ការ​ពង្រឹង​ភស្តុ​តាង​ ​ការ​ឆ្លើយ​តប​ និង​កិច្ច​សហប្រតិបត្តិការ​៖​ ការ​ឆ្លុះ​បញ្ចាំង​ពី​សិក្ខាសាលា​ផ្ទៀងផ្ទាត់​របាយការណ៍​ស្តី​ពី​អំពើ​ហិង្សា​ទាក់​ទង​នឹង​​យេ​ន​ឌ័​រ​សម្របសម្រួល​ដោយ​បច្ចេកវិទ្យា​ (TFGBV)

​នៅ​ថ្ងៃ​ទី​៣​ ខែកក្កដា​ ឆ្នាំ​២០២៦​ ក្រុមការងារ​អង្គការ​ទិន្ន​ន័យ​អំ​ពី​ការ​អភិវឌ្ឍ (អូឌីស៊ី)​ បាន​រៀបចំ​សិក្ខាសាលា​ផ្ទៀងផ្ទាត់​របាយការណ៍​ ដើម្បី​ពិនិត្យ​ឡើង​វិញ​ និង​ពង្រឹងគុណភាព​របាយការណ៍​ប្រចាំឆ្នាំ​របស់​ខ្លួន​ ក្រោម​ចំណងជើង​ «​ការ​គាំទ្រ​ផ្នែក​បច្ចេកទេស​សម្រាប់​ការ​ពិនិត្យ​មើល​ករណី​ និង​ការ​ផ្តល់​សេវា​ពាក់​ព័ន្ធ​នឹង​​អំពើ​ហិង្សា​ទាក់​ទង​នឹង​​យេ​ន​ឌ័​រ​​​សម្របសម្រួល​ដោយ​បច្ចេកវិទ្យា​ (TFGBV)​ ឆ្នាំ​២០២៦»​។​ របាយការណ៍​នេះ​ត្រូវ​បាន​រៀបចំ​ឡើង​ក្រោម​គម្រោង​ «​ការ​ការពារ​សិទ្ធិ​ស្ត្រី​ក្នុង​ការ​ទទួល​បាន​សុវត្ថិភាព​នៅ​ក្នុង​លំហ​ឌី​ជី​ថ​ល​ (Digi-Fem)»​ ដែល​​សហការអនុវត្តគម្រោងជាមួយអង្គការក្លាហាន តាមរយៈការគាំទ្រពីមូលនិធិអង្គការសហប្រជាជាតិ (UN Trust Fund)​​។​

​សិក្ខាសាលា​នេះ​បាន​ប្រមូលផ្តុំ​អ្នកចូលរួម​ចំនួន​ ១៨​ នាក់​ ដែល​កំពុង​បំពេញការងារ​ក្នុង​វិស័យ​លើកកម្ពស់​សមភាព​យេ​ន​ឌ័​រ​ និង​ការ​ការពារ​សិទ្ធិ​ស្ត្រី​ និង​សហគមន៍​LGBTQIA+​។​ ក្នុង​ចំណោម​អ្នកចូលរួម​ទាំងអស់​ មាន​ស្ត្រី​ចំនួន​ ១៣​ នាក់​ សមាជិក​សហគមន៍​ LGBTQIA+​ ចំនួន​ ១​ នាក់​ និង​បុរស​ចំនួន​ ៤​ នាក់​។​ ​តាម​រយៈ​ការ​ពិភាក្សា​យ៉ាង​សកម្ម​ ការ​ផ្តល់​មតិយោបល់​ប្រកបដោយ​ស្ថាបនា​ និង​ការ​ចែករំលែក​បទ​ពិសោធន៍​ អ្នកចូលរួម​បាន​ផ្តល់​នូវ​ធាតុ​ចូល​ដ៏​មាន​តម្លៃ​ ដើម្បី​ពង្រឹងគុណភាព​ និង​ខ្លឹមសារ​របស់​របាយការណ៍​។​ សិក្ខាសាលា​នេះ​បាន​ជំរុញ​ឱ្យ​មាន​កិច្ច​សហប្រតិបត្តិការ​ប្រកបដោយ​អត្ថន័យ​រវាង​អ្នក​ពាក់ព័ន្ធ​ ហើយ​បាន​ក្លាយជា​ឱកាស​ដ៏​មាន​ប្រយោជន៍​ និង​ប្រកបដោយ​ប្រសិទ្ធភាព​ ក្នុង​ការ​លើកកម្ពស់​គុណភាព​ និង​ភាព​ពាក់ព័ន្ធ​នៃ​របាយការណ៍​។​

