វគ្គ​បណ្តុះបណ្តាល​សាកល្បង​ស្តី​ពី​ការ​ប្រើប្រាស់​ និង​ ការ​អាន​ផែនទី​

​នៅ​ខែមីនា​ឆ្នាំ​ ២០១៩​ អង្គការ​ទិន្នន័យ​អំពី​ការ​អភិវឌ្ឍ​ (​អូ​ឌី​ស៊ី​)​ និង​ នាយកដ្ឋាន​បច្ចេកវិទ្យា​ព័ត៌មាន​នៃ​ក្រសួង​អប់រំ​ យុវជន​ និង​កីឡា​ បាន​រៀបចំ​សិក្ខាសាលា​វាយតម្លៃ​ ​ទាញ​យក​ធាតុ​ចូល​ពី​គ្រូ​វិទ្យាល័យ​ ដើម្បី​ស្វែង​យល់​ពី​ចំណេះដឹង​ និង​បទ​ពិសោធន៍​របស់​លោកគ្រូ​អ្នកគ្រូ​ក្នុង​ការ​ប្រើប្រាស់​ផែនទី​ និង​ការ​អាន​កាន់តែ​ស៊ីជម្រៅ​។​ ធាតុ​ចូល​នេះ​ មាន​សារៈសំខាន់​ណាស់​ សម្រាប់​ក្រុមការងារ​អូ​ឌី​ស៊ី​​ និង​នាយកដ្ឋាន​បច្ចេកវិទ្យា​ព័ត៌មាន​ ក្នុង​ការ​បង្កើត​កម្មវិធី​សិក្សា​ដែល​នឹង​ឆ្លើយ​តប​ទៅ​តាម​តម្រូវការ​។​ តាម​រយៈ​ធាតុ​ចូល​ទាំងនោះ​ ក្រុមការងារ​របស់​យើង​បាន​រៀបរៀង​ចេញ​ជា​ឯកសារ​ពង្រាង​មួយ​ស្តី​ពី​កម្មវិធី​បណ្ដុះបណ្ដាល​ការ​អាន​ និង​ប្រើប្រាស់​ផែនទី​ ដែល​មានកំ​រាស់​ប្រមាណ​ ៦០​ទំព័រ​។​ បន្ទាប់​​មក​ឯកសារ​ពង្រាង​មួយ​នេះ​ត្រូវ​បាន​យក​ទៅ​ប្រើប្រាស់​ប្រកបដោយ​ជោគជ័យ​នៅ​ក្នុង​វគ្គ​បណ្ដុះបណ្ដាល​សាកល្បង​មួយ​ ដែល​បាន​រៀបចំ​ដោយ​អូ​ឌី​ស៊ី​សហការ​ជាមួយ​និង​នាយកដ្ឋាន​បច្ចេកវិទ្យា​ព័ត៌មាន​ រយៈពេល​បី​ថ្ងៃ​ ចាប់ពី​ថ្ងៃ​ទី​២៤​ ដល់​ថ្ងៃ​ទី​២៦​ ខែមិថុនា​ ឆ្នាំ​២០១៩​ នៅ​ខេត្តកំពង់ចាម​ ដោយ​មានការ​ចូលរួម​ពី​សំណាក់​​​លោកគ្រូ​​អ្នក​គ្រូ​ដដែល​។

រូបថតជាក្រុមរបស់ក្រុមការងារនាយកដ្ឋានបច្ចេកវិទ្យាព័ត៌មាន អូឌីស៊ី និងសិក្ខាកាមទាំងអស់។

​​វគ្គ​បណ្តុះបណ្តាល​សាកល្បង​នេះ​មាន​គោលបំណង​ ដើម្បី​ប្រមូល​ព័ត៌មាន​បន្ថែមពី​លោកគ្រូ​អ្នកគ្រូ​​សម្រាប់​កម្មវិធី​សិក្សា​ ក៏​ដូច​ជា​ការ​ផ្ដល់​យោបល់​ផ្សេងៗ​ទៅ​លើ​សម្ភារៈ​បង្រៀន​ផ្សេង​ទៀត​ដែល​នឹង​ត្រូវ​ប្រើប្រាស់​ដើម្បី​បំពេញ​កម្មវិធី​សិក្សា​។​ ក្នុង​វគ្គ​បណ្តុះបណ្តាល​រយៈពេល​បី​ថ្ងៃនេះ​ លោកគ្រូ​អ្នកគ្រូ​ត្រូវ​បាន​ស្នើ​សុំ​ចូលរួម​ក្នុង​ការ​កែតម្រូវ​ និង​ផ្តល់​ជា​អនុសាសន៍​ទៅ​លើ​កម្មវិធី​សិក្សា​រួម​មាន​៖​ ការ​ប្រកប​ពាក្យ​ ការ​ប្រើប្រាស់​ពាក្យ​ ពាក្យ​បច្ចេកទេស​ កម្រិត​លំបាក​នៃ​ជំពូក​នីមួយៗ​ រយៈពេល​ដែល​សម​ស្រប​ដើម្បី​បញ្ចប់​ជំពូក​នីមួយៗ​។​ ពួក​គាត់​ក៏​​ត្រូវ​បាន​ស្នើ​សុំ​ឱ្យ​ចូលរួម​បង្កើត​សម្ភារៈ​ផ្សេងៗ​ទៀត​ដែល​គាត់​គិត​ថា​ គួរតែ​មាននៅ​ក្នុង​មេរៀន​នីមួយៗ​​ ហើយវា​​​​នឹង​ផ្តល់​ប្រសិទ្ធភាព​កាន់តែ​ប្រសើរទៅ​​ដល់​សិស្សានុសិស្ស​។​

