ករណី​ជោគជ័យ​នៃ​កម្មវិធី​បណ្តុះបណ្តាល​ស្តី​ពី​អក្ខរកម្ម​ទិន្នន័យ​៖​ លោក​ រឿ​ន​ ណា​រិ​ទ្ធ​​ ​

សិក្ខាកាម​ចូលរួម​វគ្គ​បណ្តុះបណ្តាល​តម្លាភាព​ទិន្នន័យ​ជា​ច្រើន​បាន​ប្រើប្រាស់​ទិន្នន័យ​តាម​របៀប​ផ្សេងៗ​នៅ​ក្នុង​ការងារ​ប្រចាំ​ថ្ងៃ​របស់​ពួក​គេ​។​ ពួក​គេបាន​​ចុះ​ឈ្មោះ​នៅ​​ក្នុង​កម្មវិធី​​បណ្តុះបណ្តាល​នេះ​ ដើម្បី​បង្កើន​សមត្ថភាព​​ខ្លួន​​ក្នុង​ការ​ប្រើប្រាស់​ទិន្នន័យ​ជា​មធ្យោបាយ​នៃ​ការ​ប្រាប់​រឿងរ៉ាវ​ទៅ​ក្នុង​កំរិត​​ថ្មី​មួយទៀត​។​ លោក​ រឿ​ន​ ណា​រិ​ទ្ធ​ គឺជា​ឧទាហរណ៍​ដ៏​ល្អ​ឥត​ខ្ចោះ​នៃ​អ្នកចូលរួម​ប្រភេទ​នេះ​។​ ណា​រិ​ទ្ធ​ បាន​បញ្ចប់​សញ្ញាបត្រ​អនុ​បណ្ឌិត​ពាណិជ្ជកម្ម​ (​កសិកម្ម​)​ ពី​សាកលវិទ្យាល័យ​លី​ន​ខុន​ ប្រទេស​ណូ​វែ​ល​ហ្សេ​ឡង់​ក្នុង​ឆ្នាំ​ ២០១៨​ ។​ បន្ទាប់​ពី​បញ្ចប់​ការ​សិក្សា​ ណា​រិ​ទ្ធ​បាន​ចំណាយពេល​កន្លះ​ឆ្នាំ​ធ្វើ​ជា​អ្នកសម្របសម្រួល​ពាណិជ្ជកម្ម​នៅ​អង្គការ​អន្តរជាតិ​មួយ​ មុន​ពេល​បំរើ​តួនាទី​បច្ចុប្បន្ន​របស់​លោក​ជា​សហការី​ស្រាវជ្រាវ​ (​សេដ្ឋកិច្ច​)​ នៅ​វិទ្យាស្ថាន​បណ្តុះបណ្តាល​ និង​ ស្រាវជ្រាវ​ដើម្បី​អភិវឌ្ឍន៍​កម្ពុជា (CDRI)​​។​

​មុន​ចូលរួម​កម្មវិធី​ ​លោក​​ណា​រិ​ទ្ធ​ ​មានបទពិសោធន៍​ក្នុង​ការ​ប្រើប្រាស់​កម្មវិធី​ស្ថិតិ​ដើម្បី​វិភាគ​ទិន្នន័យ​។​ លោក​បាន​ប្រើ​កម្មវិធី​វិភាគ​មួយ​ចំនួន​រួម​មាន​ (Stata)​ និង​ SPSS​ ប៉ុន្តែ​ជំនាញ​របស់​លោក​​នៅមាន​កំរិត​នៅឡើយ​​។​ លោក​បាន​ប្រើ​កម្មវិធី​ទាំងនោះ​សម្រាប់​បង្កើត​តារាង​ និង​ក្រា​ហ្វិ​ច​សាមញ្ញ​មួយ​ចំនួន​ដើម្បី​ភ្ជាប់​ទៅ​នឹង​របាយការណ៍​។​ មុន​វគ្គ​បណ្តុះបណ្តាល​ ភាគច្រើន​ណា​រិ​ទ្ធ​មាន​ទម្លាប់​ធ្វើការ​ប្រមូល​ និង​វិភាគ​ទិន្នន័យ​ សម្អាត​ទិន្នន័យ​ និង​រៀបចំ​ទិន្នន័យ​ដែល​មិន​មាន​លក្ខណៈ​ជា​ប្រព័ន្ធ​។​ ណា​រិ​ទ្ធ​មាន​ប្រសាសន៍​ថា​ “​ទិន្នន័យ​គឺជា​ពាក្យ​ប្រចាំ​ថ្ងៃ​ញឹកញាប់​បំផុត​នៅ​កន្លែងធ្វើការ​របស់ខ្ញុំ​”​ ហើយ​លោក​បាន​មើលឃើញ​ការ​បណ្តុះបណ្តាល​នេះ​ថា​ជា​ឱកាស​មួយ​ដើម្បី​ទទួល​បាន​នូវ​ជំនាញ​ទិន្នន័យ​កំរិត​ខ្ពស់​ដែល​ជា​អាទិភាព​សម្រាប់​ការ​កសាង​សមត្ថភាព​បុគ្គលិក​នៅ​ វិទ្យាស្ថាន​បណ្តុះបណ្តាល​ និង​ ស្រាវជ្រាវ​ដើម្បី​អភិវឌ្ឍន៍​កម្ពុជា​​ (CDRI)​។​

