំងឺ​កូ​វី​ដ​-១៩​ ចំនួន​ភ្ញៀវ​ទេសចរ​បាន​ធ្លាក់​ចុះ​ ៨០%​ ដែល​បាន​ធ្វើ​ឲ្យ​ប៉ះពាល់​យ៉ាងធ្ងន់ធ្ងរ​ដល់​និ​យោ​ជិ​ក​ និង​ក្រុមហ៊ុន​ក្នុង​វិស័យ​ទេសចរណ៍​។​

​ការ​បាត់បង់​ការងារ​បាន​កើតឡើង​នៅ​ក្នុង​បណ្តា​វិស័យ​ជា​ច្រើន​ទៀត​ រួម​ទាំង​វិស័យ​នាំ​ចេញ​ផង​ដែរ​។​ ការ​កាត់​បន្ថយ​តម្រូវការ​សម្រាប់​ការ​នាំ​ចេញ​របស់​កម្ពុជា​ទៅ​កាន់​ទីផ្សារ​អន្តរជាតិ​ធំៗ​ ដូច​ជា​សហគមន៍​អ៊ឺ​រ៉ុ​ប​ និង​សហរដ្ឋអាមេរិក​បន្ទាប់​ពី​ការ​ផ្ទុះ​ឡើង​នៃ​ជំងឺ​កូ​វី​ដ​-១៩​ ជា​ហេតុ​ធ្វើ​ឱ្យ​មានការ​បាត់បង់​ការងារ​។​ តួយ៉ាង​ ការ​ផ្អាក​ទៅ​លើ​ផ្នែក​ខ្លះ​ និង​ទាំងស្រុង​ក្នុង​ផលិតកម្ម​បាន​ធ្វើ​ឱ្យ​បុគ្គលិក​ប្រមាណ​ជា​ ១០០,០០០​ នាក់​នៅ​ក្នុង​វិស័យ​កាត់ដេរ​សម្លៀក​បំពាក់​ និង​ស្បែកជើង​គ្មាន​ការងារ​ធ្វើ​ ចាប់តាំងពី​ពាក់កណ្តាល​ខែមេសា​ ឆ្នាំ​២០២០​ មក​។​7

រោងចក្រនៅសង្កាត់ចោមចៅ។ រូបថតរបស់អង្គការសហប្រជាជាតិសម្រាប់ស្ត្រីនៅកម្ពុជាដែលបានថតនៅថ្ងៃទី ០៦ ខែកញ្ញាឆ្នាំ ២០១៦។ ក្រោមអាជ្ញាប័ណ្ណ CC BY-NC-ND 2.0

​យ៉ាងណា​ម៉ិ​ញ​ អាជ្ញាធរ​បាន​អនុវត្ត​គោលនយោបាយ​អន្តរាគមន៍​រូបិយ​វត្ថុ​ដើម្បី​គាំទ្រ​ដល់​ប្រាក់​កម្ចី​ដែល​មានការ​ប្រាក់​ទាប​សម្រាប់​បុគ្គល​ និង​អាជីវកម្ម​ដើម្បី​បង្កើត​ការងារ​។​ ជាក់ស្តែង​ រដ្ឋាភិបាល​កំពុង​សម្របសម្រួល​ដល់​ការ​ដាក់​សំណើ​កម្ចី​ឥណទាន​ពី​សំណាក់​អាជីវកម្ម​ដែល​ត្រូវការ​បន្ទាន់​នូវ​សាច់ប្រាក់​ (​សន្ទនីយ​ភាព​)​។​​8​​ ឧទាហរណ៍​ជាក់ស្តែង​ ប្រាក់​កម្ចី​ដែល​មានការ​ប្រាក់​ទាប​ត្រូវ​បាន​ផ្តល់​តាម​រយៈ​ធនាគារ​សហគ្រាស​ខ្នាត​តូច​ និង​មធ្យម​ ធនាគារ​ឯកទេស​ និង​ធនាគារ​កសិកម្ម​ជាដើម​ ដើម្បី​ទ្រទ្រង់​អាជីវកម្ម​ខ្នាត​តូច​ និង​អនុញ្ញាត្ត​ឲ្យ​អាជីវកម្ម​ទាំងនេះ​បង្កើន​ឱកាស​សម្រាប់​ការ​បណ្តាក់ទុន​ថ្មី​នៅ​ក្នុង​សេដ្ឋកិច្ច​។​ រដ្ឋាភិបាល​ក៏​បាន​ផ្តល់​ថវិកា​ចំនួន​ ៥០​ លាន​ដុល្លារ​ដើម្បី​គាំទ្រ​ដល់​បណ្តា​ក្រុមហ៊ុន​ក​សិ​-​ពាណិជ្ជកម្ម​ដែល​កំពុង​វត្តមាន​ និង​កំពុង​រីក​ចម្រើន​ផង​ដែរ​។​​9​​ ការ​ធ្វើ​ឱ្យ​ប្រសើរ​ឡើង​នូវ​ការ​ទទួល​បាន​ប្រាក់​កម្ចី​ដែល​មានការ​ប្រាក់​ទាប​នេះ​ ធ្វើ​ឡើង​ក្នុង​គោលបំណង​លើកកម្ពស់​ការ​វិនិយោគ​ ធ្វើ​ឱ្យ​ប្រសើរ​ឡើង​នូវ​ស្ថានភាព​សេដ្ឋកិច្ច​របស់​ក្រុមហ៊ុន​ និង​ជួយ​សម្រួល​ដល់​ការ​ស្តារ​សេដ្ឋកិច្ច​ឡើង​វិញ​។​

