សិក្ខាសាលា​បណ្តុះបណ្តាល​លើក​ទី​២​ ស្តី​ពី​ការ​វាយតម្លៃ​បរិស្ថាន​ជា​យុទ្ធសាស្ត្រ​

​បន្ទាប់​ពី​ទទួល​បាន​ជោគជ័យ​នៃ​ការ​រៀបចំ​សិក្ខាសាលា​ផ្សព្វផ្សាយ​លើក​ទី​ ១​ នៅ​រាជធានី​ភ្នំពេញ​ កាលពី​ខែមីនា​ឆ្នាំ​ ២០២០​មក​ នៅ​ថ្ងៃ​ទី​ ២៦​ និង​២៧​ ខែសីហា​ សិក្ខាសាលា​បណ្តុះបណ្តាល​ស្តី​ពី​ការ​វាយតម្លៃ​បរិស្ថាន​ជា​យុទ្ធសាស្ត្រ​ (SEA)​ ត្រូវ​បាន​ធ្វើ​ឡើងជា​លើក​ទី​២ ​នៅ​ខេត្តបាត់ដំបង​ បន្ទាប់​ពី​ត្រូវ​បាន​ពន្យារពេល​ដោយសារ​ការ​រីក​រាលដាល​នៃ​ជំងឺ​កូ​វី​ដ​-១៩​។​ កម្មវិធី​បណ្តុះបណ្តាល​នេះ​ត្រូវ​បាន​រៀបចំ​រួម​គ្នា​ដោយ​អង្គការ​ទិន្នន័យ​អំពី​ការ​អភិវឌ្ឍ​ ហៅ​កាត់​ថា​ “​អូ​ឌី​ស៊ី​”​ សហការ​ជាមួយ​ក្រុមប្រឹក្សា​ជាតិ​សម្រាប់​ការ​អភិវឌ្ឍ​ប្រកបដោយ​និរន្តរភាព​ (​ក​ជ​អ​ច​)​ និង​អង្គការ​កម្មវិធី​ ផ្លាស់​ប្តូរ​បទ​ពិសោធន៍​អនុ​ផល​ព្រៃឈើ​ ដោយ​មានការ​គាំទ្រ​បច្ចេកទេស​ពី​គណៈកម្មាធិការ​បរិស្ថាន​ហូ​ឡង់​ សម្រាប់​ការ​វាយតម្លៃ​ហេតុ​ប៉ះពាល់​បរិស្ថាន​ (NCEA)​ ក្រោម “កម្មវិធី​ធនធាន​រួម​ ដំណោះស្រាយ​រួម​ (SRJS)” ដែល​ទទួល​បានការ​គាំទ្រ​ផ្នែក​ហិរញ្ញវត្ថុ​ដោយ​គណៈកម្មាធិការ​ហូ​ឡង់​ សម្រាប់​អង្គការ​សហភាព​អន្តរជាតិ​ដើម្បី​អភិរក្ស​ធម្មជាតិ​ (IUCN)​។​

រូបថតជុំគ្នានៃសិក្ខាសាលាលើកទី២ ស្តីពីការវាយតម្លៃបរិស្ថានជាយុទ្ធសាស្ត្រ នៅខេត្តបាត់ដំបង។

