ប្រជាជនខ្មែរមាន ៩០% នៃប្រជាជនប្រទេសកម្ពុជា, តាមពីក្រោយដោយជនជាតិវៀតណាម ( ៥% ) ជាមួយនឹងជនជាតិចិន ចាម (ភាគច្រើនជាប្រជាជនម៉ូស្លីម) និងក្រុមជនជាតិដើមភាគតិចហៅថាខ្មែរលើ។1
ជំរឿនប្រជាជនកម្ពុជានៅឆ្នាំ ១៩៩៨បានកំណត់អត្តសញ្ញាណជនជាតិដើមភាគតិច ១៧ក្រុម ផ្សេងៗគ្នា ប៉ុន្តែជំរឿននាពេលបច្ចុប្បន្នបង្ហាញថាមានក្រុមជនជាតិដើមភាគតិចចំនួន ២៤ក្រុមនៅទូទាំងខេត្តចំនួន ១៥ ក្នុងនោះ ខេត្តរតនគិរី មណ្ឌលគិរី និងខេត្តក្រចេះ មានប្រជាជនជាជនជាតិដើមភាគតិចខ្ពស់ជាងគេ។ ពួកគេត្រូវបានសន្មត់ថា មានចំនួនប្រមាណជា ២០ ម៉ឺននាក់ ឬប្រហែលជា ១.២%នៃប្រជាជនសរុប។2 ក្រុមជនជាតិដើមភាគតិចទាំងនេះត្រូវបានកំណត់អត្តសញ្ញាណតាមរយៈភាសារបស់ពួកគេ។ ភាសាជនជាតិភាគតិច មានយ៉ាងហោចណាស់ ១៩ នៅក្នុងប្រទេសកម្ពុជា។3 ភាសាទាំងនោះបែងចែងជាអំបូរភាសាពីរក្រុម៖ អំបូរអូស្ត្រូណេស៊ាន ដែលរួមមានក្រុមចារាយ និងអំបូរខ្មែរមន ដែលរួមមានព្រៅ គ្រឹង ទំពួន ព្នង និងកួយ។

ស្ត្រីជនជាតិភាគតិចព្រៅកំពុងត្បាញកន្ទេលស្លឹកត្នោតនៅក្នុងខេត្តរតនគិរី ភាគឦសានប្រទេសកម្ពុជា។ រូបភាពដោយ Ethan Crowley, ថតនៅថ្ងៃទី ០១ ខែឧសភា ឆ្នាំ២០១២។ ក្រោមអាជ្ញារបណ្ណ CC BY-NC-SA 2.0
មិនមានការកំណត់ជាក់លាក់អំពី “ជនជាតិដើម” នៅក្នុងប្រទេសកម្ពុជាទេ។ ច្បាប់ និងគោលនយោបាយ ប្រើប្រាស់ពាក្យខុសៗគ្នារួមមាន “សហគមន៍ជនជាតិដើម”, “ជនជាតិដើមភាគតិច” និង“អ្នកស្រុកលើ” ប៉ុន្តែពាក្យទាំងនេះប្រើសម្រាប់ពិពណ៌នាពីក្រុមជនជាតិដើមដូចគ្នា ។ ក្រុមជនជាតិដើមទាំងនេះ រួមមាន ព្រៅ ជង ចារាយ កាចក់ កាវ៉ែត ខិ ខោញ កួយ គ្រឹង ក្រោល ព្នង ល្អិន លុន មិល ព័រ រដែ សំរែ សួយ ស្ពុង ស្ទៀង ថ្នូន និងទំពួន។
ជនជាតិដើមទាំងនោះបានគ្រប់គ្រងតាមបែបប្រពៃណីលើដីប្រហែល ៤លានហិកតានៃតំបន់ព្រៃដាច់ស្រយ៉ាល និងតំបន់ព្រៃស្មោង។4 សុខមាលភាពរយៈពេលវែងនៃវប្បធម៌របស់ជនជាតិដើមភាគតិច ត្រូវបានផ្សារភ្ជាប់យ៉ាងរឹងមាំជាមួយនឹងប្រព័ន្ធនៃការប្រើប្រាស់ដីរបស់ពួកគេ និងការទទួលបានការប្រើប្រាស់ធនធានព្រៃឈើ។ ពួកគេប្រកបរបរកសិកម្មវិលជុំ និងចិញ្ចឹមសត្វ រួមផ្សុំនឹងការចូលក្នុងព្រៃប្រមូលផលផ្តៅ និងវល្លិ៍ ជ័រ ក្រវ៉ាញ និងទឹកឃ្មុំ។ តម្បាញក៏ជាប្រភពចំណូលសំខាន់មួយទៀតសម្រាប់ពួកគេផងដែរ។ ប្រភពចំណូលមួយចំនួនអាស្រ័យទៅតាមតំបន់ ដូចជាការរករ៉ែត្បូងមានតម្លៃនៅខាងក្រៅក្រុងបានលុង ក្នុងខេត្តរតនគិរី។
