កិច្ចប្រជុំ​ចង្កោម​អង្គការ​សង្គម​ស៊ី​វិល​លើក​ទី​២

​កិច្ចប្រជុំ​ចង្កោម​អង្គការ​សង្គម​ស៊ី​វិល​លើក​ទី​២​ បាន​ធ្វើ​ឡើង​នៅ​ថ្ងៃ​ទី​១៩​ ខែធ្នូ​ ឆ្នាំ​២០២២​ ស្ថិត​នៅ​ការិយាល័យ​អង្គការ​សុខភាព​អន្តរជាតិ​ដែល​មាន​អ្នកចូលរួម​ប្រមាណ​ ២៥​នាក់​ (​ស្រី​ ៦​នាក់​)​។​ កិច្ចប្រជុំ​នេះ​បាន​ប្រមូលផ្តុំ​នូវ​អ្នកចូលរួម​ដែល​មក​ពី​ក្រសួង​រៀបចំ​ដែនដី​ នគរូបនីយកម្ម​ និង​សំណង់​ ក្រសួងមហាផ្ទៃ​ អង្គការ​សង្គម​ស៊ី​វិល​ អង្គការ​សហគមន៍​មូលដ្ឋាន​ ក្រុម​ប្រព័ន្ធ​ផ្សព្វផ្សាយ​ និង​អ្នកតំណាង​ជនជាតិ​ដើម​ភាគតិច​ដែល​មក​ពី​ខេត្តព្រះវិហារ​ រតនគិរី​ និង​មណ្ឌលគិរី​។​

អង្គការ​ទិន្នន័យ​អំពី​ការ​អភិវឌ្ឍ​ (​អូ​ឌី​ស៊ី​)​ បាន​រៀបចំ​កិច្ចប្រជុំ​នេះ​ឡើង​ដោយ​មានការ​គាំទ្រ​មូលនិធិ​ពី​ទីភ្នាក់ងារ​សហរដ្ឋអាមេរិក​សម្រាប់​ការ​អភិវឌ្ឍន៍​អន្តរជាតិ​ តាម​រយៈ​អង្គការ​សុខភាព​គ្រួសារ​អន្តរជាតិ​ ដែល​ជា​ផ្នែក​មួយ​នៃ​មូលនិធិ​សម្រាប់​ចង្កោម​អង្គការ​សង្គម​ស៊ី​វិល​ ពី​គម្រោង​គាំទ្រ​អង្គការ​សង្គម​ស៊ី​វិល​។​ អូ​ឌី​ស៊ី​អនុវត្ត​គម្រោង​នេះ​ដោយ​មានការ​សហការ​ជាមួយ​សមាជិក​ចង្កោម​អង្គការ​សង្គម​ស៊ី​វិល​ចំនួន​ ៣​ គឺ​ ខេ​ម​បូ​ចា​ អង្គការ​អភិរក្ស​ភាសា​ជនជាតិ​ដើម​ភាគតិច​ និង​អេកូ​យុវ​ទូត​។​ គម្រោង​នេះ​មាន​គោលបំណង​ធ្វើ​ឱ្យ​ការ​គ្រប់គ្រង​ធនធានធម្មជាតិ​កាន់តែ​មាន​និរន្តរភាព​ ដោយ​ឆ្លុះ​ប​ញ្ចាំង​តម្រូវការ​ និង​កង្វល់​របស់​ជនជាតិ​ដើម​ភាគតិច​។​ អូ​ឌី​ស៊ី​បាន​រៀបចំ​កិច្ចប្រជុំ​ដំបូង​របស់​ចង្កោម​អង្គការ​សង្គម​ស៊ី​វិល​នៅ​ថ្ងៃ​ទី​១៣​ ខែកញ្ញា​ ឆ្នាំ​២០២២​ ដែល​មានការ​ចូលរួម​ពី​ចង្កោម​អង្គការ​សង្គម​ស៊ី​វិល​ និង​ដៃគូរ​ពាក់ព័ន្ធ​ដើម្បី​កសាង​បណ្តាញ​ រៀនសូត្រ​ពី​គ្នា​ គូស​ផែនទី​យុទ្ធសាស្ត្រ​សំខាន់ៗ​ និង​បោះ​ជំហាន​លើ​សកម្មភាព​បន្ថែម​ទៀត​លើ​ការ​តស៊ូ​មតិ​ស្តី​ពី​ការ​គ្រប់គ្រង​ធនធានធម្មជាតិ​នៅ​កម្ពុជា​។​ នៅ​ក្នុង​កិច្ចប្រជុំ​លើក​នេះ​ យើង​នឹង​ធ្វើ​បច្ចុប្បន្នភាព​នៃ​ការ​ចុះបញ្ជី​ដី​សមូហភាព​ជនជាតិ​ដើម​ភាគតិច​នៅ​កម្ពុជា​ដែល​ជា​ប្រធានបទ​ដ៏​មាន​សារៈសំខាន់​ និង​ចាប់អារម្មណ៍​យ៉ាង​ខ្លាំង​ពី​សំណាក់​ដៃគូរ​ពាក់ព័ន្ធ​។​ កិច្ចប្រជុំ​នេះ​មាន​គោលបំណង​ដូច​ជា​៖