​លោក​ យឿ​ន​ លឹ​ម​ស្រ៊ី​ ជា​គ្រូ​ភូមិវិទ្យា​នៅ​វិទ្យាល័យ​ព្រះរាជ​បូជនីយកិច្ច​នៅ​ខេត្តស្ទឹងត្រែង​ គិត​ថា​ធាតុ​ចូល​ទាំងនេះ​ មាន​សារៈសំខាន់​ខ្លាំង​ណាស់​ ជា​ពិសេស​នៅ​ពេល​ដែល​គ្រូបង្រៀន​មាន​ជំនាញ​ខុសៗ​គ្នា​បាន​ចូលរួម​។​ «​ការ​ផ្លាស់​ប្តូរ​គំនិត​ និង​កែសម្រួល​មិនមែន​ចេញ​តែ​មក​ពី​ខ្ញុំ​ម្នាក់ឯង​នោះ​ទេ​ គឺ​វា​បាន​មក​ពី​លោកគ្រូ​អ្នកគ្រូ​ដទៃ​ទៀត​ដែល​គាត់​បង្រៀន​មុខ​វិជ្ជាភូមិ​វិទ្យា​ វិទ្យាសាស្ត្រ​ផែនដី​ និង​បច្ចេកវិទ្យា​ព័ត៌មាន​ ដែល​​សុទ្ធ​តែជា​មុខ​វិជ្ជា​ពាក់ព័ន្ធ​នឹង​ខ្លឹមសារ​នៃ​កម្មវិធី​សិក្សា​នេះ​។​ ដូច្នេះ​មតិយោបល់​របស់​គ្រូៗ​យើង​ គឺ​ពិតជា​មាន​អត្ថប្រយោជន៍​ខ្លាំង​ណាស់​នៅ​ក្នុង​ការ​កែសម្រួល​សៀវភៅ​មួយនេះ​​ (​ដើម្បី​បោះពុម្ពផ្សាយ​)​ ​ក៏ដូចជា​​សម្ភារៈ​បង្រៀន​ផ្សេង​ទៀត​»​​ នេះ​បើ​យោង​​តាម​ប្រសាសន៍​របស់​លោកគ្រូ​ លឹ​ម​ស្រ៊ី​។​

​ក្រៅពី​ការ​ផ្តល់​ធាតុ​ចូល​ លោកគ្រូ​អ្នកគ្រូ​ដែល​បាន​ចូលរួម​ក្នុង​វគ្គ​បណ្តុះបណ្តាល​នេះ​ក៏​ទទួល​បាន​នូវ​ការ​ណែនាំ​ពី​ការ​ប្រើ​ឧបករណ៍​ផែនទី​ឌី​ជី​ថ​ល​ជា​មូលដ្ឋាន​រួម​មាន​ Google​ Maps,​ Open​ Street​ Maps,​ Google​ Street​ View​ និង​ Google​ Earth​ រួម​ទាំង​ឱកាស​ដើម្បី​សាកល្បង​ និង​ស្វែង​យល់​ពី​លក្ខណៈ​ពិសេស​ផ្សេងៗ​ដូច​ជា​ ការ​ដៅ​ចំណុច​ង្អុ​ល​ទីតាំង​ ដែល​ពួក​គេ​កំពុង​ស្ថិត​នៅ​ ការ​គណនា​ចម្ងាយ​ និង​រយៈពេល​ពី​ទីតាំង​បច្ចុប្បន្ន​របស់​ពួក​គាត់​ទៅ​កាន់​ទីតាំង​មួយ​ផ្សេង​ទៀត​ និង​របៀប​គណនា​ផ្ទៃក្រឡា​នៃ​ទីតាំង​ ឬ​ប្លង់​ដី​ជា​ម៉ែត្រក្រឡា​ផង​ដែរ​។​ យើង​សង្កេត​ឃើញ​ថា​ សិក្ខាកាម​ទាំងអស់​បាន​អនុវត្ត​​ប្រកប​ដោយ​ការ​យកចិត្តទុកដាក់​ និង​បាន​ចូលរួម​យ៉ាង​សកម្ម​ដើម្បី​ចោទ​ជា​សំណួរ​ទៅ​កាន់​គ្រូ​បណ្តុះបណ្តាល​ ដែល​នេះ​បង្ហាញ​ពី​ចំណាប់អារម្មណ៍​ខ្ពស់​របស់​ពួក​គាត់​ទៅ​លើ​ប្រធានបទ​ការ​ប្រើប្រាស់​ឧបករណ៍​ផែនទី​នេះ​។​