អង្គការ វេទិកានៃអង្គការមិនមែនរដ្ឋាភិបាលស្តីពីកម្ពុជា បានរាយការណ៍ថា សម្បទានដីសេដ្ឋកិច្ច សម្បទានរ៉ែ និងទំនប់វារីអគ្គិសនី ការរំលោភយកដី ការបំផ្លាញព្រៃឈើ និងការកាប់ឈើខុសច្បាប់បានធ្វើឱ្យប៉ះពាល់ធ្ងន់ធ្ងរទៅលើជីវភាពរស់នៅរបស់ក្រុមជនជាតិដើមភាគតិច។5
ជាឧទាហរណ៍ សហគមន៍ជនជាតិដើមភាគតិចចំនួន ១៧ ភាគច្រើនជា ទំពួន ចារាយ កាចុក និងគ្រឹង នៅក្នុងខេត្តរតនគិរី បាននិយាយថា ដីរបស់ពួកគេត្រូវបានរំលោភយកសម្រាប់សម្បទានដីសេដ្ឋកិច្ចដោយក្រុមហ៊ុនចំការកៅស៊ូដែលមានមូលដ្ឋាននៅប្រទេសវៀតណាម ដែលមានហិរញ្ញវត្ថុជាប់ទាក់ទងនឹឹងសាជីវកម្មហិរញ្ញវត្ថុអន្តរជាតិ (IFC) របស់ធនាគារពិភពលោក។ ជាមួយនឹងការជួយជ្រោមជ្រែងពីសំណាក់អង្គការមិនមែនរដ្ឋាភិបាលនានា និងអង្គការសហគមន៍ជនជាតិដើមភាគតិច នៅក្នុងឆ្នាំ ២០១៣-២០១៤ សហគមន៍ទាំងនេះបានធ្វើដំណើរទៅការិយាល័យអង្កេតនិងដោះស្រាយបណ្តឹង នៃសាជីវកម្មហិរញ្ញវត្ថុអន្តរជាតិ។ នៅក្នុងខែកញ្ញា ឆ្នាំ២០១៥ ស្ថាប័ននេះបានជួយសម្រួលឱ្យមានកិច្ចចរចាររវាងភាគីទាំងសងខាង ដែលជាលទ្ធផល ក្រុមហ៊ុនយល់ព្រមសម្របសម្រួលដំណើរការចុះបញ្ជីក្បាលដីសមូហភាពសម្រាប់សហគមន៍ចំនួន១១ ក្នុងចំណោមសហគមន៍រងការប៉ះពាល់ ព្រមទាំងសំណងផ្សេងទៀត។6
អ្នករាយការណ៍ពិសេសនៃអង្គការសហប្រជាជាតិ Erica Irene Daes បានកត់សម្គាល់ថា៖ “ការធ្លាក់ចុះបន្តិចម្តងៗនៃសង្គមជនជាតិដើមភាគតិច ឆ្លុះបញ្ចាំងពីការមិនទទួលស្គាល់នៃទំនាក់ទំនងយ៉ាងជ្រាលជ្រៅដែលជនជាតិដើមភាគតិចមានជាមួយនឹងដែនដី ទឹកដី និងធនធាននានារបស់ពួកគេ។7
ច្បាប់ និងគោលនយោបាយ
ក្រសួងអភិវឌ្ឍន៍ជនបទមានគោលនយោបាយជាតិស្តីពីការអភិវឌ្ឍសហគមន៍ជនជាតិដើមភាគតិច ដែលបានអនុម័តក្នុងឆ្នាំ ២០០៩។8 គោលនយោបាយនេះមានគោលដៅដើម្បីកែលម្អជីវភាពរស់នៅរបស់សហគមន៍ជនជាតិដើមភាគតិច និងដើម្បីលើកកម្ពស់គុណភាពនៃជីវិត។ គោលនយោបាយនេះផ្តោតទៅលើការអភិវឌ្ឍ ១០វិស័យ រួមមាន វប្បធម៌ ការអប់រំ និងបណ្តុះបណ្តាលវិជ្ជាជីវៈ សុខាភិបាល បរិស្ថាន ដីធ្លី កសិកម្មនិងធនធានទឹក ហេដ្ឋារចនាសម្ព័ន្ធ យុត្តិធម៌ ទេសចរណ៍ និងឧស្សាហកម្ម រ៉ែ និងថាមពល។
