វគ្គបណ្តុះបណ្តាលស្តីអំពីអក្ខរកម្មទិន្នន័យទៅលើប្រធានបទសុខភាពសាធារណៈលើកទី៣
ចាប់ពីថ្ងៃទី ២៧ ដល់ ២៩ ខែមេសា ឆ្នាំ២០២១ អង្គការទិន្នន័យអំពីការអភិវឌ្ឍ (អូឌីស៊ី) បានធ្វើសិក្ខាសាលាបណ្តុះបណ្តាលលើកទី៣ ស្តីអំពី«អក្ខរកម្មទិន្នន័យទៅលើប្រធានបទសុខភាពសាធារណៈ» ។ ក្នុងបរិបទបច្ចុប្បន្ននៃជំងឺរាតត្បាតសកលកូវីដ-១៩ វគ្គបណ្តុះបណ្តាលមានរយៈពេលបីថ្ងៃ បានរៀបចំឡើងតាមរយៈកម្មវិធី Zoom ក្នុងគោលបំណងទប់ស្កាត់ការឆ្លងរីករាលដាលជំងឺវីដ-១៩ដោយមានសិក្ខាកាមចូលរួម ភាគច្រើនជា អ្នកសារព័ត៌មានពលរដ្ឋ និងនិស្សិតនៃសាកលវិទ្យាល័យ មានចំនួនសរុប ១៣នាក់ ក្នុងនោះមានស្ត្រី៨នាក់ ដែលមកពីមជ្ឈដ្ឋានផ្សេងៗរួមមាន រាជធានីភ្នំពេញ និងតាមបណ្តាខេត្តសៀមរាប បាត់ដំបង ព្រៃវែង និងកំពង់ចាម។
គោលដៅសំខាន់នៃសិក្ខាសិលាបណ្តុះបណ្តាលអក្ខរកម្មទិន្នន័យទៅលើប្រធានបទសុខភាពសាធារណៈនេះគឺជំរុញលើសមត្ថភាព និងចំណេះដឹងទិន្នន័យដល់សិក្ខាកាមតាមរយៈការអភិវឌ្ឍការយល់ដឹងអំពីទិន្នន័យ ការប្រើប្រាស់ប្រកដដោយប្រសិទ្ធិភាព និងទស្សនីយកម្មទិន្នន័យងាយស្រួលយល់ សម្រាប់ការងារវិជ្ជាជីវៈ ក៏ដូចជាការប្រើប្រាស់ផ្សេងៗជាពិសេសទាក់ទិននឹងទិន្នន័យកូវីដ-១៩ ក្នុងប្រទេសកម្ពុជា។ លើសពីនេះទៅទៀត វគ្គបណ្តុះបណ្តាលនេះក៏មានគោលបំណងឱ្យអ្នកចូលរួមមានសមត្ថភាពដាក់បញ្ចូលទិន្នន័យទៅក្នុងការសរសេរពីព្រឹត្តិការណ៍ ឬរឿងរ៉ាវផ្សេងៗដែលអាចឈានដល់ការផ្សព្វផ្សាយទៅសាធារណៈកាន់តែទូលំទូលាយ។
វគ្គបណ្តុះបណ្តាលនេះត្រូវបានចាប់ផ្តើមដោយមានសន្ទរកថាបើកពី លោក ធី ទ្រី ដែលជានាយកប្រតិបត្តិនៃអង្គការអូឌីស៊ី និង លោកបាន អនុញ្ញាតដល់សិក្ខាកាមទាំងឡាយធ្វើការណែនាំសមាសភាពទៅវិញទៅមក ដើម្បីចាប់ផ្តើមសិក្សា ចូលរួមសហកាណ៍រួមគ្នា និងបង្ហាញពីចំណាប់អារម្មណ៍ សេចក្តីរំពឹងទុកដែលទទួលបានពីវគ្គបណ្តុះបណ្តាល។ នៅក្នុងសន្ទរកថានេះដែរ លោកបានគូសបង្ហាញពីតួនាទីសំខាន់នៃទិន្នន័យ និងវិធីសាស្ត្រដែលអាចត្រូវបានប្រើដើម្បីផ្សព្វផ្សាយព័ត៌មានទៅដល់សាធារណជន។