​លោក​ណា​រិ​ទ្ធ​​បាន​ទទួល​ដំណឹង​អំពី​កម្មវិធី​បណ្តុះបណ្តាល​នេះ​តាម​រយៈ​​មិត្ត​ម្នាក់​ ហើយ​លោក​ក៏​បាន​គិត​ថា​​ វា​ទាក់ទង​នឹង​តម្រូវការ​របស់​គាត់​ក្នុង​ការ​ធ្វើ​ឱ្យ​ជំនាញ​របស់​គាត់​ប្រសើរ​ឡើង​ ដើម្បី​បំពេញ​ចន្លោះ​ខ្វះខាត​។

​“អត្ថប្រយោជន៍ដែលខ្ញុំទទួលបានពីវគ្គបណ្តុះបណ្តាលនេះគឺជំនាញ និងទំនុកចិត្តលើការប្រមូលទិន្នន័យ និងទស្សនី​យ​កម្ម​ទិន្នន័យ​ដែលខ្ញុំត្រូវប្រើសម្រាប់ការងាររបស់ខ្ញុំក្នុងនាមជាអ្នកស្រាវជ្រាវ។ ពេលខ្លះខ្ញុំប្រើ DataWrapper និង Flourish ដើម្បីធ្វើបទបង្ហាញសម្រាប់ក្រុម”។

 

អ្វី​ដែល​លោក​ រឿ​ន​ ណា​រិ​ទ្ធ​រក​ឃើញ​ថា​​ចំណុច​ដែល​គួរ​ឱ្យ​ទាក់ទាញ​បំផុត​អំពី​ការ​បណ្តុះបណ្តាល​នេះ​ គឺ​ប្រសិទ្ធភាព​របស់​លោក​នៅ​ពេល​ប្រើ​ទិន្នន័យ​ដើម្បី​ប្រាប់​រឿងរ៉ាវ​ និង​ដោះស្រាយ​បញ្ហា​គោលនយោបាយ​នៅ​កន្លែងធ្វើការ​។​ លោក​ ណា​រិ​ទ្ធ​អាច​បំពេញការងារ​របស់​លោក​ត្រឹមតែ​ប៉ុន្មាន​នាទី​ប៉ុណ្ណោះ​ ខណៈ​ពេល​ដែល​ការងារ​ដូច​គ្នា​ត្រូវ​បាន​ចំណាយពេល​ជា​ច្រើន​ម៉ោង​ តែ​លទ្ធផល​មិនល្អ​។​ លោក​ក៏​បាន​រក​ឃើញ​ថា​គុណភាព​ការងារ​របស់​គាត់​បាន​កើនឡើង​នៅ​ពេល​ដែល​លោក​មាន​វិធី​ថ្មី​ក្នុង​ការ​ផ្ទៀងផ្ទាត់​ការ​រក​ឃើញ​របស់​លោក​។​