ច្បាប់ភូមិបាលឆ្នាំ ២០០១ ផ្តល់សារៈសំខាន់យ៉ាងខ្លាំងសម្រាប់ការចុះបញ្ជីក្បាលដីសមូហភាព ដូចមានចែងនៅក្នុងមាត្រា២៣ -២៨។ មាត្រា ២៥ ចែងអំពីកម្មសិទ្ធិដីសមូហភាពសម្រាប់សហគមន៍ជនជាតិដើមភាគតិច ខណៈដែលមាត្រា២៦ ទទួលស្គាល់តួនាទីនៃអំណាច យន្តការ និងទំនៀមទំលាប់ ជាប្រពៃណី នៅក្នុងការធ្វើសេចក្តីសម្រេចចិត្ត និងការអនុវត្តនូវសិទ្ធិកម្មសិទ្ធិ។ យោងទៅតាមមាត្រា២៨ គ្មានអាជ្ញាធរណានៅក្រៅសហគមន៍ អាចទទួលបានសិទ្ធិលើអចលនវត្ថុដែលជាកម្មសិទ្ធិរបស់ជនជាតិដើមភាគតិចបានឡើយ។
អនុក្រឹត្យស្តីពីនីតិវិធីនៃការចុះបញ្ជីក្បាលដីសម្រាប់សហគមន៍ជនជាតិដើមភាគតិច ត្រូវបានអនុម័តនៅក្នុងខែមិថុនា ឆ្នាំ២០០៩ ប៉ុន្តែវឌ្ឍនភាពមានសភាពយឺតយ៉ាវ ដោយសារតែភាពស្មុគស្មាញនៃដំណើរការនេះ៖
- ជាដំបូង ក្រសួងអភិវឌ្ឍន៍ជនបទចាំបាច់ត្រូវកំណត់អត្តសញ្ញាណនៃជនជាតិដើមភាគតិច និងសហគមន៍ជនជាតិដើម
- បន្ទាប់មក ក្រសួងមហាផ្ទៃចាំបាច់ធ្វើការចុះបញ្ជីសហគមន៍ជនជាតិដើមភាគតិចទាំងនោះជានីតិបុគ្គល
- បន្ទាប់មកទៀត ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ទទួលខុសត្រូវលើនីតិវិធីនៃការចេញប័ណ្ណកម្មសិទ្ធិដីសមូហភាព។ ការងារនេះពាក់ព័ន្ធនឹងការវាស់វែងអចលទ្រព្យ ដែលធ្វើឱ្យសំណើរមានភាពបើកទូលាយសម្រាប់សាធារណៈផ្តល់មតិនានា និងដើម្បីចេញប័ណ្ណកម្មសិទ្ធិ។
ខណៈដែលច្បាប់ភូមិបាលផ្តល់ការការពារយ៉ាងរឹងមាំសម្រាប់សហគមន៍ជនជាតិដើមភាគតិច អ្នកឃ្លាំមើលជាច្រើនបាននិយាយថា កង្វះខាតនៃការអនុវត្ត និងការពង្រឹងច្បាប់ជាក់ស្តែង បានធ្វើឱ្យសហគមន៍ជនជាតិដើមភាគតិចស្ថិតក្នុងស្ថានភាពងាយរងគ្រោះ ដោយសារប្រយោជន៍ពាណិជ្ជកម្ម និងរដ្ឋ ដែលទាក់ទាញការធ្វើអាជីវកម្មលើសក្តានុពលសេដ្ឋកិច្ចនៃព្រៃឈើ និងតំបង់ខ្ពង់រាប ដែលជាប្រពៃណី ត្រូវបានប្រើប្រាស់ និងគ្រប់គ្រងដោយសហគមន៍ជនជាតិដើមភាគតិច។9
គិតនៅត្រឹមដើមឆ្នាំ ២០១៧ នេះ សហគមន៍ជនជាតិដើមភាគតិចចំនួន ១៤ ប៉ុណ្ណោះ បានទទួលប័ណ្ណកម្មសិទ្ធិដីសមូហភាព ក្រោមច្បាប់ភូមិបាល (ទំព័រព័ត៌មាន៖ សហគមន៍ជនជាតិដើមភាគតិច)។ មានប្រមាណជា ៥០០ សហគមន៍ផ្សេងទៀត នៅមិនទាន់មានប័ណ្ណកម្មសិទ្ធិលើដីរបស់ពួកគេនៅឡើយ។ ប័ណ្ណកម្មសិទ្ធិនេះ គឺពិតជាមានតម្លៃណាស់ តួយ៉ាងនៅក្នុងឆ្នាំ ២០១៥ សហគមន៍ជនជាតិភាគតិចព្នងនៅក្នុងខេត្តមណ្ឌលគិរី បានប្រើប្រាស់ប័ណ្ណកម្មសិទ្ធិនេះដើម្បីការពារដីរបស់ខ្លួននៅក្នុងតុលាការដោយជោគជ័យ។10
