ស្ត្រី​ជនជាតិ​ដើម​ភាគតិច​ស្វែងរក​ជំនួយ​ និង​ការ​គាំទ្រ​ដោយ​ផ្ទាល់​ពី​គ្រប់​ភាគី​ពាក់ព័ន្ធ​នៅ​​​ទិវា​អន្តរជាតិ​ជនជាតិ​ដើម​ភាគតិច​ពិភពលោក​ឆ្នាំ​ ២០២២

​អង្គការសហប្រជាជាតិ​បាន​កំណត់​ឆ្នាំ​២០២២​ ជា​ទិវា​អន្តរជាតិ​ជនជាតិ​ដើម​ភាគតិច​ពិភពលោក​ក្នុង​ប្រធានបទ​ “​តួនាទី​របស់​ស្ត្រី​ជនជាតិ​ដើម​ភាគតិច​ក្នុង​ការ​អភិរក្ស​ និង​ផ្ទេរ​ចំណេះដឹង​ប្រពៃណី​”​។​ ប្រធានបទ​នេះ​បាន​ទទួលស្គាល់​ថា​ស្ត្រី​មាន​តួនាទី​យ៉ាង​សំខាន់​នៅ​ក្នុង​ការ​បន្តវេន​ ក៏​ដូច​ជា​ការ​រស់នៅ​របស់​សហគមន៍​ជនជាតិ​ដើម​ភាគតិច​។​ ជនជាតិ​ដើម​ភាគតិច​រស់នៅ​ប្រទេស​កម្ពុជា​មាន​ប្រមាណ​ ២៥០.០០០​ ទៅ​ ៤០០.០០០​ នាក់​ (​ស្ត្រី​ ៥១​ ភាគរយ​)​ ស្មើនឹង​ ២​ ទៅ​ ៣​ ភាគរយ​នៃ​ប្រជាជន​កម្ពុជា​។​ ក្រសួង​អភិវឌ្ឍន៍ជនបទ​បាន​ទទួលស្គាល់​ជនជាតិ​ដើម​ភាគតិច​ប្រមាណ​ ១៥៥​ សហគមន៍​នៅ​ទូ​ទាំង​ប្រទេស​។​

នៅ​ថ្ងៃ​ទី​ ០៩​ ខែសីហា​ ឆ្នាំ​២០២២​ សម្ព័ន្ធ​ជនជាតិ​ដើម​ភាគតិច​កម្ពុជា​ សហ​គម​ស្ត្រី​ជនជាតិ​ដើម​ភាគតិច​កម្ពុជា​ សមាគម​ជនជាតិ​ដើម​ភាគតិច​កម្ពុជា​ អង្គការ​ជនជាតិ​ដើម​ភាគតិច​កម្ពុជា​ អង្គការ​សមាគម​ខ្មែរលើ​ខេត្តរតនគិរី​ អង្គការ​ថែរក្សា​ភាសា​ជនជាតិ​ដើម​ភាគតិច​ អង្គការ​លើក​ស្ទួយ​វប្បធម៌​កួយ​ ជនជាតិ​ដើម​ភាគតិច​ដើម្បី​អភិវឌ្ឍន៍​កសិកម្ម​នៅ​កម្ពុជា​ សមាជិក​សកម្ម​សិទ្ធិ​ជនជាតិ​ដើម​ភាគតិច​ និង​ MIPN​ សហការ​ជាមួយ​ក្លាហាន​ អង្គការ​នារី​ដើម្បី​សន្តិភាព​ AIPP​ និង​អង្គការ​ទិន្នន័យ​អំពី​ការ​អភិវឌ្ឍ​ ដោយ​មានការ​គាំទ្រ​ពី​អង្គការសហប្រជាជាតិ​ស្តី​ពី​សិទ្ធ​មនុស្ស​ VOICE​ Diakoniaទីភ្នាក់ងារ​អន្តរជាតិ​សម្រាប់​ការ​អភិវឌ្ឍ​អន្តរជាតិ​ និង​អង្គការ​សុខភាព​អន្តរជាតិ​ បាន​ប្រារព្ធ​ទិវា​អន្តរជាតិ​ជនជាតិ​ដើម​ភាគតិច​លើក​ទី​ ១៨​។​ អ្នកចូលរួម​សរុប​មាន​ប្រមាណ​ ១៣៨​ នាក់​ ក្នុង​នោះ​មាន​ស្ត្រី​ចំនួន​ ៩០​ នាក់​។​