​សិក្ខាសាលា​នេះ​បាន​ប្រមូលផ្តុំ​អ្នកចូលរួម​សរុប​ចំនួន​ ៣៤​ នាក់​ ដែល​មាន​ទាំង​អ្នកចូលរួម​ចាស់​ថ្មី​ ជា​តំណាង​មក​ពី​មន្ទីរ​កសិកម្ម​រុក្ខា​ ប្រមាញ់​ និង​នេសាទ​ មន្ទីរ​ទេសចរណ៍​ មន្ទីរ​បរិស្ថាន​ មន្ទីរ​រៀបចំ​ដែនដី​ នគរូបនីយកម្ម​ សំណង់​ និង​សុរិយោដី​ និង​មន្ត្រី​គម្រោង​ និង​ក្រុម​អ្នកគ្រប់គ្រង​មក​ពី​សមាជិក​អង្គការ​មិនមែន​រដ្ឋាភិបាល​នៃ​គម្រោង​ SRJS​ ដែល​រួម​ទាំង​វេទិកា​អង្គការ​មិនមែន​រដ្ឋាភិបាល​ស្តី​ពី​កម្ពុជា​ (NGOF)​ និង​មូលនិធិ​សត្វព្រៃ​ពិភពលោក​ (WWF)​។​ អ្នកចូលរួម​មក​ពី​រាជធានី​ភ្នំពេញ​មាន​ចំនួន​ ៨​នាក់​ និង​មក​ពី​ខេត្ត​ចំនួន​ ៤​ ផ្សេង​ទៀត​ ដែល​ស្ថិត​នៅ​ភាគ​ឦសាន​នៃ​ប្រទេស​កម្ពុជា​ ក្នុង​នោះ​ខេត្តក្រចេះ​ មាន​ចំនួន​ ៩​នាក់​ ខេត្តរតនគិរី​ ចំនួន​ ៣​នាក់​ ខេត្តស្ទឹងត្រែង​មាន​ចំនួន​ ៧​នាក់​ និង​ខេត្តព្រះវិហារ​មាន​ចំនួន​ ៦​នាក់​។​

​ខាងក្រោម​នេះ​ ជា​ខ្លឹមសារ​សំខាន់​នៃ​វគ្គ​បណ្តុះបណ្តាល​ ដែល​មាន​ដូច​ជា​៖

  1. ​ជំហាន​ចាំបាច់​នានា​ដែល​ត្រូវការ​ដើម្បី​ធ្វើការ​វាយតម្លៃ​បរិស្ថាន​ជា​យុទ្ធសាស្ត្រ​ (SEA)
  2. ​សក្តានុពល​នៃ​ការ​ធ្វើ​សមាហរណកម្ម​ការ​វាយតម្លៃ​បរិស្ថាន​ជា​យុទ្ធសាស្ត្រ​ (SEA)​ នៅ​ក្នុង​ការ​អភិវឌ្ឍ​ផែនការ​ជាតិ​ និង​ការ​រួមចំណែក​ដល់​អភិបាលកិច្ច​ល្អ​
  3. ​លទ្ធភាព​ដែល​អាច​ប្រើប្រាស់​បាន​របស់​ឧបករណ៍​ការ​វាយតម្លៃ​បរិស្ថាន​ជា​យុទ្ធសាស្ត្រ​ SEA​ នៅ​ក្នុង​ការ​ធ្វើ​ផែនការ​ការ​ប្រើប្រាស់​ដី​
  4. ​ទំនាក់ទំនង​រវាង​ការ​វាយតម្លៃ​បរិស្ថាន​ជា​យុទ្ធសាស្ត្រ​ (SEA)​ និង​កិច្ច​សហប្រតិបត្តិការ​អភិវឌ្ឍន៍​ និង​ការ​ប្រែប្រួល​អាកាសធាតុ​

​កម្មវិធី​បណ្តុះបណ្តាល​ត្រូវ​បាន​រៀបចំ​ឡើង​ដោយ​រួម​បញ្ចូល​គ្នា​ទាំង​វិធីសាស្ត្រ​ទ្រឹស្តី​ និង​ការ​អនុវត្ត​ជាក់ស្តែង​ដោយ​មានការ​ធ្វើ​បទ​បង្ហាញ​ ការ​ពិភាក្សា​បើក​ទូលាយ​ និង​ការងារ​ជា​ក្រុម​។​ អ្នកសម្របសម្រួល​វគ្គ​បណ្តុះបណ្តាល​ គឺ​អតីត​សិក្ខាកាម​វគ្គ​សិក្សាការ​វាយតម្លៃ​បរិស្ថាន​ជា​យុទ្ធសាស្ត្រ​ (SEA)​ ដែល​មាន​លោកស្រី​ កុ​ល​ លក្ខណាលោក​ ពេញ​ សុ​ជាតិ​ និង​លោក​ ធី​ ទ្រី​ ព្រមទាំង​សមាជិក​នៃ​ (​ក​ជ​អ​ច​)​មាន​លោក​ ណុ​ប​ សុ​ខៃ​ និង​លោក​ លាង​ សុវិទ្យា​ រួម​ទាំង​សមាជិក​លេខាធិការ​បច្ចេកទេស​នៃ​គណៈកម្មការ​វាយតម្លៃ​បរិស្ថាន​ហូ​ឡង់​ សម្រាប់​ការ​វាយតម្លៃ​​បរិស្ថាន​ (NCEA)​ -​ លោកស្រី​ឡី​ឡា​ អូ​ហ្សេ​ និង​លោក​ អា​រ៉ែ​ន​ កូ​ល​ហូ​ហ្វ​។​