សម្រាប់គម្រោងហេដ្ឋារចនាសម្ព័ន្ធធំៗ (ដូចជាការសាងសង់ទំនប់ទន្លេសេសានក្រោម ២) សហគមន៍ជនជាតិដើមភាគតិចជាញឹកញាប់តែងតែត្រូវបានស្នើរឱ្យផ្លាស់ទីលំនៅដ្ឋានរបស់ខ្លួន។
ច្បាប់ស្តីពីព្រៃឈើឆ្នាំ ២០០២ បានលើកឡើងពីសិទ្ធិប្រើប្រាស់ជាប្រពៃណីលើផល និងអនុផលព្រៃឈើសម្រាប់សហគមន៍មូលដ្ឋាន11 និងផ្តល់មូលដ្ឋានច្បាប់ សម្រាប់សហគមន៍ជនបទ រួមបញ្ជូលទាំងសហគមន៍ជនជាតិដើមភាគតិច ក្នុងការប្រើប្រាស់ និងជួយគ្រប់គ្រងព្រៃឈើ តាមរយៈសហគមន៍ព្រៃឈើ។ ខណៈដែលច្បាប់ស្តីពីព្រៃឈើផ្តល់មូលដ្ឋានច្បាប់សម្រាប់ព្រៃសហគមន៍ អនុក្រឹត្យស្តីពីការគ្រប់គ្រងសហគមន៍ព្រៃឈើឆ្នាំ ២០០៣ បានកំណត់ពីវិធានសម្រាប់ការបង្កើត ការគ្រប់គ្រង និងការប្រើប្រាស់ព្រៃទាំងនោះនៅក្នុងប្រទេសកម្ពុជា។
សំណុំទិន្នន័យរបស់អង្គការទិន្នន័យអំពីការអភិវឌ្ឍអំពីព្រៃសហគមន៍ បង្ហាញអំពីព្រៃសហគមន៍ចំនួន ៣៣៧ កន្លែង។ ព្រៃសហគមន៍ទាំងនេះ មានទំហំលាតសន្ធឹងខុសៗគ្នា ដែលព្រៃខ្លះតូចជាង ១០ ហិកតា ហើយខ្លះទៀត មានទំហំធំជាង ៥,០០០ ហិកតាឯណោះ។
រដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា ធានាដល់ប្រជាពលរដ្ឋគ្រប់រូបនូវសិទ្ធិស្មើៗគ្នា “ដោយមិនប្រកាន់ជាតិសាសន៍ ពណ៌សម្បុរ ភេទ ភាសា និងជំនឿខាងសាសនា” នោះទេ។
កម្ពុជាបានបោះឆ្នោតគាំទ្រសេចក្តីប្រកាសរបស់អង្គការសហប្រជាជាតិស្តីពីសិទ្ធិនៃជនជាតិដើមភាគតិចនៅក្នុងមហាសន្និបាតអង្គការសហប្រជាជាតិ នៅក្នុងឆ្នាំ២០០៧។
ធ្វើបច្ចុប្បន្នភាព៖ ថ្ងៃទី ២០ កុម្ភៈ ២០១៧
ឯកសារយោង
- 1. Indexmundi. “ព័ត៌មានប្រជាសាស្ត្រកម្ពុជា ឆ្នាំ២០១៤.” ចូលអាននៅថ្ងៃទី ២៦ ខែមិថុនា ឆ្នាំ២០១៦។ http://www.indexmundi.com/cambodia/demographics_profile.html
- 2. មុល ផាត, សេង សុវត្ថានា. កំណត់សម្គាល់បច្ចេកទេសស្តីពីបញ្ហាជនជាតិដើមភាគតិចតាមប្រទេស៖ ព្រះរាជាណាចក្រកម្ពុជា. IFAD/AIPP, ខែវិច្ឆិកា ឆ្នាំ២០១២។ ចូលអាននៅថ្ងៃទី ២៦ ខែមិថុនា ឆ្នាំ២០១៦។ https://www.ifad.org/documents/38714170/40224860/cambodia_ctn.pdf/02148186-48e9-4c08-bc09-b3565da70afb