​ក្រុម​ជនជាតិ​ដើម​ភាគតិច​បាន​បើក​កម្មវិធី​ដោយ​បាន​បួងសួង​​តាម​​ប្រពៃណី​ជនជាតិ​ដើម​ភាគតិច​ ក៏​ដូច​ជា​ដាក់​បង្ហាញ​នូវ​សម្ភារៈ​ប្រពៃណី​ សម្លៀក​បំពាក់​ និង​បន្លែ​ផ្លែ​ឈើ​ផង​ដែរ​។​ ពិធី​នេះ​មានការ​រាំ​របាំ​ និង​ច្រៀង​ចម្រៀង​ប្រពៃណី​ជនជាតិ​ដើម​ភាគតិច​កួយ​។​ ព្រឹត្តិការណ៍​នេះ​មិន​ត្រឹមតែ​ជា​ការ​រំលឹក​ដល់​ទិវា​អន្តរជាតិ​ជនជាតិ​ដើម​ភាគតិច​ពិភពលោក​ប៉ុណ្ណោះ​ទេ​ ព្រមទាំង​បង្ហាញ​នូវ​វប្បធម៌​និង​ជំនឿ​របស់​ជនជាតិ​ដើម​ភាគតិច​ផង​ដែរ​។​

​តួនាទី​របស់​ស្ត្រី​ជនជាតិ​ដើម​ភាគតិច​ក្នុង​ការ​អភិរក្ស​ និង​ផ្ទេរ​ចំណេះដឹង​ប្រពៃណី​