លោកគ្រូអនុវត្តការប្រើប្រាស់ផែនទីលើកុំព្យូរទ័ររបស់គាត់។

​បន្ទាប់​ពី​វគ្គ​បណ្តុះបណ្តាល​សាកល្បង ​ដែល​បាន​ធ្វើ​ឡើង​ក្នុង​គោលបំណង​ចម្បង​ដើម្បី​ទទួល​បាន​ធាតុ​ចូល​ពី​គ្រូបង្រៀន​​​ វា​ក៏​បាន​ផ្តល់​ឱ្យ​លោកគ្រូ​អ្នកគ្រូ​ដែល​ជា​សិក្ខាកាម​នូវ​ចំណេះដឹង​ថ្មីៗ​បន្ថែម​ រួម​ទាំង​ជំនាញ​មូលដ្ឋាន​ ដូច​ជា​លទ្ធភាព​នៃ​ការ​អាន​ផែនទី​ឌី​ជី​ថ​ល​ និង​ការ​ប្រើប្រាស់​ឧបករណ៍​ឌី​ជី​ថ​ល​របស់​ពួក​គាត់​សម្រាប់​ការ​ប្រើប្រាស់​ផែនទី​ផង​ដែរ​។​

​លោកស្រី​ គង់​ សុជាតា​ ជា​គ្រូបង្រៀន​មុខ​វិជ្ជា​ព័ត៌មានវិទ្យា​នៅ​វិទ្យាល័យ​ពាមជីកង​ខេត្តកំពង់ចាម​បាន​អះអាង​ថា​ «​ពី​មុន​ខ្ញុំ​មិន​ដែល​ដឹង​ច្បាស់​ពី​របៀប​ប្រើប្រាស់​ទូរស័ព្ទ​ស្មា​ត​ហ្វូ​ន​ (​ទូរស័ព្ទ​ដៃ​វ័យឆ្លាត​)​ របស់ខ្ញុំ​សម្រាប់​ផែនទី​ទេ​។​ បន្ទាប់​ពី​ការ​ហ្វឹកហាត់​សាកល្បង​នេះ​ ខ្ញុំ​ដឹង​ពី​របៀប​ស្វែងរក​ទីតាំង​ របៀប​ធ្វើ​ដំណើរ​ពី​កន្លែង​មួយ​ទៅ​កន្លែង​មួយទៀត​ និង​របៀប​វាស់​ចំងាយ​រវាង​ទីកន្លែង​ទាំងនោះ​។​»

អ្នកគ្រូអនុវត្តការប្រើប្រាស់ផែនទីលើទូរសព្ទឆ្លាតវៃរបស់គាត់។

​សិក្ខាកាម​ទាំងអស់​គ្នា​យល់​ឃើញ​ថា​ ការ​ចេះ​អាន​ផែនទី​មាន​អត្ថប្រយោជន៍​មិន​ត្រឹមតែ​សម្រាប់​ពួក​គាត់​ដែល​ជា​គ្រូបង្រៀន​ប៉ុណ្ណោះ​ទេ​ ប៉ុន្តែ​សម្រាប់​សិស្សានុសិស្ស​ និង​ពលរដ្ឋ​ទូទៅ​ជា​ច្រើន​ទៀត​។​ ទី​មួយ​ ផែនទី​ជួយ​ឱ្យ​ពួក​គាត់​អាច​កំណត់​ទីតាំង​ និង​ស្វែងរក​ទិស​ដៅ​ណាមួយ​ដែល​ពួក​គាត់​ចង់ទៅ​។​ លោក​ ហួត​ សៀង​ហៃ​ នាយករង​នៃ​សាលា​ស៊ី​សុវត្ថិ​ជំនាន់​ថ្មី​ បាន​លើក​ឡើង​ថា​ការ​អាន​ផែនទី​នឹង​ជួយ​សិស្សានុសិស្ស​ជំនាន់​ក្រោយ​ឱ្យ​មានចំណេះ​ដឹង​កាន់តែ​ច្រើន​ឡើងជា​ពិសេស​លើ​ការ​កំណត់​ទិស​ដៅ​ និង​ទីតាំង​នៅ​លើ​ផែនទី​។​ ហើយ​លោក​ក៏​បាន​លើក​ឡើង​ដែរ​ថា​ ការ​អាន​ផែនទី​គួរតែ​រួម​បញ្ចូល​នៅ​ក្នុង​ខ្លឹមសារ​កម្មវិធី​សិក្សា​សម្រាប់​ថ្នាក់​ទី​១០​ និង​ទី​១១​ ឬ​អាច​នៅ​ថ្នាក់​ក្រោម​ជាង​នេះ​។​