​លោក​ រឿ​ន​ ណា​រិ​ទ្ធ​មាន​ចាប់អារម្មណ៍​ទៅ​លើ​បញ្ហា​ទាក់ទង​នឹង​ពាណិជ្ជកម្ម​ កសិកម្ម​ ជា​ពិសេស​គឺ​កសិករ​ខ្នាត​តូច​។​ លទ្ធផល​របស់​លោក​ គឺ​មិនមែន​ត្រឹមតែ​ធ្វើ​បទ​បង្ហាញ​ពី​ទិន្នន័យ​ប៉ុណ្ណោះ​ទេ​ ប៉ុន្តែ​កា​ធ្វើ​បទ​បង្ហាញ​ពី​ព័ត៌មាន​ដែល​មាន​មូលដ្ឋាន​គ្រឹះ​ល្អ​។​ នេះ​មាន​ន័យ​ថា​មាន​ទិន្នន័យ​ល្អ​ និង​បង្ហាញ​ទិន្នន័យ​តាម​ទម្រង់​ និង​ទ្រង់ទ្រាយ​ដែល​សម​ស្រប​បំផុត​។​ កត្តា​នេះ​តម្រូវ​ឱ្យ​ណា​រិ​ទ្ធ​ធ្វើការ​លើស​ពី​ការ​បង្ហាញ​ទិន្នន័យ​ដើម្បី​បញ្ចុះបញ្ចូល​អ្នក​ធ្វើ​គោលនយោបាយ​ ឬ​ បញ្ញវ័ន្ត​។​

ក្នុងអំឡុងពេល​នៃ​វគ្គ​បណ្តុះបណ្តាល​នេះ​ ណា​រិ​ទ្ធ​បាន​ធ្វើការ​វិភាគ​អំពី​វិធី​ដែល​ដំឡូង​មី​បាន​ក្លាយជា​គ្រឿងផ្សំ​ដ៏​សំខាន់​នៅ​ក្នុង​ទំនិញ​ជា​ច្រើន​ប្រភេទ​រាប់​ចាប់ពី​អាហារ​របស់​មនុស្ស​ និង​សត្វ​រហូត​ដល់​អ្នក​ប្រើប្រាស់​ និង​ផលិតផល​ឧស្សាហកម្ម​ដែល​បាន​លក់​នៅ​ទូ​ទាំង​ពិភពលោក​។​ ក្នុង​ឆ្នាំ​ ២០១៧​ ផ្ទៃដី​ប្រមូល​ផល​សរុប​មាន​ចំនួន​ ២៦.៦៣៦.៧០៦​ ពាន់​ហិច​តា​ ដែល​ផលិត​ដំឡូង​មី​ស្រស់​បាន​ចំនួន​ ២៩៦.៨៥៥.៤៥៩​ តោន​។​ ប្រទេស​កម្ពុជា​ជា​ប្រទេស​នាំ​ចេញ​ដំឡូង​មី​ច្រើន​ជាងគេ​លំដាប់​ទី​ ៣​ ដែល​មាន​ចំនួន​ ១,៤​ ភាគរយ​នៃ​ការ​នាំ​ចេញ​ដំឡូង​មី​នៅ​លើ​ពិភពលោក​ បន្ទាប់​ពី​ប្រទេស​វៀតណាម​ (​ទី​ ២​ គឺ​ ៣៥,៧​ ភាគរយ​)​ និង​ប្រទេស​ថៃ​ (​ទី​ ១​ នៅ​ ៥៩,៨​ ភាគរយ​)​ ។​ វា​ជា​ចំណុច​គួរ​ឱ្យ​កត់សម្គាល់​មួយ​ដែល​ប្រទេស​នាំ​ចេញ​ធំៗ​គឺជា​ប្រទេស​ជិតខាង​ទាំងអស់​នៅ​អាស៊ី​អាគ្នេយ៍​ រួម​មាន​ប្រទេស​ថៃ​ វៀតណាម​ កម្ពុជា​ និង​ឡាវ​។​ ​លោក​អ្នក​អាច​អាន​​បន្ថែម​៖ ប្លក់​​បង្ហាញ​ពី​ស្ថានភាព​ឧស្សាហកម្ម​ដំឡូង​មី​នៅ​កម្ពុជា​។

