វគ្គ​បណ្តុះបណ្តាល​ស្តី​អំពី​អក្ខរកម្ម​ទិន្នន័យ​ទៅ​លើ​ប្រធានបទ​សុខភាព​សាធារណៈ​លើក​ទី​២

​នៅ​ថ្ងៃ​ទី​៥​ ទី​៦​ ទី៨​ និងទី​៩​ ខែមេសា​ ឆ្នាំ​២០២១​ អង្គការ​ទិន្នន័យ​អំពី​ការ​អភិវឌ្ឍ​ (​អូ​ឌី​ស៊ី​)​ បាន​ធ្វើ​សិក្ខាសាលា​បណ្តុះបណ្តាល​ស្តី​អំពី​ «​អក្ខរកម្ម​ទិន្នន័យ​ទៅ​លើ​ប្រធានបទ​សុខភាព​សាធារណៈ​»​ ប្រកបដោយ​ជោគជ័យ​។​ នេះ​គឺជា​ការបណ្តុះបណ្តាល​លើក​ទី​២​ នៅ​ក្រោម​ប្រធានបទ​នេះ​។​ ដើម្បី​ទប់ស្កាត់​ការ​រីក​រាលដាល​នៃ​វីរុស​កូ​វី​ដ​-១៩​ នៅ​ក្នុង​សហគមន៍តាម​​វិធានការ​របស់​រដ្ឋាភិបាល​ វគ្គ​បណ្តុះបណ្តាល​នេះ​ត្រូវ​បាន​រៀបចំ​ឡើង​ដោយ​ក្រុមការងារ​ អូ​ឌី​ស៊ី​ ធ្វើ​ឡើង​តាម​រយៈ​កម្មវិធី​ Zoom​ ដែល​ជា​វេទិកា​សម្រាប់​ធ្វើ​ស​ន្និ​សិ​ទវី​ដេ​អូ​។​ វគ្គ​បណ្តុះបណ្តាល​នេះ​ត្រូវ​បានរ​រៀបចំ​ឡើង​ដោយ​មានការ​ចូលរួម​ពី​សិក្ខាកាម​ចំនួន​ ១៥​នាក់​ (៨​នាក់​ជា​ស្ត្រី​)​ ដែល​ជា​យុវជន​មក​ពី​បណ្តាញ​ អ្នក​សារព័ត៌មាន​ពលរដ្ឋ​ មក​ពី​ខេត្តសៀមរាប​ កំពង់ធំ​ ព្រះ​វិហារ​ និង​កំពង់ឆ្នាំង​។

​គោលបំណង​សំខាន់​នៃ​សិក្ខាសាលា​បណ្តុះបណ្តាល​អក្ខរកម្ម​ទិន្នន័យ​ទៅ​លើ​ប្រធានបទ​សុខភាព​សាធារណៈ​នេះ​ត្រូវ​បាន​រៀបចំ​ឡើង​ដើម្បី​បង្កើន​សមត្ថភាព​របស់​សិក្ខាកាម​លើ​ចំណេះដឹង​អំពី​ទិន្នន័យ​នៅ​ក្នុង​ប្រទេស​កម្ពុជា​ ដោយ​ផ្តោតអារម្មណ៍​ទៅ​លើ​ទិន្នន័យ​ ដើម្បី​ឱ្យ​ពួក​គេ​មាន​សមត្ថភាព​ ប្រើប្រាស់​ និង​ធ្វើ​ទស្សនី​យ​កម្ម​ទិន្នន័យ​យ៉ាង​ស្ទាត់ជំនាញ​នៅ​ក្នុង​ការងារ​ប្រចាំ​ថ្ងៃ​របស់​ពួក​គេ​។​ លើស​ពី​នេះ​ទៅ​ទៀត​ វគ្គ​បណ្តុះបណ្តាល​នេះ​ក៏​មាន​គោលបំណង​ឱ្យ​អ្នកចូលរួម​មាន​សមត្ថភាព​ដាក់​បញ្ចូល​ទិន្នន័យ​ទៅ​ក្នុង​ការ​សរសេរ​ពី​ព្រឹត្តិការណ៍​ ឬ​រឿងរ៉ាវ​ផ្សេងៗ​ដែល​អាច​ឈាន​ដល់​ការ​ផ្សព្វផ្សាយ​ទៅ​សាធារណៈ​កាន់តែ​ទូលំទូលាយ​។​