បន្ទាប់​ពី​ការ​ធ្វើ​បទ​បង្ហាញ​អំពី​សេចក្តី​ព្រាង​របាយការណ៍​ អ្នកចូលរួម​ត្រូវ​បាន​បែងចែក​ជា​ ៣​ ក្រុម​ ដើម្បី​ពិភាក្សា​ និង​ឆ្លុះ​បញ្ចាំង​លើ​សំណួរ​ណែនាំ​ចំនួន​ ៣​។​ សំណួរ​ទាំងនោះ​រួម​មាន​៖​ តើ​លទ្ធផល​នៃ​របាយការណ៍​ឆ្លុះ​បញ្ចាំង​ស្រប​ទៅ​នឹង​បទ​ពិសោធន៍​ និង​ស្ថានភាព​ដែល​ពួកគេ​បាន​ជួប​ប្រទះ​ក្នុង​ការងារ​​ដែរ​ឬទេ​ ហើយ​តើ​មាន​ចំណុច​ណា​ដែល​ធ្វើ​ឱ្យ​ពួក​គេ​ភ្ញាក់ផ្អើល​ ឬ​មិន​ស្រប​នឹង​ការ​យល់​ឃើញ​របស់​ពួក​គេ​​ តើ​គម្លាត​សំខាន់ៗ​រវាង​អ្វី​ដែល​បាន​កត់ត្រា​នៅ​ក្នុង​របាយការណ៍​ និង​អ្វី​ដែល​ពួក​គេ​ជឿ​ថា​កំពុង​កើត​មាន​ជាក់ស្តែង​នៅ​តាម​មូលដ្ឋាន​ស្ថិត​នៅ​ត្រង់​ណា​​ និង​តើ​មាន​ក្រុម​ប្រជាជន​ វេទិកា​ឌី​ជី​ថ​ល​ ឬ​បរិបទ​ណាខ្លះ​ដែល​មិន​ទាន់​ត្រូវ​បាន​បញ្ចូល​ក្នុង​របាយការណ៍​នេះ​។​

ការ​ពិភាក្សា​ទាំងនេះ​បាន​បង្ហាញ​នូវ​អនុសាសន៍​ជាក់លាក់​មួយ​ចំនួន​សម្រាប់​ពង្រឹង​របាយការណ៍​។​ អ្នកចូលរួម​បាន​កត់​សម្គាល់ថា​ ការ​រាយការណ៍​នា​ពេល​បច្ចុប្បន្ន​មាន​ទំនោរ​មិន​បង្ហាញ​ឱ្យ​ច្បាស់​អំពី​ព័ត៌មាន​របស់​ជន​បង្ក​ ខណៈ​ដែល​អត្តសញ្ញាណ​របស់​ជន​រង​គ្រោះ​អាច​ត្រូវ​បាន​តាមដាន​រក​ឃើញ​បាន​ងាយ​ជាងបើ​​ប្រៀបធៀប​គ្នា​ ហើយ​បាន​ឯកភាព​ថា​ ភាព​មិន​ស្មើគ្នា​នេះ​គួរ​ត្រូវ​បាន​កែតម្រូវ​តាម​រយៈ​ការ​ប្រមូល​ទិន្នន័យ​ដែល​បែងចែក​តាម​យេ​ន​ឌ័​រ​អំពី​ជន​បង្ក​ រួម​ជាមួយ​ទិន្នន័យ​អំពី​ជន​រង​គ្រោះ​។​ ពួក​គេ​ក៏​បាន​កត់សម្គាល់​ផង​ដែរ​ថា​ យន្តការ​ដែល​មាន​ស្រាប់​សម្រាប់​ការ​រាយការណ៍​ករណី​អំពើ​ហិង្សាទាក់​ទងនឹងយេ​ន​ឌ័​រ​​សម្របសម្រួល​ដោយ​បច្ចេកវិទ្យា​ (TFGBV)​ មិន​តែងតែ​ផ្តល់​ឱ្យ​ជន​រង​គ្រោះ​នូវ​អារម្មណ៍​សុវត្ថិភាព​គ្រប់គ្រាន់​នោះ​ទេ​ ដែល​អាច​ធ្វើ​ឱ្យ​ពួក​គេ​ស្ទាក់ស្ទើរ​ក្នុង​ការ​បង្ហាញ​ព័ត៌មាន​ និង​កំណត់​ភាព​ពេញលេញ​នៃ​ទិន្នន័យ​ដែល​ត្រូវ​បាន​ប្រមូល​។​