- 3. “ប្រទេសកម្ពុជា,” គេហទំព័រ Ethnologue, ចូលអានថ្ងៃទី ១២ ខែ កុម្ភៈ ឆ្នាំ ២០១៧។ https://www.ethnologue.com/country/kh
- 4. វេទិកានៃអង្គការមិនមែនរដ្ឋាភិបាល ស្តីពីកម្ពុជា.”គម្រោងស្តីពីសិទ្ធិរបស់ជនជាតិដើមភាគតិច.” ចូលអាននៅថ្ងៃទី ២៦ ខែមិថុនា ឆ្នាំ២០១៦។ https://www.ngoforum.org.kh/indigenous-people-rights-project/
- 5. ដូចឯកសារយោងខាងដើម។
- 6. ក្រុមការងារអន្តរជាតិសម្រាប់កិច្ចការជនជាតិដើមភាគតិច(IWGIA). ជនជាតិដើមនៅទូទាំងពិភពលោក៖ ប្រទេសកម្ពុជា. ចូលអាននៅថ្ងៃទី ២៦ ខែមិថុនា ឆ្នាំ២០១៦។ https://www.iwgia.org/images/publications//0740_THE_INDIGENOUS_ORLD_2016_final_eb.pdf
- 7. អង្គការសហប្រជាជាតិ. វេទិកាអចិន្ត្រៃយ៍ស្តីពីបញ្ហាជនជាតិដើមភាគតិច សម័យប្រជុំលើកទី៦ ថ្ងៃទី១៤-២៥ ខែឧសភា ឆ្នាំ២០០៧. ចូលអាននៅថ្ងៃទី ២៦ ខែមិថុនា ឆ្នាំ២០១៦។ http://www.un.org/esa/socdev/unpfii/documents/6_session_tebtebba_iwgia.pdf
- 8. ក្រសួងអភិវឌ្ឍន័ជនបទ. “គោលនយោបាយជាតិស្តីពីការអភិវឌ្ឍក្រុមជនជាតិដើមភាគតិច”។ ចូលអាននៅថ្ងៃទី ២៦ ខែមិថុនា ឆ្នាំ២០១៦។ http://ebooks.libraryrule.com/images/pdf_file_item/a0ef14d817e9190a33e2389e11639c50.pdf
- 9. មុល ផាត, សេង សុវត្ថានា. កំណត់សម្គាល់បច្ចេកទេសស្តីពីបញ្ហាជនជាតិដើមភាគតិចតាមប្រទេស៖ ព្រះរាជាណាចក្រកម្ពុជា. IFAD/AIPP, ខែវិច្ឆិកា ឆ្នាំ២០១២។ ចូលអាននៅថ្ងៃទី ២៦ ខែមិថុនា ឆ្នាំ២០១៦. https://www.ifad.org/documents/38714170/40224860/cambodia_ctn.pdf/02148186-48e9-4c08-bc09-b3565da70afb
- 10. ដូចឯកសារយោងខាងដើម។
- 11. ច្បាប់ព្រៃឈើ (២០០២), មាត្រា ២. https://data.opendevelopmentmekong.net/laws_record/law-on-forestry
Pingback: 7 Interesting Facts About Cambodia – Big 7 Travel
Pingback: 7 Interesting Facts About Cambodia – Asia Trip Route - Asia Trip Route
Pingback: 7 Interesting Facts About Cambodia -
Pingback: 7 Interesting Facts About Cambodia - PhuketTimes
Pingback: 7 Interesting Facts About Cambodia – Thailand Daily