  • បង្កើត​បរិយាកាស​សម្រាប់​បណ្តាញ​ដើម្បី​រៀនសូត្រ​ និង​ចែករំលែក​
  • បង្ហាញ​បច្ចុប្បន្នភាព​ការ​ចុះបញ្ជី​ដី​សមូហភាព​ជនជាតិ​ដើម​ភាគតិច​
  • លើកទឹកចិត្ត​ចង្កោម​អង្គការ​សង្គម​ស៊ី​វិល​ និង​អ្នក​ពាក់ព័ន្ធ​ចូលរួម​សហការ​ជាមួយ​គ្នា​។​

​តំណាង​ក្រសួង​រៀបចំ​ដែនដី​ នគរូបនីយកម្ម​ និង​សំណង់​ និង​ក្រសួងមហាផ្ទៃ​បាន​ចែករំលែក​ព័ត៌មាន​ថ្មីៗ​ស្តី​ពី​ ការ​ផ្តល់​ប័ណ្ណកម្មសិទ្ធិ​ដី​សមូហភាព​ជនជាតិ​ដើម​ភាគតិច​។​ បច្ចុប្បន្ន​នេះ​ សហគមន៍​ជនជាតិ​ដើម​ភាគតិច​ចំនួន​ ១៥២​ បាន​ចុះបញ្ជី​ជា​នីតិបុគ្គល​ជាមួយ​ក្រសួងមហាផ្ទៃ​ ខណៈ​ដែល​សហគមន៍​ចំនួន​ ៩៤​ បាន​ស្នើ​សុំ​ប័ណ្ណកម្មសិទ្ធិ​ដីធ្លី​សមូហភាព​ជនជាតិ​ដើម​ភាគតិច​ពី​ក្រសួង​រៀបចំ​ដែនដី​ នគរូបនីយកម្ម​ និង​សំណង់​។​ ដោយឡែក​ សហគមន៍​ប្រមាណ​ ២៦​ បាន​ផ្អាក​ក្នុង​ការ​ចុះបញ្ជី​ដី​សមូហភាព​ដោយសារ​បញ្ហា​ប្រឈម​ និង​ឧបសគ្គ​ផ្សេងៗ​។​ ជនជាតិ​ដើម​ភាគតិច​មួយ​ចំនួន​ប្រហែលជា​ចង់បាន​កម្មសិទ្ធិ​ដី​ឯកជន​ដែល​អាច​លក់​ ឬ​ប្រើប្រាស់​ដើម្បី​ទទួល​កម្ចី​ពី​មីក្រូហិរញ្ញវត្ថុ​បាន​។​ ក្នុង​ករណី​ខ្លះ​ទៀត​ ដី​ដែល​បាន​ស្នើ​សុំ​ត្រួតស៊ីគ្នា​ជាមួយ​តំបន់ការពារធម្មជាតិ​ និង​គម្រប​ព្រៃឈើ​ឆ្នាំ​២០០២​ ដែល​គ្រប់គ្រង​ដោយ​ក្រសួងបរិស្ថាន​ និង​ក្រសួងកសិកម្ម​ រុក្ខា​ប្រមាញ់​ និង​នេសាទ​។​ បច្ចុប្បន្ន​ សហគមន៍​ជនជាតិ​ដើម​ភាគតិច​ចំនួន​ ៣៨​ ក្នុង​ខេត្ត​ចំនួន​បួន​បាន​ទទួល​ប័ណ្ណកម្មសិទ្ធិ​ដី​សមូហភាព​ជនជាតិ​ដើម​ភាគតិច​ដែល​ស្មើនឹង​ផ្ទៃដី​សរុប​ប្រមាណ​ ៣៩.៣៤២​ហិ​កតា​ ដែល​ស្ថិត​នៅ​ខេត្តស្ទឹងត្រែង​ចំនួន​ ២​ សហគមន៍​ ខេត្តក្រចេះ​ចំនួន​ ៤​ សហគមន៍​ ខេត្តមណ្ឌលគិរី​ចំនួន​ ៧​ សហគមន៍​ និង​ខេត្តរតនគិរី​ចំនួន​ ២៥​ សហគមន៍​។​ សហគមន៍​ចំនួន​ពីរ​ទៀត​ត្រូវ​បាន​គេ​រំពឹង​ថា​នឹង​ទទួល​បាន​ប័ណ្ណកម្មសិទ្ធិ​ដី​សមូហភាព​នៅ​ខែមករា​ឆ្នាំ​២០២៣​ នេះ​។​