លោក​ ណា​រិ​ទ្ធ​យល់​ថា​ទទួល​បាន​ប្រយោជន៍​ច្រើន​ក្នុង​ការ​ចូលរួម​វគ្គ​បណ្តុះបណ្តាល​នេះ​ ព្រោះ​នៅ​ពេល​គាត់​មាន​ជំនាញ​មូលដ្ឋាន​ខាង​ទិន្នន័យ​រួច​ហើយ​ វា​ក៏​ជួយ​លោក​ឱ្យ​បាន​រៀន​ប្រើប្រាស់​ឧបករណ៍​ថ្មីៗ​ផង​ដែរ​។​ លោក​បាន​រក​ឃើញ​ថា​ការ​បណ្តុះបណ្តាល​នេះ​មាន​ប្រយោជន៍​ ពីព្រោះ​ជាមួយ​ចំណេះដឹង​ដែល​លោក​ទទួល​បាន​ លោក​មាន​អារម្មណ៍​ថា​មាន​សមត្ថភាព​ក្នុង​ការ​រៀន​ដោយ​ខ្លួនឯង​តាម​របៀប​ដែល​មាន​ប្រសិទ្ធភាព​ និង​ម៉ឺងម៉ាត់​។​ ចាប់តាំងពី​ពេល​នោះ​មក​ ណា​រិ​ទ្ធ​ក៏​បាន​ចាប់ផ្តើម​អនុវត្ត​ជំនាញ​ដែល​លោក​បាន​រៀន​ក្នុង​ការ​បណ្តុះបណ្តាល​នេះ​ដើម្បី​រៀន​ពី​របៀប​ប្រើ​កម្មវិធី​ RStudio​ ដើម្បី​បង្ហាញ​ពី​ការ​ពិពណ៌នា​អំពី​គោលនយោបាយ​ទិន្នន័យ​ដែល​ស្មុគស្មាញ​។​ បើ​គ្មាន​ការ​បណ្តុះបណ្តាល​នេះ​ទេ​ លោក​ប្រហែលជា​ត្រូវ​ធ្វើការ​តាម​បែបផែន​ទិន្នន័យ​ហួស​សម័យ​។​

​​បន្ទាប់​ពី​វគ្គ​បណ្តុះបណ្តាល​ ណា​រិ​ទ្ធ​បាន​ចាប់ផ្តើម​ប្រើប្រាស់​កម្មវិធី​ Tabula​ ដើម្បី​សំអាត​ទិន្នន័យ​ពី​ប្រភេទ​ឯកសារ​ PDFs​ ហើយ​បំ​លែង​វា​ទៅ​ជា​ទិន្នន័យ​ដែល​មាន​លក្ខណៈ​ស្តង់ដារ​ ដើម្បី​បង្កើត​រូបភាព​អោយ​បាន​រហ័ស​នៅ​ក្នុង​កម្មវិធី​ Flourish​ ឬ​ Datawrapper​ ។​ បើ​គ្មាន​ឧបករណ៍​ទាំងនេះ​ទេ​ គឺ​គ្មាន​វិធី​ណា​ដែល​អាច​ជៀសវាង​ពី​ការ​បញ្ចូល​ទិន្នន័យ​តាម​របៀប​ដែល​ចំណាយពេល​ច្រើន​នោះ​ទេ​។​