​វគ្គ​បណ្តុះបណ្តាល​នេះ​ត្រូវ​បាន​ចាប់ផ្តើម​ដោយ​មាន​ស​ន្ទ​រក​ថា​ស្វាគមន៍​ពី​ លោក​ ធី​ ទ្រី​ ដែល​ជានា​យក​ប្រតិបត្តិ​នៃ​អង្គការ​អូ​ឌី​ស៊ី​។​ នៅ​ក្នុង​ការ​ថ្លែងស​ន្ទ​រក​ថា​ដ៏​មាន​តម្លៃ​នេះ​ លោក​ ធី​ ទ្រី​ បាន​លោក​ឡើង​អំពី​សារៈសំខាន់​នៃ​ទិន្នន័យ​ អត្ថប្រយោជន៍​ និង​សក្តានុពល​របស់​វា​ ហើយ​អំពាវនាវ​ដល់​អ្នកចូលរួម​ទាំងអស់​ទទួល​បាន​នូវ​ចំណេះដឹង​ឱ្យ​បាន​ច្រើន​តាម​ដែល​អាច​ធ្វើ​ទៅ​បាន​នៅ​អំឡុង​ពេល​បណ្តុះបណ្តាល​នេះ​។​ បន្ទាប់​មក​ទៀត​ វគ្គ​ណែនាំ​ត្រូវ​បាន​បន្ត​ធ្វើ​ឡើង​ដើម្បី​ឱ្យ​អ្នកចូលរួម​ទាំងអស់​បាន​ស្គាល់គ្នា​ អាច​រៀនធ្វើការ​ជាមួយ​គ្នា​ និង​បង្ហាញ​ពី​ការ​រំពឹង​ទុក​របស់​ពួក​គេ​ម្នាក់ៗ​អំពី​វគ្គ​ បណ្តុះបណ្តាល​នេះ​។​ លោក​ ធី​ ទ្រី​ ក៏​បាន​បង្ហាញ​អំពី​តួនាទី​ដ៏​សំខាន់​នៃ​ទិន្នន័យ​នៅ​ក្នុង​វិស័យ​សុខភាព​សាធារណៈ​និង​របៀប​ដែល​អាច​ប្រើប្រាស់​ទិន្នន័យ​ក្នុង​ការ​ផ្សព្វផ្សាយ​ព័ត៌មាន​។​ ក្នុង​ន័យ​នេះ​លោក​បាន​គូសបញ្ជាក់​បន្ថែម​ទៀត​អំពី​សក្តានុពល​និង​ផល​ប៉ះពាល់​នៃ​ការ​ប្រើប្រាស់​ទិន្នន័យ​ក្នុង​វិស័យ​សុខភាព​សាធារណៈ​ជា​ពិសេស​ក្នុង​កំឡុង​ពេល​រាតត្បាត​នៃ​វីរុស​កូ​វី​ដ​-១៩​ នៅ​ប្រទេស​កម្ពុជា​។​