​លោក​ ធី​ ទ្រី​ នាយក​ប្រតិបត្តិ​អង្គការ​ទិន្នន័យ​អំពី​ការ​អភិវឌ្ឍ​ (​អូ​ឌី​ស៊ី​)​ និង​ជា​អតីត​សិក្ខាកាម​ SEA​ បាន​ចាប់ផ្តើម​បើក​សិក្ខាសាលា​បណ្តុះបណ្តាល​នេះ​ដោយ​មតិ​ស្វាគមន៍​ដល់​អ្នកចូលរួម​ និង​ថ្លែងអំណរគុណ​ចំពោះ​ការ​គាំទ្រ​និង​កិច្ចសហការ​របស់​ (​ក​ជ​អ​ច​)​។​ លោក​ ស៊ី​ម​ ប៊ុ​ន​ធឿ​ន​ ប្រធាន​កម្មវិធី​ប្រចាំ​ប្រទេស​នៃ​អង្គការ​កម្មវិធី​ផ្លាស់​ប្តូរ​បទ​ពិសោធន៍​អនុ​ផល​ព្រៃឈើ​ ប្រចាំ​នៅ​ប្រទេស​កម្ពុជា​ ក៏​បាន​ឡើង​ថ្លែង​ចែករំលែក​ពី​សារៈសំខាន់​ និង​គោលបំណង​នៃ​សិក្ខាសាលា​នេះ​ផង​ដែរ​។​ សុន្ទរកថា​បើក​ត្រូវ​បាន​ប្រគល់​ជូន​ឯកឧត្តម​ កែន​ សេរីរ​ដ្ឋា​ អគ្គលេខាធិការ​រងនៃ​ក្រុមប្រឹក្សា​ជាតិ​សម្រាប់​ការ​អភិវឌ្ឍ​ប្រកបដោយ​និរន្តរភាព​ (​ក​ជ​អ​ច​)​នៃ​ក្រសួងបរិស្ថាន​។​ លោក​បាន​សង្កត់ធ្ងន់​លើ​តួនាទី​របស់​ SEA​ សម្រាប់​កម្មវិធី​គោលនយោបាយ​ផែនការ​ (PPP)​ និង​ពី​របៀប​ដែល​ឧបករណ៍​នេះ​ត្រូវ​បាន​ប្រើប្រាស់​ដើម្បី​រៀបចំ​ផែនការ​ទាំងអស់​មុន​ពេលធ្វើការ​សម្រេចចិត្ត​ចុង​ក្រោយ​។​ ការ​វាយតម្លៃ​បរិស្ថាន​ជា​យុទ្ធសាស្ត្រ​ (SEA)​ ត្រូវ​បាន​យក​មក​អនុវត្ត​ដោយ​រដ្ឋាភិបាល​ដើម្បី​ប្រមែប្រមូល​ធាតុ​ចូល​ពី​អង្គភាព​តាម​មូលដ្ឋាន​ និង​អ្នក​ពាក់ព័ន្ធ​ផ្សេងៗ​ទៀត​ ដើម្បី​ធ្វើ​ឱ្យ​ប្រសើរ​ឡើង​នូវ​ការ​រៀបចំ​គោលនយោបាយ​ ការ​តាក់តែង​ច្បាប់​ និង​ការ​អនុវត្ត​ច្បាប់​ផង​ដែរ​។​ ឯកឧត្តម​ក៏​បាន​សង្កត់ធ្ងន់​លើ​ភាព​ចាំបាច់​ក្នុង​ការ​បង្កើន​ការ​ប្រើប្រាស់​ SEA​ នៅ​ក្នុង​បរិបទ​កម្ពុជា​និង​លើកទឹកចិត្ត​ប្រជាជន​ឱ្យ​ចូលរួម​ក្នុង​កិច្ច​ដំណើរការ​វាយតម្លៃ​បរិស្ថាន​ជា​យុទ្ធសាស្ត្រ​នេះ​ ដើម្បី​ធានា​បាន​នូវ​គុណភាព​នៃ​របាយការណ៍​ និង​ការ​អភិវឌ្ឍ​ប្រកបដោយ​ចីរភាព​នៅ​ក្នុង​វិស័យ​នីមួយៗ​។​