បើ​និយាយ​ពី​វប្បធម៌​ និង​ទំនៀមទម្លាប់​ ជនជាតិ​ដើម​ភាគតិច​មាន​ទំនាក់ទំនង​ខ្លាំង​ជាមួយ​ធនធានធម្មជាតិ​ ហើយ​ស្ត្រី​ជនជាតិ​ដើម​ភាគតិច​មានចំណេះ​ដឹង​អំពី​ដីធ្លី​ និង​ការ​អភិរក្ស​ធនធានធម្មជាតិ​។​ ជនជាតិ​ដើម​ភាគតិច​ធ្វើការ​បួងសួង​និង​គោរព​ដល់​ព្រលឹង​អារក្សព្រៃ​ភ្នំ​។​ ស្ត្រី​នៅ​ក្នុង​សហគមន៍​ត្រូវ​តែ​ផ្ទេរ​ចំណេះដឹង​របស់​ពួក​គេ​ទៅ​ជនជាតិ​ដើម​ភាគតិច​ជំនាន់​ក្រោយ​ក្នុង​ការ​ទទួលស្គាល់​ និង​ថែរក្សា​ការពារ​ព្រៃឈើ​។​ ពួក​គេ​យល់​ថា​សហគមន៍​ជនជាតិ​ដើម​ភាគតិច​ត្រូវ​តែ​មាន​ព្រៃឈើ​នៅ​ក្នុងភូមិ​ ហើយ​ព្រៃឈើ​ទាំងនោះ​គួរតែ​ត្រូវ​បាន​ថែរក្សា​ដើម្បី​រក្សា​សន្តិសុខ​ស្បៀង​​​ ក៏​ដូច​ជា​ជំនឿ​លើ​ដួង​ព្រលឹង​។​ ជនជាតិ​ដើម​ភាគតិច​បង្រៀន​មនុស្ស​ជំនាន់​ក្រោយ​អំពី​សារៈសំខាន់​នៃ​ព្រៃឈើ​។​ បច្ចុប្បន្ន​នេះ​ ជីវភាព​របស់​ជនជាតិ​ដើម​ភាគតិច​មិន​ដូច​មុន​ទេ​។​ ប្រសិនបើ​យុវជន​ជនជាតិ​ដើម​ភាគតិច​មិន​ចូលរួម​ជាមួយ​មនុស្ស​ចាស់​ទេ​ ដី​ ព្រៃឈើ​ វប្បធម៌​ ជីវភាព​ និង​ភាសា​របស់​ពួក​គេ​នឹង​បាត់បង់​កាន់តែ​ច្រើន​ពី​មួយ​ជំនាន់​ទៅ​មួយ​ជំនាន់​។​ កសិកម្ម​របស់​ជនជាតិ​ដើម​ភាគតិច​មិនមែន​ជា​កសិកម្ម​បំផ្លាញ​ព្រៃឈើ​ដូច​មនុស្ស​មួយ​ចំនួន​បាន​លើក​ឡើង​ថា​ ជនជាតិ​ដើម​ភាគតិច​កាប់​ព្រៃ​ដើម្បី​ធ្វើ​កសិកម្ម​។​ ការ​បាត់បង់​ព្រៃឈើ​មិនមែន​ជា​កំហុស​របស់​ជនជាតិ​ដើម​ភាគតិច​ទេ​ តែ​វា​កើតឡើង​ដោយសារ​គម្រោង​អភិវឌ្ឍន៍​ដែល​ឈូស​ឆាយដី​ទៅ​វិញ​នោះ​ទេ​។​ សហគមន៍​បាន​ធ្វើ​កសិកម្ម​ជា​ច្រើន​ឆ្នាំ​មក​ហើយ​ ប៉ុន្តែ​មិន​មានការ​បាត់បង់​ព្រៃឈើ​អ្វី​​ជា​ធំដុំ​នោះ​ឡើយ​។​