​កិច្ចប្រជុំ​នេះ​ក៏​បាន​ពិភាក្សា​អំពី​បញ្ហា​ប្រឈម​នៃ​ការ​ធ្វើ​ប័ណ្ណកម្មសិទ្ធិ​ដី​សមូហភាព​ជនជាតិ​ដើម​ភាគតិច​ផង​ដែរ​។​ អ្នកចូលរួម​ទាំងអស់​មានឱកាស​សួរនាំ​ក្រសួង​ និង​សុំ​យោបល់​ដើម្បី​ដោះស្រាយ​បញ្ហា​ដី​សហគមន៍​របស់​ខ្លួន​។​ ដំណើរការ​នៃ​ការ​ចុះបញ្ជី​ដី​សមូហភាព​ជនជាតិ​ដើម​ភាគតិច​មាន​ភាព​ស្មុគស្មាញ​ និង​ចំណាយពេល​ច្រើន​។​ ប័ណ្ណកម្មសិទ្ធិ​ជួនកាល​មិន​អាច​ចេញ​បាន​ទេ​ ហើយ​ត្រូវ​ផ្អាក​ដោយសារ​បញ្ហា​ប្រឈម​ជា​ច្រើន​។​ សហគមន៍​តែងតែ​ជួប​ការ​លំបាក​ក្នុង​ការ​ទទួល​បាន​ប័ណ្ណកម្មសិទ្ធិ​ដី​សមូហភាព​បើសិនជា​គ្មាន​ការ​គាំទ្រ​ពី​អង្គការ​សង្គម​ស៊ី​វិល​ និង​អង្គការ​សហគមន៍​មូលដ្ឋាន​នោះ​ទេ​ ព្រោះ​កម្រិត​នៃ​ចំណេះដឹង​របស់​ពួក​គាត់​អំពី​ភាសា​ខ្មែរ​ ច្បាប់​ និង​នីតិវិធី​នៃ​ការ​ចុះបញ្ជី​នៅ​មាន​កម្រិត​នៅឡើយ​។​

​ក្នុង​ករណី​ខ្លះ​ ជនជាតិ​ដើម​ភាគតិច​មិន​បាន​យល់​ដឹង​អំពី​អត្ថប្រយោជន៍​នៃ​ប័ណ្ណកម្មសិទ្ធិ​ដី​សមូហភាព​ជនជាតិ​ដើម​ភាគតិច​នោះ​ទេ​។​ សមាជិក​សហគមន៍​មួយ​ចំនួន​អាច​មើលឃើញ​អត្ថប្រយោជន៍​ផ្ទាល់ខ្លួន​ហើយ​ចង់​ដកខ្លួន​ចេញពី​ប័ណ្ណ​កម្ម​សិទ្ធ​ដី​សមូហភាព​។​ វា​មាន​ន័យ​ថា​ពួក​គេ​ចង់បាន​ប័ណ្ណកម្មសិទ្ធិ​ដី​ឯកជន​របស់​ខ្លួន​។​ ពេល​ខ្លះ​អាជ្ញាធរ​មូលដ្ឋាន​មិន​មានការ​ជំរុញ​ និង​សហការ​ជាមួយ​សហគមន៍​ជនជាតិ​ដើម​ភាគតិច​ទាក់ទង​នឹង​នីតិវិធី​នៃ​ការ​ធ្វើ​ប័ណ្ណកម្មសិទ្ធិ​ដី​ ទោះបីជា​ក្រសួង​កំពុង​ព្យាយាម​ព​ន្លឿ​ន​ការ​ចុះបញ្ជី​ដី​សមូហភាព​ក៏​ដោយ​។​ ក្នុង​ករណី​ជា​ច្រើន​ សហគមន៍​បដិសេធ​មិន​ទទួលយក​ដី​ដែល​រដ្ឋាភិបាល​មាន​ឆន្ទៈ​ផ្តល់​ឱ្យ​នោះ​ឡើយ​។​

​បន្ទាប់​ពី​កិច្ច​ពិភាក្សា​ដែល​មានការ​ចូលរួម​ សហគមន៍​ជនជាតិ​ដើម​ភាគតិច​ត្រូវ​បាន​លើកទឹកចិត្ត​ឱ្យ​ចងក្រង​ឯកសារ​អំពី​បញ្ហា​ទាក់ទង​នឹង​ការ​ផ្តល់​ប័ណ្ណកម្មសិទ្ធិ​ដី​សមូហភាព​ជនជាតិ​ដើម​ភាគតិច​ហើយ​រាយការណ៍​ជូន​ក្រុមការងារ​ចំពោះ​កិច្ច​។​

អង្គការ​អូ​ឌី​ស៊ី​នឹង​បន្ត​ធ្វើ​ជា​អ្នក​រៀបចំ​កិច្ចប្រជុំ​ចង្កោមអង្គការសង្គមស៊ីវិលប្រចាំត្រីមាស​ជាមួយ​សមាជិក​ និង​ចង្កោម​អង្គការ​សង្គម​ស៊ី​វិល​ ដើម្បី​ចែករំលែក​មេរៀន​ ព័ត៌មាន​ និង​បញ្ហា​អាទិភាព​លើ​ការ​គ្រប់គ្រង​ធនធានធម្មជាតិ​ បរិស្ថាន​ ព្រៃឈើ​ ដីធ្លី​ ជនជាតិ​ដើម​ភាគតិច​ ការ​វាយតម្លៃ​បរិស្ថាន​ជា​យុទ្ធសាស្ត្រ​ និង​ការ​វាយតម្លៃ​ហេតុ​ប៉ះពាល់​បរិស្ថាន​។​