​វគ្គ​ទី​១​នៃ​ការ​បណ្តុះបណ្តាល​ត្រូវ​បាន​ផ្តល់​ជូ​ន​ដោយ​ លោក​ ហៀ​ង​ កុសល​ ដែល​ជា​អ្នក​ស្រាវជ្រាវ​ខាង​សេដ្ឋកិច្ច​នៃ​អង្គការ​អូ​ឌី​ស៊ី​បាន​ចូល​ធ្វើ​បទ​បង្ហាញ​។​ នៅ​ក្នុង​វគ្គ​ចាប់ផ្តើម​នេះ​ លោក​ ហៀ​ង​ កុសល​ បាន​បង្ហាញ​ពី​និយម​ន័យ​ទូទៅ​នៃ​ទិន្នន័យ​ គំនិត​មូលដ្ឋាន​នៃ​ប្រភេទ​ទិន្នន័យ ​ជា​ពិសេស​ទិន្នន័យ​បែប​គុណភាព​ និង​បរិមាណ​ និយម​ន័យ​នៃ​ទិន្នន័យ​បើក​ទូ​លាយ​ និង​សារៈសំខាន់​របស់​វា​ និង​វដ្ត​តម្លាភាព​ដែល​ត្រូវ​បាន​បង្កើត​ឡើង​ដោយ​ផ្អែក​លើ​ទិន្នន័យ​បើក​ទូល​លាយ​។​ បន្ទាប់​ពី​បញ្ចប់​វគ្គ​ទី​១​ លោក​បាន​បន្ត​ធ្វើ​បទ​បង្ហាញ​អំពី​ការ​បង្កើត​ទស្សនី​យ​កម្ម​ទិន្នន័យ​នៅ​ក្នុង​សារព័ត៌មាន​ដោយ​ផ្តោត​លើ​និយម​ន័យ​មូលដ្ឋាន​ប្រភេទ​ទិន្នន័យ​នៅ​ក្នុង​សារព័ត៌មាន​ និង​ស្វែង​យល់​ពី​សារៈសំខាន់​នៃ​ទស្សនី​យ​កម្ម​ទិន្នន័យ​នៅ​ក្នុង​សារព័ត៌មាន​។​ គោលបំណង​គឺ​ដើម្បី​បណ្តុះបណ្តាល​សមត្ថភាព​របស់​អ្នកចូលរួម​ក្នុង​ការ​ទទួលស្គាល់​ការ​ប្រើប្រាស់​ទិន្នន័យ​នៅ​ក្នុង​ជីវិត​ប្រចាំ​ថ្ងៃ​របស់​ពួក​គេ​។​

​លោក​ វង្ស​ ពិ​សិទ្ធ​ ជា​មន្ត្រីជាន់ខ្ពស់​ផ្នែក​ស្រាវជ្រាវ​ទិន្នន័យ​ និង​ប្រព័ន្ធ​ព័ត៌មាន​ភូមិសាស្ត្រ​ (GIS)​ របស់​អង្គការ​អូ​ឌី​ស៊ី​ ទទួល​បន្ទុក​វគ្គ​បន្ទាប់​ដែល​គាត់​បាន​បង្ហាញ​គោលការណ៍​ទូទៅ​នៃ​ការ​ធ្វើ​ទស្សនី​យ​កម្ម​ទិន្នន័យ​។​ គាត់​បាន​សង្កត់ធ្ងន់​លើ​ផ្នែក​បច្ចេកទេស​បន្ថែម​ទៀត​នៃ​វិធីសាស្ត្រ​នៃ​ការ​ធ្វើ​ទស្សនី​យ​កម្ម​ទិន្នន័យ​អាច​ប្រាប់​រឿងរ៉ាវ​ដល់​អ្នក​អាន​ និង​វិធី​ជ្រើសរើស​ប្រភេទ​ក្រាប​ ក្រាហ្វិក​ត្រឹមត្រូវ​ដើម្បី​ពន្យល់​អំពី​ទិន្នន័យ​។​ បន្ទាប់​ពី​ឱកាស​នៃ​ការ​ចែករំលែក​នេះ​ អ្នក​អាន​អាច​ស្វែង​យល់​អំពី​ឯកសណ្ឋាន​ភាព​នៃ​ការ​ធ្វើ​ទស្សនី​យ​កម្ម​ទិន្នន័យ​ដែល​ទាក់ទង​នឹង​ប្រធានបទ​ឱ្យ​បាន​ត្រឹមត្រូវ​។​