បញ្ហា​ប្រឈម​របស់​ស្ត្រី​ជនជាតិ​ដើម​ភាគតិច​ក្នុង​ការ​ការពារ​ដីធ្លី​ និង​ព្រៃឈើ​

ជនជាតិ​ដើម​ភាគតិច​បាន​បង្ហាញ​ការ​ខិតខំ​ប្រឹងប្រែង​របស់​ពួក​គេ​ក្នុង​ការ​ការពារ​ដីធ្លី​ និង​ព្រៃឈើ​របស់​ពួក​គេ​។​ ពួក​គេ​គិត​ថា​ នេះ​ជា​កាតព្វកិច្ច​របស់​ពួក​គេ​ក្នុង​ការ​ការពារ​ព្រៃឈើ​សម្រាប់​ជីវិត​របស់​ពួក​គេ​ និង​មនុស្ស​ជំនាន់​ក្រោយ​ ដែល​ពួក​គេ​ស្រឡាញ់​ចេញពី​បេះដូង​។​ វា​មិន​ត្រឹមតែ​សម្រាប់​ជនជាតិ​ដើម​ភាគតិច​ប៉ុណ្ណោះ​ទេ​ ប៉ុន្តែ​ក៏​សម្រាប់​ប្រជាជន​កម្ពុជា​ទាំងអស់​ផង​ដែរ​។​ អ្នក​ដែល​ឈរ​នៅ​ជួរ​មុខ​ក្នុង​ការ​ការពារ​ដីធ្លី​ និង​ព្រៃឈើ​ភាគច្រើន​គឺជា​ស្ត្រី​ ពីព្រោះ​ភាគច្រើន​នៃ​បុរស​ធ្វើ​តែ​ការងារ​ជាក់លាក់​របស់​ពួក​គេ​នោះ​ទេ​។​ ទោះបីជា​មាន​អង្គការ​មិនមែន​រដ្ឋាភិបាល​ អង្គការ​សហគមន៍​ និង​សហគមន៍​ជនជាតិ​ដើម​ភាគតិច​គាំទ្រ​ពួក​គេ​ក៏​ដោយ​ ក៏​ស្ត្រី​ជនជាតិ​ដើម​ភាគតិច​នៅ​តែ​ប្រឈម​មុខ​នឹង​ការ​លំបាក​ និង​បញ្ហា​មួយ​ចំនួន​។​ គ្រួសារ​របស់​ពួក​គេ​មិន​លើកទឹកចិត្ត​ ឬ​គាំទ្រ​ពួក​គេ​ឱ្យ​ចូលរួម​ក្នុង​សកម្មភាព​ទាំងនោះ​ឡើយ​ ដោយសារ​គ្រួសារ​របស់​ពួក​គេ​យល់​ថា​ ពួក​គេ​អាច​ជួប​ប្រទះ​បញ្ហា​ជាមួយ​ក្រុមហ៊ុន​វិនិយោគ​ និង​រដ្ឋាភិបាល​ដែល​អាច​បង្ក​គ្រោះថ្នាក់​ដល់​ពួក​គេ​ ឬ​គ្រួសារ​ទាំងមូល​។​ នៅ​ពេល​មាន​វិវាទ​ដីធ្លី​ជាមួយ​ក្រុមហ៊ុន​ សហគមន៍​អាច​នឹង​ត្រូវ​បាន​ធ្វើបាប​ និង​ពាក់ព័ន្ធ​ជាមួយនឹង​តុលាការ​។​ ជនជាតិ​ដើម​ភាគតិច​អះអាង​ថា​ ពួក​គេ​ទទួល​បាន​ដំណោះស្រាយ​ ឬ​ការ​សម្រេចចិត្ត​ពី​តុលាការ​យ៉ាង​អយុត្តិធម៌​។​ ឧទាហរណ៍​ ពួក​គេ​អាច​ត្រូវ​បាន​គេ​ចាប់ខ្លួន​ដាក់​ក្នុង​ពន្ធនាគារ​ ដោយសារ​តែ​ពួក​គេ​ធ្វើស្រែ​ចម្ការលើ​ដី​របស់​ពួក​គេ​ ដែល​រដ្ឋាភិបាល​បាន​ប្រគល់​ដី​នោះ​ទៅ​ឱ្យ​ក្រុមហ៊ុន​វិនិយោគ​ដោយ​គ្មាន​ការ​យល់ព្រម​ពី​ពួក​គេ​។​ អាជ្ញាធរ​មូលដ្ឋាន​មិន​បាន​ចាត់វិធានការ​ ឬ​រក​ដំណោះស្រាយ​ជូន​ពួក​គេ​នោះ​ទេ​ ហើយ​អាជ្ញាធរ​នៅ​តែ​រក្សា​ភាព​ស្ញៀ​ម​ស្ងាត់​។​ ដូច្នេះ​ សហគមន៍​គ្មាន​ជម្រើស​អ្វី​ឡើយ​ក្រោយ​ពី​ធ្វើការ​បួងសួង​ដល់​ព្រលឹង​រក្សា​ព្រៃ​ភ្នំ​របស់​ពួក​គេ​។​