​លោកគ្រូ​អ្នកគ្រូ​ដែល​បាន​ចូល​រូ​ម​វគ្គ​បណ្តុះបណ្តាល​នេះ​ បាន​បង្ហាញ​ការ​ប្តេជ្ញា​ចិត្ត​ក្នុង​ការ​ផ្ទេរ​ចំណេះដឹង​អំពី​ការ​អាន​ផែនទី​នេះ​ទៅ​កាន់កូន​សិស្ស​របស់​​គាត់​។ ពួក​គាត់​មិន​គិត​ថា​វា​ជា​បញ្ហា​ប្រឈម​ក្នុង​ការ​ដាក់​បញ្ចូល​ការ​អាន​ផែនទី​ទៅ​ក្នុង​ថ្នាក់រៀន​​នោះ​ទេ​ ព្រោះថា​សិស្ស​របស់​ពួក​គាត់​ភាគច្រើន​មាន​ស្មា​ត​ហ្វូ​ន​ ហើយ​​ពួក​គេ​រៀន​ឆាប់​ចាប់​បាន​ណាស់​ ជា​ពិសេស​ទាក់ទងទៅ​​នឹង​បច្ចេកវិទ្យា​។​ លោកគ្រូ​អ្នកគ្រូ​មួយ​ចំនួន​ក៏​មាន​គម្រោង​ដាក់​ចំណេះដឹង​ការ​អាន​ផែនទី​ដើម្បី​ប្រើប្រាស់​ ដោយ​អនុញ្ញាត​ឱ្យ​សិស្សានុសិស្ស​អនុវត្ត​ការ​ប្រើប្រាស់​ផែនទី​ ដែល​វា​នឹង​ផ្តល់​ផលប្រយោជន៍​មិន​ត្រឹមតែ​ដល់​សិស្ស​ប៉ុណ្ណោះ​ទេ​ថែម​ទាំង​សាលា​ផង​ដែរ​។​

លោកគ្រូអ្នកគ្រូពិនិត្យ និងកែសម្រួលកម្មវិធីសិក្សាដែលបានព្រាង។

​ក្រុមការងារ​អូ​ឌី​ស៊ី​ និង​ នាយកដ្ឋាន​បច្ចេកវិទ្យា​ព័ត៌មាន​ នឹង​ធ្វើ​បច្ចុប្បន្នភាព​លើ​កម្មវិធី​សិក្សា​ និង​សម្ភារៈ​បង្រៀន​ដោយ​ផ្អែក​លើ​ដំបូន្មាន​ដែល​យើង​បាន​ទទួល​ពី​លោកគ្រូ​អ្នកគ្រូ​។​ នៅ​ពេល​ការ​ធ្វើ​បច្ចុប្បន្នភាព​នេះ​រួចរាល់​ ក្រុមការងារ​របស់​យើង​នឹង​ធ្វើការ​ពិនិត្យ​ឡើង​វិញ​ និង​រៀបចំ​វគ្គ​បណ្តុះបណ្តាល​ជា​ផ្លូវការ​ដល់​គ្រូៗ​ជា​ច្រើន​ទៀត​ ដើម្បី​ឱ្យ​ពួក​គាត់​អាច​បន្ត​បង្រៀន​ជំនាញ​នេះ​ដល់​កូនសិស្ស​នៅ​តាម​សាលា​របស់​ខ្លួន​។​

​រហូត​មក​ដល់​ពេល​នេះ​ ពួក​គាត់​នៅ​តែ​បន្ត​អនុវត្ត​ និង​ប្រើ​ចំណេះដឹង​ដែល​ទទួល​បាន​ពី​ការ​បណ្តុះបណ្តាល​សាកល្បង​នេះ​ ព្រមទាំង​ធ្វើការ​ផ្ញើ​ព័ត៌មាន​ពី​ដំណើរការ​របស់​ពួក​គាត់​តាម​រយៈ​ក្រុម​ Telegram​ របស់​យើង​។​