សមាជិកសភាគណបក្សប្រជាជនកម្ពុជាទាំង ៦៨ រូប ចូលធ្វើសច្ចាប្រណិធាន នៅក្នុងព្រះបរមរាជវាំង នៅល្ងាចថ្ងៃទី២៣កញ្ញា
ភ្នំពេញ: បន្ទាប់ពីព្រះករុណា ព្រះបាទ សម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា បានយាងជាព្រះរាជាធិបតីភាពដ៏ខ្ពង់ខ្ពស់ ក្នុងសម័យប្រជុំដំបូង នៃរដ្ឋសភា នីតិកាលទី៥ រួមមក សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ព្រឹទ្ធសមាជិកអ្នកតំណាងរាស្ត្រ ដែលជាប់ឆ្នោត បានបន្តដឹកនាំកិច្ចប្រជុំរដ្ឋសភាលើកទី១ នៅវិមានរដ្ឋសភា នៅព្រឹកថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០១៣។
នៅក្នុង កិច្ចប្រជុំ សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ព្រឹទ្ធសមាជិក ដែលមានអាយុច្រើនជាងគេ រហូតដល់ ៨០ ឆ្នាំ បានដឹកនាំសមាជិកសភា ធ្វើការអនុម័តលើបទបញ្ជាផ្ទៃក្នុងរដ្ឋសភា នីតិកាលទី៥ ដោយយោងតាមមាត្រា ៨៨ ថ្មី រដ្ឋធម្មនុញ្ញ ចែងពីការប្រជុំសភាដោយមតិភាគច្រើនដាច់ខាត។ មាត្រា ៨២ថ្មី រដ្ឋធម្មនុញ្ញអនុម័តបទបញ្ជាផ្ទៃក្នុងសភា ដោយមានសំឡេងគាំទ្រ ៦៨ លើ ៦៨ និងឧបសម្ព័ន្ធទី៥ នៃរដ្ឋធម្មនុញ្ញចែងអំពីការធ្វើសច្ចាប្រណិធាន។
សូមបញ្ជាក់ថា សមាជិកសភាចំនួន ៥៥ រូប នៃគណបក្សសង្គ្រោះជាតិ ពុំបានចូលរួមប្រជុំដំបូង នៃរដ្ឋសភា នៅព្រឹកថ្ងៃទី២៣កញ្ញាទេ ហើយក៏ពុំមានវត្តមានចូលធ្វើសច្ចាប្រណិធាន នៅរសៀលម៉ោង ៣ ថ្ងៃទី២៣ ខែកញ្ញានេះ នៅព្រះបរមរាជវាំងឡើយ។
សម្តេចពញាចក្រី ហេង សំរិន ព្រឹទ្ធសមាជិករដ្ឋសភា បានមានប្រសាសន៍ខ្លីប្រាប់ក្រុមអ្នកកាសែតថា ការមិនមកចូលប្រជុំដំបូង នៃរដ្ឋសភា របស់គណបក្សសង្គ្រោះជាតិ ជាសិទ្ធិរបស់គេ។
រតនា
http://cen.com.kh/localnews/show_detail/19?token=OWE5MjI2MD