សិក្ខាសាលាបណ្តុះបណ្តាលលើកទី២ ស្តីពីការវាយតម្លៃបរិស្ថានជាយុទ្ធសាស្ត្រ
បន្ទាប់ពីទទួលបានជោគជ័យនៃការរៀបចំសិក្ខាសាលាផ្សព្វផ្សាយលើកទី ១ នៅរាជធានីភ្នំពេញ កាលពីខែមីនាឆ្នាំ ២០២០មក នៅថ្ងៃទី ២៦ និង២៧ ខែសីហា សិក្ខាសាលាបណ្តុះបណ្តាលស្តីពីការវាយតម្លៃបរិស្ថានជាយុទ្ធសាស្ត្រ (SEA) ត្រូវបានធ្វើឡើងជាលើកទី២ នៅខេត្តបាត់ដំបង បន្ទាប់ពីត្រូវបានពន្យារពេលដោយសារការរីករាលដាលនៃជំងឺកូវីដ-១៩។ កម្មវិធីបណ្តុះបណ្តាលនេះត្រូវបានរៀបចំរួមគ្នាដោយអង្គការទិន្នន័យអំពីការអភិវឌ្ឍ ហៅកាត់ថា “អូឌីស៊ី” សហការជាមួយក្រុមប្រឹក្សាជាតិសម្រាប់ការអភិវឌ្ឍប្រកបដោយនិរន្តរភាព (កជអច) និងអង្គការកម្មវិធី ផ្លាស់ប្តូរបទពិសោធន៍អនុផលព្រៃឈើ ដោយមានការគាំទ្របច្ចេកទេសពីគណៈកម្មាធិការបរិស្ថានហូឡង់ សម្រាប់ការវាយតម្លៃហេតុប៉ះពាល់បរិស្ថាន (NCEA) ក្រោម “កម្មវិធីធនធានរួម ដំណោះស្រាយរួម (SRJS)” ដែលទទួលបានការគាំទ្រផ្នែកហិរញ្ញវត្ថុដោយគណៈកម្មាធិការហូឡង់ សម្រាប់អង្គការសហភាពអន្តរជាតិដើម្បីអភិរក្សធម្មជាតិ (IUCN)។
សិក្ខាសាលានេះបានប្រមូលផ្តុំអ្នកចូលរួមសរុបចំនួន ៣៤ នាក់ ដែលមានទាំងអ្នកចូលរួមចាស់ថ្មី ជាតំណាងមកពីមន្ទីរកសិកម្មរុក្ខា ប្រមាញ់ និងនេសាទ មន្ទីរទេសចរណ៍ មន្ទីរបរិស្ថាន មន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដី និងមន្ត្រីគម្រោង និងក្រុមអ្នកគ្រប់គ្រងមកពីសមាជិកអង្គការមិនមែនរដ្ឋាភិបាលនៃគម្រោង SRJS ដែលរួមទាំងវេទិកាអង្គការមិនមែនរដ្ឋាភិបាលស្តីពីកម្ពុជា (NGOF) និងមូលនិធិសត្វព្រៃពិភពលោក (WWF)។ អ្នកចូលរួមមកពីរាជធានីភ្នំពេញមានចំនួន ៨នាក់ និងមកពីខេត្តចំនួន ៤ ផ្សេងទៀត ដែលស្ថិតនៅភាគឦសាននៃប្រទេសកម្ពុជា ក្នុងនោះខេត្តក្រចេះ មានចំនួន ៩នាក់ ខេត្តរតនគិរី ចំនួន ៣នាក់ ខេត្តស្ទឹងត្រែងមានចំនួន ៧នាក់ និងខេត្តព្រះវិហារមានចំនួន ៦នាក់។
ខាងក្រោមនេះ ជាខ្លឹមសារសំខាន់នៃវគ្គបណ្តុះបណ្តាល ដែលមានដូចជា៖
- ជំហានចាំបាច់នានាដែលត្រូវការដើម្បីធ្វើការវាយតម្លៃបរិស្ថានជាយុទ្ធសាស្ត្រ (SEA)