​ក្នុង​នោះ​រដ្ឋាភិបាល​បាន​កាត់​បន្ថយ​ការ​ចំណាយ​ចុះបញ្ជី​ចំនួន​ ៤០​ ភាគរយ​សម្រាប់​អាជីវកម្ម​ចុះបញ្ជី​តាម​អ៊ិ​ន​ធឹ​ណេ​ត​ដើម្បី​ពង្រឹង​និន្នាការ​កើនឡើង​នៅ​ក្នុង​ពាណិជ្ជកម្ម​តាម​ប្រព័ន្ធ​អេ​ឡិច​ត្រូ​និក​ ដែល​ប្រទេស​នេះ​កំពុង​ជួប​ប្រទះ​ក្នុង​រយៈពេល​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយ​នេះ​។​ វា​មាន​សារៈសំខាន់​ណាស់​ ជា​ពិសេស​នៅ​ក្នុងអំឡុងពេល​នេះ​ដើម្បី​ធានា​ប្រសិទ្ធភាព​នៃ​វិធានការ​រក្សា​គម្លាត​សុវត្ថិភាព​សង្គម​ និង​ការ​រឹតត្បិត​ទៅ​លើ​កា​រប​ម្លា​ស់​ទី​មួយ​ចំនួន​។​ ស្រប​ពេល​បណ្តាញ​អ៊ី​ន​ធឺ​ណេ​ត​មាន​ភាព​ប្រសើរ​ឡើង​នៅ​ទូ​ទាំង​ប្រទេស​ ការ​ទិញ​ទំនិញ​តាម​អន​ឡាញ​មានដំណើ​ការ​ឡើង​ ខណៈ​អតិថិជន​ធ្វើការ​ទិញ​ និង​ទូទាត់​ប្រាក់​តាម​អន​ឡាញ​ ក៏​ដូច​ជា​ទទួល​បាន​ទំនិញ​របស់​ពួក​គេ​ដឹក​ជញ្ជូន​ទៅ​ដល់​ផ្ទះ​តែ​ម្តង​។​

​នៅ​ក្នុង​ខែមីនា​ រដ្ឋាភិបាល​បាន​ប្រកាស​បិទ​សាលារៀន​ទូ​ទាំង​ប្រទេស​។​ បញ្ហា​នេះ​បាន​ប៉ះពាល់​ដល់​សិស្ស​រាប់​លាន​នាក់​នៅ​ក្នុង​ប្រទេស​ ដែល​ភាគច្រើន​មាន​សមត្ថភាព​តិចតួច​ក្នុង​ការ​រៀនសូត្រ​ពី​ផ្ទះ​ដោយសារ​តែ​កង្វះខាត​នៃ​ការ​ភ្ជាប់​អ៊ី​ន​ធឺ​ណេ​ត​ និង​ឧបករណ៍​រួម​ផ្សំ​ផ្សេង​ទៀត​ បូក​រួម​ជំនាញការ​ប្រើប្រាស់​បច្ចេកវិទ្យា​នៅ​មាន​កំណត់​ ក៏​ដូច​ជា​ការ​ប្រើប្រាស់​ឧបករណ៍​បច្ចេកវិទ្យា​ទំនាក់ទំនង​ (ICT)​។​ រដ្ឋាភិបាល​ក្នុង​ភាព​ជា​ដៃគូ​ជាមួយ​យូ​ណេ​ស្កូ​ (UNESCO)​ កំពុងធ្វើការ​ពង្រឹង​ការ​សិក្សា​ឌី​ជី​ថ​ល​ និង​ពី​ចម្ងាយ​ដើម្បី​កាត់​បន្ថយ​ផលវិបាក​អវិជ្ជមាន​ពី​សកម្មភាព​អប់រំ​ដែល​ត្រូវ​បាន​ផ្អាក​។​10​ ប្រទេស​កម្ពុជា​កំពុង​វិនិយោគ​ទៅ​លើ​ឧបករណ៍​បច្ចេកវិទ្យា​រៀន​ពី​ចម្ងាយ​ ដើម្បី​កាត់​បន្ថយ​ផល​ប៉ះពាល់​បណ្តាល​មក​ពី​ការ​បិទ​សាលារៀន​បណ្តោះអាសន្ន​ ព្រមទាំង​ការ​បង្កើត​ប្រព័ន្ធ​អប់រំ​ល្អ​ប្រសើរ​ និង​ច្នៃប្រឌិត​ថ្មី​សម្រាប់​ពេល​អនាគត​។​ យ៉ាងណា​មិញ​ នៅ​ខែកញ្ញា​ ឆ្នាំ​២០២០​ សាលារៀន​ត្រូវ​បាន​អនុញ្ញាត្ត​ឲ្យ​បើក​ដំណើរការ​ជា​ថ្មី​ឡើង​វិញ​។​