​នៅ​ថ្ងៃ​ទី​២​ ត្រូវ​បាន​ចាប់ផ្តើម​ពី​ការ​ណែនាំ​បន្ថែម​ទៀត​អំពី​ទស្សនី​យ​កម្ម​ទិន្នន័យ​ ដោយ​លោក​ វង្ស​ ពិ​សិទ្ធ​។​ ក្នុង​វគ្គ​នេះ​ត្រូវ​បាន​ផ្តោត​សំខាន់​ទៅ​លើ​ការ​ជ្រើសរើស​ ក្រាហ្វិក​ដែល​ត្រឹមត្រូវ​សម្រាប់​រៀបរាប់​រឿងរ៉ាវ​របស់​ទិន្នន័យ​ទៅ​កាន់​អ្នក​អាន​។​ គាត់​បាន​បង្ហាញ​អំពី​ជំហាន​ នីមួយៗ​ក្នុង​ការ​បង្កើត​ទស្សនី​យ​កម្ម​ទិន្នន័យ​ដោយ​ប្រើប្រាស់​កម្មវិធី​ Datawrapper​ ដែល​ជា​ឧបករណ៍​ Online​ សម្រាប់​ធ្វើ​ទស្សនី​យ​កម្ម​ទិន្នន័យ​។​ ក្រៅពី​ការ​សិក្សា​អំពី​ការ​ប្រើប្រាស់​ឧបករណ៍​នេះ​ លោក​ក៏​បាន​ផ្តល់​ លំ​ហាត់​អនុវត្តន៍​សម្រាប់​សិ​ក្ខាកាម​ដែល​បាន​ចូលរួម​ក្នុង​ការ​ធ្វើ​ការងារ​នេះ​ដោយ​ផ្ទាល់​ជាមួយ​នូវ​អី្វ​ដែល​ពួក​គាត់​បាន​សិក្សា​។​ លំ​ហាត់​អនុវត្ត​ន៍​នេះ​ផ្តោត​សំខាន់​លើ​ការ​រីក​រាលដាល​នៃ​វីរុស​កូ​វី​ដ​-១៩​ នៅ​ក្នុង​ប្រទេស​កម្ពុជា​។​

​នៅ​ថ្ងៃ​ទី​ ៣​ នៃ​សិក្ខាសាលា​បណ្តុះបណ្តាល​នេះ​ លោក​ ង៉ូ​វ​ ជី​ហ័​រ​ ជា​មន្ត្រី​ផ្នែក​ទំនាក់ទំនង​នៃ​អង្គការ​អូ​ឌី​ស៊ី​បាន​ចាប់ផ្តើម​ដោយ​បង្ហាញ​មេរៀន​ស្តី​ពី​ការ​បង្ហាញ​រូបភាព​ ដែល​ជា​ជម្រើស​ក្នុង​ការ​ធ្វើ​ទស្សនី​យ​កម្ម​ទិន្នន័យ​។​ ក្នុង​ន័យ​នេះ​វគ្គ​បណ្តុះបណ្តាល​បាន​ចាប់ផ្តើម​ដោយ​ការ​ណែនាំ​ដល់​អ្នកចូលរួម​នូវ​និយម​ន័យ​ជា​មូលដ្ឋាន​នៃ​ ព័ត៌មាន​ជា​រូបភាព​ (Infographic)​ និង​ចំណុច​ដើម្បី​ឈាន​ដល់​ឯកសណ្ឋាន​ភាព​នៃ​ព័ត៌មាន​ជា​រូបភាព​ (Infographic)​។​ គាត់​បាន​ណែនាំ​នូវ​ឧបករណ៍​ Online​ ឈ្មោះ​ថា​ Canva​ និង​ផ្តល់​ប្រឹក្សា​ទៅ​លើ​ការ​បង្កើត​ព័ត៌មាន​ជា​រូបភាព​ ឱ្យ​មាន​ភាព​ច្បាស់លាស់​ និង​ប្រកប​ទៅ​ដល់​ការ​ប្រាប់​នូវ​រឿងរ៉ាវ​ទិន្នន័យ​។​ បន្ទាប់​ពី​ការ​សិក្សា​អំពី​វិធីសាស្ត្រ​ប្រើប្រាស់​ឧបករណ៍​ គាត់​បាន​អនុញ្ញាត​ឱ្យ​អ្នកចូលរួម​ដើម្បី​ស្វែង​យល់​អំពី​ឧបករណ៍​ និង​បង្កើត​ព័ត៌មាន​ជា​រូបភាព​ដោយ​ផ្ទាល់​។​ ថ្ងៃ​ទី​បី​ត្រូវ​បាន​បញ្ចប់​នៅ​ពេល​ដែល​អ្នកចូលរួម​ម្នាក់ៗ​បាន​ផលិត​ព័ត៌មាន​ជា​រូបភាព​ផ្ទាល់ខ្លួន​របស់​ពួក​គេ​។​