ដោយ​ផ្អែក​លើ​ចំណុច​នេះ​ ក្រុម​ពិភាក្សា​បាន​សង្កត់ធ្ងន់​លើ​តម្រូវការ​ក្នុង​ការ​វិនិយោគ​លើ​សកម្មភាព​ផ្សព្វផ្សាយ​ ដើម្បី​ជួយ​សាធារណជន​ និង​ជន​រង​គ្រោះ​ខ្លួនឯង​ អាច​ស្គាល់​ និង​កំណត់​អំពើ​ TFGBV​ នៅ​ពេល​វា​កើតឡើង​ ដែល​ជា​លក្ខខណ្ឌ​មុន​សម្រាប់​ការ​រាយការណ៍​ និង​ការ​ស្វែងរក​ការ​គាំទ្រ​។​ ជា​ចុង​ក្រោយ​ អ្នកចូលរួម​បាន​ផ្តល់​យោបល់​ថា​ របាយការណ៍​អាច​សិក្សា​បន្ថែម​អំពី​អ្នក​ដែល​ជន​រង​គ្រោះ​កំពុង​ស្វែងរក​ជំនួយ​ពី​នា​ពេល​បច្ចុប្បន្ន​ ថា​តើ​ជា​សេវាកម្ម​ផ្លូវការ​ បណ្តាញ​គាំទ្រ​ក្រៅផ្លូវការ​ ឬ​មិត្តភក្តិ​ ដើម្បី​យល់​កាន់តែ​ច្បាស់​អំពី​​មធ្យោបាយ​​ពិតប្រាកដ​ក្នុង​ការ​ទទួល​បានការ​គាំទ្រ​។

ផ្នែក​ទី​ពីរ​គឺជា​កិច្ច​ពិភាក្សា​បើកចំហ​ជា​រួម​ (plenary​ discussion)​ ដែល​អ្នកចូលរួម​ទាំងអស់​បាន​រួមចំណែក​ជា​ក្រុម​តែ​មួយ​ ដោយ​ផ្អែក​លើ​សំណួរ​ចំនួន​ ៣៖​ តើ​ឧបសគ្គ​សំខាន់ៗ​អ្វីខ្លះ​ដែល​រារាំង​កិច្ចសហការ​ប្រកបដោយ​ប្រសិទ្ធភាព​រវាង​ភាគី​ពាក់ព័ន្ធ​ដែល​ធ្វើការ​លើ​សមភាព​យេ​ន​ឌ័​រ​ សុវត្ថិភាព​ឌី​ជី​ថ​ល​ និង​ការ​បង្ការ​អំពើ​ហិង្សា​ ហើយ​តើ​ឧបសគ្គ​ទាំងនោះ​អាច​ត្រូវ​បាន​ដោះស្រាយ​ដោយ​របៀប​ណា​​ តើ​ក្រប​ខណ្ឌ​ច្បាប់​ និង​គោលនយោបាយ​ដែល​មាន​ស្រាប់​ពាក់ព័ន្ធ​នឹង​បទល្មើស​តាម​ប្រព័ន្ធ​អ៊ីនធឺណិត​ និង​អំពើ​ហិង្សា​ផ្អែក​លើ​យេ​ន​ឌ័​រ​ (GBV)​ អាច​ត្រូវ​បាន​អនុវត្ត​ឱ្យ​មាន​ប្រសិទ្ធភាព​ជាង​មុន​ដោយ​របៀប​ណា​ ដើម្បី​ពង្រឹង​ការ​ការពារ​ជន​រង​គ្រោះ​ លទ្ធភាព​ទទួល​បាន​សេវា​គាំទ្រ​ និង​ការ​ទទួលខុសត្រូវ​របស់​ជន​បង្ក​​ និង​តើ​យន្តការ​ ឬ​គំរូ​នៃ​ភាព​ជា​ដៃគូ​បែប​ណា​ដែល​អាច​អនុវត្ត​បាន​ ដើម្បី​ពង្រឹង​ការ​សម្របសម្រួល​រវាង​ភាគី​ពាក់ព័ន្ធ​ជា​ច្រើន​ និង​ធានា​ឱ្យ​មាន​វិធីសាស្ត្រ​ផ្តោត​លើ​ជន​រង​គ្រោះជា​ស្នូល​ក្នុង​ការ​បង្ការ​ និង​ឆ្លើយ​តប​ចំពោះ​អំពើ​ហិង្សា​ទាក់​ទង​នឹង​យេ​ន​ឌ័​រ​​សម្របសម្រួល​ដោយ​បច្ចេកវិទ្យា​ (TFGBV)​។​