​លោក​ ណា​រិ​ទ្ធ​បាន​ប្រើ​ការ​វិភាគ​ទិន្នន័យ​របស់​លោក​ ដើម្បី​ធ្វើការ​លើកកម្ពស់​កសិករ​ខ្នាត​តូច​ថ្មី​។​ លោក​និយាយ​ថា​ ការ​ណែនាំ​មួយ​ដល់​អ្នក​ធ្វើ​គោលនយោបាយ​ គឺ​លើកកម្ពស់​កសិករ​ខ្នាត​តូច​តាម​រយៈ​ភាព​ជា​ដៃគូ​រវាង​វិស័យ​សាធារណ​-​ឯកជន​-​អ្នក​ផលិត​ និង​លើកកម្ពស់​ការ​សម្របសម្រួល​ផ្ដេក​ និង​បញ្ឈរ​។​ ដើម្បី​ធ្វើ​ដូចនេះ​ លោក​និយាយ​ថា​ចាំបាច់​ត្រូវ​មាន​គម្រោង​ទូ​ទាំង​ប្រទេស​ដែល​តាមដាន​ និង​វាយតម្លៃ​ទិន្នន័យ​ជាក់ស្តែង​ដើម្បី​ឱ្យ​កសិករ​ខ្នាត​តូច​អាច​ទទួល​បាន​តម្លៃ​ល្អ​បំផុត​នៅ​ក្នុង​បណ្តាញ​ពាណិជ្ជកម្ម​ពិភពលោក​។​ ការ​សិក្សា​នា​ពេល​បច្ចុប្បន្ន​របស់​លោក​គឺ​ កំពុង​ព្យាយាម​បង្កើត​គំរូ​សម្រាប់​ការងារ​នេះ​។​

​នៅ​ក្នុង​តួនាទី​របស់​គាត់​ជាមួយនឹង​មជ្ឈមណ្ឌល​ស្រាវជ្រាវ​សេដ្ឋកិច្ច​ និង​ពាណិជ្ជកម្ម​ដើម្បី​អភិវឌ្ឍន៍​ លោក​ ណា​រិ​ទ្ធ​បាន​ដឹកនាំ​គម្រោង​មួយ​ដែល​មាន​គោលបំណង​ស្វែង​យល់​ពី​ខ្សែ​សង្វា​ក់​តម្លៃ​កសិកម្ម​នៃ​ផលិតផល​ត្រូវ​បាន​ជ្រើសរើស​ចំនួន​ពីរ​ ដែល​នាំ​ចេញពី​ប្រទេស​កម្ពុជា​ ឡាវ​ មី​យ៉ា​ន់​ម៉ា​ ថៃ​ និង​វៀតណាម​ ទៅ​កាន់​ប្រទេស​ចិន​។​ ក្តី​សង្ឃឹម​គឺ​ស្វែងរក​តួអង្គ​សំខាន់ៗ​ ការ​ប្រាស្រ័យ​ទាក់ទង​ អត្ថប្រយោជន៍​ ការ​បន្ថែម​តម្លៃ​ និង​បញ្ហា​ប្រឈម​។​ គម្រោង​នេះ​ក៏​គ្រោង​នឹង​រៀបចំ​វិធានការ​មិន​យកពន្ធ​ដែល​ណែនាំ​ដោយ​បណ្តា​ប្រទេស​មេគង្គ​ -​ ឡាន​ឆាង​ ហើយ​ក៏​មាន​ប្រៀបធៀប​ប្រទេស​ទាំងនោះ​ និង​ពិនិត្យ​ទស្សនៈ​របស់​ក្រុមហ៊ុននាំចេញ​ទាក់ទង​នឹង​ផល​ប៉ះពាល់​របស់​ពួក​គេ​លើ​ការ​នាំ​ចេញ​ទៅ​ប្រទេស​ចិន​។​

រីករាយ​ទស្សនា​វីដេអូខ្លីស្តីអំពីកម្មវិធីបណ្តុះបណ្តាលស្តីអំពីអក្ខរកម្មទិន្នន័យ: វគ្គទី២។ កម្មវិធីបណ្តុះបណ្តាលនេះ​មាន​វគ្គ​បណ្តុះបណ្តាល​សរុប​ចំនួន​បី​ និង​សិក្ខាសាលា​បញ្ចប់​វគ្គ​មួយ​ ហើយវគ្គ​បណ្តុះបណ្តាល​នីមួយៗ​ មាន​ចំនួន​ប្រាំ​ថ្ងៃ​ ដែល​នឹង​ផ្តល់​ឲ្យ​សិក្ខាកាម​នូវ​ជំនាញ​ និង​ចំណេះដឹង​អំពី​ការ​ប្រើប្រាស់​ទិន្នន័យ​ និង​ការ​សរសេរ​អត្ថបទ​ដោយ​ប្រើប្រាស់​ទិន្នន័យ​។​