​ដើម្បី​ធានា​ថា​ អ្នកចូលរួម​ទាំងអស់​បាន​ជ្រួល​ជ្រាប​អំពី​ប្រធានបទ​នៃ​ការ​បណ្តុះបណ្តាល​ និង​លទ្ធផល​នៃ​សិក្ខាសាលា​វគ្គ​មុន​ លោកស្រី​ កុ​ល​ លក្ខណា​បាន​ផ្តល់​នូវ​ការ​ពិនិត្យ​ឡើង​វិញ​នៃ​ប្រធានបទ​ដែល​មាននៅ​ក្នុង​វគ្គ​បណ្តុះបណ្តាល​ SEA​ លើក​ដំបូង​។​ បន្ទាប់​មក​ មាន​បទ​បង្ហាញ​ចំនួន​ ៤​ ដែល​អ្នកចូលរួម​អាច​លើក​ជា​សំណួរ​ និង​ចែករំលែក​យោបល់​របស់​ពួក​គេ​។​ នៅ​ក្នុង​បទ​បង្ហាញ​លើក​ទី​ ១​ លោក​ ពេញ​ សុ​ជាតិ​ បាន​ផ្តល់​ការ​ពិនិត្យ​ឡើង​វិញ​នូវ​ទស្សនៈ​របស់​ SEA​ដោយ​ផ្តោត​ខ្លាំង​ទៅ​លើ​ភាព​ចាំបាច់​របស់​វា​ គោលបំណង​សំខាន់ៗ​ និង​ភ្ជាប់​ជាមួយនឹង​ករណី​សិក្សា​ជាក់ស្តែង​ ដើម្បី​បង្ហាញ​ពី​សមិទ្ធិ​ផល​ជាក់ស្តែង​។​ បទ​បង្ហាញ​ទី​ ២​ ដោយ​ លោកស្រី​ ឡី​ឡា​ អូ​ហ្សេ​ បាន​ពន្យល់​ពី​ករណី​ពិត​មួយ​ដើម្បី​ណែនាំ​ពី​ជំហាន​នីមួយៗ​នៃ​កិច្ច​ដំណើរការ​វាយតម្លៃ​ហេតុ​ប៉ះពាល់​បរិស្ថាន​ជា​យុទ្ធសាស្ត្រ​នេះ​។​ បទ​បង្ហាញ​ទី​ ៣​ និង​ទី​ ៤​ ត្រូវ​បាន​ធ្វើ​ឡើង​ដោយ​ លោក​អា​រ៉ែ​ន​ កូ​ល​ហូ​ហ្វ​ ដោយ​មាន​ឧទាហរណ៍​នៅ​ក្នុង​ជីវភាព​ជាក់ស្តែង​នៃ​គម្រោង​អភិវឌ្ឍន៍​ផែនការមេ​សេដ្ឋកិច្ច​សង្គម​នៃ​តំបន់​អាគ្នេយ៍​ខេត្ត​អាន​យ៉ាង​ ប្រទេស​វៀតណាម​ និង​ផែនការ​ប្រើប្រាស់​ដីធ្លី​នៅ​ដែនដី​សណ្ត​ទន្លេ​តា​ណា​ ក្នុង​ប្រទេស​កេ​ន​យ៉ា​ផង​ដែរ​។​