​នៅ​ថ្ងៃ​ចុង​ក្រោយ​ ការ​បណ្តុះបណ្តាល​ត្រូវ​បាន​ផ្តោត​ទៅ​លើ​ការ​ធ្វើ​ការងារ​ជា​ក្រុម​។​ គោលបំណង​នៃ​វគ្គ​នេះ​គឺ​ដើម្បី​ធ្វើ​ឱ្យ​ប្រាកដ​ថា​អ្នកចូលរួម​អាច​អនុវត្ត​អ្វី​ដែល​ពួក​គេ​បាន​រៀន​ ទៅ​ជា​ការ​អនុវត្ត​ជាក់ស្តែង​។​ ការ​អនុវត្ត​ជាក់ស្តែង​នឹង​អនុញ្ញាត​ឱ្យ​ពួក​គេ​បង្កើន​ចំណេះដឹង​បន្ថែម​ទៀត​នៃ​ការ​ធ្វើ​ទស្សនី​យ​កម្ម​ទិន្នន័យ​។​ ក្រុមការងារ​អូ​ឌី​ស៊ី​បាន​ណែនាំ​ឱ្យ​អ្នកចូលរួម​ទាំងអស់​ធ្វើការ​រួម​គ្នា​នៅ​ក្នុង​ក្រុម​។​ នៅ​ក្នុង​សកម្មភាព​ក្រុម​ ក្រុមការងារ​អូ​ឌី​ស៊ី​បាន​ស្នើ​សុំ​ឱ្យ​ពួក​គេ​ធ្វើការ​លើ​ទិន្នន័យ​សុខភាព​សាធារណៈ​ជា​ពិសេស​លើ​ទិន្នន័យ​កូ​វី​ដ​-១៩​ នៅ​ក្នុង​ប្រទេស​កម្ពុជា​។​ ពួក​គេ​បាន​បង្កើត​ធនធាន​ទាំងនោះ​ទៅ​ជា​ទម្រង់​ផ្សេងៗ​គ្នា​នៃ​រឿងរ៉ាវ​ទិន្នន័យ​ដែល​មាន​ជា​ក្រាប​ និង​ព័ត៌មាន​ជា​រូបភាព​ (Infographic)​។​ លើស​ពី​នេះ​ទៅ​ទៀត​ ក្រុម​ទាំងអស់​ត្រូវ​បាន​ស្នើ​សុំ​ឱ្យ​បង្ហាញ​ការងារ​របស់​ពួក​គេ​នៅ​លើ​ក្រុម​ហ្វេ​ស​ប៊ុ​ក​របស់​ក្រុមការងារ​អូ​ឌី​ស៊ី​ដើម្បី​ទទួល​បាន​នូវ​មតិ​ស្ថាបនា​ប្រកបដោយ​ភាព​ច្នៃប្រឌិត​ពី​សំណាក់​គ្រូបង្វឹក​ និង​សិក្ខាកាម​ផ្សេង​ទៀត​។​