បន្ទាប់ពីសន្ទរកថារបស់នាយកប្រតិបត្តិ កិច្ចបន្ទាប់នៅក្នុងវគ្គទី១ លោក ហៀង កុសល ដែលជាអ្នកស្រាវជ្រាវខាងសេដ្ឋកិច្ចនៃអង្គការអូឌីស៊ីបានចូលធ្វើបទបង្ហាញ។ នៅក្នុងវគ្គដំបូងនេះ លោកបានបង្ហាញមូលដ្ឋានគ្រឹះអំពីទិន្នន័យ ដូចជាប្រភេទនៃទិន្នន័យ និយមន័យនៃទិន្នន័យបើកទូលាយ និងសារៈសំខាន់របស់វា ក៏ដូចជាវដ្តនៃតម្លាភាពផ្អែកលើទិន្នន័យបើកទូលាយ។ បន្ទាប់មក លោកបានភ្ជាប់ចំណេះដឹងទាំងនេះទៅនឹងទិដ្ឋភាពពិតជាក់ស្តែង ដោយលោកបានបង្ហាញនូវឧទាហរណ៍មួយចំនួននៃព័ត៌មានដែលមានផ្ទុកនូវទិន្នន័យផ្សេងៗ។ គោលបំណងនោះ គឺដើម្បីពង្រឹងសមត្ថភាពរបស់អ្នកចូលរួមក្នុងការបែងចែកនូវអ្វីដែលជាព័ត៌មានដែលងាយស្រួលសម្រាប់អ្នកអាន និងអ្វីដែលមិនងាយស្រួលសម្រាប់អ្នកអាន ក៏ដូចជាយល់ដឹងពីសារៈសំខាន់នៃព័ត៌មានដោយផ្អែកលើទិន្នន័យផងដែរ។
បន្ទាប់មកទៀត លោក វង្ស ពិសិទ្ធ ជាមន្ត្រីជាន់ខ្ពស់ផ្នែកស្រាវជ្រាវទិន្នន័យ និងប្រព័ន្ធព័ត៌មានភូមិសាស្ត្រ (GIS) របស់អង្គការអូឌីស៊ី បានធ្វើបទបង្ហាញពីបច្ចេកទេសស្តីពីមូលដ្ឋានទស្សនីយកម្មទិន្នន័យដោយផ្តោតលើឥទ្ធិពលដែលវាអាចប្រើក្នុងការចែករំលែករឿងរ៉ាវដែលមានលក្ខណៈស្មុគស្មាញទៅដល់អ្នកអាន។ លោកបានលើកឡើងពីសារៈសំខាន់នៃការជ្រើសរើសប្រភេទតារាងដែលត្រឹមត្រូវ និងពិនិត្យឡើងវិញនូវជំហានផ្សេងៗគ្នាដើម្បីបង្កើតទស្សនីយកម្មទិន្នន័យដោយប្រើ Datawrapper ដែលជាឧបករណ៍សម្រាប់ការធ្វើទស្សនីយកម្មទិន្នន័យតាមអ៊ីនធឺណេត។ ក្រៅពីទទួលបានគន្លឹះក្នុងការស្វែងរកទិន្នន័យហើយ ក្នុងវគ្គនេះ បានរួមបញ្ចូលទាំងការអនុវត្ត ដែលផ្តល់ឱកាសឱ្យសិក្ខាកាមបានយកទ្រឹស្តីមកអនុវត្តជាក់ស្តែងក្នុងថ្ងៃទី១។
ថ្ងៃទី២ នៃកម្មវិធីបណ្តុះបណ្តាលបានចាប់ផ្តើមដោយ លោក ពិសិទ្ធ ណែនាំបន្តពី ការអនុវត្តថ្ងៃទី១ និងពន្យល់បន្ថែមភាពមិនច្បាស់ និងចង្ងល់ លើចំណុចណាមួយនៃ ទស្សនីយកម្មទិន្នន័យដល់សិក្ខាកាម។ បន្ទាប់ពីនេះ លោក លោក ង៉ូវ ជីហ័រ ជាមន្ត្រីផ្នែកទំនាក់ទំនងនៃអង្គការអូឌីស៊ី បានបន្តធ្វើបទបង្ហាញពីព័ត៌មានជារូបភាព (Infographic) ដែលជាជម្រើសមួយទៀតក្នុងការធ្វើទស្សនីយកម្មទិន្នន័យ។ នៅក្នុងនេះ គាត់បានណែនាំ ឧបករណ៍ប្រើក្នុងអ៊ីនធឺណេតមួយដែលមានឈ្មោះថា Canva ហើយលោកបានផ្តល់ដំបូន្មានលើការបង្កើតជារូបភាព ឬក្រាហ្វិកដែលបង្ហាញទិន្នន័យឱ្យកាន់តែច្បាស់លាស់ និងស៊ីជម្រៅ។ បន្ទាប់ពីបានរៀនពីរបៀបប្រើប្រាស់ឧបករណ៍នេះហើយ អ្នកចូលរួមបានធ្វើការអនុវត្តលើឧបករណ៍នេះ និងបានបង្កើតព័ត៌មានជារូបភាពរបស់ពួកគេរៀងៗខ្លួន។