​ថ្ងៃ​ទី​ ២​ បាន​ចាប់ផ្តើម​ជាមួយនឹង​សកម្មភាព​ជា​ក្រុម​ដែល​អ្នកចូលរួម​ត្រូវ​បាន​បែងចែក​ជា​ ៤​ ក្រុម​ តាម​ខេត្ត​របស់​ពួក​គេ​។​ គោលបំណង​នៃ​សកម្មភាព​នេះ​ គឺ​ដើម្បី​ផ្តល់​ឱកាស​អោយ​អ្នកចូលរួម​របស់​យើង​ អាច​ចែករំលែក​ចំណេះដឹង​ និង​ធ្វើការ​ពិភាក្សា​គ្នា​កាន់តែ​ប្រសើរ​ឡើង​ ក៏​ដូច​ជា​ដើម្បី​ប្រាកដ​ថា​ សិក្ខាកាម​នឹង​ទទួល​បាន​អត្ថប្រយោជន៍​បន្ទាប់​ពី​ទទួល​បានការ​ណែនាំ​ឧបករណ៍​SEA​នេះ​ ព្រោះ​អ្នកចូលរួម​នៅ​វគ្គ​សិក្ខាសាលា​បណ្តុះបណ្តាល​លើក​នេះ​ គឺ​សុទ្ធសឹងតែ​ជា​អ្នក​ត្រូវធ្វើ​សេចក្តី​សម្រេចចិត្ត​លើ​ផែនការ​/​គម្រោង​នានា​នៅ​កម្រិត​ថ្នាក់​ខេត្ត​។​ បន្ទាប់​មក​ លោក​ ណុ​ប​ សុ​ខៃ​ សមាជិក​នៃ​ (​ក​ជ​អ​ច​)​បាន​ធ្វើ​បទ​បង្ហាញ​ស្តី​ពី​ការ​រៀបចំ​ស្ថាប័ន​ និង​លក្ខខណ្ឌ​សម្រាប់​ SEA​ និង​ការ​ធ្វើ​សមាហរណកម្ម​ក្នុង​ការ​អភិវឌ្ឍ​ផែនការ​ជាតិ​ បន្ទាប់​ពី​នោះ​ លោក​ លាង​ សុវិទ្យា​ ដែល​ជា​សមាជិក​នៃ​ (​ក​ជ​អ​ច​)​ បាន​ធ្វើការ​ពន្យល់​ពី​តួនាទី​នៃ​ (​ក​ជ​អ​ច​)​ រួម​ជាមួយនឹង​ឱកាស​នានា​នៃ​ការ​អនុវត្ត​ការ​វាយតម្លៃ​ហេតុ​ប៉ះពាល់​បរិស្ថាន​ជា​យុទ្ធសាស្ត្រ​ (SEA)​ ដើម្បី​អភិបាលកិច្ច​ល្អ​។​

​បទ​បង្ហាញ​បន្ទាប់​ដោយ​លោក​ ពេញ​ សុ​ជាតិ​ ផ្តោត​ទៅ​លើ​ផែនការ​អភិវឌ្ឍ​វិស័យ​ថាមពល​ និង​ទំនាក់ទំនង​រវាង​ SEA​ និង​កិច្ច​សហប្រតិបត្តិការ​អភិវឌ្ឍន៍​។​ ករណី​សិក្សា​មួយ​ផ្សេង​ទៀត​ត្រូវ​បាន​បង្ហាញ​ដោយ​លោក​អា​រ៉ែ​ន​កូ​ហូ​ហ្វ​ ស្តី​ពី​យុទ្ធសាស្ត្រ​គ្រប់គ្រង​ដែនដី​សណ្ត​នៅ​តំបន់​អៃ​ឌី​វ៉ា​ឌី​ (​ប្រទេស​មី​យ៉ា​ន់​ម៉ា​)​។​ នៅ​ក្នុង​បទ​បង្ហាញ​ចុង​ក្រោយ​ លោកស្រី​ កុ​ល​ លក្ខណា​បាន​លើក​ឡើង​អំពី​ការ​ប្រើប្រាស់​ SEA​ ដើម្បី​កាត់​បន្ថយ​ការ​ប្រែប្រួល​អាកាសធាតុ​។​