​សរុបសេចក្តី​មក​ រដ្ឋាភិបាល​កម្ពុជា​បាន​នឹង​កំពុង​អនុវត្ត​គោលនយោបាយ​សេដ្ឋកិច្ច​ និង​វិធាន​ការណ៍​រដ្ឋបាល​ជា​ច្រើន​ដើម្បី​កាត់​បន្ថយ​ផល​ប៉ះពាល់​អវិជ្ជមាន​នៃ​ជំងឺ​កូ​វី​ដ​-១៩​ មក​លើ​សេដ្ឋកិច្ច​របស់​ខ្លួន​។​ គោលនយោបាយ​អន្តរាគមន៍​មួយ​ក្នុង​ចំណោម​គោលនយោបាយ​ផ្សេង​ទៀត​ គឺ​ការ​ផ្តល់​ការ​បន្ធូរ​បន្ថយពន្ធ​ដើម្បី​សម្រួល​ដល់​បន្ទុក​ហិរញ្ញវត្ថុ​ និង​រក្សា​លទ្ធភាព​ក្នុង​ការ​ទិញ​ទំនិញ​របស់​ប្រជាជន​។​ រដ្ឋាភិបាល​ក៏​នឹង​កំពុង​ផ្តល់​ជំនួយ​ហិរញ្ញវត្ថុ​ដល់​កម្មករ​ដែល​បាន​បាត់បង់​ប្រភព​ចំណូល​របស់​ពួក​គេ​ ដើម្បី​បន្ធូរបន្ថយ​ផល​ប៉ះពាល់​នៃ​ជំងឺ​កូ​វី​ដ​-១៩​។​ ប្រាក់​កម្ចី​ដែល​មានការ​ប្រាក់​ទាប​ដែល​ផ្តល់​ដោយ​រដ្ឋាភិបាល​ ក៏​កំពុង​ផ្តល់​អត្ថប្រយោជន៍​ដល់​អាជីវកម្ម​ខ្នាត​តូច​ និង​មធ្យម​ជា​ច្រើន​ផង​ដែរ​ សំដៅ​ដល់​ការ​បង្កើត​ឱកាស​សម្រាប់​ការ​ងើបឡើង​វិញ​នៃ​សេដ្ឋកិច្ច​។​ ចុង​ក្រោយ​គឺ​ការ​ធ្វើ​ឌី​ជី​ថ​ល​នី​យ​កម្ម​លើ​វិស័យ​ពាណិជ្ជកម្ម​ និង​ការ​អប់រំ​ ក្នុង​គោលបំណង​កាត់​បន្ថយ​ផល​ប៉ះពាល់​អវិជ្ជមាន​ដែល​បណ្តាល​មក​ពី​វិធាន​រក្សា​គម្លាត​សុវត្ថិភាព​សង្គម​ និង​វិធានការ​រឹតត្បិត​ការ​ធ្វើ​ដំណើរ​ផ្សេងៗ​។​

អត្ថបទ​សរសេរ​ដោយ​៖​ កញ្ញា​ ​​អេ​ន​ចេ​ឡា​ ម៉ា​រៀ​ ម៉ា​លូ​ហ្វ​​​​​, អ្នក​ហាត់​ការ​​ស្រាវ​ជ្រាវ​នៅ​អូឌីស៊ី​។​ កែសម្រួល និង​បក​ប្រែ​ដោយ​​បណ្ណាធិការ​-អ្នក​ស្រាវ​ជ្រាវ​​ ផ្នែក​សេដ្ឋកិច្ច​​របស់​អូឌី​ស៊ី​។​

ឯកសារយោង