សេចក្តីថ្លែងការណ៍​រួម​របស់​សម្ព័ន្ធ​ជនជាតិ​ដើម​ភាគតិច​កម្ពុជា​

ស្ត្រី​មាន​តួនាទី​យ៉ាង​សំខាន់​នៅ​ក្នុង​សង្គម​ជនជាតិ​ដើម​ភាគតិច​ ការ​ដឹកនាំ​ ការ​គ្រប់គ្រង​ និង​ការ​ការពារ​អត្តសញ្ញាណ​វប្បធម៌​ ប្រពៃណី​ និង​ធនធានធម្មជាតិ​សម្រាប់​ក្រុម​ជនជាតិ​ដើម​ភាគតិច​ និង​សហគមន៍​ជនជាតិ​ដើម​ភាគតិច​។​ ស្ត្រី​ជនជាតិ​ដើម​ភាគតិច​ ដែល​នាំមុខ​គេ​លើ​ការ​ការពារ​ដីធ្លី​ និង​ធនធានធម្មជាតិ​ ជា​រឿយៗ​ទទួល​រង​ការ​គំរាមកំហែង​ពី​សង្គម​ ការ​រើសអើង​ និង​ការ​អនុវត្ត​ផ្លូវច្បាប់​អយុត្តិធម៌​ ដែល​អាច​បណ្តាល​ឱ្យ​មានការ​ប្តឹងផ្តល់​ ការ​ជាប់​ពន្ធនាគារ​ ការ​បំបែក​គ្រួសារ​ ភាព​ក្រីក្រ​ កង្វះ​សន្តិសុខ​ផ្ទាល់ខ្លួន​ និង​ការ​រឹត​បន្តឹង​ផ្នែក​ច្បាប់​ ឬ​ហាមឃាត់​លើ​សិទ្ធិ​ដីធ្លី​ជាដើម​។​ សម្ព័ន្ធ​ជនជាតិ​ដើម​ភាគតិច​ ក្នុង​នាម​ជា​តំណាង​សហគមន៍​ជនជាតិ​ដើម​ភាគតិច​ទាំងអស់​ អំពាវនាវ​ឱ្យ​ស្ត្រី​ជនជាតិ​ដើម​ភាគតិច​ទាំងអស់​បន្ត​កិច្ច​ខិតខំ​ប្រឹងប្រែង​របស់​ពួក​គេ​ដើម្បី​ពង្រឹងសមត្ថភាព​ បណ្តាញ​ និង​សំឡេង​របស់​ពួក​គេ​នៅ​​គ្រប់​​និន្នាការ​ និង​យន្តការ​ទាំងអស់​ ដើម្បី​ធានា​ឱ្យ​មានការ​ចូលរួម​ពេញលេញ​ ដឹកនាំ​ ថែរក្សា​ ផ្ទេរ​ចំណេះដឹង​ប្រពៃណី​ និង​អភិវឌ្ឍ​ជនជាតិ​ដើម​ភាគតិច​ប្រកបដោយ​និរន្ត​ភាព​ស្រប​តាម​សេចក្តី​ប្រកាស​របស់​អង្គការសហប្រជាជាតិ​ស្តី​ពី​សិទ្ធិ​របស់​ជនជាតិ​ដើម​ភាគតិច​។​ សម្ព័ន្ធ​ជនជាតិ​ដើម​ភាគតិច​ក៏​ស្វែងរក​ជំនួយ​ និង​ការ​គាំទ្រ​ដោយ​ផ្ទាល់​ពី​អង្គការ​ជាតិ​ និង​អន្តរជាតិ​ រដ្ឋាភិបាល​ និង​តុលាការ​សម្រាប់​ស្ត្រី​ជនជាតិ​ដើម​ភាគតិច​ផង​ដែរ​។​ ជាមួយ​គ្នា​នេះ​ ជនជាតិ​ដើម​ភាគតិច​ ជំរុញ​ឱ្យ​ក្រសួងយុត្តិធម៌​ និង​ចៅក្រម​ពង្រឹង​ការ​អនុវត្ត​ច្បាប់​ និង​ទទួលស្គាល់​សិទ្ធិ​ផ្លូវច្បាប់​ ដែល​ការពារ​សិទ្ធិ​ជនជាតិ​ដើម​ភាគតិច​ធានា​ថា​ ពួក​គេ​ក្នុង​នាម​ជា​ជន​រង​គ្រោះ​ទទួល​បានការ​កាត់ក្តី​ដោយ​យុត្តិធម៌​។​