កិច្ច​ពិភាក្សា​រួម​បាន​បង្ហាញ​នូវ​អនុសាសន៍​ជា​ច្រើន​សម្រាប់​ពង្រឹង​សកម្មភាព​រួម​។​ អ្នកចូលរួម​បាន​អំពាវនាវ​ឱ្យ​សង្គម​ស៊ី​វិល​ពង្រឹងសមត្ថភាព​ស្រាវជ្រាវ​បែប​គុណភាព​របស់​ខ្លួន​ ដោយ​បំពេញបន្ថែម​លើ​ទិន្នន័យ​ករណី​ដែល​មាន​ស្រាប់​តាម​បែប​បរិមាណ​ ជាមួយនឹង​ការ​យល់​ដឹង​កាន់តែ​ស៊ីជម្រៅ​អំពី​បរិបទ​ និង​ស្ថានភាព​ជាក់ស្តែង​។​ ពួក​គេ​ក៏​បាន​ស្នើ​ឱ្យ​បង្កើត​រចនាសម្ព័ន្ធ​គាំទ្រ​រវាង​មិត្ត​រួមការ​ងារ​ ដើម្បី​ដោះស្រាយ​បញ្ហា​​ការ​ប៉ះ​ទង្គិត​​ផ្លូវចិត្ត​ដោយ​ប្រ​យោល​ (secondary​ trauma)​ ដែល​អ្នកឆ្លើយ​តប​ជួរ​មុខ​ និង​អ្នកធ្វើការ​លើ​ករណី​ជួប​ប្រទះ​ ដោយសារ​ពួក​គេ​ជា​ញឹកញាប់​ត្រូវ​ប្រឈម​មុខ​នឹង​សម្ភារៈ​ ឬ​ខ្លឹមសារ​ដែល​បង្ក​ឱ្យ​មាន​ភាព​ឈឺចាប់​ ដោយ​គ្មាន​ប្រព័ន្ធ​គាំទ្រ​គ្រប់គ្រាន់​សម្រាប់​ខ្លួនឯង​។​ ​អ្នកចូលរួម​បាន​ស្នើ​ឱ្យ​បង្កើត​សហគមន៍​អនុវត្ត​ (community​ of​ practice)​ ដែល​មានការ​ជួបជុំ​ជា​ប្រចាំ​សម្រាប់​អ្នក​អនុវត្ត​ការងារ​ផ្លាស់​ប្តូរ​បទ​ពិសោធន៍​ ផ្តល់​ការ​គាំទ្រ​គ្នា​ទៅ​វិញ​ទៅ​មក​ និង​ស្វែងរក​ដំណោះស្រាយ​ចំពោះ​បញ្ហា​ប្រឈម​រួម​។​ ពួក​គេ​ក៏​បាន​ស្នើ​ឱ្យ​មានការ​សម្របសម្រួល​រវាង​បណ្តាញ​ផ្លូវការ​ និង​ក្រៅផ្លូវការ​ដែល​ធ្វើការ​លើ​ TFGBV​ ដើម្បី​ធ្វើ​ឱ្យ​វឌ្ឍនភាព​រួម​កាន់តែ​មាន​ប្រសិទ្ធភាព​ និង​កាត់​បន្ថយ​ការ​ធ្វើ​ការងារ​ស្ទួន​គ្នា​។​