- សក្តានុពលនៃការធ្វើសមាហរណកម្មការវាយតម្លៃបរិស្ថានជាយុទ្ធសាស្ត្រ (SEA) នៅក្នុងការអភិវឌ្ឍផែនការជាតិ និងការរួមចំណែកដល់អភិបាលកិច្ចល្អ
- លទ្ធភាពដែលអាចប្រើប្រាស់បានរបស់ឧបករណ៍ការវាយតម្លៃបរិស្ថានជាយុទ្ធសាស្ត្រ SEA នៅក្នុងការធ្វើផែនការការប្រើប្រាស់ដី
- ទំនាក់ទំនងរវាងការវាយតម្លៃបរិស្ថានជាយុទ្ធសាស្ត្រ (SEA) និងកិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍ និងការប្រែប្រួលអាកាសធាតុ
កម្មវិធីបណ្តុះបណ្តាលត្រូវបានរៀបចំឡើងដោយរួមបញ្ចូលគ្នាទាំងវិធីសាស្ត្រទ្រឹស្តី និងការអនុវត្តជាក់ស្តែងដោយមានការធ្វើបទបង្ហាញ ការពិភាក្សាបើកទូលាយ និងការងារជាក្រុម។ អ្នកសម្របសម្រួលវគ្គបណ្តុះបណ្តាល គឺអតីតសិក្ខាកាមវគ្គសិក្សាការវាយតម្លៃបរិស្ថានជាយុទ្ធសាស្ត្រ (SEA) ដែលមានលោកស្រី កុល លក្ខណា លោក ពេញ សុជាតិ និងលោក ធី ទ្រី ព្រមទាំងសមាជិកនៃ (កជអច)មានលោក ណុប សុខៃ និងលោក លាង សុវិទ្យា រួមទាំងសមាជិកលេខាធិការបច្ចេកទេសនៃគណៈកម្មការវាយតម្លៃបរិស្ថានហូឡង់ សម្រាប់ការវាយតម្លៃបរិស្ថាន (NCEA) - លោកស្រីឡីឡា អូហ្សេ និងលោក អារ៉ែន កូលហូហ្វ។
លោក ធី ទ្រី នាយកប្រតិបត្តិអង្គការទិន្នន័យអំពីការអភិវឌ្ឍ (អូឌីស៊ី) និងជាអតីតសិក្ខាកាម SEA បានចាប់ផ្តើមបើកសិក្ខាសាលាបណ្តុះបណ្តាលនេះដោយមតិស្វាគមន៍ដល់អ្នកចូលរួម និងថ្លែងអំណរគុណចំពោះការគាំទ្រនិងកិច្ចសហការរបស់ (កជអច)។ លោក ស៊ីម ប៊ុនធឿន ប្រធានកម្មវិធីប្រចាំប្រទេសនៃអង្គការកម្មវិធីផ្លាស់ប្តូរបទពិសោធន៍អនុផលព្រៃឈើ ប្រចាំនៅប្រទេសកម្ពុជា ក៏បានឡើងថ្លែងចែករំលែកពីសារៈសំខាន់ និងគោលបំណងនៃសិក្ខាសាលានេះផងដែរ។ សុន្ទរកថាបើកត្រូវបានប្រគល់ជូនឯកឧត្តម កែន សេរីរដ្ឋា អគ្គលេខាធិការរងនៃក្រុមប្រឹក្សាជាតិសម្រាប់ការអភិវឌ្ឍប្រកបដោយនិរន្តរភាព (កជអច)នៃក្រសួងបរិស្ថាន។ លោកបានសង្កត់ធ្ងន់លើតួនាទីរបស់ SEA សម្រាប់កម្មវិធីគោលនយោបាយផែនការ (PPP) និងពីរបៀបដែលឧបករណ៍នេះត្រូវបានប្រើប្រាស់ដើម្បីរៀបចំផែនការទាំងអស់មុនពេលធ្វើការសម្រេចចិត្តចុងក្រោយ។ ការវាយតម្លៃបរិស្ថានជាយុទ្ធសាស្ត្រ (SEA) ត្រូវបានយកមកអនុវត្តដោយរដ្ឋាភិបាលដើម្បីប្រមែប្រមូលធាតុចូលពីអង្គភាពតាមមូលដ្ឋាន