​បន្ទាប់​ពី​ការ​ធ្វើ​បទ​បង្ហាញ​ មាន​កិច្ច​ពិភាក្សា​រួម​គ្នា​មួយ​ ដែល​អនុញ្ញាត​ឱ្យ​អ្នកចូលរួម​អាច​រួម​បញ្ចូល​ការ​យល់​ដឹង​ដែល​បាន​រៀនសូត្រ​នៅ​ក្នុង​សិក្ខាសាលា​ ជាមួយ​បទ​ពិសោធន៍​និង​ជំនាញ​ផ្ទាល់ខ្លួន​។​ ការ​ពន្យា​ពេល​ក្នុង​ការ​ចុះបញ្ជី​ដីធ្លី​ ការ​រិច​រិល​បរិស្ថាន​ និង​ជីវចម្រុះ​ គឺ​ស្ថិត​ក្នុង​ចំណោម​បញ្ហា​ប្រឈម​សំខាន់ៗ​ ដែល​ត្រូវ​បាន​រក​ឃើញ​នៅ​ក្នុង​គ្រប់​តំបន់​។​ បញ្ហា​មួយទៀត​ដែល​ត្រូវ​បាន​លើក​ឡើង​ គឺ​កង្វះ​ការ​សម្របសម្រួល​រវាង​អន្តរក្រសួង​ពាក់ព័ន្ធ​ដើម្បី​ដោះស្រាយ​បញ្ហា​ទាំងនេះ​។​ ដើម្បី​ឆ្លើយ​តប​ចំពោះ​បញ្ហា​នោះ​ លេខាធិការដ្ឋាន​ការ​វាយតម្លៃ​ហេតុ​ប៉ះពាល់​បរិស្ថាន​ជា​យុទ្ធសាស្ត្រ​ (SEA)​កម្រិត​ថ្នាក់​តំបន់​មួយ​ត្រូវ​បាន​ស្នើ​ឡើង​ ដើម្បី​ធ្វើការ​សម្របសម្រួល​ក្រុមការងារ​បច្ចេកទេស​ និង​កែ​លម្អ​ទំនាក់ទំនង​រវាង​តួអង្គ​ពាក់ព័ន្ធ​។​

​អ្នកចូលរួម​បាន​ទទួលស្គាល់​ថា​ ដើម្បី​ពង្រីក​បន្ថែម​ការ​ប្រើប្រាស់​ SEA​ នៅ​កម្ពុជា​ ការ​បណ្តុះបណ្តាល​បែប​នេះ​ពិតជា​មាន​សារៈសំខាន់​។​ ក្រុម​អ្នក​រៀបចំ​ពិតជា​ក្តី​សោមនស្ស​ជាមួយនឹង​ការ​ចូលរួម​យ៉ាង​សកម្ម​របស់​សិក្ខាកាម​ រួម​ទាំង​ការ​យល់​ដឹង​កាន់តែ​ប្រសើរ​របស់​ពួក​គាត់​អំពី​ SEA​ នេះ​បើ​យោង​តាម​ការ​វាយតម្លៃ​ការ​ធ្វើតេស្ត​មុន​និង​ក្រោយ​ចូលរួម​វគ្គ​បណ្តុះបណ្តាល​នេះ​។​

លោកស្រី កុល លក្ខណា អង្គុយនៅកណ្តាល នៅខាងស្តាំដៃលោកស្រីជា លោក ធី ទ្រី។ លោក ពេញ សុជាតិ កំពុងអង្គុយម្ខាងទៀតទល់មុខលោកទ្រី។ អ្នកទាំង​បី​ជា​អតីតសិក្ខាកាម​​វគ្គ​សិក្សាការ​វាយតម្លៃ​បរិស្ថាន​ជា​យុទ្ធសាស្ត្រ​ (SEA)។​