ក្រុមការងាររបស់អង្គការអូឌីស៊ី បានណែនាំនៅថ្ងៃបញ្ចប់ការបិទសិក្ខាសាលា ដល់សិក្ខាកាមក្នុងក្រុមនីមួយៗ អំពីចំណេះដឹងទិន្នន័យអំឡុងពេលអនុវត្តជាក់ស្តែង និងទទួលបានជំនាញវិជ្ជាជីវៈប្រើប្រាស់បានបន្ទាប់ពីបញ្ចប់អង្គសិក្ខាសាលាបណ្តុះបណ្តាលនេះ។ លើសពីនេះទៅទៀត ក្រុមការអង្គការអូឌីស៊ី បានផ្តល់ប្រឹក្សាដល់សិក្ខាកាមដោយអនុវត្តទិន្នន័យលើវិស័យ សុខភាពសារធារណៈជាក់ស្តែងការអនុវត្តលើទិន្នន័យនៃជំងឺរាតត្បាតនៃជំងឺកូវីដ-១៩នៅកម្ពុជា។ សិក្ខាកាម បានចាប់ផ្តើមអនុវត្តលើទិន្នន័យ បង្កើតជារឿងរ៉ាវព្រឹត្តការណ៍ដែលឆ្លុះបញ្ចាំងពីទិន្នន័យ និងគួបផ្សំការបកស្រាយបង្ហាញទិន្នន័យជាក្រាបជាដើម។ វាពិតជាគួរឱ្យមានក្តីសោមនស្ស និងរីករាយដោយបានឃើញពីការយកចិត្តទុកដាក់ និងខំប្រឹងប្រែងប្រើប្រាស់អោយអស់ពីលទ្ធភាពនូវវីធីសាស្ត្រដែលបានរៀនរបស់ពួកគេ ដើម្បីសម្រេចលើការអនុវត្តទិន្នន័យក្នុងក្រុមនីមួយៗ។ សមាជិកក្រុមទាំងអស់បានចូលរួមយ៉ាងពេញដៃពេញជើងក្នុងការពិភាក្សា និងចែករំលែកចំណេះដឹងផ្សេងៗជាមួយគ្នា។
ជារួមមក ក្នុងរយៈពេល៣ថ្ងៃលើវគ្គបណ្តុះបណ្តាលស្តីអំពីអក្ខរកម្មទិន្នន័យទៅលើប្រធានបទសុខភាពសាធារណៈ ផ្អែកលើការវាយតម្លៃមុនពេលបណ្តុះបណ្តាល និងក្រោយ សិក្ខាកាមត្រូវបានមើលឃើញថាទទួលបានចំណេះដឹងយ៉ាងច្រើនអំពីការប្រើប្រាស់ទិន្នន័យ និងយល់ដឹងពីសក្តានុពលនៃការពិពណ៏នា ឬសរសេររឿងរ៉ាវផ្សេងៗ។ ជាកិច្ចចុងក្រោយ តាមរយៈការវាយតំលៃរបស់សិក្ខាកាម បានបង្ហាញពីសេចក្តីពេញចិត្ត លើលទ្ធផលរំពឹងទុកមុនពេលទទួលបានការបណ្តុះបណ្តាល និង មានសិក្ខាកាមមួយរូបក៏បានបញ្ជាក់ពីសេចក្តីថ្លែងអំណរគុណអង្គការអូឌីស៊ី ក្នុងការផ្តល់ឱកាសចូលរួមបណ្តុះបណ្តាល ដោយផ្តល់ចំណេះដឹងថ្មីៗក្នុងការបង្កើតក្រាប ក្រាហ្វិក និង ព័ត៌មានជារូបភាព លើឧបករណ៍លើអ៊ីនធឺណេតមួយចំនួន ដែលមានសារៈសំខាន់សម្រាប់ការសិក្សារបស់គាត់ផងដែរ។
អត្ថបទសរសេរដោយ៖ លោក ថាន ដាវីត អ្នកហាត់ការផ្នែកស្រាវជ្រាវនៅអូឌីស៊ី។
អានប្លក់ផ្សេងទៀត៖