និងអ្នកពាក់ព័ន្ធផ្សេងៗទៀត ដើម្បីធ្វើឱ្យប្រសើរឡើងនូវការរៀបចំគោលនយោបាយ ការតាក់តែងច្បាប់ និងការអនុវត្តច្បាប់ផងដែរ។ ឯកឧត្តមក៏បានសង្កត់ធ្ងន់លើភាពចាំបាច់ក្នុងការបង្កើនការប្រើប្រាស់ SEA នៅក្នុងបរិបទកម្ពុជានិងលើកទឹកចិត្តប្រជាជនឱ្យចូលរួមក្នុងកិច្ចដំណើរការវាយតម្លៃបរិស្ថានជាយុទ្ធសាស្ត្រនេះ ដើម្បីធានាបាននូវគុណភាពនៃរបាយការណ៍ និងការអភិវឌ្ឍប្រកបដោយចីរភាពនៅក្នុងវិស័យនីមួយៗ។
ដើម្បីធានាថា អ្នកចូលរួមទាំងអស់បានជ្រួលជ្រាបអំពីប្រធានបទនៃការបណ្តុះបណ្តាល និងលទ្ធផលនៃសិក្ខាសាលាវគ្គមុន លោកស្រី កុល លក្ខណាបានផ្តល់នូវការពិនិត្យឡើងវិញនៃប្រធានបទដែលមាននៅក្នុងវគ្គបណ្តុះបណ្តាល SEA លើកដំបូង។ បន្ទាប់មក មានបទបង្ហាញចំនួន ៤ ដែលអ្នកចូលរួមអាចលើកជាសំណួរ និងចែករំលែកយោបល់របស់ពួកគេ។ នៅក្នុងបទបង្ហាញលើកទី ១ លោក ពេញ សុជាតិ បានផ្តល់ការពិនិត្យឡើងវិញនូវទស្សនៈរបស់ SEAដោយផ្តោតខ្លាំងទៅលើភាពចាំបាច់របស់វា គោលបំណងសំខាន់ៗ និងភ្ជាប់ជាមួយនឹងករណីសិក្សាជាក់ស្តែង ដើម្បីបង្ហាញពីសមិទ្ធិផលជាក់ស្តែង។ បទបង្ហាញទី ២ ដោយ លោកស្រី ឡីឡា អូហ្សេ បានពន្យល់ពីករណីពិតមួយដើម្បីណែនាំពីជំហាននីមួយៗនៃកិច្ចដំណើរការវាយតម្លៃហេតុប៉ះពាល់បរិស្ថានជាយុទ្ធសាស្ត្រនេះ។ បទបង្ហាញទី ៣ និងទី ៤ ត្រូវបានធ្វើឡើងដោយ លោកអារ៉ែន កូលហូហ្វ ដោយមានឧទាហរណ៍នៅក្នុងជីវភាពជាក់ស្តែងនៃគម្រោងអភិវឌ្ឍន៍ផែនការមេសេដ្ឋកិច្ចសង្គមនៃតំបន់អាគ្នេយ៍ខេត្តអានយ៉ាង ប្រទេសវៀតណាម និងផែនការប្រើប្រាស់ដីធ្លីនៅដែនដីសណ្តទន្លេតាណា ក្នុងប្រទេសកេនយ៉ាផងដែរ។
ថ្ងៃទី ២ បានចាប់ផ្តើមជាមួយនឹងសកម្មភាពជាក្រុមដែលអ្នកចូលរួមត្រូវបានបែងចែកជា ៤ ក្រុម តាមខេត្តរបស់ពួកគេ។ គោលបំណងនៃសកម្មភាពនេះ គឺដើម្បីផ្តល់ឱកាសអោយអ្នកចូលរួមរបស់យើង អាចចែករំលែកចំណេះដឹង និងធ្វើការពិភាក្សាគ្នាកាន់តែប្រសើរឡើង ក៏ដូចជាដើម្បីប្រាកដថា សិក្ខាកាមនឹងទទួលបានអត្ថប្រយោជន៍បន្ទាប់ពីទទួលបានការណែនាំឧបករណ៍SEAនេះ ព្រោះអ្នកចូលរួមនៅវគ្គសិក្ខាសាលាបណ្តុះបណ្តាលលើកនេះ គឺសុទ្ធសឹងតែជាអ្នកត្រូវធ្វើសេចក្តីសម្រេចចិត្តលើផែនការ/គម្រោងនានានៅកម្រិតថ្នាក់ខេត្ត។ បន្ទាប់មក លោក ណុប សុខៃ សមាជិកនៃ (កជអច)បានធ្វើបទបង្ហាញស្តីពីការរៀបចំស្ថាប័ន និងលក្ខខណ្ឌសម្រាប់ SEA និងការធ្វើសមាហរណកម្មក្នុងការអភិវឌ្ឍផែនការជាតិ បន្ទាប់ពីនោះ លោក លាង សុវិទ្យា ដែលជាសមាជិកនៃ (កជអច) បានធ្វើការពន្យល់ពីតួនាទីនៃ (កជអច) រួមជាមួយនឹងឱកាសនានានៃការអនុវត្តការវាយតម្លៃហេតុប៉ះពាល់បរិស្ថានជាយុទ្ធសាស្ត្រ (SEA) ដើម្បីអភិបាលកិច្ចល្អ។
បទបង្ហាញបន្ទាប់ដោយលោក ពេញ សុជាតិ ផ្តោតទៅលើផែនការអភិវឌ្ឍវិស័យថាមពល និងទំនាក់ទំនងរវាង SEA និងកិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍។ ករណីសិក្សាមួយផ្សេងទៀតត្រូវបានបង្ហាញដោយលោកអារ៉ែនកូហូហ្វ ស្តីពីយុទ្ធសាស្ត្រគ្រប់គ្រងដែនដីសណ្តនៅតំបន់អៃឌីវ៉ាឌី (ប្រទេសមីយ៉ាន់ម៉ា)។ នៅក្នុងបទបង្ហាញចុងក្រោយ លោកស្រី កុល លក្ខណាបានលើកឡើងអំពីការប្រើប្រាស់ SEA ដើម្បីកាត់បន្ថយការប្រែប្រួលអាកាសធាតុ។
បន្ទាប់ពីការធ្វើបទបង្ហាញ មានកិច្ចពិភាក្សារួមគ្នាមួយ ដែលអនុញ្ញាតឱ្យអ្នកចូលរួមអាចរួមបញ្ចូលការយល់ដឹងដែលបានរៀនសូត្រនៅក្នុងសិក្ខាសាលា ជាមួយបទពិសោធន៍និងជំនាញផ្ទាល់ខ្លួន។ ការពន្យាពេលក្នុងការចុះបញ្ជីដីធ្លី ការរិចរិលបរិស្ថាន និងជីវចម្រុះ គឺស្ថិតក្នុងចំណោមបញ្ហាប្រឈមសំខាន់ៗ ដែលត្រូវបានរកឃើញនៅក្នុងគ្រប់តំបន់។ បញ្ហាមួយទៀតដែលត្រូវបានលើកឡើង គឺកង្វះការសម្របសម្រួលរវាងអន្តរក្រសួងពាក់ព័ន្ធដើម្បីដោះស្រាយបញ្ហាទាំងនេះ។ ដើម្បីឆ្លើយតបចំពោះបញ្ហានោះ លេខាធិការដ្ឋានការវាយតម្លៃហេតុប៉ះពាល់បរិស្ថានជាយុទ្ធសាស្ត្រ (SEA)កម្រិតថ្នាក់តំបន់មួយត្រូវបានស្នើឡើង ដើម្បីធ្វើការសម្របសម្រួលក្រុមការងារបច្ចេកទេស និងកែលម្អទំនាក់ទំនងរវាងតួអង្គពាក់ព័ន្ធ។
អ្នកចូលរួមបានទទួលស្គាល់ថា ដើម្បីពង្រីកបន្ថែមការប្រើប្រាស់ SEA នៅកម្ពុជា ការបណ្តុះបណ្តាលបែបនេះពិតជាមានសារៈសំខាន់។ ក្រុមអ្នករៀបចំពិតជាក្តីសោមនស្សជាមួយនឹងការចូលរួមយ៉ាងសកម្មរបស់សិក្ខាកាម រួមទាំងការយល់ដឹងកាន់តែប្រសើររបស់ពួកគាត់អំពី SEA នេះបើយោងតាមការវាយតម្លៃការធ្វើតេស្តមុននិងក្រោយចូលរួមវគ្គបណ្តុះបណ្តាលនេះ។