នៅ​ផ្នែក​ស្ថាប័ន​ អ្នកចូលរួម​បាន​លើក​ឡើង​អំពី​សារៈសំខាន់​នៃ​ការ​បណ្តុះបណ្តាល​មន្ត្រីរាជការ​ ជា​ពិសេស​នគរបាល​ដែល​បំពេញ​តួនាទី​ប្រឈម​មុខជា​មួយ​សាធារណជន​ប្រចាំ​ថ្ងៃ​ អំពី​ការ​យល់​ដឹង​ផ្នែក​យេ​ន​ឌ័​រ​ ដើម្បី​ធានា​ថា​ ជន​រង​គ្រោះ​ទទួល​បានការ​ទទួល​ស្វាគមន៍​ និង​ការ​ប្រព្រឹត្ត​ចំពោះ​ពួក​គេ​កាន់តែ​ប្រសើរ​ឡើង​ នៅ​ពេល​ពួក​គេ​ចេញ​មុខ​ស្វែងរក​ជំនួយ​។​ ទន្ទឹម​នឹង​នេះ​ អ្នកចូលរួម​ក៏​បាន​សង្កត់ធ្ងន់​លើ​ការ​បន្ត​ការ​តស៊ូ​មតិ​ផ្នែក​គោលនយោបាយ​ ដើម្បី​ឱ្យ​ TFGBV​ ត្រូវ​បាន​បញ្ចូល​យ៉ាង​ច្បាស់លាស់​នៅ​ក្នុង​ច្បាប់​ស្តី​ពី​បទល្មើស​តាម​ប្រព័ន្ធ​អ៊ីនធឺណិត​។​ ជា​ចុង​ក្រោយ​ អ្នកចូលរួម​បាន​បញ្ជាក់​អំពី​តម្រូវការ​ក្នុង​ការ​ចូលរួម​ដោយ​ផ្ទាល់​ជាមួយ​វេទិកា​ឌី​ជី​ថ​ល​ ដូច​ជា​ ក្រុម​ហ៊ុន Meta​។​ ទោះបីជា​ពួក​គេ​ទទួលស្គាល់​ថា​ ការងារ​នេះ​អាច​មាន​ភាព​លំបាក​ក៏​ដោយ​ ពួក​គេ​បាន​ឯកភាព​ថា​ វា​អាច​សម្រេច​បាន​ ប្រសិនបើ​ត្រូវ​បាន​អនុវត្ត​ជា​កិច្ច​ខិតខំ​ប្រឹងប្រែង​រួម​របស់​សហគមន៍​ដែល​មានការ​សម្របសម្រួល​ ជា​ជាង​ការ​អនុវត្ត​ដោយ​អង្គការ​តែ​មួយៗ​តែ​ប៉ុណ្ណោះ​។​

​សិក្ខាសាលា​នេះ​បាន​រំលឹក​ឱ្យ​ឃើញ​ថា​ គ្មាន​អង្គការ​តែ​មួយ​ណា​អាច​ដោះស្រាយ​បញ្ហា​ TFGBV​ បាន​ដោយ​ខ្លួនឯង​នោះ​ទេ​។​ ចាប់ពី​ទិន្នន័យ​ដែល​បែងចែក​តាម​យេ​ន​ឌ័​រ​ រហូត​ដល់​បណ្តាញ​គាំទ្រ​រវាង​មិត្ត​រួមការ​ងារ​ និង​ការ​ចូលរួម​ជាមួយ​វេទិកា​ឌី​ជី​ថ​ល​ ដំណើរ​ឆ្ពោះទៅ​មុខ​ពឹងផ្អែក​លើ​កិច្ច​សហប្រតិបត្តិការ​បន្ត​រវាង​អង្គការ​សង្គម​ស៊ី​វិល​ តួអង្គ​រដ្ឋាភិបាល​ និង​វេទិកា​បច្ចេកវិទ្យា​។​ អូឌីស៊ី រំពឹង​ថា​នឹង​បន្ត​នាំ​យក​ថាមពល​នៃ​កិច្ចសហការ​នេះ​ទៅ​ក្នុង​ដំណាក់កាល​បញ្ចប់​របាយការណ៍​ និង​ការងារ​ទូលំទូលាយ​បន្ត​ទៀត​ ហើយ​សូម​ឱ្យ​មានការ​សន្ទនា​បន្ត​ជាមួយ​ដៃគូ​ និង​អ្នក​អនុវត្ត​ការងារ​ ដែល​មានការ​ប្តេជ្ញា​ចិត្ត​ក្នុង​ការ​រួមចំណែក​បង្កើត​លំហ​ឌី​ជី​ថ​ល​ដែល​មាន​សុវត្ថិភាព​សម្រាប់​មនុស្ស​គ្រប់​រូប​។​