ផ្អែក​ទៅ​លើ​ការ​វាយតម្លៃ​មុន​ពេល​បណ្តុះបណ្តាល​ និង​ក្រោយ​បណ្តុះបណ្តាល​ អ្នកចូលរួម​បាន​បង្ហាញ​ពី​ការ​អភិវឌ្ឍ​បន្ថែម​ទៀត​ទៅ​លើ​ការ​យល់​ដឹង​អំពី​ទិន្នន័យ​ ជំនាញ​ក្នុង​ការ​ធ្វើ​ទស្សនី​យ​កម្ម​ទិន្នន័យ​ ការ​រៀបរាប់​ពី​រឿងរ៉ាវ​ទិន្នន័យ​ និង​ ចំណេះដឹង​មូលដ្ឋាន​គ្រឹះ​នៃ​ការ​ប្រើប្រាស់​ឧបករណ៍​ទស្សនី​យ​កម្ម​ទិន្នន័យ​។​ ពិន្ទុ​របស់​ពួក​គេ​បាន​កើនឡើង​គួរ​ឱ្យ​កត់សម្គាល់​ មុន​ និង​បន្ទាប់​ពី​ទទួល​បានការ​បណ្តុះបណ្តាល​។​ ផ្អែក​លើ​​ស្នាដៃ​ និង​ការ​យល់​ដឹង​អំឡុង​ពេល​បណ្តុះបណ្តាល​ របស់​អ្នកចូលរួម​យល់​ឃើញ​ថា​ ប្រសិទ្ធិ​ភាព​នៃ​ការ​រៀបរាប់​រឿងរ៉ាវ​ទិន្នន័យ​ ហើយនឹង​ចំណេះដឹង​ទៅ​លើ​ការ​ប្រើប្រាស់​ទិន្នន័យ​ សម្រាប់​ការ​រៀបចំ​ និង​បង្កើត​ឡើងជា​ទស្សនី​យ​កម្ម​ទិន្នន័យ​របស់​ពួក​គាត់​កាន់តែ​មាន​ភាព​ប្រសើរ​ឡើង​ថែម​ទៀត​។​ អ្នកចូលរួម​ម្នាក់​បាន​កោតសរសើរ​ចំពោះ​វគ្គ​បណ្តុះបណ្តាល​នេះ​ថា​ វា​ពិតជា​បាន​ផ្តល់​នូវ​សារៈ​ប្រយោជន៍​យ៉ាង​ខ្លាំង​ចំពោះ​អ្នក​សារព័ត៌មាន​ពលរដ្ឋ​វ័យក្មេង​ដូច​ជា​គាត់​ក្នុង​ការ​សិក្សា​អំពី​ទស្សនី​យ​កម្ម​ទិន្នន័យ​ និង​ ព័ត៌មាន​ជា​រូបភាព​។​ បន្ទាប់​ពី​ទទួល​បានការ​បណ្តុះបណ្តាល​គាត់​អាច​ធ្វើការ​បង្កើត​ទស្សនី​យ​កម្ម​ទិន្នន័យ​បាន​ដោយ​ខ្លួន​គាត់​ផ្ទាល់​ ដោយ​ពុំ​ទាមទារ​ការ​ជួយ​បន្ថែម​ពី​អ្នក​ដទៃ​។​

អត្ថបទ​សរសេរ​ដោយ​៖​ លោក ថា​ន​ ដា​វីត អ្នក​ហាត់​ការ​​ផ្នែកស្រាវជ្រាវនៅ​អូឌីស៊ី​។​ 

អាន​ប្លក់​​​​​​៖ វគ្គបណ្តុះបណ្តាលស្តីអំពីអក្ខរកម្ម​ទិន្នន័យ​ទៅ​លើ​ប្រធានបទ​សុខភាព​សាធារណៈ​លើក​ទី​១